ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត​ឧត្ត​រ​មានជ័យ​ ដេញព្រះ​សង្ឃ​ចេញពីវត្ត​ «ធម្ម​សណ្តោសពុទ្ធវិន័យ» ហើយ​ចាក់សោព្រះ​វិហារ​​​ចោល

9 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ លោក​​ឆឹ​ម តឿ​ ប្រធាន​​មន្ទីរ​​ធម្ម​ការ​ និង​សាសនា​​ខេត្តឧត្តរមានជ័យ​ ​បាន​​យក​​អំណាច​​របស់​ខ្លួន​​ចាប់​ផ្សឹកភិក្ខុ​សង្ឃ​​

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ លោក​​ឆឹ​ម តឿ​ ប្រធាន​​មន្ទីរ​​ធម្ម​ការ​ និង​សាសនា​​ខេត្តឧត្តរមានជ័យ​ ​បាន​​យក​​អំណាច​​របស់​ខ្លួន​​ចាប់​ផ្សឹកភិក្ខុ​សង្ឃ​​៣​អង្គ​​ ​និង​​បន្ត​ដេញ​​ព្រះសង្ឃ​​ជាង​២០​អង្គ​​​​ទៀត​ ដែល​កំពុង​គង់​នៅ​ក្នុង​វត្ត​ធម្ម​​សណ្តោស​​ពុទ្ធ​វិន័យ ​ឱ្យ​​ចាក​ចេញពី​វត្ត​​ឱ្យ​​អស់ ហើយ​ត្រូវ​បាន​​ចាក់សោ​​ព្រះ​វិហារ​ចោល​​កាលពី​​វេលា​ព្រឹក​​ថ្ងៃ​ទី​២៨​ មក​រា​ ២០១៥​ ។

ព្រះ​សង្ឃ​​ព្រះ​នាម​​គូ ចិ​ត្រា​ គង់​ក្នុង​វត្ត​ធម្ម​​សណ្តោស​​ពុទ្ធ​វិន័យ​​ជា​គ្រូសូត្រស្តាំ​ស្តីទី​ មាន​សង្ឃ​​​ដីកា​ឱ្យ​​ដឹង​ថា ​លោក​ឆឹ​ម តឿ​ ប្រធាន​មន្ទីរ​ធម្ម​ការ និង​​សាសនា​ខេត្តឧត្តរ​មានជ័យ​ បន្ទាប់​ពី​បាន​ចាប់​​ព្រះសង្ឃ​ព្រះ​នាម ​អ៊ុំ វិចិត្រ​ ព្រះ​ចៅអធិការ​​ស្តីទី​វត្ត​ធម្ម​យុទ្ធ​, ព្រះសង្ឃ​​ព្រះ​នាម​​ឃុន ឆេ​ង ​ព្រះ​ចៅ​អ​ធិការ​​ស្តីទី​វត្ត​ខ្នង​ទួល ​និង​​ព្រះសង្ឃ​​ព្រះ​នាម​ឡា ហ៊រ​ ជា​គ្រូសូត្រឆ្វេង​​ស្តីទី​ គង់​​ក្នុង​វត្ត​ធម្ម​យុទ្ធ​ កាលពី​​ព្រឹក​ថ្ងៃ​ទី​២៧ ​មក​រា ​២០១៥ រួចមក ​លុះ​ព្រឹក​​ថ្ងៃ​ទី​២៨ ​មក​រា ​​​លោក​ឆឹ​ម តឿ​ ​​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ធម្មកា​រ​ជា​ច្រើន​នាក់​ទៀត ​ដោយ​មាន​គោល​បំណង​ដេញ​ព្រះសង្ឃ​​ឱ្យ​​ចាក​ចេញពី​វត្ត​ឱ្យ​អស់ ហើយ​​នឹង​ត្រូវ​ចាក់សោ​ទ្វារ​​ព្រះ​វិហារ​ចោល​ ។ ​ចំណែក​ព្រះសង្ឃ​​ដែល​គង់នៅ​ក្នុង​វត្ត​ធម្ម​យុទ្ធ​​ជាង​២០​អង្គទៀត​ ​បាន​ចាកចេញ​​ទៅ​គង់នៅ​វត្ត​សំរោងវិញ ​។ ​​

ព្រះសង្ឃ​ព្រះ​នាម ​គូ ចិ​ត្រា ​ដដែល​បន្ត​ថា​ ព្រះសង្ឃ​នឹង​​ធ្វើការ​ចាកចេញ​​ដែរ ​តែ​បាន​ត្រឡប់​មក​វត្ត​ធម្ម​​យុទ្ធ​វិញ ​ព្រោះ​ខ្លាច​មាន​
ចោ​រ​លួច​គាស់​ទ្វារ​​កុ​ដ្ឋិ​ព្រះសង្ឃ ។ បន្ទាប់​មក​នៅ​​ថ្ងៃ​ទី​២៩ ​មក​រា​ ២០១៥​ លោក​ឆឹ​ម តឿ​ បាន​បញ្ជូន​ព្រះសង្ឃ​​ចំនួន​៦​អង្គ​​ពី​តាម​បណ្តា​វត្ត​​ផ្សេង​ៗ ​មក​​គង់​នៅ​ក្នុង​វត្ត​ធម្ម​យុទ្ធ ​តែបើ​ពិនិត្យ​ទៅ​លើ​សង្ឃ​​ដែល​មក​គង់នៅ​ក្នុង​វត្ត​នេះ ​ដូច​ជា​មាន​អំណាច​ខ្ពស់​ណាស់​ ព្រោះថា​សង្ឃ​ទាំង​៦​អង្គ​នេះ​ សង្ឃ​ខ្លះ​ទើបតែ​បាន​បួស​​១ ​ទៅ​២​វស្សា​ប៉ុណ្ណោះ​ គង់​ឆាន់​បាយ​នៅ​លើ​សង្ឃ​​ដែល​បាន​បួស​៨​ ទៅ​៩​ព្រះ​វស្សា ​ទៅ​
វិញ​នេះ ​ដែល​ខុស​ពី​វិន័យ​​សង្ឃ​ ។

ព្រះសង្ឃ​ព្រះ​នាម​ប៊ុ​ន សា​លួត​ ព្រះ​គ្រូ​វត្ត​រាជា​សំរោង​ និង​ព្រះ​មេគណៈ​​ខេត្ត​​ឧត្តរ​មានជ័យ​ ​មាន​សង្ឃ​​​ដីការឱ្យ​ដឹង​ថា ​ភិក្ខុសង្ឃ​៣​អង្គ​ដែល​​លោក​ឆឹ​ម តឿ​ ចាប់​ផ្សឹក​នោះ​ គឺ​លោក​ពុំ​មាន​​ខុស​​វិន័យ​សង្ឃ​ មិន​អាច​ផ្សឹក​លោក​បាន​ទេ​ តែបើ​លោក​មាន​ខុស​​​វិន័យ​សង្ឃ ​ត្រូវ​លា​ចាក​សិ​ក្ខា​បទ​ពី​សង្ឃ ​ក្នុង​នោះ​មានការ​ចូលរួម​ពី​មេគណៈ​ខេត្ត អនុគណៈ ទើប​ផ្សឹក​លោក​បាន​ មិន​អាច​លោក​ឆឹ​ម តឿ​ ផ្សឹក​លោក​បែប​នេះ​បាន​​ទេ ​។

ពាក់ព័ន្ធករណីនេះ កោះសន្តិភាព​​មិន​អាចសុំ​ការ​បំភ្លឺ​ពី​លោក​ឆឹម តឿ បានឡើយ ។