ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្ស៊​ក​ដា​នី​ត្រៀម​ដោះ​លែង​នារី​អត្តឃា.ត តែ​ឱ្យ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បញ្ជាក់​ថា​អ្នក​បើក​យន្តហោះ​នៅ​រស់

9 ឆ្នាំ មុន

រដ្ឋាភិបាល​ហ្ស៊​ក​ដា​នី អះអាង​កាលពី​ថ្ងៃ​ទី​២៨ មក​រា ថា ត្រៀម​ដោះ​លែង​នារី​ជី​ហា​ដ​អីុរ៉ា​ក់​ម្នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​អ្នក​បើក​យន្តហោះ​របស់​ខ្លួន​ដែល​ជាប់

រដ្ឋាភិបាល​ហ្ស៊​ក​ដា​នី អះអាង​កាលពី​ថ្ងៃ​ទី​២៨ មក​រា ថា ត្រៀម​ដោះ​លែង​នារី​ជី​ហា​ដ​អីុរ៉ា​ក់​ម្នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​អ្នក​បើក​យន្តហោះ​របស់​ខ្លួន​ដែល​ជាប់​ជា​ចំណាប់ខ្មាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ក្នុង​វី​ដេ​អូ​មួយ ចាក់​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៧ មក​រា ក្រុម​ជី​ហា​ដ​រដ្ឋ​អ៊ិ​ស្លា​ម​ទាមទារ​ឱ្យ​ដោះ​លែង​នារី​អត្តឃាត​ជនជាតិ​អីុ​រ៉ា​ក់​ម្នាក់ នាង Sajida Al Rishawi ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ហ្ស៊​ក​ដា​នី រយៈពេល​២៤​ម៉ោង បើ​ពុំ​ដូ​ច្នោះ​ទេ គេ​នឹង​សម្លាប់​អ្នក​បើក​យន្តហោះ​ហ្ស៊​ក​ដា​នី លោក Maaz Al Kassasbeh ព្រមទាំង​ចំណាប់ខ្មាំង​ជប៉ុន លោក កេ​ន​ហ្ស៊ី ហ្គោ​តូ ។ យោង​តាម ក្រុង​តូ​ក្យូ​ថា ឱសានវាទ​នេះ​ត្រូវ​ផុត​នា​វេលា​ម៉ោង​១៤ ម៉ោង​សកល ។

ដកស្រង់​សម្តី​ដោយ​ទូរទស្សន៍​រដ្ឋ អ្នកនាំពាក្យ​រដ្ឋាភិបាល​ហ្ស៊​ក​ដា​នី លោក ម៉ូ​ហា​ម៉េ​ដ អាល់ ម៉ូ​មឺ​នី ថ្លែង​ថា ហ្ស៊​ក​ដា​នី​ត្រៀមខ្លួន​រួចរាល់​ហើយ​ដោះ​លែង​អ្នកទោស នាង Sajida Al Rishawi ក្នុង​លក្ខខណ្ឌ​ដែល​អ្នក​បើក​យន្តហោះ​ហ្ស៊​ក​ដា​នី ត្រូវ​បាន​ដោះ​លែង​ដោយ​សុខ​សប្បាយ ។ ជំហរ​របស់​ហ្ស៊​ក​ដា​នី គឺ​ធានា​សន្តិសុខ​របស់​កុលបុត្រ​របស់​យើង អ្នក​បើក​យន្តហោះ លោក Maaz Al Kassasheh ។

រដ្ឋមន្ត្រី​ការ​បរទេស​ហ្ស៊​ក​ដា​នី លោក Nasser Judeh អះអាង​កាលពី​ថ្ងៃ​ទី​២៨ មក​រា ថា ប្រទេស​របស់​លោក​ទាមទារ​ឱ្យ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បង្ហាញ​ច្បាស់​ថា អ្នក​បើក​យន្តហោះ​ហ្ស៊​ក​ដា​នី​រូប​នេះ នៅ​រស់រាន​មានជីវិត​នៅឡើយ ។

ក្នុង​សេចក្តី​ប្រកាស​មួយ រដ្ឋមន្ត្រី​រូប​នេះ​ថ្លែង​ថា ហ្ស៊​ក​ដា​នី​ស្នើ​ដល់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ឱ្យ​ផ្តល់​ភស្តុ​តាង​ពី​ការ​នៅ​រស់រាន​មានជីវិត​របស់​អ្នក​បើក​យន្តហោះ​ដែល​ចាប់ខ្លួន​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​យើង​នៅ​មិន​ទាន់​ទទួល​បាន​ចម្លើយ​តប​នៅឡើយ ។

មុន​នេះ អ្នក​ទទួលខុសត្រូវ​ហ្ស៊​ក​ដា​នី​ម្នាក់ បាន​បដិសេធ​ព័ត៌មាន​នានា​ស្តី​ពី​ការ​នាំ​អ្នកទោស​ជានា​រី​អុ​ី​រ៉ា​ក់​ចេញពី​ពន្ធនាគារ​ដើម្បី​ដោះ​លែង ។ នារី​រូប​នោះ​ត្រូវ​កាត់ទោស​ប្រហារ​ជី​វីត​នៅ​ហ្ស៊​ក​ដា​នី ដោយសារ​រួមគំនិត​វាយប្រហារ​ភេរវកម្ម​នានា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៦០​នាក់ នៅ​ក្រុង​អា​ម៉​ង់ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០០៥ ។

ប្រភព​ព័ត៌មាន​ផ្លូវការ និង​យោធា​ហ្ស៊​ក​ដា​នី ធ្លាប់​បាន​គូសបញ្ជាក់​នា​ពេល​មុន​នេះ​ថា ក្នុង​វី​ដេ​អូ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ទាមទារ​ឱ្យ​ដោះ​លែង​នារី​អុ​ី​រ៉ា​ក់​នោះ ជា​ថ្នូរ​នឹង​ចំណាប់ខ្មាំង​ជប៉ុន ក៏​ប៉ុន្តែ​ក្រុម​ជី​ហា​ដ​នេះ មិន​និយាយ​ពី​ការ​ដោះ​លែង​អ្នក​បើក​យន្តហោះ​ហ្ស៊​ក​ដា​នី​ទេ ផ្ទុយ​ទៅ​វិញ​ក្រុម​នោះ​គំរាម​សម្លាប់​អ្នក​ទាំង​២ ។

កាលពី​យប់​ថ្ងៃ​ទី​២៧ មក​រា ឪពុក​អ្នក​បើក​យន្តហោះ​រូប​នេះ បាន​ស្នើ​ដល់​អាជ្ញាធរ​ឱ្យ​ព្រម​ធ្វើ​តាម​ការ​ទាមទារ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ពេល​មាន​បាតុកម្ម​របស់​បណ្តា​សមាជិក​កុលសម្ព័ន្ធ Karak (​អ្នក​បើក​យន្តហោះ​នេះ​ស្ថិត​ក្នុង​កុលសម្ព័ន្ធ​នេះ​) នៅ​មុខ​វិមាន​រដ្ឋាភិបាល​ក្រុង​អា​ម៉​ង់ ។

យោង​តាម​សារ​មួយ​អាន​ដោយ​ចំណាប់ខ្មាំង​ជប៉ុន​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​គំរាម​ជា​ថ្មី សម្លាប់​ភ្លាម​ៗ​អ្នក​បើក​យន្តហោះ​ហ្ស៊​ក​ដា​នី ប្រសិនបើ​នារី​ជី​ហា​ដ​អុ​ី​រ៉ា​ក់ ពុំ​ត្រូវ​បាន​ដោះ​លែង​នា​ថ្ងៃ​ទី​២៩ មក​រា ទេ​នោះ ៕