ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វា​តូច​ធំ​កំពុង​អុកឡុក​លើ​រមណីយដ្ឋាន​ភ្នំ​សំបុក

9 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ស្វា​តូច​ធំ​ជាង​២០​ក្បាល កំពុង​បង្ក​ការ​អុកឡុក រញ៉េរញ៉ៃ​គួរ​ឱ្យ​ខ្លាច​លើ​រមណីយដ្ឋាន​ភ្នំ​សំបុក រំខាន​ដល់​ការ​សំណាក់​ធម៌​របស់​ព្រះសង្ឃ និង​តាជី​យាយជី​នៅ​លើ​ភ្នំ ពិសេស​បាន​ខាំ​គេឯង​មិន​រើសមុខ

ខេត្តក្រចេះ ៖ ស្វា​តូច​ធំ​ជាង​២០​ក្បាល កំពុង​បង្ក​ការ​អុកឡុក រញ៉េរញ៉ៃ​គួរ​ឱ្យ​ខ្លាច​លើ​រមណីយដ្ឋាន​ភ្នំ​សំបុក រំខាន​ដល់​ការ​សំណាក់​ធម៌​របស់​ព្រះសង្ឃ និង​តាជី​យាយជី​នៅ​លើ​ភ្នំ ពិសេស​បាន​ខាំ​គេឯង​មិន​រើសមុខ បណ្តាល​ឱ្យ​រង​របួស​ថែម​ទៀត រួម​មាន​ទាំង​ព្រះសង្ឃ និង​តា​ជ​យាយជី​ផង​ដែរ រហូត​ធ្វើ​ឱ្យ​គេ​ស្អប់​គ្រប់​ៗ​គ្នា ។

ការ​អុកឡុក​របស់​ហ្វូង​ស្វា​ទាំងនេះ ត្រូវ​បាន​អ្នកស្រុក​និយាយ​ថា កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ ក្រោយ​ពី​វា​បាន​កើត​កូនចៅ​កាន់តែ​ច្រើន​ឡើង​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ជា​រៀងរាល់ថ្ងៃ ពិសេស​ពេល​ព្រឹក​ចំ​ពេល​រៀប​ចង្ហាន់​ព្រះសង្ឃ និង​ពេល​រសៀល ពួក​វា​តែង​ចេញពី​ព្រៃ​តាម​ជើងភ្នំ​ឡើង​មក​វត្ត​ដណ្តើម​ចំណីអាហារ​ពី​តាជី យាយជី និង​ចង្ហាន់​ព្រះសង្ឃ ។ មើលចុះ សូ​ម្បី​ស្បែកជើង​ក៏​មិន​ប្រហែស​បាន​ដែរ ពេល​ដោះ​ពី​ជើង​សុទ្ធតែ​យក​ទៅ​ដាក់​ក្នុង​ទ្រុង ទើប​គង់ ។

ដោយសារ​តែ​ការ​អុកឡុក​ឥត​ឈប់​ឈរ​នេះ ទើប​រោង​អាស្រម​សំណាក់​ធម៌​របស់​តាជី​យាយជី​ជាង​១០​បន្ទប់​នៅ​លើ​ភ្នំ ត្រូវ​សម្រេច​បិទទ្វារ​ទាំង​មុខ​ទាំង​ក្រោយ ។ ចំណែក​ដំបូល​ក្បឿង ដំបូល​ស័ង្កសី ដំបូល​ព្រះ​វិហារ និង​អាង​ទឹក​សម្រាប់​ប្រើប្រាស់ ក៏​ត្រូវ​ហ្វូង​ស្វា​នេះ​បំផ្លិចបំផ្លាញ​ខូចខាត​ឥត​ឈប់​ឈរ​ដែរ ។

លោកយាយ ហែ ឆាន ក្នុង​ចំណោម​ដូនជី​ជា​ច្រើន​នាក់ ដែល​ធ្លាប់​រង​គ្រោះ​ដោយ​ស្វា​ខាំ បាន​រៀបរាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ មក​រា ថា កន្លង​មក​លោកយាយ​ត្រូវ​ស្វា​ខាំ​របួស​ក្បាល នៅ​ពេល​គាត់​កំពុង​ដេក​នៅ​លើ​រោង​សំណាក់​ធម៌ ។ សព្វ​ថ្ងៃនេះ បើ​មិន​ប្រុង​ប្រយ័ត្ន ម្ហូបចំណី និង​សម្ភារ​ប្រើប្រាស់ គឺ​វា​នឹង​បំផ្លិចបំផ្លាញ និង​លួច​យក​ទៅ​បាត់​អស់​មិន​ខាន ។

លោកយាយ​បន្ត​ថា ជា​ច្រើន​ឆ្នាំ​មកនេះ ពួក​វា​ហាក់ដូច​មិនសូវ​កាច​ដូច​ឆ្នាំ​នេះ​ទេ ប្រហែលជា​ពេល​នេះ​ពួក​វា​មាន​ចំនួន​កាន់តែ​ច្រើន ទើប​វា​លែង​ខ្លាច​មនុស្ស ។ នៅ​ក្នុង​ព្រៃ​មាន​ស្វា​ច្រើន​ទៀត ប៉ុន្តែ​ស្វា​ដែល​កាច​មក​អុកឡុក​មាន​ប្រមាណ​ជាង​២០​ក្បាល​ប៉ុណ្ណោះ ។

មិន​ថា​តែ​តាជី យាយជី និង​ព្រះសង្ឃ​ទេ​ដែល​ធ្លាប់​រង​គ្រោះ ដោយសារ​តែ​ពួក​វា​ខាំ​នោះ សូ​ម្បី​តែ​អ្នកទេសចរ​បរទេស​មួយ​ចំនួន ក៏​ធ្លាប់​របួស​ជា​ច្រើន​នាក់​ដោយសារ​វា​ខាំ​ដែរ នៅ​ពេល​ដើរ​នៅ​លើ​ភ្នំ​មិន​បាន​ប្រុង​ប្រយ័ត្ន ។

អ្នក​ភូមិ​នៅ​ម្តុំ​នោះ បាន​និយាយ​ថា សត្វ​ស្វា​ទាំងនេះ​មក​រស់នៅ​តាម​ព្រៃ​លើ​ភ្នំ​សំបុក​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​កន្លង​មក​មាន​តែ​ពីរ​បី​ក្បាល​ប៉ុណ្ណោះ ដោយសារ​អ្នក​ភូមិ​យក​ទៅ​លែង​ក្នុង​ព្រៃ​ភ្នំ និង​មួ​យ​ចំនួន​ទៀត​មេព្រៃ​ចាប់ពី​ណា​ពី​ណី​មក យក​ទៅ​លែង​នៅ​ក្បែរ​ៗ​នោះ ។

យ៉ាងណា​ក៏​ដោយ លោក ណាយ ឆាយ គណៈកម្មការ​វត្ត​ភ្នំ​សំបុក បាន​ប្រាប់​ថា​កន្លង​មក​ដោយ​មើលឃើញ​ពី​ការ​លំបាក​ដែល​បង្ក​ឡើង​ពី​ពពួកសត្វ​ស្វា​ទាំងនេះ លោក​ក៏​ធ្លាប់​រាយការណ៍​ទៅ​អាជ្ញាធរ​ឱ្យ​ជួយ​ទប់ស្កាត់ និង​មាន​វិធានការ​ដែរ តែ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​វិធានការ​ណាមួយ​នៅឡើយ​ទេ ។

អ្នក​ភូមិ​បាន​លើក​ឡើង​ថា អាជ្ញាធរ​គួរ​មាន​វិធានការ​អភិរក្ស​សត្វ​ស្វា​ទាំងនេះ​ឱ្យ​មាន​កន្លែង​សមគួរ​នៅ​លើ​ភ្នំ​នេះ ដោយ​មាន​ចំណីអាហារ​សម្រាប់​វា​ស៊ីគ្រប់គ្រាន់ កុំឱ្យ​អត់ឃ្លាន ដណ្តើម​ចំណី​មនុស្ស ឬ​ក៏​មាន​ទ្រុង​ដាក់​ឱ្យ​បាន​ត្រឹមត្រូវ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ ។

មេឃុំ​ថ្ម​គ្រែ លោក តែម ណា​ស៊ី ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា កន្លង​មក លោក​ធ្លាប់​បាន​ប្រជុំ​ជាមួយ​ស្ថាប័ន​រដ្ឋបាល​ព្រៃឈើ​ដែល​នៅ​ក្បែរ​នោះ ដើម្បី​មាន​វិធានការ​ចំពោះ​ហ្វូង​ស្វា​ទាំងនេះ​ដែរ តែ​ជា​ការ​លំបាក​ថា តើ​ត្រូវ​ដោះស្រាយ​បែប​ណា ? លោក​ថា មិនមែន​មិន​គិត​ទេ គឺ​គិត​ណាស់​… តែ​គិត​មិន​ចេញ ៕