ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកម៉​ម ប៊ុ​ន​ហេង ៖ អ្នកចម្លង​អេ​ដស៍226​នាក់ ​មិនមែន​គ្រូពេទ្យ​ទេ​ គឺ​អ្នកស៊ីឈ្នួល​ចាក់​ថ្នាំ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចុះ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​នៃ​ការ​ឆ្លង​ជំងឺអេដស៍​ក្នុងភូមិ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ប្រធាន​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា​បាន​កោះ​អញ្ជើញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចុះ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​នៃ​ការ​ឆ្លង​ជំងឺអេដស៍​ក្នុងភូមិ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ប្រធាន​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា​បាន​កោះ​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ចូល​បំភ្លឺ​ជុំវិញ​បញ្ហា​ឆ្លង​ជំងឺអេដស៍​នោះ ។

ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​សួរ​ដេញដោល​អស់​រយៈពេល​ជាង​២​ម៉ោង​នា​រសៀល​ថ្ងៃ​ទី​២៧ មក​រា នៅ​វិមាន​រដ្ឋសភា លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ការ​ឆ្លង​មេរោគ​អេ​ដស៍​ក្នុងភូមិ​រកា រហូត​ដល់​ថ្ងៃ​ទី​២២ មក​រា មាន​ចំនួន​២២៦​នាក់​។ ការ​ជួប​ពិភាក្សា ក៏​ជា​ការ​បង្ហាញ​ក្តី​កង្វល់​របស់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល ក្នុង​ការ​យកចិត្តទុកដាក់​ចំពោះ​ករណី​ឆ្លង​មេរោគ​អេ​ដស៍​នោះ​ផង​ដែរ ។

លោក​ថ្លែង​ថា មក​ដល់​ពេល​នេះ ក្រសួង​បាន​ពង្រីក​មណ្ឌល​សុខភាព និង​ការ​ផ្តល់​ឱសថ​ប្រឆាំង​ជំងឺអេដស៍ និង​ឱសថ​សម្រាប់​ថែទាំ​ព្យាបាល​មេរោគ​បន្ទាប់បន្សំ​ដល់​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ទាំងនោះ និង​រថយន្ត​សម្រាប់​ជួយ​សង្គ្រោះ​បន្ទាន់ ។

លោក ម៉​ម ប៊ុ​ន​ហេង លើក​ឡើង​ថា ក្រសួងសុខាភិបាល​បាន​សិក្សា​ចំពោះ​ករណី​ឆ្លង​មេរោគ​អេ​ដស៍​នៅ​ភូមិ​រកា មក​ពី​ការ​ប្រើប្រាស់​សឺ​រ៉ាំ​ង ។ ទាក់ទង​នឹង​ការ​ចម្លង​មេរោគ​អេ​ដស៍​នោះ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា អ្នក​ដែល​ធ្វើ​ឲ្យ​ឆ្លង​មេរោគ​អេ​ដស៍​នោះ មិនមែន​ជា​គ្រូពេទ្យ​នោះ​ទេ គឺជា​អ្នក​ដែល​រកស៊ី​ចាក់​ថ្នាំ​តែ​ប៉ុណ្ណោះ​។ ទោះ​យ៉ាងណា​ក្តី លោក​រដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់​ពី​កំហុស​អ្នក​ណា​ច្បាស់លាស់​ទេ ។ គ្រូពេទ្យ​ទាំងអស់​ដែល​ចេញ​បម្រើ​ការងារ​ត្រូវ​បាន​ឆ្លងកាត់​គណៈ​វិជ្ជាជីវៈ​របស់​ក្រសួងសុខាភិបាល​គ្រប់​ទាំងអស់ ។

លោក ម៉​ម ប៊ុ​ន​ហេង ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៥ ក្រសួង​ចង់​ជ្រើសរើស​មន្ត្រី​ពេទ្យ ប្រមាណ​១.៥០០​នាក់ ប៉ុន្តែ​ការ​ចង់បាន​នេះ​អាស្រ័យ​ទៅ​លើ​រាជរដ្ឋាភិបាល​ជា​អ្នក​សម្រេច ព្រោះថា ក្រសួង​ចង់​ឲ្យ​មន្ត្រី​ពេទ្យ​ទទួល​បាន​ប្រាក់បៀវត្ស​ច្រើន ។

ទាក់ទិន​នឹង​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ជំងឺអេដស៍​នៅ​ភូមិ​រកា​ដែរ​នោះ លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​សុំ​កុំ​ឲ្យ​មានការ​រើសអើង​ពួក​គាត់ និង​ជួយ​លើកទឹកចិត្ត​ដើម្បី​បន្ត​ការ​រស់នៅ​ទៅ​មុខ​ទៀត ។

ចំណែក​លោក​ជំទាវ កែវ សុវណ្ណ​រតន៍ ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា មាន​ប្រសាសន៍​ថា គណៈកម្មការ​ទី​៨ និង​សមាជិក​គណៈកម្មការ​ផ្សេង​របស់​រដ្ឋសភា​ស្នើ​ដល់​រដ្ឋមន្ត្រី ឲ្យ​ស្នើ​ដល់​រដ្ឋាភិបាល​ផ្តល់​ជា​កញ្ចប់​ថវិកា​សម្រាប់​ផ្តល់​ជូន​ពលរដ្ឋ​ដែល​ឆ្លង​ជំងឺអេដស៍​នៅ​ក្នុងភូមិ​រកា ព្រោះថា អ្នក​ភូមិ​រកា​គឺជា​ការ​ឆ្លង​ជំងឺអេដស៍​ដែល​ជា​ការ​ធ្វេសប្រហែស​របស់​ក្រសួង ។ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​តែ​ផ្តល់​ថវិកា​ពិសេស ដើម្បី​ជួយ​សេដ្ឋកិច្ច​របស់​ពួក​គាត់ ។ 

តាម​រយៈ​ការ​ស្រង់​សម្តី​របស់​លោក ម៉​ម ប៊ុ​ន​ហេង ពី​សំណាក់​លោក​ជំទាវ កែវ សុវណ្ណ​រតន៍ ថា លោក​នឹង​យក​សំណើ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ផ្តល់​ថវិកា​ដល់​អ្នក​ដែល​ឆ្លង​ជំងឺ​អេស​ដ៍​នៅ​ភូមិ​រកា​នោះ និង​ស្នើ​ផ្តល់​ថវិកា​ដល់​បុគ្គលិក​ពេទ្យ​បន្ថែម​ទៀត ដែល​រហូត​ដល់​ពេល​នេះ​មាន​ចំនួន​ជាង​២​ម៉ឺន​នាក់ ។ 

លោក​ជំទាវ​បន្ត​ថា គណៈកម្មការ​បាន​ស្នើ​ឲ្យ​មានការ​កែទម្រង់​ប្រព័ន្ធ​សុខាភិបាល​ឡើង​វិញ​ព្រោះថា ប្រព័ន្ធ​សុខាភិបាល​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​នៅឡើយ​ទេ ក្នុង​ការ​ផ្តល់​សេវាកម្ម​របស់​ប្រជាពលរដ្ឋ​បាន​ល្អ​ទេ ។ លើស​ពី​នេះ គ្រូពេទ្យ​ត្រូវ​តែ​មាន​វិជ្ជាជីវៈ​គោរព​ក្រមសីលធម៌​ដើម្បី​សង្គ្រោះ​អ្នកជំងឺ ។
ក្រសួង​ត្រូវ​តែ​ត្រួតពិនិត្យ​គ្លីនិក​ឯកជន​ដែល​មិន​មានច្បាប់ និង​ត្រួតពិនិត្យ​មន្ទីរពេទ្យ​បង្អែក មណ្ឌល​សុខភាព​គ្រប់​ទីកន្លែង​ទាំងអស់ ចៀសវាង​ការ​ថ្លោះធ្លោយ​បន្ត​ទៀត ។

លោក​ជំទាវ​បញ្ជាក់​ថា «​គណៈកម្មការ​ក៏​បាន​ស្នើ​សុំ​ដាក់​ទណ្ឌកម្ម​ចំពោះ​គ្រូពេទ្យ​ណា​ដែល​ធ្វើ​ខុស​វិជ្ជាជីវៈ ។ យើង​ស្នើ​ឲ្យ​លោក​រដ្ឋមន្ត្រី​គិតគូរ​ពី​កញ្ចប់​ថវិកា​ដល់​អ្នក​ភូមិ​រកា​ក្នុង និង​ស្នើ​គិត​ពី​បំណុល​របស់​អ្នក​ភូមិ​រកា ដែល​ពួក​គាត់​គ្មាន​កម្លាំង​ពលកម្ម​ធ្វើការ​សម្រាប់​សងបំណុល ធនាគារ​ទេ ។ យើង​ត្រូវ​កែទម្រង់​ប្រព័ន្ធ​សុខាភិបាល​នោះ​មិន​និយាយ​តែ​ពេល​នេះ គឺ​ត្រូវ​គិត​នៅ​ថ្ងៃ​អនាគត​ចំពោះ​គ្រូពេទ្យ​ដែល​មិន​គោរព​ក្រម​វិជ្ជាជីវៈ គ្រូពេទ្យ​នោះ​ត្រូវ​តែ​ដាក់​ទណ្ឌកម្ម​តាម​ច្បាប់​មាន​ជា​ធរមាន​» ។

ប្រធាន​គណៈកម្មការ​ទី​៨ ដដែល​បន្ត​ថា ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ចំពោះ​គ្រូពេទ្យ​ដែល​មិន​គោរព​វិជ្ជាជីវៈ ។ គណៈកម្មការ​ទី​៨ បាន​ស្នើ​ទៅ​លោក​រដ្ឋមន្ត្រី​ចាត់វិធានការ​ឲ្យ​បាន​ម៉ត់ចត់​ចំពោះ​គ្រូពេទ្យ​មិន​គោរព​វិជ្ជាជីវៈ​ពិសេស​នោះ គ្រូពេទ្យ​ត្រូវ​តែ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ជាបឋម ។
លោក​ជំទាវ​បន្ថែម​ថា រាជរដ្ឋាភិបាល​មាន​កញ្ចប់​ថវិកា​ពិសេស ដូច្នេះ​គួរ​កាត់​កញ្ចប់​ថវិកា​នោះ​ផ្តល់​ទៅ​អ្នក​ដែល​ឆ្លង​ជំងឺ​នៅ​ភូមិ​រកា​នោះ​។ តាម​រយៈ​លោក​ជំទាវ អ្នក​ភូមិ​រកា​ក្នុង​មួយ​គ្រួសារ អាច​ទទួល​បាន​ថវិកា​ប្រមាណ​៥​រយ​ដុល្លារ ហើយ​គ្រួសារ​ដែល​ទទួល​បាន​ច្រើន ចំនួន​ប្រមាណ​២.៥០០​ដុល្លារ ៕