ប្រកួតបាល់ទះពានរង្វាន់សម្ដេចតេជោឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ដោយ ៖ អប្សរា
ថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៥:០០

សំអូន
ការប្រកួតបាល់ទះពានរង្វាន់សម្ដេចតេជោ
រាជធានីភ្នំពេញ ៖ នៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រនៃការប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើឡើងនៅក្នុងវិមានពហុកីឡដ្ឋានជាតិ កាលពី ថ្ងៃសៅរ៍ ទី១៧ កក្កដា កន្លងមកនេះក្រុមបាល់ទះអង្គរក្ស និងក្រុមបាល់ទះក្រសួងមហាផ្ទៃ មានឱកាសបានឡើងទៅប្រកួតនៅ វគ្គផ្ដាច់ព្រ័ត្រយកចំណាត់ថ្នាក់លេខ១ ជាបន្ដទៀត បន្ទាប់ពីផ្ដួលគូប្រកួតឱ្យចាញ់៣សិតទល់០ រួចមកនោះ ។ ក្រុមបាល់ទះអង្គរក្សបានយកឈ្នះលើក្រុមខេត្ដកំពង់ចាម ៣សិត០ ។
នៅសិតទី១ ក្រុមខេត្ដកំពង់ចាមលេងបានល្អបន្ដិច ប៉ុន្ដែនៅតែមិនអាចរកបានពិន្ទុតាមទាន់ក្រុមអង្គរក្សឡើយ គឺចាញ់ក្នុងលទ្ធផល២០-២៥ ។ ចូលដល់សិតទី២ និងទី៣ ក្រុមអង្គរក្ស បានយកឈ្នះ២៥-១៨ ទាំង២សិតជាប់គ្នាតែ ម្ដង។ ដូច្នេះក្រុមខេត្ដកំពង់ចាម ត្រូវធ្លាក់ទៅលេងយកចំណាត់ថ្នាក់លេខ៣ជាមួយក្រុម ធនាគារជាតិនៃកម្ពុជា បន្ទាប់ពីក្រុមនេះ បានលេងចាញ់ក្រុមក្រសួងមហាផ្ទៃ៣សិត០ដែរ ក្នុងលទ្ធផល ៣-២៥, ១៤-២៥ និង ១៨-២៥ ។
គេនៅចាំបានថាកាលពីឆ្នាំកន្លងទៅ ក្រុមអង្គរក្សគឺជាក្រុមដែលធ្លាប់ដណ្ដើមបាន តំណែងជាជើងឯក ។ ដោយឡែកឆ្នាំនេះ ក្រុមអង្គរក្សត្រូវប្រឈមមុខជាមួយក្រុម ក្រសួងមហាផ្ទៃដែលជាក្រុមខ្លាំងមួយដែរ ដូច្នេះគេនៅមិនទាន់ដឹងថា តំណែងជើងឯក នេះនឹងត្រូវធ្លាក់ទៅលើក្រុមអង្គរក្សជាបន្ដទៀត ឬយ៉ាងណានោះទេ ៕