ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈ​របស់​ខ្មែរ

9 ឆ្នាំ មុន

ប៉ុន្មាន​ថ្ងៃនេះ នៅ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ( Facebook ) ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​សម្រាប់​អ្នក​និយម​ចូល​លេង ឬ​មើល​ព័ត៌មាន​នានា​តាម​បណ្តាញ​ដ៏​កំពុង​ពេញ​និយម​ទាំង​នៅ​កម្ពុជា និង​នៅ​លើ​ពិភពលោក​នេះ

ប៉ុន្មាន​ថ្ងៃនេះ នៅ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ( Facebook ) ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​សម្រាប់​អ្នក​និយម​ចូល​លេង ឬ​មើល​ព័ត៌មាន​នានា​តាម​បណ្តាញ​ដ៏​កំពុង​ពេញ​និយម​ទាំង​នៅ​កម្ពុជា និង​នៅ​លើ​ពិភពលោក​នេះ បន្ទាប់​ពី​ឃើញ​លេច​រូបភាព​អាក្រាត​ពាក់កណ្តាល​ខ្លួន​របស់​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​ឈរ​និង​អង្គុយ នៅ​លើ​ផ្ទាំងសិលា និង​ខ្លោងទ្វារ​ប្រាសាទ​ដែល​គេ​ស្គាល់​ថា ជា​ប្រាសាទ​មួយ​ស្ថិត​ក្នុង​ខេត្តសៀមរាប ទឹកដី​ដ៏​សម្បូរ​បែប​ផ្នែក​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ។

ជា​ការ​ពិត ទោះបីជា​រូបភាព​អាក្រាត​របស់​ស្ត្រី​ថត​ភ្ជាប់​ជាមួយ​ប្រាង្គ​ប្រាសាទ​នេះ មតិ​មួយ​ចំនួន​គិត​ថា​ជា​រូបភាព​កាត់ត និង​មួយ​ចំនួន​ទៀត​អះអាង​ថា ជា​រូបភាព​ពិត​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​មិន​ទទួលខុសត្រូវ​របស់សមត្ថកិច្ច​ពាក់ព័ន្ធ​នានា​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ ប៉ុន្តែ​ប្រសិនបើ​រូបភាព​នោះ​ជា​រូបភាព​ពិតប្រាកដ​វិញ វា​ជា​ការ​ទទួលខុសត្រូវ​ទាំងស្រុង​របស់​អាជ្ញាធរ​ជាតិ​អប្សរា (Sic) ។

បើ​មើលរូប​ភាព​នេះ គឺ​អ្នកដឹកនាំ​ថត និង​សា​ម៉ី​ខ្លួន​ដែល​ថតរូប​អាក្រាត​នោះ ស្ថិត​នៅ​ពេលវេលា​ព្រឹក ឬ​ថ្ងៃរសៀល បើ​ដូច្នោះ​គឺជា​ការ​ទទួលខុសត្រូវ​ទាំងស្រុង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ពីព្រោះ​នៅ​តាម​ប្រាសាទ​នីមួយ​ៗ​នៅ​ក្នុង​ខេត្តសៀមរាប អាជ្ញាធរ​តែង​ដាក់​ឆ្មាំ​ការពារ ប៉ុន្តែ​ហេតុ​អ្វី​បានជា​មានរឿង​នេះ​កើតឡើង ឬ​មួយ​ជា​កំ​ហុង​ឆ្គង​ដោយ​ចេតនា​របស់​អនុរក្ស​ការពារ​ប្រាសាទ​ដែល​ឃុបឃិត​ជាមួយ​អ្នកដឹកនាំ​ថត ដើម្បី​ផលប្រយោជន៍​និង​លាភ​សក្ការ ឬ​ជា​ការ​ឃុបឃិត​គ្នា​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ឬ ជា​ការ​ធ្វេសប្រហែស​..​?

រូបភាព​អាក្រាត​ពាក់កណ្តាល​ខ្លួន​របស់​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​ឈរ និង​អង្គុយ​នៅ​លើ​ផ្ទាំងសិលា និង​ទ្វារ​ប្រាសាទ​វា​មិនមែន​ជា​រូបភាព​អាសអាភាស​លើក​ទី​១​នោះ​ទេ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ក៏​មាន​រូបភាព​ស្ត្រី​ដែល​ស្លៀក​សម្លៀក​បំពាក់​បែប​ជា​អ្នក​រាំ​របាំ​អប្សរា ប៉ុន្តែ​អាក្រាត​ល្វែង​លើ​បាន​កើតឡើង​ម្តង​រួច​មក​ហើយ ហើយ​បើ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​ត្រូវ​បាន​គេ​ចែកចាយ​កាលពី​ថ្ងៃ​ទី​២៥ មក​រា ក៏​ឃើញ​ស្ត្រី​ជនជាតិ​រុ​ស្ស៊ី​ម្នាក់​ទៀត​ឈ្មោះ​Nadezhda Svitalskaya ដែល​គេ​ស្គាល់​ថា ជាប់​ជា​ស្ត្រី​ស្អាត​ប្រចាំ​ទស្សនាវដ្តី ​Playboy របស់​សហរដ្ឋអាមេរិក កាលពី​ខែមិថុនា ២០១៣ ត្រូវ​បាន​ថតរូប​អាក្រាត​កាយ​ទាំងស្រុង​នៅ​ប្រាសាទ​ដែល​មាន​ក្បាច់ចម្លាក់​ខ្មែរ ។

អ្វី​ដែល​មជ្ឈដ្ឋាន​នានា និង​ប្រជាពលរដ្ឋ​ខ្មែរ​ចង់បាន មិនមែន​ពេល​មានការ​ផ្សព្វផ្សាយ​រូបភាព​ស្ត្រី​អាក្រាត​កាយ​ភ្ជាប់​ជាមួយនឹង​ប្រាសាទ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ត្រឹមតែ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្កោលទោស​និង​ប្រកាស​ឲ្យ​មានការ​សហការ​ស្រាវជ្រាវ​រក​ការ​ពិត​ប៉ុណ្ណោះ​នោះ​ទេ គឺ​ការ​ហ៊ាន​ទទួលស្គាល់​កំហុស​ក្នុង​ការ​គ្រប់គ្រង ដើម្បី​កុំ​ឲ្យ​រឿង​នេះ​កើតឡើង​ម្តង​ហើយ​ម្តងទៀត​បែប​នេះ​គឺជា​រឿង​ដែល​អាជ្ញាធរ​ត្រូវ​តែ​ធ្វើ ។

ម្យ៉ាងវិញទៀត ប្រសិនបើ​អាជ្ញាធរ​ជាតិ​អប្សរា រក​ឃើញ​ការ​ពិត​អំពី​រូបភាព​នេះ អាជ្ញាធរ​ត្រូវ​តែ​ឲ្យ​សា​ម៉ី​ខ្លួន ឬ​អ្នកដឹកនាំ​ថត​សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ និង​ឲ្យ​ស្ថានទូត​ចាត់វិធានការ​ច្បាប់​លើ​បុគ្គល​នោះ (​បើសិនជា​ស្គាល់​ថា​ជា​ជាតិ​សាសន៍​អ្វីមួយ​ពិតប្រាកដ​) ព្រោះ​រូបភាព​អាក្រាត​ភ្ជាប់​ជាមួយ​ប្រាសាទ​នេះ​វា​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ពូជសាសន៍ វប្ប​ធ៌​ម ប្រពៃណី​ខ្មែរ​ដ៏​ផូរផង់​របស់​ខ្មែរ​ដែល​មាន​តាំងពី​បុរាណកាល​រៀង​មក ៕

ដោយ ៖ មិត្ត​អ្នក​អាន​ម្នាក់

(+18)