ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឆាំង​ភាពយន្ត​អា​មេ​រិ​ក ស្ថានទូត​កូរ៉េ​ខាងជើង​ស្នើ​កម្ពុជា​ប្រមូល​ឌី​ស្ក​ខ្សែភាពយន្ត ប្រឆាំង​លោក​គី​ម

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ឡុ​ង វិ​សា​លោ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​លិខិតផ្លូវការ​មួយ​ច្បាប់​ជូន​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន

រាជធានី​ភ្នំពេញ ៖ លោក ឡុ​ង វិ​សា​លោ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​លិខិតផ្លូវការ​មួយ​ច្បាប់​ជូន​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​កោះសន្តិភាព​ទទួល​បាន​កាលពី​ថ្ងៃ​ទី​២៥ មក​រា ឲ្យ​ដឹង​ថា កម្មវត្ថុ​សំណើ​ចាត់វិធានការ​ទប់ស្កាត់​ការ​ផ្សាយ​រឿង « The Interview » ដោយ​យោង​តាម​កំណត់​ការទូត​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៥​។

ក្រសួងការបរទេស​កម្ពុជា បាន​លើក​ឡើង​ថា សូម​ជម្រាប​ជូន​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថា ស្ថានទូត​របស់​សាធារណរដ្ឋ​ប្រជាមានិតប្រជាធិបតេយ្យ​កូរ៉េ​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​កំណត់​ការទូត​ថា ខ្សែភាពយន្ត​រឿង « The Interview »​ ជា​រឿង​ប្រមាថ​ដល់​ថ្នាក់ដឹកនាំ​កំពូល​របស់​សាធារណរដ្ឋ​ប្រជាមានិតប្រជាធិបតេយ្យ​កូរ៉េ ហើយ​ត្រូវ​បាន​ថតចម្លង​ចេញពី​អ៊ីន​ធើ​​ណែ​ត ​(Internet) និង​ដាក់​លក់​នៅ​លើ​ទីផ្សារ​មួយ​ចំនួន​នៅ​កម្ពុជា ។

លោក ឡុ​ង វិ​សា​លោ បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២០ មក​រា ឆ្នាំ​២០១៥ ថា «​ភាគី​កូរ៉េ​បាន​ចាត់​ទុក​សកម្មភាព​នេះ​ជា​ការ​ឃុបឃិត​មួយ​ដោយ​កម្លាំង​អមិត្ត​នាំ​ឲ្យ​បែកបាក់​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ​» ។ ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ស្នើ​កម្ពុជា​ចាត់វិធានការ​បញ្ឈប់​ការ​លក់​ខ្សែភាពយន្ត​នេះ និង​ស្នើ​កុំ​ឲ្យ​មានការ​ចាក់​ផ្សាយ​នៅ​តាម​ស្ថានីយទូរទស្សន៍ ឬ​ការ​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​នៅ​កម្ពុជា ។

យោង​តាម​កំណត់​ការទូត​ស្ថានទូត​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៥ ជា​ភាសា​អង់គ្លេស​ផ្ញើ​ជូន​ក្រសួងការបរទេស និង​សហ​ប្រ​តិ​ប​តិ្ត​ការ​អន្តរជាតិ​កម្ពុជា ហើយ​ដែល​កោះសន្តិភាព​ទទួល​បាន​កាលពី​ថ្ងៃអាទិត្យ​ទី​២៥ មក​រា​សូម​ប្រែ​ក្រៅផ្លូវការ​ឲ្យ​ដឹង​ថា ស្ថានទូត​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ស្នើ​សុំ​នូវ​កំណត់​ការទូត​ដូច​តទៅ «​សហរដ្ឋអាមេរិក​បាន​ផលិត​ខ្សែភាពយន្ត​ប្រឆាំង​នឹង​សាធារណរដ្ឋ​ប្រជាមា​និ​ត​ប្រជាធិបតេយ្យ​កូរ៉េ ដែល​ពេល​ថ្មី​ៗ​នេះ​មាននៅ​កម្ពុជា​»​។

ស្ថានទូត​កូរ៉េ​ខាងជើង​បាន​លើក​ឡើង​ទៀត​ថា ខ្សែភាពយន្ត «The Interview» ​ថ្មី​ៗ​នេះ​ត្រូវ​បាន​ផលិត​ដោយ​សហរដ្ឋអាមេរិក ដែល​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ពួក​ភេរវ​ករ​(Terrorism )​ឬ​ពួក​អមិត្ត​ប្រឆាំង​នឹង​ថ្នាក់ដឹកនាំ​កំពូល​របស់​យើង​គឺជា​ការ​ប្រមាថ​យ៉ាង​ធំធេង​មួយ​ដល់​ថ្នាក់ដឹកនាំ​កំពូល​របស់​យើង និង​ដោយសារ​ភាព​ខ្លាំងក្លា​របស់​ប្រជាជន​យើង ។ ស្ថា​ត​ទូត​កូរ៉េ​ខាងជើង​បាន​កញ្ជាក់​ថា «​ជាង​នេះ​ទៅ​ទៀត ខ្សែភាពយន្ត​ថតចម្លង​ទាំងនោះ​ត្រូវ​បាន​គេ​រក​ឃើញ​មាន​លក់​នៅ​ក្នុង​ផ្សារ​ទំនើប​សូ​រិ​យ៉ា និង​ស៊ី​ធី​ម៉​ល​»​ ទៀត​ផង ។

ស្ថានទូត​កូរ៉េ​ខាងជើង​បាន​អះអាង​ថា បញ្ហា​នេះ​គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្លាំង​សត្រូវ​ដែល​បាន​រៀបចំ​ដើម្បី​បំបែកបំបាក់​ទំនាក់ទំនង​ប្រពៃណី​ជា​យូរលង់​មក​ហើយ​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ និង​ព្រះរាជាណាចក្រ​កម្ពុជា ដោយហេតុ​ថា​បញ្ហា​នេះ​វា​ប្រឆាំង​នឹង​ច្បាប់​អន្តរជាតិ និង​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ការ​ឃោសនា​នយោបាយ ឬ​សកម្មភាព​ប្រឆាំង​ប្រទេស​ទី​៣​ហាមឃាត់​ជា​ដាច់ខាត ។

ស្ថានទូត​កូរ៉េ​ខាងជើង​បាន​លើក​ឡើង​ទៀត​ថា «​ស្ថានទូត​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ស្នើ​ដោយ​ស្មោះត្រង់​ចំពោះ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចាត់វិធានការ​សមរម្យ​ដើម្បី​ស្រាវជ្រាវ​ពិនិត្យ​មើល​ខ្សែភាពយន្ត​ «The Interview »​ ដែល​ផលិត​ដោយ​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​សាធារណរដ្ឋ​ប្រជាមា​និ​ត​ប្រជាធិបតេយ្យ​កូរ៉េ នឹង​មិន​មាន​លក់​នៅ​ក្នុង​ទីផ្សារ និង​មិន​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​កម្ពុជា ឬ​ក៏​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុ​ជាត​ទៀត ដើម្បី​រក្សា​នូវ​ទំនាក់ទំនង​មិត្តភាព​របស់​ប្រទេស​យើង​ទាំង​ពីរ​» ។

ស្ថានទូត​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​ថា ស្ថានទូត​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នឹង​ចាត់វិធានការ​ជា​វិជ្ជមាន និង​មាន​ប្រយោជន៍​របស់​ខ្លួន​សម្រាប់​ឱកាស​នេះ​ដើម្បី​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​គិតគូរ​របស់​ក្រសួងការបរទេស និង​សហការ​អន្តរជាតិ​កម្ពុជា ។

អ្នកនាំពាក្យ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​លោក​ជ័យ រ៉ា​ម៉ា​ន ​(Jay R.Raman)  បាន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​កាលពី​ថ្ងៃ​ទី​២៥ មក​រា នៅ​ពេល​អ្នក​យក​ព័ត៌មាន​ទាក់ទង​លោក​តាម​ទូរស័ព្ទ​សុំ​ការ​ពន្យល់​ជុំវិញ​កំណត់​ការទូត​របស់​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​គ្រាន់តែ​និយាយ​ថា លោក​បានដឹង​ពី​បង្ហាញ​នេះ​ដែរ​រួច​ក៏​បិទ​ទូរស័ព្ទ ៕