ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេងសាំង​ធ្លាក់​ចុះ តែ​ទំនិញ​​ប្រើប្រាស់​សព្វសារពើ​នៅ​ដដែល

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បាន​កត់​សម្គាល់ថា នៅ​ពេល​ប្រេងសាំង​ឡើងថ្លៃ ទំនិញ​ចាំបាច់​ប្រើប្រាស់​សព្វសារពើ ក៏​ដូច​ជា​សេវា​ដឹក​ជញ្ជូន ថ្លៃ​ធ្វើ​ដំណើរ​បាន​ឡើងថ្លៃ​ហួស​ពី​ធម្មតា ដោយ​ក្រុម​ឈ្មួញ​អះអាង​ថា

រាជធានី​ភ្នំពេញ ៖ បាន​កត់​សម្គាល់ថា នៅ​ពេល​ប្រេងសាំង​ឡើងថ្លៃ ទំនិញ​ចាំបាច់​ប្រើប្រាស់​សព្វសារពើ ក៏​ដូច​ជា​សេវា​ដឹក​ជញ្ជូន ថ្លៃ​ធ្វើ​ដំណើរ​បាន​ឡើងថ្លៃ​ហួស​ពី​ធម្មតា ដោយ​ក្រុម​ឈ្មួញ​អះអាង​ថា មក​ពី​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ ទើប​ទំនិញ​និង​សេវាកម្ម​ឡើងថ្លៃ​តាម​នោះ​ដែរ ព្រោះ​ពួក​គាត់​ត្រូវ​ចំណាយ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន ឬ​ចំណាយ​លើ​ប្រេងឥន្ធនៈ ។ ផ្ទុយ​មក​វិញ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ឃើញ​ថា តម្លៃ​ប្រេងសាំង​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ចុងឆ្នាំ​២០១៤​មក តែ​នៅ​មិន​ទាន់​ឃើញ​ទំនិញប្រើប្រាស់​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​តម្លៃ​ម្ហូបអាហារ និង​សម្ភារ​ប្រើប្រាស់​ផ្សេង​ទៀត ធ្លាក់​ចុះ​ទៅ​តាម​តម្លៃ​ប្រេងសាំង​ទេ គឺ​នៅ​រក្សា​ដដែល ។

អា​ជីករ អ្នក​ផ្គត់ផ្គង់​សេវាកម្ម​ដឹក​ជញ្ជូន សេវាកម្ម​ដឹក​អ្នកដំណើរ ក៏​ដូច​ជា​រថយន្ត​តាក់ស៊ី កាលពី​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ បាន​ដំឡើង​ថ្លៃ​ជា​បន្តបន្ទាប់ ដោយ​យក​ហេតុផល​ថា​មក​ពី​ប្រេងសាំង​ឡើងថ្លៃ ទើប​ធ្វើ​ឱ្យ​ពួក​គាត់​ឡើងថ្លៃ​តាម​ដែរ ។ ឥឡូវនេះ​ប្រេងសាំង​ចុះ​ហើយ និង​បាន​ធ្លាក់​ចុះ​ខ្លាំង​ថែម​ទៀត ហេតុ​អ្វី​បានជា​មិន​ទាន់​ចុះថ្លៃ​តាម​ដែរ ? ចំណែក​មន្ត្រី​ពាក់ព័ន្ធ​ហាក់ដូច​ពុំ​ទាន់​មាន​ផែនការ​នៅឡើយ​លើ​បញ្ហា​នេះ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​គួរ​រៀបចំ​នីតិវិធី​បែប​ណា​ដើម្បី​គ្រប់គ្រង​តម្លៃ​ទំនិញ​និង​សេវាកម្ម​ផ្សេង​ៗ​នៅ​លើ​ទីផ្សារ​ឱ្យ​បាន​សម​ស្រប​ផង ថ្វី​ដ្បិតតែ​ជា​ទីផ្សារសេរី តែ​ក៏​មិន​ត្រូវ​ឱ្យ​ឈ្មួញ​ដាក់​តម្លៃ​នៅ​លើ​បបូរមាត់​នោះ​ដែរ ដើម្បី​ជា​ប្រយោជន៍​ជួយ​លើក​ស្ទួយ​កម្រិតជីវភាព​រស់នៅ និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ខ្មែរ​យើង ។

ពាក់ព័ន្ធ​បញ្ហា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា អាជ្ញាធរ​មិន​មាន​សិទ្ធិ​លូកដៃ​ក្នុង​វិស័យ​ឯកជន​ទេ ព្រោះ​នេះ​ជា​ទីផ្សារសេរី អាជីវករ​ចង់​ដាក់​តម្លៃ​ប៉ុន្មាន​ក៏​បាន ឱ្យ​តែ​មាន​អតិថិជន​នៅ​គាំទ្រ និង​ប្រើប្រាស់​ទំនិញ​របស់​ពួក​គាត់ ។ បើកាលណា​មាន​អាជីវករ​មួយ​ចំនួន​ធំ​បាន​បញ្ចុះតម្លៃ​ទំនិញប្រើប្រាស់​ប្រចាំ​ថ្ងៃ​ចាំបាច់​ហើយ តែ​មាន​មួយ​ចំនួន​តូច​មិន​ព្រម​បញ្ចុះ​នោះ អតិថិជន​ឬ​ប្រជាជន​នឹង​ពិចារណា​ថា តើ​នឹង​ត្រូវ​ទិញ​ខាង​ណា គាំទ្រ​អ្នក​ណា​ហើយ ។ ម្យ៉ាងទៀត​នេះ​ក៏​មិនមែន​មក​ពី​អាជីវករ​ទាំងស្រុង​ដែរ វា​អាច​ពាក់ព័ន្ធ​នឹង​ឈ្មួញកណ្ដាល ឬ​អ្នក​នាំ​ចូល​ទំនិញ​ក៏​ថា​បាន ។

តាម​ការ​ស្ទង់​មតិ​ពី​អាជីវករ ក៏​ដូច​ជា​អ្នក​ផ្ដល់​សេវាកម្ម​ផ្សេង​ៗ​បាន​បញ្ចេញមតិ​ថា យើង​មិន​ទាន់​អាច​បញ្ចុះតម្លៃ​បាន​នៅឡើយ​ទេ ថ្វី​ដ្បិតតែ​ពេល​នេះ​តម្លៃ​ប្រេងសាំង​បាន​ចុះ​ហើយ​ក្តី ។ បើ​យើង​សង្កេត​មើល​ពី​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ ការ​ដឹក​ជញ្ជូន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ វា​មិន​ងាយស្រួល​ទេ ត្រូវ​ចំណាយ​ច្រើន​ជាង​មុន ហើយ​នៅ​លើ​ដងផ្លូវ​ចរាចរណ៍​ក៏​មមាញឹក ត្រូវ​ចំណាយពេល និង​ថវិកា​ច្រើន​ជាង​មុន  ។ ម្យ៉ាងទៀត​ផ្លូវ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​កំពុង​ជួសជុល និង​ស្ថាបនា​ឡើង​វិញ​មាន​ច្រើន​កន្លែង ដែល​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​ដឹក​ជញ្ជូន​ត្រូវ​យឺតយ៉ាវ អី​ុ​ចឹ​ង​ហើយ​ការ​ជាប់​គាំង​នៅ​លើ​ផ្លូវ ត្រូវ​ចំណាយពេល​ច្រើន បើ​ផ្លូវ​ស្រួល​មិន​មាន​បញ្ហា​នោះ ទំនិញ​នានា​អាច​ចុះ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ។ រឿង​នេះ​ដែរ ថ្វី​ដ្បិតតែ​សាំង​ចុះ តែ​អ្នក​ដឹក​ជញ្ជូន​មិន​ព្រម​បញ្ចុះ​ថ្លៃ ធ្វើ​យ៉ាងណា​ឱ្យ​អាជីវករ​ចុះ​ម្ដេច​បាន​ទៅ ?

តាម​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ឱ្យ​ដឹង​ថា ពេល​នេះ​យើង​កំពុង​ចរចា​ទាក់​ទឹង​នឹង​តម្លៃ​ប្រេងសាំង ថា​តើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា អាច​មាន​លទ្ធភាព​បញ្ចុះ​បាន​ប៉ុន្មាន​ទៀត ដើម្បី​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ និង​ឱ្យ​ស្រប​ទៅ​តាម​ទីផ្សារ​តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក ដែល​កំពុង​ចុះ​យ៉ាង​ខ្លាំង​នេះ​។ ពាក់ព័ន្ធ​នឹង​តម្លៃ​ទំនិញប្រើប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃនេះ​ដែរ ខាង​ក្រសួងពាណិជ្ជកម្ម​នៅ​មិន​ទាន់​មាន​ផែនការ ឬ​ប្រជុំ​នៅឡើយ តែ​ក្រសួង​នឹង​រៀបចំ​ចាត់ចែង​លើ​រឿង​នេះ ធ្វើ​យ៉ាងណា​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​កាន់តែ​ងាយស្រួល​បន្ថែម​ទៀត​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ ជា​ឆ្នាំ​មួយ​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា ជា​ពិសេស​កម្មករ កម្មការិនី ដោយសារ​រាជរដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់ខែ​គោល ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​និង​កំពុង​ដំណើរការ​បញ្ចុះតម្លៃ​អគ្គិសនី​ជូន​ប្រជាជន​កម្ពុជា​ថែម​ទៀត ជា​ពិសេស​បងប្អូន​កម្មករ កម្មការិនី ដែល​ជួល​បន្ទប់ និង​ផ្ទះ​សម្រាប់​ស្នាក់​នៅ​និង​បម្រើ​ការងារ​នៅ​រាជធានី​ភ្នំពេញ ៕