ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឆ្នាំ​2015 តម្លៃ​ប្រាក់​រៀល​ខ្មែរ​ហាក់​នៅ​ថេរ​ធៀប​នឹង​ប្រាក់​ដុល្លារ បើ​ទោះជា​តម្រូវការ​កើនឡើង​ក្តី

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ​យើង​សង្កេត​ឃើញ​ថា ប្រាក់​រៀល​ខ្មែរ​តែងតែ​ប្រែប្រួល​នៅ​ចុងឆ្នាំ​ចាស់ និង​ដើមឆ្នាំ​ថ្មី មាន​ន័យ​ថា ប្រាក់​រៀល​ខ្មែរ​ហាក់​មាន​តម្លៃ​បើ​ធៀប​នឹង​ប្រាក់​ដុល្លារ តែ​សម្រាប់​ឆ្នាំ​២០១៥

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ​យើង​សង្កេត​ឃើញ​ថា ប្រាក់​រៀល​ខ្មែរ​តែងតែ​ប្រែប្រួល​នៅ​ចុងឆ្នាំ​ចាស់ និង​ដើមឆ្នាំ​ថ្មី មាន​ន័យ​ថា ប្រាក់​រៀល​ខ្មែរ​ហាក់​មាន​តម្លៃ​បើ​ធៀប​នឹង​ប្រាក់​ដុល្លារ តែ​សម្រាប់​ឆ្នាំ​២០១៥ រហូត​មក​ដល់​ចុង​ខែមករា​នេះ តម្លៃ​ប្រាក់​រៀល​ដូច​ជា​នៅ​ថេរ​ដដែល គិត​តាំងពី​ត្រីមាស​ទី​២​នៃ​ឆ្នាំ​២០១៤​មក ។ បច្ចុប្បន្ន​ប្រាក់​រៀល​ខ្មែរ​ស្ថិត​នៅ​រង្វង់​លើ​៤.០០០​រៀល​តិចតួច​ក្នុង​១​ដុល្លារ​ដែល​កាលពី​ឆ្នាំ​២០១៤ ឬ​២០១៣ រូបិយប័ណ្ណ​យើង​មាន​តម្លៃ​គួរសម គឺ​ស្ថិត​ក្រោម​៤.០០០​រៀល​ក្នុង​១​ដុល្លារ ។

អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​មួយ​ចំនួន​បាន​បញ្ជាក់​ស្រ​ដៀង​គ្នា​ថា ប្រាក់​រៀល​ខ្មែរ​តែងតែ​ប្រែប្រួល​ធៀប​នឹង​ដុល្លារ នៅ​រៀង​រាល់​ចុងឆ្នាំ និង​ដើមឆ្នាំ គឺ​ក្នុង​អំឡុង​ត្រីមាស​ទី​៤​ចុងឆ្នាំ និង​ត្រីមាស​ទី​១​ដើមឆ្នាំ​ថ្មី ។ ការ​ប្រែប្រួល​តម្លៃ​នេះ ដោយសារ​តែ​តម្រូវការ​ប្រាក់​រៀល​កើនឡើង ជាក់ស្ដែង​នៅ​រៀង​រាល់​ចុងឆ្នាំ និង​ដើមឆ្នាំ​ក្រុមហ៊ុន​ស្ថាប័ន​នានា ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​ក៏​ដូច​ជា​ត្រូវការ​ប្រាក់​រៀល​ទិញ​កសិផល​ពី​ប្រជាពលរដ្ឋ ហើយ​ការ​បង់ពន្ធ ឬ​ទិញ​ផលិតផល​ទាំងនោះ ភាគច្រើន​គិត​ជា​ប្រាក់​រៀល ដូច្នេះ​ពាណិជ្ជករ ឬ​អាជីវករ​ត្រូវ​យក​ប្រាក់​ដុល្លារ​ទៅ​ទិញ​ប្រាក់​រៀល ដើម្បី​ប្រើប្រាស់ ។

លោក ជាម ទាង អនុប្រធាន​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​រតនា​ភិ​បាល​នៃ​ធនាគារ​អេ​ស៊ី​លី​ដា បាន​មាន​ប្រសាសន៍​ថា  រយៈពេល​ជា​យូរ​មក​ហើយ​ដែល​ប្រាក់​រៀល​ខ្មែរ​យើង​នៅ​រក្សា​ស្ថិរភាព​បាន​ល្អ និង​មិន​ប្រែប្រួល​ខ្លាំង​នោះ​ទេ គឺ​នៅ​ចន្លោះ​ក្រោម​និង​លើ​៤.០០០​រៀល​តិចតួច​ក្នុង​១​ដុល្លារ ។ ទោះបីជា​កាលពី​ឆ្នាំ​មុន តម្លៃ​ប្រាក់​រៀល​នៅ​ក្រោម​៤.០០០​រៀល​ក្នុង​១​ដុល្លារ និង​ពេល​នេះ​លើ​៤.០០០​រៀល​ក្នុង​១​ដុល្លារ​ក្តី ក៏​វា​មិន​បង្ហាញ​ពី​ការ​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់​ដែរ ។ ប៉ុន្តែ​បើសិនជា​ឡើង​ដល់​៤.៣០០​រៀល ឬ​៤.៥០០​រៀល​ក្នុង​១​ដុល្លារ​នោះ មាន​ន័យ​ថា ប្រាក់​រៀល​យើង​អាច​នឹង​មាន​បញ្ហា​ហើយ ។

លោក​បណ្ឌិត​កង ច័ន្ទ​ដា​រា​រដ្ឋ អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ បាន​មាន​ប្រសាសន៍​ដែរ​ថា ជា​ការ​ពិត​នៅ​រៀង​រាល់​ចុងឆ្នាំ​និង​ដើមឆ្នាំ តម្លៃ​ប្រាក់​រៀល​ខ្មែរ​យើង​បាន​កើនឡើង​មែន ដោយសារ​តែ​តម្រូវការ​ប្រាក់​រៀល​នៅ​ពេល​នោះ​មាន​ច្រើន ជាក់ស្ដែង​នៅ​ឆ្នាំ​មុន​ៗ​នេះ តម្លៃ​ប្រាក់​រៀល​បាន​ប្រែប្រួល​កើនឡើង​នៅ​ក្រោម​៤.០០០​រៀល​ក្នុង​១​ដុល្លារ​អា​មេ​រិ​ក តែ​សម្រាប់​ឆ្នាំ​២០១៥​នេះ ប្រាក់​រៀល នៅ​តែ​រក្សា​តម្លៃ​ដដែល ដោយ​មាន​កត្តា​មួយ​ចំនួន ។

លោក​បន្ត​ថា បើ​យើង​មើល​ពី​កម្លាំង​សេដ្ឋកិច្ច​នៅ​ស្រុក​យើង វា​ហាក់ដូចជា​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ។ កាលពី​ឆ្នាំ​មុន​ប្រាក់​ដុល្លារ
អា​មេ​រិ​ក មិនសូវ​ជា​មាន​តម្លៃ​ប៉ុន្មាន​ទេ ដែល​ធ្វើ​ឱ្យ​កាល​ណោះ​ប្រាក់​រៀល​ខ្មែរ​យើង​មាន​តម្លៃ​បន្តិច តែ​សម្រាប់​ឆ្នាំ​នេះ​វិញ​ជា​ឆ្នាំ​ដែល​សេដ្ឋកិច្ច​អា​មេ​រិ​ក​មាន​ភាពរឹងមាំ និង​មាន​លក្ខណៈ​យូរអង្វែង មិនមែន​រឹង​មាំ​ដោយ​ចៃដន្យ ឬ​រឹង​មាំ​ដោយ​លក្ខណៈ​មួយអន្លើ​នោះ​ទេ ដោយ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​របស់​អា​មេ​រិ​ក​ក៏​ធ្លាក់​ចុះ ហើយ​ការ​មាន​ទំនុកចិត្ត​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​ក៏​កើនឡើង ដែល​ធ្វើ​ឱ្យប្រាក់​ដុល្លារ​របស់​គេ​មាន​ទម្ងន់​ខ្លាំង​លើ​ទីផ្សារ​ហិរញ្ញវត្ថុ ។

ទាក់ទង​នឹង​រូបិយប័ណ្ណ​នេះ​ដែរ តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​បាន​រឹតត្បិត​ពី​ការ​ចាយវាយ​រូបិយប័ណ្ណ​នានា នៅ​ពេល​ចូល​ប្រទេស​គេ ត្រូវ​តែ​ប្តូរ​ជា​រូបិយប័ណ្ណ​ជាតិ​គេ​ជា​មុន​សិន ទើប​អាច​ចាយវាយ​បាន ដែល​ផ្ទុយ​គ្នា​ស្រឡះ​ពី​ប្រទេស​យើង ។ ការ​រឹតត្បិត​បែប​នេះ នាំ​ឱ្យ​រូបិយប័ណ្ណ​របស់​គេ​មាន​តម្លៃ ។

ចំពោះ​បញ្ហា​នេះ​លោក​បណ្ឌិត​កង ច័ន្ទ​ដា​រា​រដ្ឋ បាន​បញ្ជាក់​ថា ប្រទេស​ដែល​រឹតត្បិត​ការ​ចាយវាយ​រូបិយប័ណ្ណ​របស់​ខ្លួន​បាន​នោះ លុះត្រាតែ​ប្រទេស​នោះ​ឯង​មាន​សេដ្ឋកិច្ច​រឹង​មាំ មាន​ន័យ​ថា ជា​ប្រទេស​ដែល​នាំ​ចេញ​ច្រើន​ជាង​នាំ​ចូល(​លើកលែងតែ​សហរដ្ឋអាមេរិក សេដ្ឋកិច្ច​រឹង​មាំ​ដែរ តែ​ការ​នាំ​ចូល​ច្រើន​ជាង​នាំ​ចេញ​) ដូចនេះ​ការ​ចាយវាយ​រូបិយប័ណ្ណ ប្រជាជន​ប្រទេស​នោះ​នឹង​យល់​ច្បាស់​ដោយ​ខ្លួនឯង មិន​ចាំបាច់​រដ្ឋាភិបាល​បង្ខំ​នោះ​ទេ ៕