ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម​ធ្វើ​កំណែទម្រង់​12​ចំណុច​សម្រាប់​បង្កើន​បរិយាកាសទាក់ទាញ​នៅ​ក្នុង​តំបន់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើ​កំណែទម្រង់​១២​ចំណុច​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​សម្រាប់​សេវា​នាំ​ចេញ​-​នាំ​ចូល​ក្នុង​គោលបំណង​ផ្តល់​ភាព​ងាយស្រួល​ដល់​វិស័យ​ឯកជន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើ​កំណែទម្រង់​១២​ចំណុច​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​សម្រាប់​សេវា​នាំ​ចេញ​-​នាំ​ចូល​ក្នុង​គោលបំណង​ផ្តល់​ភាព​ងាយស្រួល​ដល់​វិស័យ​ឯកជន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ជួយ​សម្រួល​ដល់​វិនិយោគិន​បរទេស​ដែល​មាន​បំណង​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា ។ និយាយ​រួម​គឺ​សម្រួល​ដល់​នីតិវិធី​ក្នុង​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​នៅ​កម្ពុជា ពិសេស​សម្រាប់​បង្កើន​ភាព​ទាក់ទាញ​ក្នុង​តំបន់​នៅ​ពេល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ដែល​នឹង​មក​ដល់​នៅ​ចុងឆ្នាំ​២០១៥​នេះ ។

លោក កែន រ​ដ្ឋា អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើ​កំណែទម្រង់​១២​ចំណុចរួម​មាន ៖

១-​កែសម្រួល​ការ​ចុះបញ្ជី​សុំ​សិទ្ធិ​នាំ​ចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ដែល​តម្រូវ​ឲ្យ​អ្នក​នាំ​ចេញ​មក​ស្នើ​សុំ​ជា​រៀង​រាល់​ឆ្នាំ​ដោយ​ជំនួស​វិញ​នូវ​ការ​ចុះបញ្ជី​តែ​មួយ​លើក​ប៉ុណ្ណោះ ។

២-​លុប​ចោលការ​តម្រូវការ​ឲ្យ​មក​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ទំនិញ​(CO)​ពី​ក្រសួងពាណិជ្ជកម្ម​សម្រាប់​ការ​នាំ​ចេញ​ក្នុង​ករណី​ប្រទេស​នាំ​ចូល​មិន​តម្រូវការ​ឲ្យ​មាន ។

៣-​អនុវត្ត​សាកល្បង ការ​ចេញ​វិញ្ញាបនបត្រ​ប្រតិវេទន៍​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ដោយ​ខ្លួនឯង​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន ។

៤-​បាន​ប្រគល់​បន្ថែម​សិទ្ធិ​ជូន​ដល់​ថ្នាក់​អគ្គនាយក​ឲ្យ​ចុះហត្ថលេខា​លើ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ដើម្បី​កាត់​បន្ថយ​ពេលវេលា​ឲ្យ​បាន​កាន់តែ​លឿន​ជាង​មុន​ថែម​ទៀត ។

៥-​ក្រុមហ៊ុន​ចុះ​ឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គិត​ត្រឹម​ថ្ងៃ​ទី​១៥ វិច្ឆិកា ឆ្នាំ​២០១៤ មាន​ចំនួន​៤១៤​ក្រុមហ៊ុន តែ​បាន​ស្នើ​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​(CO)​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នេះ​ចំនួន​ត្រឹមតែ​២២១​ក្រុមហ៊ុន​ប៉ុណ្ណោះ ។

៦-​ដើម្បី​កាត់​បន្ថយ​ពេលវេលា​និង​នីតិវិធី​ពុំ​ចាំបាច់​ក្នុង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ក្រសួង​កំពុង​រៀបចំ​ប្រព័ន្ធ​ទូទាត់​កម្រៃ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក E-Payment និង E-Banking សម្រាប់​ការ​បង់​កម្រៃ​សេវា​នានា​ដោយ​វិស័យ​ឯកជន​ឲ្យ​មាន​លក្ខណៈ​ងាយស្រួល និង​ងាយ​បញ្ជូន​ថវិកា​ទៅ​រតនាគារ​ជាតិ​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។

៧-​កំណត់​តម្លៃ​គ្រប់គ្រង​ការ​នាំ​ចេញ (Export Management Fee) មុខទំនិញ​ថ្មី​ៗ​ហើយ​បាន​បញ្ជូន​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដើម្បី​អនុម័ត​កម្រៃ​ថ្មី​នេះ ។

៨-​បង្កើត​គេហទំព័រ​http://ico.moc.gov.kh សម្រាប់​ក្រម​ហ៊ុន​ស្នើ​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដែល​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ត្រីមាស​ទី​២​ឆ្នាំ​២០១៥ ។ បច្ចុប្បន្ន​តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​បណ្តោះអាសន្ន​មួយ​យើង​ទទួល​បាន​ពាក្យសុំ​CO ប្រមាណ​៧០%​បាន​ដាក់​បញ្ជូន​តាម​ប្រព័ន្ធ​នេះ​មក​ក្រសួងពាណិជ្ជកម្ម ហើយ​ប្រព័ន្ធ​បាន​ជួយ​កាត់​បន្ថយ​ពេលវេលា​ក្នុង​ការ​ចេញ CO នេះ​បាន​២​ថ្ងៃ​ថែម​ទៀត ។

៩-​សម្របសម្រួល​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)​ក្នុង​ការ​កាត់​បន្ថយ​កម្រៃ​សមាជិកភាព​ចំនួន​២០%​ក្នុង​មួយ​ឆ្នាំ​ដោយ​ណែនាំ​ឲ្យ​រោងចក្រ​យក​ប្រាក់​២០%​នេះ​ទៅ​ប្រើប្រាស់​សម្រាប់​ជា​ប្រយោជន៍​ដល់​កម្មករ​-​កម្មការិនី ។

១០-​កំពុង​រៀបចំ​បែបបទ​ដែល​អនុ​ញ្ញ​ត​ឲ្យ​អ្នក​នាំ​ចេញ​បញ្ចូល​ទិន្នន័យ​សម្រាប់​យក​បោះពុម្ព​វិញ្ញ​បន​ប​ត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ដោយ​ខ្លួនឯង ករណី​ក្រុមហ៊ុន​មិន​ទាន់​រៀបចំ​ខ្លួន​ស្រេចបាច់​សម្រាប់​ចូល​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ។

១១-​ចុះហត្ថលេខា​ជាមួយ​អង្គការ​ILO លើ​អនុស្សរណៈ​ស្តី​ពី​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​(Batter Factories Cambodia – BFC)​ដែល​នឹង​ជួយ​លើក​ស្ទួយ​ស្តង់ដា​ការងារ​ជូន​កម្មករ​-​កម្មការិនី ។

១២-​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ក្រី​មសុ​ន​ឡូ​ជីក​(CRIMSON LOGIC) របស់​ប្រទេស​សិង្ហ​បុរី​មក​រៀបចំ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​សម្រាប់​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៤ កន្លង​មក ៕