ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​គ្នា​ផ្អើល​ពេញ​រោងការ​​​របួស​០៣​នាក់​ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ​៖​ មនុស្ស​ពីរ​ក្រុម​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​ក្នុង​ពេល​កំពុងហូបការកូន​អ្នកស្រុក​រហូត​ឈាន​ដល់​ប្រើ​ដំបង​ និង​កាំបិត​ដេញ​វាយ​កា.ប់​ចាក់​គ្នា​ផ្អើល​ពេញ​រោងការ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់-​ស្រាល​០៣​នាក់

ខេត្តពោធិ៍សាត់ ​៖​ មនុស្ស​ពីរ​ក្រុម​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​ក្នុង​ពេល​កំពុងហូបការកូន​អ្នកស្រុក​រហូត​ឈាន​ដល់​ប្រើ​ដំបង​ និង​កាំបិត​ដេញ​វាយ​កាប់​ចាក់​គ្នា​ផ្អើល​ពេញ​រោងការ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់-​ស្រាល​០៣​នាក់​ហើយ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្នាក់​ប៉ុណ្ណោះ ​រួម​ជាមួយវត្ថុ​តាង​កាំបិត​ខ្វែវ​មួយ ​និង​ដំបង​ឈើ​ជ្រុង​មួយ​ផង​ដែរ​​។​

ករណី​​ហិង្សា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១រសៀល​ថ្ងៃ​ទី​២២​ មករា​ ២០១៥​ នៅ​ភូមិ​ពេ​ជ​បាន ​ឃុំ​លា​ច ​ស្រុក​ភ្នំក្រវាញ​។ នគរបាល​ស្រុក​ភ្នំក្រវាញបាន​​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នេះ​ឈ្មោះ​គុណ សំណាង ​ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ​។​ ចំណែក​ជន​រង​គ្រោះ​០៣​នាក់​ ១-​ឈ្មោះ​ផៃ ស្រេង ​ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឆ្លងកាត់​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​(​របួសធ្ងន់​) ២-​ឈ្មោះ​ឯម ណែម​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​(​របួសស្រាល​) និង​៣-ឈ្មោះ​សាន គឹ​ម​សំ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​(​របួសស្រាល​) ទាំង​ពីរ​នាក់​នេះ​រស់នៅ​ភូមិ​លា​ច​ ឃុំ​លា​ច​ ស្រុក​ភ្នំក្រវាញ​ជា​មុខសញ្ញា​ធ្លាប់​បង្ក​របួស​ស្នាម​លើ​អ្នក​ដទៃ​កន្លង​មក ​ហើយ​ស្ថិត​ក្នុង​ការ​តាមដាន​របស់​សមត្ថកិច្ច​ទៀត​ផង​។​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ឈ្មោះ​គុណ សំណាង ​បាន​បដិសេធ​ថា ​ខ្លួន​មិនមែន​ជា​ជន​ដៃដល់​នោះ​ទេ​ គ្រាន់តែ​ជា​អ្នក​ចូល​ទៅ​ជួយ​គេ​ប៉ុណ្ណោះ ឯ​ជន​ដៃដល់​គេចខ្លួន​បាត់​ទៅ​ហើយ​។​ ទាក់ទិន​នឹង​អំពើ​ហិ​ង្សា​នេះ​ ជនសង្ស័យ​បាន​រៀបរាប់​ថា នៅ​ថ្ងៃ​ទី​២២​ មករា នោះ​ នៅ​ភូមិ​ពេ​ជ​បាន​ ឃុំ​លា​ច​ ស្រុក​ភ្នំក្រវាញ ​មានកម្ម​វិធី​មង្គល​​ការកូន​អ្នកស្រុក​ដែល​មាន​ភ្ញៀវ​ស្រី​ប្រុស​ចាស់​ក្មេង​រាប់រយ​នាក់​ចូលរួម​។​ ខ​ណៈពេល​ដែល​ភ្ញៀវ​កំពុង​ហូប​ចុក​យ៉ាង​សប្បាយ​រីករាយ​ ដែល​ខ្លះ​ស្រវឹង​ជោកជាំ​ទៅ​ហើយ​នោះ​ ស្រាប់តែ​មាន​មនុស្ស​ពីរ​ក្រុម​ដែល​មាន​តុ​នៅ​ក្បែរ​គ្នា​មាន​ទំនាស់​ពាក្យ​សម្ដី​និយាយ​ដៀមដាម​ដាក់​គ្នា​រហូត​ដេញ​វាយ​កាប់​ចាក់​គ្នា​ផ្អើល​ភ្ញៀវ​ពេញ​រោងការ​។​

ឃើញ​ដូច្នេះ​ខ្លួន​បាន​ចូល​ទៅ​ជួយ​ឃាត់​កុំ​ឲ្យ​ពួក​គេ​ឈ្លោះ​គ្នា​នាំ​ឲ្យ​ម្ចាស់​ដើមការ​ខាតបង់​ចំណងដៃ​ និង​អាប់ឱន​កិត្តិយស​ដល់​កូនកំលោះ​កូនក្រមុំ​​។​ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​បាន​មក​ដល់​ស្រាប់តែ​ពួក​គេ​ទាំង​ពីរ​ក្រុម​រត់​បាត់​អស់ ពេល​នោះ​សមត្ថកិច្ច​ក៏ឃាត់ខ្លួន​រូប​គេ​​​ដែល​គ្រាន់តែ​ជា​អ្នក​ឃាត់​គេ​កុំ​ឲ្យ​ឈ្លោះ​គ្នា​សោះ​នោះ​។

សមត្ថកិច្ច​បញ្ជាក់​ថា​ ទាំងនេះ​គ្រាន់តែ​ជាការ​ដោះសារ​របស់​ជនសង្ស័យ​ប៉ុណ្ណោះ តាម​ពិត​ទាំង​ជនសង្ស័យ​ទាំង​ជន​រង​គ្រោះ​សុទ្ធតែ​ជា​មុខសញ្ញា​ធ្លាប់​បង្ក​បញ្ហា​កន្លង​មក ​ហើយ​ស្ថិត​ក្នុង​ការ​តាមដាន​របស់​សមត្ថកិច្ច​ទៀត​ផង​។​ ជាក់ស្ដែង​ពេល​នេះ​បង្ក​បញ្ហា​ក្នុង​រោងការ​ហើយ​ ថែម​ទាំង​មាន​ដំបង​កាំបិត​ជា​វត្ថុ​តាង​ទៀត​៕