ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលេង​ល្បែង​ជនជាតិ​យួន​ស្រែក​«​យោ​ឌី​ៗ»​ប៉ូលិស​ខ្មែរ​រត់​ប្រាស​អាយុ ថ្ងៃក្រោយ​សុំ​កុំ​រាង​!

9 ឆ្នាំ មុន

ខេត្តកំពត ៖ អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​រត់គេច​ទាំង​ព្រលឹង​ចុង​សក់ ហើយ​បើ​រត់​មិន​រួច​ទេ ច្បាស់​ជា​ត្រូវ​អ្នក​ញៀន​ល្បែង​ជនជាតិ​យួន វាយ​សម្លា.ប់​មិន​ខាន ដោយសារ​តែ​ទុកចិត្ត​ប៉ូលិស ចេញ​ទៅ​យក​ព័ត៌មាន​ជាមួយ

ខេត្តកំពត ៖ អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​រត់គេច​ទាំង​ព្រលឹង​ចុង​សក់ ហើយ​បើ​រត់​មិន​រួច​ទេ ច្បាស់​ជា​ត្រូវ​អ្នក​ញៀន​ល្បែង​ជនជាតិ​យួន វាយ​សម្លាប់​មិន​ខាន ដោយសារ​តែ​ទុកចិត្ត​ប៉ូលិស ចេញ​ទៅ​យក​ព័ត៌មាន​ជាមួយ ។ ក្នុង​ការ​រត់​រក​ប្រាស់​អាយុ​នេះ ក៏​បាន​បាត់បង់​ម៉ា​ស៊ីន​ថត លុយកាក់ និង​ម៉ូតូ ដែល​ត្រូវ​វាយ​កម្ទេច រួម​ជាមួយ​ម៉ូតូ​ប៉ូលិស​១​គ្រឿង​ផង​ដែរ ។

បាតុភាព​ដ៏​ព្រៃផ្សៃ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ មក​រា នៅ​ក្នុងភូមិ​សាស្ត្រ​ទល់ដែន​យួន ក្នុងភូមិ​ត្នោត ឃុំ​ត្នោត​ចុងស្រល់ ស្រុក​បន្ទាយមាស និង​ស្ថិត​ក្នុង​ជម្រៅ​២០០​ម៉ែត្រ​ពី​ខ្សែបន្ទាត់​ព្រំដែន​ប៉ុណ្ណោះ ដែល​ទីនោះ​គឺជា​ទីតាំង​បើក​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយ និង​មាន​បង្កប់​ល្បែង​អាប៉ោង​ផង​ដែរ ។

ក្រុម​អ្នក​ចូល​លេង​នោះ គឺ​គគ្រឹកគគ្រេង ដែល​ភាគច្រើន​គឺជា​ជនជាតិ​យួន ដែល​មាន​គ្នា​ប្រមាណជាង​១០០​នាក់ ជិះ​សុទ្ធតែ​ម៉ូតូ ។ តាម​អ្នករាយការណ៍​ព័ត៌មាន បានឱ្យ​ដឹង​ថា ផ្លូវ​ចូល​ទៅ​កាន់​ទីតាំង​នោះ​មានការ​លំបាក តែ​អាច​ជិះ​ម៉ូតូ​ចូល​ទៅ​បាន ។ កម្លាំង​សមត្ថកិច្ច​ដែល​ចូល​ទៅ​បង្ក្រាប​នោះ មិន​ហ៊ាន​លើកគ្នា​ចូល​ព្រោងព្រាត​ទេ ខ្លាច​ក្រុម​អ្នកលេង​ល្បែង​ទាំងនោះ​ដឹង ។ ដូច្នេះ​ហើយ​ទើប​ប៉ូលិស​ដែល​ត្រូវ​បញ្ជូន​ឱ្យទៅ​បង្ក្រាប​មាន​គ្នា​ត្រឹម​៧-៨​នាក់​ប៉ុណ្ណោះ ឯ​កម្លាំង​ធំ​ដែល​មាន​គ្នា​ជិត​២០​នាក់​ទៀត​ត្រូវ​ចូល​ទៅ​តាម​ក្រោយ ។

ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​នេះ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ដែល​ជា​ស្នងការ​រង លោក​វរសេនីយ៍ទោ លុត ញ៉ា​ង អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​មានការ​ចូលរួម​ពី​សំណាក់​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ផង​ដែរ ។ ការ​បង្ហាញ​វត្តមាន​របស់​ប៉ូលិស​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នកលេង​ល្បែង​ផ្អើល​រត់​ប្រសាច​ចោល​របស់របរ និង​ម៉ូតូ​រាប់​សិប​គ្រឿង ។ ប៉ុ​ន្តែ​ការ​រត់​របស់​ជនជាតិ​យួន​ទាំងនោះ មិន​ដល់​បន្ទាត់​ព្រំដែន​ទេ គឺ​ខ្លះ​រត់​បាន​ចម្ងាយ​១០០​ម៉ែត្រ ខ្លះ​៦០​ម៉ែត្រ​ក៏​ឈប់​ទ្រឹង ទំនង​ស្តាយ​ម៉ូតូ​របស់​ខ្លួន ។ ហើយ​ជនជាតិ​យួន​ខ្លះ​ដែល​ចិត្ត​ស្លុយ ក៏​បាន​នាំ​គ្នា​ស្រែក «​យោ​ឌី​ៗ» មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «​ចូល​ទៅ​ៗ» គឺ​ស្រែក​ពី​គ្រប់​ច្រកល្ហក និង​មានការ​រត់​សម្រុកចូល​មក​វិញ​សំដៅ​មក​ដណ្តើម​យក​ម៉ូតូ​រៀង​ៗ​ខ្លួន ហើយ​សកម្មភាព​រញ៉េរញ៉ៃ​អនាធិបតេយ្យ ក៏​បាន​កើតឡើង ។

ប្រឈម​នឹង​ការ​សម្រុកចូល​មក​តដៃ​របស់​ពួក​លេងល្បែង​នោះ បូ​៉​លិ​ស​ដែល​មាន​គ្នា​តែ​៧ ទៅ​៨​នាក់ ក៏​បាន​ផ្ទុះអាវុធ​ខ្លី​ដើម្បី​គំរាម​ការ​សម្រុកចូល​នោះ និង​ចាប់​វ៉ៃ​ខ្នោះ​បាន​ពី​៦ ទៅ​៧​នាក់​ផង​ដែរ ។ ប៉ុន្តែ​ភាព​ហានក្លា​ដែល​ក្រុម​ជនជាតិ​យួន​ទាំងនោះ​ដឹង​ថា ប៉ូ​លិ​ស​ខ្មែរ​មិន​អាច​បាញ់ ក្រៅពី​បាញ់​គំរាម​ឡើង​លើ​នោះ ក៏​មានការ​សម្រុកចូល​រាប់​សិប​នាក់​តម្រង់​មក​រក​ប៉ូលិស ដែល​ទីបំផុត​ប៉ូលិស​ក៏​រត់គេច​វិញ រួម​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ម្នាក់ ដែល​បាន​ទៅ​ជាមួយ​ប៉ូលិស​ដើម្បី​យក​ព័ត៌មាន ក៏​ត្រូវ​ពួក​យួន​ទាំងនោះ​ដេញ​វាយ​នឹង​ដំបង ទោះបី​រត់​យករួចខ្លួន​ក៏​ដោយ ។ ជា​លទ្ធផល ម៉ូតូ​អ្នកកាសែត និង​ម៉ូតូ​ប៉ូលិស​ត្រូវ​បាន​ខូចខាត​ដោយ​ការ​វាយ​បំផ្លាញ​ពី​ក្រុម​ជនជាតិ​យួន​ទាំងនោះ ។

សូម​បញ្ជាក់​ថា នៅ​ចំណុច​នោះ​ជា​តំបន់ការពារព្រំដែន​របស់​វរ​សេនា​តូច​លេខ​៣០២ របស់​យោធា និង​វរ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០១ ដែល​ទំនងជា​មាន​សំណែន​ពី​ពួក​អ្នកលេង​ល្បែង​ទាំងនោះ​ហើយ ទើប​គេ​អាច​ចូល​មក​លេង​បាន​ម៉ា​សេរី​បែប​នេះ​លើ​ដី​ខ្មែរ ។ សូ​ម្បី​តែ​ក្រុម​ញៀន​ល្បែង​បង្ក​ភាព​រញ៉េរញ៉ៃ​តដៃ​សមត្ថកិច្ច​ដែល​បង្ក្រាប ក៏​គេ​ឃើញ​កងកម្លាំង​ទាំងនោះ​ឈរ​មើល​ធ្វើ​ព្រងើយ ។

តាម​ព័ត៌មាន​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា ជន​ម្នាក់​ជា​កូនកាត់​យួន​នៅ​តំបន់​តន់​ហន់​ត្រូវ​បាន​ចាប់ខ្លួន ។ បើ​តាម​សមត្ថកិច្ច​ថា ជន​នេះ​ហើយ​ជា​មេខ្លោង​បើក​វង់ល្បែង​ស៊ីសង​ប្រមូល​យួន​ចូល​មក​លេង ។ ជាមួយ​គ្នា​នោះ ម៉ូតូ​៣​គ្រឿង​ក៏​ត្រូវ​បាន​ចាប់​រឹបអូស​ផង​ដែរ ។

នេះ​ជា​មេរៀន​ដ៏​ជូរ​ចត់​មួយ​សម្រាប់​នគរបាល​ដែល​បើក​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​តាម​ព្រំដែន​យួន ។ បើ​ទៅ​បង្ក្រាប «​សុយម៉ុយ​» បែប​នេះ «​ថ្ងៃក្រោយ​សុំ​កុំ​រាង !» ។

មតិ​ខ្លះ​និយាយ​ថា មិន​ត្រូវ​មើល​ស្រាល​ដល់​ក្រុម​ជនជាតិ​យួន​មក​លេងល្បែង​នោះ​ឡើយ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន ប្រសិនបើ​មិន​បាន​គិត​ពី​សុវត្ថិភាព​ទេ​នោះ ។

អ្វី​ដែល​មាន​ភាព​ធ្ងន់ធ្ងរ​សម្រាប់​អ្នករាយការណ៍​ព័ត៌មាន​គឺ​លោក កែវ ឆាត រត់​ទាំង​ព្រលឹង​ចុង​សក់ ចោល​ម៉ាស៊ី​ន​ថតរូប កាបូប​ប្រាក់ និង​ម៉ូតូ​ត្រូវ​ពួក​យួន​ទាំងនោះ​វាយ​ឱ្យ​ខូចខាត​យ៉ាង​ដំណំ ៕