ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​នៃ​ជំងឺភ្នែកឡើងបាយ និង​រោគ​សញ្ញា​ជម្រើស​ចុង​ក្រោយ​គឺ​វះកាត់

9 ឆ្នាំ មុន

ជា​ធម្មតា​កែវភ្នែក​មនុស្ស​មាន​លក្ខណៈ​ស្រស់ថ្លា ចាប់​យក​រូបភាព​នានា​ដែល​ឆ្លងកាត់​សរសៃ​បាត​ភ្នែក​(​រ៉េ​ទី​ន​) យ៉ាង​ច្បាស់​ក្រឡែត តែបើ​ភ្នែក​ឡើងបាយ​ហើយ​ធ្វើ​ឱ្យ​ស្រអាប់​កែវភ្នែក​មើល

ជា​ធម្មតា​កែវភ្នែក​មនុស្ស​មាន​លក្ខណៈ​ស្រស់ថ្លា ចាប់​យក​រូបភាព​នានា​ដែល​ឆ្លងកាត់​សរសៃ​បាត​ភ្នែក​(​រ៉េ​ទី​ន​) យ៉ាង​ច្បាស់​ក្រឡែត តែបើ​ភ្នែក​ឡើងបាយ​ហើយ​ធ្វើ​ឱ្យ​ស្រអាប់​កែវភ្នែក​មើលរូប​ភាព​ឃើញ​មិន​ច្បាស់​គឺ​មើលឃើញ​ព្រាល​ៗ ។

តាម​ឯកសារ​របស់​កម្មវិធី​ជាតិ​សុខភាព​ភ្នែក នៃ​មន្ទីរ​ព​ទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀតបាន​ឲ្យ​ដឹង​ថា ជំងឺភ្នែកឡើងបាយ​អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​ដូច​ជា ៖

១-​ជំងឺភ្នែកឡើងបាយ​មនុស្ស​ចាស់ ចាប់ពី​អាយុ​៤៥​ឆ្នាំ​ឡើង​ទៅ​អាច​កើត​មាន​ជំងឺ​ភ្នែក​ឡើងបាយ បណ្ដាល​មក​ពី​ភាព​ស្រអាប់​នៃ​កែវភ្នែក ។

២-​ជំងឺភ្នែកឡើងបាយ​ពី​កំណើត​មាន ៖
-​តំណពូជ
-​ម្តាយ​មាន​ជំងឺ​ស្អូច​(Rubella) ក្នុង​កំឡុង​ពេល​មានគភ៌
-​ការ​ប្រើប្រាស់​ថ្នាំ​មាន​សារជាតិ​ស្តេ​រ៉ូ​អី​ុ​ត រយៈពេល​យូរ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ
-​ការ​ប៉ះទង្គិច ឬ​របួស​ភ្នែក​កំឡុង​ពេល​ឬ​ក្រោយ​ពេល​សម្រាលកូន
-​ការ​ប្រើប្រាស់​ថ្នាំ​មាន​សារជាតិ​ស្តេ​រ៉ូ​អី​ុ​ត ដោយ​ពុំ​មានការ​ត្រួតពិនិត្យ​ពី​គ្រូពេទ្យ ។

៣-​ជំងឺភ្នែកឡើងបាយ​ដែល​បណ្តាល​មក​ពី​ការ​ប៉ះទង្គិច ឬ​របួស​គ្រាប់ភ្នែក ឬ​ក៏​រលាក​ដោយសារ​គីមី​អាច​បណ្តាល​ឲ្យ​កើត​មាន​ជំងឺភ្នែកឡើងបាយ ។

៤-​ភ្នែក​ឡើងបាយ​បណ្តាល​ពី​ជំងឺ​មួយ​ចំនួន​ដូច​ជា ទឹក​ដក់​ក្នុង​ភ្នែក ជំងឺ​រលាក​ប្រ​ស្រី​ភ្នែក និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម កត្តា​ទាំងនេះ​អាច​បណ្តាល​ឲ្យ​កើត​មាន​ជំងឺភ្នែកឡើងបាយ​យ៉ាង​ឆាប់រហ័ស​។

៥.​ជំងឺភ្នែកឡើងបាយ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ ការ​ប្រើប្រាស់​ថ្នាំ​បន្តក់ ឬ​ថ្នាំលេប​ប្រភេទ​ស្តេ​រ៉ូ​អុ​ី​ត​យូរ​ក៏​អាច​បណ្តាល​ឲ្យ​កើត​ជំងឺភ្នែកឡើងបាយ ។

ជំងឺភ្នែកឡើងបាយ​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​លោក​អ្នក​គួរ​ចាប់អារម្មណ៍​ដូច​ជា​៖
 -​ចាញ់​ពន្លឺ
 -​មើលរូប​ភាព​នានា​ស្រវាំង បែកផ្សែង
 -​ភ្នែក​ស្រវាំង​នៅ​ពេល​ថ្ងៃ ហើយ​ស្រឡះ​នៅ​ពេល​ល្ងាច
-​គំហើញ​ថយ​ចុះ​បន្តិច​ម្តង​ៗ​រហូត​ដល់​មើលឃើញ​តែ​ពន្លឺ​(​ដាស​ឬ​ព្រាល​ទាំងអស់​)
-​ប្រ​ស្រី​ភ្នែក​ឡើង​ស តែ​ពុំ​មានការ​ឈឺចាប់​។

ចំពោះ​ការ​វះកាត់ ឬ​ការ​បក​យក​បាយ​ភ្នែក(​កែវភ្នែក​ដែល​ស្រអាប់​)​ចេញ​គឺជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​ព្យាបាល​ជំងឺភ្នែកឡើងបាយ និង​អាច​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ​ឡើង​វិញ ។

ការ​វះកាត់​ភ្នែក​ឡើងបាយ​អាច​ធ្វើ​ឡើង​យ៉ាង​សាមញ្ញ បន្ទាប់​ពី​បាន​ពិនិត្យ​ដោយឧបករណ៍​ចក្ខុ​សាស្ត្រ​នានា​នៅ​តាម​មន្ទីរពេទ្យ​ភ្នែក ដោយ​គ្រូពេទ្យ​ឯកទេស ។ ក្រោយ​ពី​វះកាត់​បក​បាយ​ភ្នែក​ចេញ​ហើយ គេ​ដាក់​បញ្ចូល​កែវភ្នែក​សិប្បនិម្មិត​ជំនួស​កែវភ្នែក​ធម្មជាតិ ដើម្បី​ឲ្យ​អ្នកជំងឺ​អាច​មើលឃើញ​ឡើង​វិញ ។ ការ​វះកាត់​ពុំ​មានការ​ឈឺចាប់​ទេ និង​ចំណាយពេល​តែ​១៥​ទៅ​២០​នាទី​ប៉ុណ្ណោះ ។

*​ប្រការ​គួរ​ចង​ចាំ​សម្រាប់​អ្នក​ជំងឺភ្នែកឡើងបាយ
-​ការ​វះកាត់​ឬ បក​យក​បាយ​ភ្នែក​ចេញ​ជា​ជម្រើស​តែ​មួយ​គត់​ក្នុង​ការ​ព្យាបាល​ភ្នែក​ឡើងបាយ ។
-​ការ​វះកាត់​ភ្នែក​ឡើងបាយ​ទាន់​ពេលវេលា​អាច​ជួយ​ស្តារ​គំហើញ​របស់​អ្នកជំងឺ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ ។
-​ពុំ​មាន​ឱសថ ឬ​ថ្នាំ​បន្តក់​ណា​ដែល​អាច​ជួយ​ព្យាបាល​ជំងឺភ្នែកឡើងបាយ​បាន​នោះ​ទេ​គ្រាន់តែ​ជា​ជំនួយការ​លំបាក​មួយ​គ្រា ។
-​ចំពោះ​កុមារ​ដែល​មាន​ជំងឺភ្នែកឡើងបាយ​អាណាព្យាបាល​ត្រូវ​ប្រញាប់​បញ្ជូន​គេ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នែក​ឱ្យទាន់​ពេលវេលា ។
-​ការ​ប្រើប្រាស់​ថ្នាំ ឬ​វ៉ែនតា​ពុំ​អាច​ជួយ​ព្យាបាល​ជំងឺភ្នែកឡើងបាយ​បាន​ទេ គ្រាន់តែ​ជា​ឧបករណ៍​ជួ​យ​សម្រាល​មួយ​គ្រា​ៗ​ប៉ុណ្ណោះ ។
-​អ្នកជំងឺ​គប្បី​អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​បន្ទាប់​ពី​ការ​វះកាត់ ដើម្បី​ចៀសវៀង​នូវ​ផលវិបាក​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ជាយថាហេតុ ៕