ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​កាត់ដេរ ៖ ពេល​បច្ចុប្បន្ន​អ្នកបញ្ជា​ទិញ​ហាក់​ថយ​ចុះ ចំណែក​កម្មករ និយោជិត​ធ្វើការ​ក៏​មិន​ពេញដៃពេញជើង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​ការ​សង្កេត​ជាក់ស្ដែង​ជា​រៀងរាល់ថ្ងៃ កម្មករ​-​កម្មការិនី ហាក់ដូច​មិន​បាន​ធ្វើការ​ពេញដៃពេញជើង​ទេ ដោយ​មូលហេតុ​រោងចក្រ​មិន​មាន​សម្ភារ​គ្រប់គ្រាន់​សម្រាប់​ពួក​គាត់​ធ្វើ​នៅ​ម៉ោង​បន្ថែ

រាជធានី​ភ្នំពេញ ៖ តាម​ការ​សង្កេត​ជាក់ស្ដែង​ជា​រៀងរាល់ថ្ងៃ កម្មករ​-​កម្មការិនី ហាក់ដូច​មិន​បាន​ធ្វើការ​ពេញដៃពេញជើង​ទេ ដោយ​មូលហេតុ​រោងចក្រ​មិន​មាន​សម្ភារ​គ្រប់គ្រាន់​សម្រាប់​ពួក​គាត់​ធ្វើ​នៅ​ម៉ោង​បន្ថែម ដូចនេះ​តាម​បណ្ដា​រោងចក្រ​ភាគច្រើន​គឺ​ធ្វើការ​តែ​ម៉ោង​ធម្មតា​ប៉ុណ្ណោះ មាន​ន័យ​ថា ចូល​ធ្វើការ​ម៉ោង​៧​ព្រឹក និង​ចេញ​វិញ​នៅ​ម៉ោង​៤​ឬ​៥ ល្ងាច ។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ សម្លៀក​បំពាក់ និង​ស្បែកជើង កម្ពុជា បានឱ្យ​ដឹង​ថា ជា​ការ​ពិត​ណាស់ នៅ​ពេល​នេះ​ការ​កុម្ម​ង់​ទិញ​ពី​អ្នកបញ្ជា​ទិញ​ហាក់​មានការ​ធ្លាក់​ចុះបើ​ធៀប​នឹង​ពេល​មុន​ៗ ដែល​កត្តា​ទាំងនេះ​ជា​បញ្ហា​មួយ​សម្រាប់​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​ទាំងអស់ ។ កាលពីមុន​យើង​ឃើញ កម្មករ​-​កម្មការិនី ទោះបីជា​ដល់​ម៉ោង​ត្រឡប់​ទៅ​ផ្ទះ ឬ​ចប់​ម៉ោង​ធ្វើការ​ធម្មតា​ហើយ ក៏​នៅ​មាន​ពួក​គេ​មួយ​ចំនួន​បន្ត​ធ្វើការ​ថែម​ម៉ោង រហូត​ដល់​ម៉ោង​៧​ឬ​ម៉ោង​៨​យប់​ដែល​អាច​ឱ្យ​ពួក​គេ​រក​ចំណូល​បន្ថែម​ពីលើ​ប្រាក់​ប្រចាំខែ​បាន ។

តាម​សម្តី​របស់​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​ថា ការងារ​រោងចក្រ​កាត់ដេរ​នា​ពេល​នេះ​មិន​ដូច​មុន​ទេ ម៉ោង​៤ ឬ​៥​ល្ងាច ពួក​គេ​ចេញពី​ធ្វើការ​ស្ទើរតែ​អស់​ទៅ​ហើយ ដែល​កាលពីមុន​អាច​ធ្វើការ​ថែម​ម៉ោង​បាន​ក្នុង​មួយ​ថ្ងៃ​២​ទៅ​៣​ម៉ោង ឬ​ជួនកាល​អាច​បាន​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដូចនេះ​នៅ​ដំណាច់ខែ​អាច​បើ​ប្រាក់​បាន​ច្រើន​បន្តិច ។ ប៉ុន្តែ​ពេល​នេះ អត់​បាន​ថែម​ម៉ោង ហើយ​ឆាប់​ចេញ​ទៅ​ផ្ទះ​ទៀត ដូច្នេះ​គឺ​មាន​តែ​ប្រាក់ខែ​គោល​ប៉ុណ្ណោះ មិន​មាន​ប្រាក់​ថែម​ម៉ោង​ដូច​មុន​ៗ​ឡើយ ។

ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ លោក​ខេន លូ បាន​បញ្ជាក់​ថា កម្មករ​-​កម្មការិនី​ឆាប់​ចេញពី​ធ្វើការ​នេះ​ដោយសារ​អត់​មាន​សម្ភារ​ឱ្យ​ពួក​គេ​ធ្វើ​ថែម​ម៉ោង ហើយ​ការ​អត់​មាន​សម្ភារ​នេះ​ព្រោះ​អ្នកបញ្ជា​ទិញ​គេ​កុម្ម​ង់​តិច កាលណា​កុម្ម​ង់​តិច យើង​ក៏​យក​មក​តិច​ដែរ ដូច្នេះ​ការងារ​ក៏​តិច​ទៅ​តាម​ហ្នឹង​ដែរ ។ លោក​បញ្ជាក់​ថា កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៤ កំណើន​ចំនួន​រោងចក្រ និង​កំណើន​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់​ហាក់​មិន​ស៊ីគ្នា​ទេ រោងចក្រ​កើនឡើង​ប្រមាណ​១៥% តែ​ការ​នាំ​ចេញ​វិញ​កើន​ប្រមាណ​ជា​២​ទៅ​៣​ភាគរយ​ប៉ុណ្ណោះ ។ សម្រាប់​ទូ​ទាំង​ឆ្នាំ​២០១៤ យើង​នៅ​មិន​ទាន់​បូក​សរុប​ពី​តួលេខ​នាំ​ចេញ នៅឡើយ និង​មិន​ទាន់​ដឹង​ថា​កើនឡើង​ប៉ុន្មាន ឬ​ថយ​ចុះ​ប៉ុន្មាន​ទេ ។

គួរ​បញ្ជាក់​ថា តាម​ប្រសាសន៍​របស់​លោក ខេន លូ ការ​បញ្ជា​ទិញ​ធ្លាក់​ចុះ​នេះ ដោយសារ​កត្តា​មួយ​ចំនួន ដូច​ជា​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ពី​សំណាក់​កម្មករ​-​កម្មការិនី ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកបញ្ជា​ទិញ​មួយ​ចំនួន​មិន​ទាន់​ទុកចិត្ត​លើ​ទំនិញ​នៅ​កម្ពុជា ហើយ​អ្នកបញ្ជា​ទិញ​មួយ​ចំនួន​ទៀត​បាន​ត្រឹមតែ​រង់ចាំ​មើល​សិន ៕