មេដឹកនាំកំពូលតាលីបង់អំពាវនាវឱ្យអាមេរិកដកកងទ័ពពី អាហ្វហ្គានីស្ថាន
ដោយ ៖ ប្រុសកោះ
ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:១៧

គេហទំព័របរទេស
មេដឹកនាំកំពូលតាលីបង់
មេដឹកនាំកំពូលរបស់ពួកតាលីបង់មុលឡា អូម៉ា និយាយថា យុទ្ធជនរបស់លោកកំពុងតែ យកឈ្នះក្នុងការធ្វើសង្គ្រាមនៅអាហ្វហ្គានីស្ថាន ហើយនិយាយថា យុទ្ធនាការដែលដឹកនាំដោយអង្គការអូតង់នឹងត្រូវបរាជ័យទាំងស្រុង ។ នៅក្នុងសេចក្តីថ្លែងការណ៍កម្រមួយ លោកមុលឡា អូម៉ា ដែលជាមេដឹកនាំពួកតាលីបង់មានតែស្រមោលបានអំពាវនាវដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា ឱ្យដកកងទ័ពអាមេរិក ដោយឥតលក្ខខណ្ឌក្នុងពេលឆាប់ៗ
តាមការដែលអាចធ្វើទៅបាន ។
អង្គការអូតង់បានបង្កើនវត្តមានកងទ័ពរបស់ខ្លួននៅប្រទេសអាហ្វហ្គានីស្ថានដល់១៥០.០០០នាក់ក្នុងកិច្ចខិតខំប្រឹងប្រែងយកឈ្នះលើពួកសក្មប្រយុទ្ធតាលីបង់ ។ ទោះបីជាបែបណា សហរដ្ឋអាមេរិកបានកំណត់យកខែកក្កដា ឆ្នាំ២០១១ ជាកាលបរិច្ឆេទនៃ ការដកទ័ពពីអាហ្វហ្គានីស្ថាន ប្រសិនបើលក្ខខណ្ឌអនុញ្ញាត ។ សេចក្តីថ្លែងការណ៍របស់លោកមុលឡា អូម៉ា ដែលធ្វើឡើងនៅថ្ងៃបញ្ចប់ពិធីបុណ្យរ៉ាម៉ាដាន ប្រចាំឆ្នាំរបស់អ្នកកាន់សាសនាមូស្លីម ត្រូវបានចេញផ្សាយតាមវ៉េបសាយជីហាដមួយ ៕