ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​គំនរ​សំរាម​រាល​ដាល​ដល់​ខឿន​​ប្រាសាទ​បេង​មា​លា​

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​អប្សរា​ដែល​គ្រប់គ្រង​ប្រាសាទបុរាណ​ក្នុង​តំបន់​អង្គរ បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះហេតុការណ៍​ភ្លើង​ឆេះ​គំនរ​សំរាម​នៅ​កៀក​ខឿន​ប្រាសាទបេង​មាលា កាលពី​រសៀល​ថ្ងៃ​ទី​២៣ ធ្នូ កន្លង​ទៅ ។

ខេត្តសៀមរាប ៖ មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​អប្សរា​ដែល​គ្រប់គ្រង​ប្រាសាទបុរាណ​ក្នុង​តំបន់​អង្គរ បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះហេតុការណ៍​ភ្លើង​ឆេះ​គំនរ​សំរាម​នៅ​កៀក​ខឿន​ប្រាសាទបេង​មាលា កាលពី​រសៀល​ថ្ងៃ​ទី​២៣ ធ្នូ កន្លង​ទៅ ។ ហេតុការណ៍​ភ្លើង​ឆេះ​គំនរ​សំរាម​នេះ​កើតឡើង​ខណៈ​ក្រុម​កម្មករ​សម្អាត​បរិវេណ​ប្រាសាទ​ដុត​សំរាម​មិន​បាន​ប្រយ័ត្ន បណ្តាល​ឲ្យ​ឆេះ​រាល​ទៅ​ដល់​គំនរ​កំណាត់ឈើ​ធំ​ៗ​ដែល​គេ​កាត់​គរ​ចោល​នៅ​ជាប់​នឹង​ខឿន​ប្រាសាទ​នោះ ។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នេះ​ដែរ ទីប្រឹក្សា​អាជ្ញាធរ​អប្សរា​លោក សឺ​ន គង់ បាន​ថ្លែងប្រាប់​តាម​ទូរ​សព្ទ័​នៅ​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ ថា ឧបទ្ទវ​ហេតុនេះ​កើតឡើង​ដោយសារ​ការ​ធ្វេសប្រហែស​របស់​ក្រុម​អ្នក​សម្អាត​ប្រាសាទ​ដុត​សំរាម​ក្នុង​បរិវេណ​ប្រាសាទ នៅ​គ្រា​ដែល​ធាតុអាកាស​ក្តៅ​ហួតហែង និង​មាន​ខ្យល់​ផង​ធ្វើ​ឲ្យ​ឆេះ​រាលដាល​ទៅ​ដល់​ព្រៃ​ដែល​មាន​គំនរ​ឈើ​ងាប់​គរ​ចោល នៅ​ក្បែរ​ខឿន​ប្រាសាទ​នោះ​។ ទោះជា​យ៉ាងនេះ​ក្តី​លោក​អះអាង​ថា ករណី​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្ម​ប្រាសាទ​ធ្ងន់ធ្ងរ​ទេ តែ​សន្យា​ថ្ងៃស្អែក​(២៥ ធ្នូ​) នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្តែង និង​ធ្វើការ​ពង្រឹង​ឆ្មាំ ក៏​ដូច​ជា​ក្រុម​អ្នក​សម្អាត​ប្រាសាទ​ទាំងអស់​ឡើង​វិញ មិន​ឲ្យ​ហេតុការណ៍​ដ៏​អាក្រក់​បែប​នេះ​កើតឡើង​ម្តងទៀត ។

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​ឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា កន្លែង​ដែល​ឆេះ​នេះ​គឺ​មាន​ឃើញ​សំរាម និង​កំណាត់ឈើ​ធំ​ដែល​បាន​កាត់​អារ​ជា​កង់​ៗ​ធំ​ៗ ក្នុង​សភាព​ពុក​ផុយ ហើយ​នៅ​ខាងក្រោម​និង​ក្បែរ​នោះ​មាន​ខឿន​ថ្ម​ប្រាសាទ ដែល​មាន​ចម្លាក់​ដូនតា ។ នេះ​ជា​ហេតុការណ៍​ដ៏​អាក្រក់​មួយ​ដែល​គួរតែ​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​អប្សរា​តែ​ម្តង​ជួយ​រួម​គ្នា​ទប់ស្កាត់​កុំ​ឲ្យ​កើតឡើង​ម្តងទៀត ព្រោះ​ថ្ម​ប្រាសាទ​មិន​អាច​ទ្រាំទ្រ​នឹង​កម្ដៅភ្លើង​បាន​ទេ ប្រាកដជា​ត្រូវ​ប្រេះ​ជាក់​ជា​មិន​ខាន ។

យោង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ដែល​គេ​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​បាន​សរសេរ​ថា ប្រាសាទបេង​មាលា​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បេង​មាលា ស្រុក​ស្វាយ​លើ ខាងកើត​ក្រុង​សៀមរាប ប្រហែល​៧៧​គីឡូម៉ែត្រ ។ ប្រាសាទ​នេះ​មាន​លក្ខណៈ​ស្រ​ដៀង​នឹង​ប្រាសាទអង្គរវត្ត​ដែរ​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​សម័យ​ព្រះបាទ​សូរ្យ​វ​រ្ម​ន័​ទី​២ ។ ឯកសារ​ដដែល​បាន​សរសេរ​ថា ប្រាសាទ​នេះ​មាន​គូ​ទឹក​ដ៏​ធំ​មាន​ប្រវែង​១២០០​គុណ​នឹង​៩០០​ម៉ែត្រ ។ ប្រាសាទបេង​មាលា​ត្រូវ​បាន​សាងសង់​នៅ​ចុង​សតវត្សរ៍​ទី​១១​និង​ដើម​សតវត្សរ៍​ទី​១២ លើ​ផៃ្ទ​ដី​ទំហំ​១៤​ហិ​កតា ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​អាទិទេព​ក្នុង​ព្រហ្មញ្ញសាសនា និកាយ​វិស្ណុ​និយម ។

ប្រាសាទ​នេះ​ស្ថាបនា​ឡើង​អំពី​ថ្មភក់ និង​ថ្មបាយក្រៀម ដែល​មាន​ទ្រង់ទ្រាយ​ប្រហាក់ប្រហែល​ប្រាសាទអង្គរវត្ត​ដែរ ហើយ​បុរាណ​វិទូ​មួយ​ចំនួន​យល់​ថា ប្រាសាទបេង​មាលា​គឺជា​ប្លង់​មេ​ឬថា​បុព្វបុរស​ខែ្ម​រ ចាប់​កសាង​ប្រាសាទ​នេះ​សិន​មុន​នឹង ឈាន​ទៅ​កសាង​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​ដោយ​មើល​តាម​គំរូ​ដើម ។ អ្វី​ដែល​ស្ថាបត្យករ​ខែ្ម​រ​ជំនាន់​នោះ​ធ្វើ​ដោយ​ខានមិនបាន គឺ​ការ​ជីក​កស្សិណ​ទឹក​នៅ​ជុំវិញ​ប្រាសាទ​ដើម្បី​យក​អាចម៍ដី​ទៅ​ចាក់​គ្រឹះ​ប្រាសាទ​ការពារ​កុំ​ឲ្យ​បាក់​ស្រុត ក៏​ដូច​ជា​ការ​យក​ទឹក​សម្រាប់​ប្រើប្រាស់​ផង ។ ទន្ទឹម​នោះ​កស្សិណ​ទឹកនីមួយ​ៗ​បាន​ក្លាយទៅជា​និមិត្តរូប​នៃ​សមុទ្រ​ទឹកដោះ​និវេសនដ្ឋាន​ព្រះ​អាទិទេព​ក្នុង​ព្រហ្មញ្ញសាសនា ។ តែ​ប្រាសាទ​នេះ​ត្រូវ​បាក់​រលំ ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ដោយ​បន្សល់​ដុំ​ថ្ម​ទាំងគំនរ​ៗ មើលទៅ​គួរ​ឲ្យ​សោកស្តាយ​ជា​ពន់ពេក​។

ថ្វីបើ​យ៉ាងនេះ​ក្តី ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​បាន​បង្ហើប​ថា ប្រាសាទបេង​មាលា បច្ចុប្បន្ន​កំពុង​ក្លាយជា​គោលដៅ​ទស្សនា​យ៉ាង​សំខាន់​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ជា​ពិសេស​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​តែ​ម្តង ដែល​មាន​ចំនួន​ចាប់ពី​៥០០​នាក់​ទៅ​៨០០​នាក់ ក្នុង​មួយ​ថ្ងៃ ៕