ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ​ស្នេហ៍​តាម​សេវា​ទូរ​ស័ព្ទ​ពេល​ជួបគ្នា​កាន់​តែ​ស្រឡាញ់​នាំ​គ្នា​សាង​ភក្តី​ភាព​នៅ​ភ្នំពេញ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​វ័យក្មេង​១​គូ​ដែល​ទាក់ទង​គ្នា​យ៉ាង​ផ្អែមល្ហែម​តាម​រយៈ​ទូរស័ព្ទ​អស់​រយៈពេល​៥​ខែ​មក​ហើយ ទីបំផុត​ខាង​ប្រុស​បាន​ចាក​ចេញពី​ស្រុក​កំណើត​របស់​ខ្លួន​នៅ​ឯ​ខេត្តកំពង់ធំ ហើយ​ទៅ​រក​ខាង​ស្រី​ដល់​ខេត្តព្រៃវែង

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​វ័យក្មេង​១​គូ​ដែល​ទាក់ទង​គ្នា​យ៉ាង​ផ្អែមល្ហែម​តាម​រយៈ​ទូរស័ព្ទ​អស់​រយៈពេល​៥​ខែ​មក​ហើយ ទីបំផុត​ខាង​ប្រុស​បាន​ចាក​ចេញពី​ស្រុក​កំណើត​របស់​ខ្លួន​នៅ​ឯ​ខេត្តកំពង់ធំ ហើយ​ទៅ​រក​ខាង​ស្រី​ដល់​ខេត្តព្រៃវែង លុះ​ពេល​បាន​ជួប​គ្នា​ផ្ទាល់​រឹងរឹតតែ​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​ស្រឡាញ់​គ្នា​កាន់តែ​ខ្លាំង​ឡើង​ទ្វេ​ដង ជាង​ការ​សាសង​តាម​ទូរស័ព្ទ​ទៅ​ទៀត ។

ដោយសារ​រន្ទះ​ស្នេហ៍​នេះ​មុត​ស្រួច​ខ្លាច​ឪពុក​ម្តាយ​មិន​បំពេញ​បំណង ពួក​គេ​ក៏​នាំ​គ្នា​ចាក​ចេញពី​ស្រុក​កំណើត​មក​ភ្នំពេញ ដើម្បី​រួម​រស់នៅ​ជាមួយ​គ្នា​ក្នុង​នាម​ជា​ប្តី​ប្រពន្ធ​ឥត​ខាន់ស្លា ប៉ុន្តែ​អ្នក​ទាំង​២​នាក់​អះអាង​ថា មិន​បាន​ធ្វើ​អ្វី​ឲ្យ​ហួស​ពី​គន្លង​ប្រពៃណី​ខ្មែរ​ទេ ដោយ​ខាង​ប្រុស​បាន​ទុក​កិត្តិយស​ឲ្យ​ខាង​ស្រី​មិន​ប៉ះពាល់​ឡើយ ។ ក្រោយ​ពី​មក​ដល់​រាជធានី​ភ្នំពេញ​បាន​រយៈពេល​៣​ថ្ងៃ ខាង​ស្រី​ខ្លាច​ក្រុម​គ្រួសារ​បារម្ភ ក៏​ទូរស័ព្ទ​ប្រាប់​ឲ្យ​ដឹង​ពី​សាច់​រឿង និង​ទីកន្លែង​ដែល​នាង​និង​យុវជន​ជា​សង្សារ​សំណព្វចិត្ត​កំពុង​ស្នាក់​នៅ ។

គូស្នេហ៍​វ័យក្មេង​ខាងលើ​េ​នេះ ខាង​ប្រុស​ឈ្មោះ ឌី ដា​រ៉ូ អាយុ​១៨​ឆ្នាំ មុខរបរ​ជា​អ្នកនេសាទ មានស្រុក​កំណើត​នៅ​ភូមិ​ប្រាសាទ ឃុំ​សា​ន់គ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ចំណែក​ខាង​ស្រី​ឈ្មោះ វ័ន ណា​រ៉ា អាយុ​១៨​ឆ្នាំ​ដូច​គ្នា មានស្រុក​កំណើត​នៅ​ភូមិ​កំពង់​ស្លែង ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ ពួក​គេ​ទាំង​២​នាក់​បាន​នាំ​គ្នា​ស្នាក់​នៅផ្ទះ​ជួល​មួយ​កន្លែង​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយ​ឡែក ឪពុក​ម្ដាយ​ខាង​ស្រី​ដែល​ខ្វល់ខ្វាយ​ចិត្ត​យ៉ាង​ខ្លាំង​ក្រោយ​ពេល​បាត់​កូនស្រី​ពី​ផ្ទះ​រយៈពេល​៣​ថ្ងៃ ពួក​គាត់​បាន​តាម​រក​គ្រប់​ទីកន្លែង​ទាំងអស់ ប៉ុន្តែ​មិនឃើញ​ឡើយ និង​មិនដឹង​ថា​កូនស្រី​មាន​សុខទុក្ខ​យ៉ាងណា​ទេ​។ លុះ​ពេល​កូនស្រី​ទូរស័ព្ទ​ប្រាប់​ថា នាង​មាន​សេចក្ដីសុខ​ទេ និង​ប្រាប់​ពី​ទីកន្លែង​ដែល​នាង​កំពុង​ស្នាក់​នៅ ពួក​គាត់​ក៏​ធ្វើ​ដំណើរ​មករ​កកូន​ភ្លាម​ៗ ទាំង​ចិត្ត​ត្រេកអរ​បំផុត ។

បន្ទាប់​ពី​មក​ដល់​ឃើញ​កូនស្រី​កំពុង​នៅ​ជាមួយ​យុវជន ឌី ដា​រ៉ូ ដែល​ជា​អ្នកនេសាទ ពួក​គាត់​មានចិត្ត​ខឹងសម្បា​យ៉ាង​ខ្លាំង ដោយ​ចោទ​យុវជន​នោះ​ថា ពង្រត់​កូនស្រីគាត់ និង​បាន​ប្ដឹង​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ ឲ្យ​ចាប់
ខ្លួន​យុវជន​នោះ​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍ ។ ប្រភព​ព័ត៌មាន​និយាយ​ថា យុវជន​ខាងលើ​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ធ្នូ ចំណែក​នាង​ជា​គូស្នេហ៍​ពេល​មានរឿង​បែប​នេះ មានការ​ពិបាកចិត្ត​យ៉ាង​ខ្លាំង ព្រោះ​នាង​មានចិត្ត​ស្រឡាញ់ យុវជន​នោះ​ខ្លាំង​ណាស់ ។ ក្រោយ​ពេល​ទៅ​ដល់​ប៉ុស្ដិ៍​ប៉ូលិស​ចោម​ចៅ​ហើយ យុវជន ឌី ដា​រ៉ូ និយាយ​ថា ខ្លួន​និង​នាង​វ័ន ណា​រ៉ា មាន​ទំនាក់ទំនង​ស្រឡាញ់​គ្នា​តាម​រយៈ​ទូរស័ព្ទ​៥​ខែ​មក​ហើយ ។ ថ្វីបើ​មិន​បានឃើញ​មុខ​គ្នា​ក៏​ពិតមែន បុ​៉​ន្តែ​ក្នុង​រយៈពេល​៥​ខែ​នេះ ពួក​ខ្លួន​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ និង​សច្ចា​ថា នៅ​ពេល​ជួប​មុខ​គ្នា ទោះបីជា​យ៉ាងណា ក៏​ត្រូវ​តែ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ដែរ ។

យុវជន​រូប​នេះ​និយាយ​ទៀត​ថា ដោយសារ​តែ​អន្ទះសា​ចង់​ជួប​មុខ​នាង​ណា​រ៉ា ខ្លាំង​ពេក ទើប​នៅ​ថ្ងៃ​ទី​១៩ ធ្នូ ខ្លួន​ក៏​សម្រេចចិត្ត​ធ្វើ​ដំណើរ​ចាក​ចេញពី​ខេត្តកំពង់ធំ ទៅ​រក​នាង​នៅ​ឯ​ខេត្តព្រៃវែង ដោយ​ណាត់ជួប​គ្នា​នៅផ្ទះ​លោក​មេ​ភូមិ ។ លុះ​ពេល​បាន​ជួប​មុខ​គ្នា ក្ដី​ស្រឡាញ់​ក៏​កើនឡើង​ទ្វេ​ដង និង​សម្រេចចិត្ត​ថា ត្រូវ​តែ​រស់នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​រហូត​ទៅ មិនតែប៉ុណ្ណោះ ដោយ​ខ្លាច​ឪពុក​ម្ដាយ​ខាង​ស្រី​បំបែក ទើប​ពួក​ខ្លួន​នាំ​គ្នា​ចាកចេញ​ឲ្យ​ឆ្ងាយ​សិន ចាំ​ជម្រាប​ពួក​គាត់​ជា​ក្រោយ រួច​ក៏​នាំ​គ្នា​មក​ស្នាក់​នៅ​ភ្នំពេញ​តែ​ម្ដង ។ នៅ​ក្នុង​ប៉ុស្ដិ៍​ប៉ូលិស នាង​វ័ន ណា​រ៉ា ក៏​បាន​អះអាង​ដូច​យុវជន ឌី ដា​រ៉ូ ដែរ ហើយដោយ​សារ​តែសមត្ថកិច្ច​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ​ពន្យល់​ណែនាំ ឯ​យុវជន​រូប​នេះ​ក៏​អះអាង​ថា ខ្លួន​នឹង​ចូល​ស្ដីដណ្ដឹង​នាង​ធ្វើ​ជា​ប្រពន្ធ​តាម​ប្រពៃណី ទើប​ឪពុក​ម្ដាយ​នាង​លែង​ប្ដឹងប្ដល់ និង​ទុក​ឱកាស​ឲ្យ​ចូល​ស្ដី​កូនស្រី​គាត់​តាម​កិច្ចសន្យា​ដែល​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ៕