រយៈពេល6ខែនៃឆ្នាំ2010ការនាំចូលម៉ូតូថយចុះជិត40ភាគរយ
ដោយ ៖ឈិត គឹមឆុន
ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៦:៤៧

កោះសន្តិភាព
ម៉ូតូដែលនាំចូលរបស់កម្ពុជា
រាជធានីភ្នំពេញ ៖ ទោះបីជាសេដ្ឋកិច្ចពិភពលោកបានស្ទុះងើបឡើងវិញក្តីវានៅតែបង្កការលំបាកដល់វិស័យនាំចូលមួយចំនួនរបស់កម្ពុជាដដែល។ ជាក់ស្តែងការនាំម៉ូតូចូលរបស់កម្ពុជាក្នុងរយៈពេល៦ខែដើមឆ្នាំ២០១០នេះបានថយចុះប្រមាណជិត៤០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០០៩។ គួររំលឹកថា អត្រានាំចូលខ្ពស់បំផុតគឺនៅឆ្នាំ២០០៨ ខណៈដែលតំលៃដីធ្លី និងអចលនទ្រព្យមានហាងឆេងកប់ពពកជាឯតទគ្គកម្ម។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានកាំកុងត្រូលរបស់ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានគយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ក្នុងរយៈពេល៦ខែដំបូងក្នុងឆ្នាំ២០១០ កម្ពុជាបាននាំម៉ូតូចូលសរុបចំនួន៤៤.៦៧២គ្រឿង (កាំកុងត្រូល)បានថយចុះជិត៤០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០០៩ ដែលកាលណោះមានចំនួន៧៤.០២៨គ្រឿង (តួលេខពីគយ)។
លោកគង់ ពុទ្ធារ៉ា ប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងពាណិជ្ជកម្មបានប្រាប់កោះសន្តិភាពកាលពីសប្តាហ៍មុនថា ថ្វីដ្បិតតែសញ្ញាសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញមែន តែវិបត្តិដែលកម្ពុជាបានទទួលរងពីវិបត្តិសេដ្ឋកិច្ចពិភពលោកនោះវាមិនទាន់រសាត់ទៅណាឆ្ងាយនោះទេ។ លោកបានលើកឡើងថា ដូច្នេះប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក៏ទទួលបានតិចជាងមុនដែរ ហើយម៉្យាងទៀតទីផ្សារអចលនទ្រព្យបានធ្លាក់ចុះធ្វើឱ្យតំរូវការម៉ូតូបានថយចុះផងដែរ។
អ្នកលក់ម៉ូតូនៅរាជធានីភ្នំពេញបានប្រាប់កោះសន្តិភាពថា ចាប់តាំងពីសេដ្ឋកិច្ចមិនសូវល្អ ទីផ្សារដី និងផ្ទះបានជាប់គាំង និងប្រាក់ចំណូលរបស់បុគ្គលថយចុះធ្វើឱ្យការលក់ម៉ូតូថ្មីៗមិនសូវដាច់។ អ្នកលក់មួយចំនួនបានត្អូញត្អែរថា ការលក់ម៉ូតូរបស់ពួកគាត់ថយចុះក្នុងកំរិតមួយគួរឱ្យព្រួយបារម្ភជាខ្លាំង ទោះជាតំលៃម៉ូតូបានធ្លាក់ចុះជាងមុនក្តីក៏មិនសូវមានអតិថិជនទិញដែរ។
លោកដាន ចំណាប់ ម្ចាស់ហាងលក់ម៉ូតូយីហោ«ហាងលក់ម៉ូតូធំគីរីរម្យ»ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុក្នុងសង្កាត់អូឡាំពិកខណ្ឌចំការមន បានឱ្យដឹងថា ការលក់ម៉ូតូរបស់លោកក្នុងឆមាសទី១ ឆ្នាំ២០១០នេះថយចុះប្រមាណ៦០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបានបន្តថា «សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ប្រជាជន ហើយការបង្កបង្កើនផលកសិកម្ម ក៏មិនសូវបានផលល្អទៀត ដូច្នេះតំរូវការម៉ូតូថយចុះ»។ លោកបន្ថែមថា «កាលពីឆ្នាំ២០០៨ ខ្ញុំលក់ម៉ូតូក្នុងមួយថ្ងៃអស់ប្រហែល១០គ្រឿង ប៉ុន្តែឥឡូវក្នុងមួយថ្ងៃអស់ពី១គ្រឿងទៅ២គ្រឿង ជួនកាលថ្ងៃខ្លះលក់មិនដាច់មួយគ្រឿងសោះ»។
ដោយឡែកម្ចាស់ឃ្លាំងលក់ម៉ូតូមួយរូបដែលសុំមិនបញ្ចេញឈ្មោះស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញបានរៀបរាប់ប្រាប់កោះសន្តិភាពថា ការលក់ម៉ូតូក្នុងឃ្លាំងរបស់លោកពេលនេះមិនមានដំណើរការល្អឡើយ។ ពោលគឺការលក់ថយចុះប្រមាណជា៨០ភាគរយឯណោះ បើប្រៀបធៀបកាលពីឆ្នាំមុន គឺខុសគ្នាឆ្ងាយណាស់។ លោកប្រាប់ទៀតថា «កាលពីមុនក្នុង១ខែឃ្លាំងរបស់ខ្ញុំនាំម៉ូតូចូល៤ដងប៉ុន្តែពេលនេះនាំចូលតែ១ដងក្នុង១ខែប៉ុណ្ណោះ»។ លោកបានស្តីបន្ទោសទៅលើការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកដែលនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា និងប៉ះពាល់ដល់ការលក់ម៉ូតូរបស់លោក។
លោកលើកឡើងថា «ចាប់តាំងពីសេដ្ឋកិច្ចធ្លាក់ចុះមក ការលក់ម៉ូតូក្នុងឃ្លាំងរបស់ខ្ញុំស្ទើរតែក្ស័យធនទៅហើយ»។ លោកបញ្ជាក់ថា មិនត្រឹមតែប៉ះពាល់ដល់ការលក់ម៉ូតូទេសូម្បីតែអ្នករកស៊ីរបរផ្សេងៗដទៃទៀតក៏ប្រឈមនឹងបញ្ហាបាត់បង់ចំណូលដែរ។លោកគង់ ពុទ្ធារ៉ា បានឱ្យដឹងទៀតថា ម៉ូតូដែលកម្ពុជានាំចូលភាគច្រើនជាប្រភេទម៉ូតូជជុះដែលនាំមកពីប្រទេសជប៉ុន អាមេរិក កូរ៉េ ចិន វៀតណាម ស្វុីស និងអូស្ត្រាលីជាដើម។ ចំណែកម៉ូតូថ្មីៗវិញភាគច្រើននាំចូលពីប្រទេសថៃ ៕