ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​យោធា​កម្ពុជា​-ថៃ​គ្រោង​បើក​កិច្ច​ប្រជុំ​ GBC ពង្រឹង​កិច្ច​ព្រម​ព្រៀង​ដើម្បី​សន្តិ​ភាព​នៅ​តាម​បន្ទាត់​ព្រំ​ដែន​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​នាយកដ្ឋាន​ព័ត៌មាន​អគ្គ​យោធ​សេវា​នៃ​ក្រសួងការពារជាតិ ចេញផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ បានឱ្យ​ដឹង​ថា តប​តាម​ការ​អញ្ជើញ​របស់​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​នាយកដ្ឋាន​ព័ត៌មាន​អគ្គ​យោធ​សេវា​នៃ​ក្រសួងការពារជាតិ ចេញផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ បានឱ្យ​ដឹង​ថា តប​តាម​ការ​អញ្ជើញ​របស់​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកនាយ​ឧត្តមសេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​ថៃ នឹង​ដឹកនាំ​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​នៃ​កងទ័ព​ភូមិន្ទ​ថៃ មក​បំពេញ​ទស្ស​កិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៥ ធ្នូ ក្នុង​គោលបំណង​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​និង​មិត្តភាព​ផ្នែក​យោធា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ បាន​បញ្ជាក់​ថា ក្នុង​ឱកាស​នោះ​ដែរ លោកនាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សហ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​-​ថៃ និង​លោកនាយ​ឧត្តមសេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​ថៃ និង​ជា​សហ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​-​ថៃ នឹង​ជួប​ពិភាក្សា​និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) លើក​ទី​១០ រវាង​កម្ពុជា​និង​ថៃ ។

កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) លើក​ទី​១០ ធ្វើ​ឡើង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ក្នុង​បរិបទ​លើកកម្ពស់​សន្តិភាព សន្តិសុខ​នៅ​តាម​តំបន់​ព្រំដែន ព្រមទាំង​ការ​ជំរុញ​ឱ្យ​អាជ្ញាធរ និង​គណៈកម្មាធិការ​ពាក់ព័ន្ធ អនុវត្ត​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ ក្នុងអំឡុងពេល​នៃ​ទស្សនកិច្ច​នេះ​ដែរ គណៈប្រតិភូ​យោធា​ថៃ​ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ នឹង​ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ​ចូល​ជួប​សម្តែង​ការ​គួរសម​នៅ​ថ្ងៃ​ទី​២៥ ធ្នូ នៅ​ឯ​វិមាន​សន្តិភាព មុន​ពេល​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កាន់​មាតុ​ប្រទេស​វិញ ៕