ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជក់បារី​ប្រឈម​នឹង​ជំងឺមហារីក​ផ្លូវ​បង្ហូរ​នោមស្ដែង​ចេញ​តាម​រយៈ​ការ​បន្ទោបង់​មក​មាន​លាយ​ឈាម

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ស្ថិតិ​នៃ​អង្គការ​សុខភាព​ពិភពលោក​(WHO)​បង្ហាញ​ថា ចំនួន​អ្នក​កើត​ជំងឺមហារីក​ប្លោក​នោម​ក្នុង​មួយ​ឆ្នាំ​មាន​៩​នាក់​ក្នុង​ចំណោម​មនុស្ស​១​សែន​នាក់​ចំពោះ​មនុស្ស​ប្រុស និង​២​នាក់​ក្នុង​ចំណោម​មនុស្ស​១​សែន​នាក់​ចំពោះ​ស្ត្រី ហើយ​មនុស្ស​៥០​ភាគរយ​នៃ​ជំងឺ​នេះ​បណ្តាល​មក​ពី​

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ស្ថិតិ​នៃ​អង្គការ​សុខភាព​ពិភពលោក​(WHO)​បង្ហាញ​ថា ចំនួន​អ្នក​កើត​ជំងឺមហារីក​ប្លោក​នោម​ក្នុង​មួយ​ឆ្នាំ​មាន​៩​នាក់​ក្នុង​ចំណោម​មនុស្ស​១​សែន​នាក់​ចំពោះ​មនុស្ស​ប្រុស និង​២​នាក់​ក្នុង​ចំណោម​មនុស្ស​១​សែន​នាក់​ចំពោះ​ស្ត្រី ហើយ​មនុស្ស​៥០​ភាគរយ​នៃ​ជំងឺ​នេះ​បណ្តាល​មក​ពី​ការ​ជក់បារី ។ នេះ​គឺជា​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​អ៊ុ​ក ពិសី គ្រូពេទ្យ​ផ្នែក​វះកាត់​ជំងឺមហារីក​ប្រព័ន្ធ​ផ្លូវ​បង្ហូរ​ទឹកនោម ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ធ្នូ កន្លង​ទៅ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ។

លោក​វេជ្ជបណ្ឌិត​អ៊ុ​ក ពិសី បាន​ថ្លែង​ថា ចំពោះ​រោគ​សញ្ញា​នៃ​ជំងឺមហារីក​ប្រព័ន្ធ​ផ្លូវ​បង្ហូរ​ទឹកនោម​វា​អាច​ស្តែង​ចេញ​ជា​ច្រើន តែ​គេ​ជួប​ប្រទះ​ភាគច្រើន​គឺ​មនុស្ស​យើង​ពេល​ណា​បត់ជើងតូច​មាន​លាយ​ឈាម​មក​ជាមួយនឹង​ទឹកនោម​នោះ​បង្ហាញ​ថា ជា​រោគ​សញ្ញា​មួយ​ដែល​ត្រូវ​អ្នកជំងឺ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​មហារីក​ប្រព័ន្ធ​ផ្លូវ​បង្ហូរ​នោម​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ។ ហើយ​គ្រូពេទ្យ​ឯកទេស​ធ្វើការ​វិភាគ​សួរនាំ​អំពី​ស្ថានភាព​ជំងឺ និង​សួរនាំ​អំពី​កត្តា​ប្រឈម អាការរោគ​ផ្សេង​ៗ​ទៀត​ដែល​ទាក់ទង​ទៅ​នឹង​រោគ​សញ្ញា​នៃ​ការ​នោម​ឈាម ។ អាការរោគ​ដទៃ​ទៀត​ដែល​កើតឡើង​ជាមួយនឹង​ការ​នោម​ឈាម​ដូច​ជា​ឈឺចាប់​នៅ​ផ្នែក​ខាងក្រោម​ពោះ ឬ​ផ្នែក​ខាងលើ​ថ្ងាស​ដែល​ជា​រោគ​សញ្ញា​នៃ​ការ​រលាក​ប្លោក​នោម​ជា​ពិសេស​គេ​អាច​សង្ស័យ​ទៅ​លើ​អ្នកជំងឺ​ដែល​មាន​រោគ​សញ្ញា​នៃ​ការ​រលាក​ប្លោក​នោម​រុ​ាំ​រ៉ៃ​ដែល​មិន​អាច​ជា​សះស្បើយ​តាម​រយៈ​ការ​ព្យាបាល​ធម្មតា​បាន​ទេ ។

អ្នកជំងឺ​មាន​រោគ​សញ្ញា​រលាក​ប្លោក​នោម​នោះ​គឺ ៖
១-​អ្នកជំងឺ​នោម​ញឹក
២-​អ្នកជំងឺ​មាន​អារម្មណ៍​ថា ពេល​នោម​ហើយ​មួយ​ដង​លុះ​មួយសន្ទុះ​ក្រោយមក​មាន​អារម្មណ៍​ចង់ទៅ​នោម​ម្តងទៀត ។ អ្នកជំងឺ​មាន​អាការ​ឈឺ​នៅ​ផ្នែក​ខាងក្រោម​ពោះ ឬ​នៅ​លើ​ថ្ងាស​ឈឺចាប់​នៅ​ចង្កេះ​ទាំង​សងខាង ឬ​មួយ​ចំហៀង ។​ជំងឺមហារីក​ប្រព័ន្ធ​ផ្លូវ​បង្ហូរ​នោម​កើតឡើង​នៅ​ផ្នែក​ណាមួយ​នៃ​ប្រព័ន្ធ​ផ្លូវ​បង្ហូរ​ទឹកនោម​វា​នឹង​ធ្វើ​ឲ្យ​ស្ទះ​ចាល់​ទឹកនោម​នៅ​ផ្នែក​ខាងលើ​នៃ​ប្រព័ន្ធ​បង្ហូរ​នោម ។ ការ​ជក់បារី​មាន​ផល​ប៉ះពាល់​យ៉ា​ង​ខ្លាំង​ហើយ​ប្រឈម​យ៉ាង​សំខាន់​មួយ​នៃ​ជំងឺមហារីក​ប្រព័ន្ធ​បង្ហូរ​នោម ។

លោក​វេជ្ជបណ្ឌិត​អ៊ុ​ក ពិសី បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​មាន​គ្រូពេទ្យ​ជំនាញ​ឯកទេស​ពិនិត្យ​អ្នកជំងឺ​មហារីក​ប្រព័ន្ធ​ផ្លូវ​បង្ហូរ​នោម​និង​មាន​ឧបករណ៍​បច្ចេកទេស​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ដូច​ជា ៖

-​ពិនិត្យ​ទឹកនោម​ដែល​មាន​លាយ​ឈាម​រក​កោសិកា​មហារីក
-​ការ​ឆ្លុះ​អេកូ​(echo graphite) ឬ​ថត​Scanner​នៃ​ប្រព័ន្ធ​បង្ហូរ​នោម​(Uro-scanner)
-​ការ​ឆ្លុះ​ទៅ​ក្នុង​ប្លោក​នោម​ដោយ​ប្រើ​Cystoscope
-​ការ​ឆ្លុះ​ទៅ​ក្នុង​បំពង់​បង្ហូរ​នោម​ឬ​តម្រងនោម​ដោយ​ប្រើ​Ureteorenoscope souple ការ​ព្យាបាល​ដោយ​ការ​វះកាត់​សាច់​មហារីក​នៅ​ក្នុង​ប្លោក​នោម​ជាមួយ​ឧបករណ៍​ឆ្លុះ​Cystoscope ឬ​ការ​ដុត​សាច់​មហារីក​នៅ​ក្នុង​បំពង់​បង្ហូរ​នោម​និង​ក្នុង​តម្រងនោម​ដោយ​ការ​ប្រើ​កាំរស្មី​Laser រួម​ជាមួយ​ឧ​បរ​ណ៍​Ureterorenoscope Souple​។ ហើយ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​កន្លង​មក​បាន​ធ្វើការ​វះកាត់​ប្រហែល​២០​ភាគរយ​ទៅ​៣០​ភាគរយ​លើ​អ្នកជំងឺ​ដែល​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា មាន​ជំងឺមហារីក​ផ្លូវ​បង្ហូរ​នោម ។ មូលហេតុ​ឈាន​ដល់​ការ​កើត​ជំងឺមហារីក​ផ្លូវ​បង្ហូរ​នោម​មាន​កត្តា​ជា​ច្រើន​ក្នុង​នោះ​មាន ៖

-៥០%​បណ្តាល​មក​ពី​ការ​ជក់បារី
-១០%​បណ្តាល​មក​ពី​ការ​ប្រឈម​មុខ​ក្នុង​ការងារ​នៃ​ឧស្សាហកម្ម​ផលិត​ថ្នាំ​ពណ៌ ថ្នាំលាប ផលិត​ដែក និង​ប្រេងឥន្ធនៈ
-​ការ​រលាក​រុ​ាំ​រ៉ៃ​នៃ​ប្លោក​នោម​បណ្តាល​មក​ពី​សត្វល្អិត​(Schistosomiase)
-​ការ​ប្រឈម​មុខ​នឹង​កាំរស្មី​(Radiation)​។

នា​ឱកាស​នោះ​ដែរ​លោក​វេជ្ជបណ្ឌិត​អ៊ុ​ក ពិសី ក៏​បាន​សំណូមពរ​ថា បើ​អ្នកជំងឺ​មាន​រោគ​សញ្ញា​ដូចដែល​បាន​រៀបរាប់​ខាងលើ​អ្នកជំងឺ​អាច​មក​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស​និង​មាន​ជំនាញ​ច្បាស់លាស់​ផ្នែក​ប្រព័ន្ធ​បង្ហូរ​នោម​ហើយ​គ្រូពេទ្យ​ខាង​ប្រព័ន្ធ​បង្ហូរ​ទឹកនោម​អាច​ធ្វើ​រោគវិនិច្ឆ័យ​បាន​ទាន់​ពេលវេលា​នៅ​ពេល​ដែល​អ្នកជំងឺ​នៅ​ស្រាល​និង​រក​វិធីសាស្ត្រ​ដ៏​សម​ស្រប​ដែល​អាច​ព្យាបាល​បាន​ទាន់​ពេលវេលា ៕