AFP កាលពីពេល ថ្មីៗនេះ ផ្សាយថា បណ្តាអ្នកស្រទ្បាញ់ឆ្កែ អាចប្រឈមមុខនឹងទោសវាយចំនួន៧៤រំពាត់ ក្រោមគម្រោងច្បាប់របស់សភា ដែលហាមចិញ្ចឹមឆ្កែនៅផ្ទះ និងម្ចាស់បណ្តើរនៅទីសាធារណៈ ។ សេចក្តីព្រាងច្បាប់ ដែលចុះហត្ថលេខាពីសមាជិកសភាចំនួន៣២រូប បានផ្តល់សិទ្ធិដល់ការពិន័យទៅលើអ្នកប្រព្រឹត្តខុស ។
ឆ្កែត្រូវចាត់ទុកថា ជាវត្ថុមិនស្អាត ស្របតាមទំនៀមទម្លាប់របស់អ៊ិស្លាម និងជាទូទៅនៅអីុរ៉ង់ គ្មានសត្វឆ្កែទេ តែមានក្រុមគ្រួសារមួយចំនួនលួចលាក់ចិញ្ចឹម ។
កាលពីមុនប៉ូលិសផ្នែកសណ្តាប់ធ្នាប់របស់អីុរ៉ង់ ដែលប្រចាំការនៅទីសាធារណៈ ចូលរារាំងដល់បណ្តាអ្នកដើរកម្សាន្តជាមួយឆ្កែ រួមទាំងក្រើនរំលឹក និងរឹបអូសឆ្កែទៀតផង ។
ប្រសិនបើច្បាប់ថ្មីបានឆ្លងកាត់សភា មានន័យថា អ្នកប្រព្រឹត្តខុសទាក់ទងនឹងឆ្កែអាចប្រឈមមុខនឹងទោសវាយដោយរំពាត់ ឬពិន័យជាប្រាក់ ចាប់ពី១០លានរៀល (ប្រាក់អីុរ៉ង់) ឬប្រហែល៤០០ដុល្លារ ដល់៤.០០០ដុល្លារ ។
ប្រទេសអីុរ៉ង់មាននិន្នាការថា ការប៉ះពាល់ឆ្កែ ឬប៉ះទឹកមាត់ឆ្កែ ត្រូវចាត់ទុកថា «ណាជីស» ធ្វើឱ្យរាងកាយស្មោកគ្រោក ។
សេចក្តីព្រាងច្បាប់នេះបញ្ជាក់ថា «អ្នកណាដែលដើរ ឬលេងជាមួយសត្វឆ្កែឬស្វានៅទីសាធារណៈ នឹងផ្តល់ផលប៉ះពាល់ដល់វប្បធម៌អ៊ិស្លាម សុខភាព និងសេចក្តីសុខរបស់អ្នកជិតខាង ពិសេសស្ត្រីនិងកុមារ» ៕
ចែករំលែកព័តមាននេះ