ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​រាស្ត្រ​ រៀល ខេម​រិន្ទ្រ​ ភ្ជាប់​ពាក្យ​ជាមួយ​អ្នក​ស្រី​យ៉ោម បុប្ផា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក រៀល ខេ​ម​រិ​ន្ទ្រ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ស្វាយ​រៀង បាន​ក្លាយទៅជា​អនាគត​កូន​ក​ម្លោះ​ក្នុង​ពិធី​ភ្ជាប់ពាក្យ​អ​ធឹ​ក​អធម​ជាមួយ​អ្នកស្រី យ៉ោ​ម បុប្ផា អ្នកដឹកនាំ​ការ​តវ៉ា​ដីធ្លី​ប្រចាំ​តំបន់​បឹង​កក់

រាជធានី​ភ្នំពេញ ៖ លោក រៀល ខេ​ម​រិ​ន្ទ្រ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ស្វាយ​រៀង បាន​ក្លាយទៅជា​អនាគត​កូន​ក​ម្លោះ​ក្នុង​ពិធី​ភ្ជាប់ពាក្យ​អ​ធឹ​ក​អធម​ជាមួយ​អ្នកស្រី យ៉ោ​ម បុប្ផា អ្នកដឹកនាំ​ការ​តវ៉ា​ដីធ្លី​ប្រចាំ​តំបន់​បឹង​កក់ ដែល​ទើបត្រូវ​បាន​លែងលះ​ជាមួយ​ប្តី​ដាច់ស្រេច​ហើយ និង​រស់នៅ​ក្នុង​នាម​ជា​អ្នក​មេម៉ាយ​កូន​មួយ ។ ពិធី​ភ្ជាប់ពាក្យ​នេះ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ផង​ដែរ ដែល​ស្ត្រី​សកម្មជន​ដីធ្លី​ល្បីឈ្មោះ​ម្នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ប្រកាន់​ជំហរ​តវ៉ា ដើម្បី​ឱ្យ​មានការ​ដោះ​លែង​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ចំនួន​១៨​នាក់ ដែល​ក្នុង​នោះ​មេដឹកនាំ​ដ៏​មុត​ស្រួច​ម្នាក់ គឺ​អ្នកស្រី ទេព វ​ន្នី ជា​ដៃគូ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស រួម​ជាមួយ​សកម្មជន​ជា​ច្រើន​ទៀត ។

អនាគត​កូន​ក​ម្លោះ​លោក រៀល ខេ​ម​រិ​ន្ទ្រ ក៏​ជា​បុរស​ពោះម៉ាយ​ផង​ដែរ នឹង​ដឹក​ដៃ​អ្នកស្រី យ៉ោ​ម បុប្ផា ចូល​រោងការ​ដែល​នឹង​កំណត់​នៅ​ក្នុង​ខែមករា ឆ្នាំ​២០១៥​ខាង​មុខ​នេះ ។ ប្រការ​ដែល​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ផង​ដែរ​នោះ គឺ​ការ​ចារិក​អក្សរ​តុបតែង​លម្អ​នៅ​ក្នុង​គេហដ្ឋាន​អ្នកស្រី ក្នុង​តំបន់​បឹង​កក់ បាន​សរសេរ​យ៉ាង​ច្បាស់​ស្រប​ទៅ​តាម​គូ​ដណ្តឹង​ជា​ឯកឧត្តម អ្នកស្រី យ៉ោ​ម បុប្ផា ក៏​បាន​ក្លាយ​ខ្លួន​ជា​លោក​ជំទាវដែរ ។ ការ​ក្លាយ​ខ្លួន​ជា​លោក​ជំទាវ​តែ​មួយ​ប៉​ព្រិច​ភ្នែក​នេះ ពិត​ណាស់​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​ដែរ ។ ភាព​ឧ​ទ្យា​រិ​ក​នៃ​ពិធី​ភ្ជាប់ពាក្យ​នេះ មាន​ភ្ញៀវ​សំខាន់​ៗ​មួយ​ចំនួន​ចូលរួម​ផង​ដែរ ដូច​ជា​លោក ម៉​ម សូណ​ង់​ដូ និង​ក្រុម​សង្គម​ស៊ី​វិល​ជា​ច្រើន​រូប​ទៀត ។

អ្នកស្រី យ៉ោ​ម បុប្ផា មាន​អាយុ​៣៤​ឆ្នាំ​ហើយ​បាន​លែងលះ​ប្តី​ក្នុង​ហេតុផល​រស់នៅ​មិន​ចុះសម្រុង​គ្នា បន្ទាប់​ពី​អ្នកស្រី​ត្រូវ​បាន​ចេញពី​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១៣​។ អ្នកស្រី យ៉ោ​ម បុប្ផា ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០១២ ក្រោម​បទចោទប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​ដល់​អ្នក​រត់​ម៉ូតូឌុប ហើយ​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ។ ក្រោយ​ពេល​ចេញពី​ពន្ធនាគារ បន្ទាប់​ពី​ទទួលទោស​ជា​យូរ​ខែ​មក​អ្នកស្រី យ៉ោ​ម បុប្ផា រួម​ជាមួយ​ដៃគូ​អ្នកស្រី ទេព វ​ន្នី ក៏​បាន​សកម្ម​ក្នុង​ការ​ដឹកនាំ​ធ្វើ​សកម្មភាព​តវ៉ា​ជា​ហូរហែ ។ អ្នកស្រី យ៉ោ​ម បុប្ផា ត្រូវ​បាន​លើកទឹកចិត្ត​នៅ​ឯ​បរទេស​ដោយ​បាន​ផ្តល់​នូវ​ពានរង្វាន់​ឈានមុខ​ក្នុង​ការ​តស៊ូ​មតិ​ដោយ​អហិង្សា ។

ដោយ​ទ្បែ​ក អនាគត​ស្វាមី​លោក រៀល ខេ​ម​រិ​ន្ទ្រ មាន​អាយុ​៥៦​ឆ្នាំ​ហើយ ។ លោក ខេ​ម​រិ​ន្ទ្រ បាន​ចូលរួម​ក្នុង​បក្ស​សម រ​ង្ស៊ី តាំងពី​ឆ្នាំ​១៩៩៨ តាំងពី​លោក​រស់នៅ​អូស្ត្រាលី​ជាមួយ​អតីត​ភរិយា​និង​កូន ដែល​បច្ចុប្បន្ន​លោក​បាន​លែងលះ​ប្រពន្ធ​រួច​ហើយ និង​រស់នៅ​ជា​បុរស​ពោះម៉ាយ ។ លោក រៀល ខេ​ម​រិ​ន្ទ្រ និយាយ​ថា ការ​ស្រ​ទ្បា​ញ់​អ្នកស្រី យ៉ោ​ម បុប្ផា គឺ​ផ្តើម​ចេញពី​ការ​អាណិត​ពេល​ឃើញ​សកម្មភាព​តស៊ូ​របស់​អ្នកស្រី ។ ជាមួយនឹង​ការ​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​នេះ បាន​ធ្វើ​ឱ្យ​មាន​មតិ​ចម្រុះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​អ្នកខ្លះ​ក៏​សាទរ និង​ខ្លះ​ទៀត​ក៏​រិះគន់​ទៅ​តាម​ការ​យល់​ឃើញ​របស់​ខ្លួន និង​ខ្លះ​បាន​ចោទសួរ​ថា នៅ​ពេល​អ្នកស្រី យ៉ោ​ម បុប្ផា ក្លាយទៅជា​លោក​ជំទាវ​នោះ តើ​អាច​នឹង​ដឹកនាំ​ការ​តវ៉ា​ពី​បញ្ហា​ដីធ្លី ឬ​ការ​តវ៉ា​ផ្សេង​ៗ​ទៀត​ដូច​មុន​ដែរ​ឬទេ ។ ទោះបីជា​បែប​ណា បញ្ហា​សេ្ន​ហា​នេះ​ជា​ក្រឹត្យ​ក្រុម​ធម្មជាតិ វា​គ្មាន​អ្វី​ដែល​ចម្លែក​នោះ​ទេ គឺ​ឱ្យ​តែ​ព្រមព្រៀង​គ្នា គឺជា​គូព្រេង​ហើយ​កុំ​ឆ្ងល់ ។

គួរ​កត់​សម្គាល់ថា ជា​ច្រើន​ដង​ដែល​សកម្មជន​ដីធ្លី នៅ​តំបន់​បឹង​កក់​ធ្វើ​បាតុកម្ម​តវ៉ា​ម្តង​ៗ គេ​ឃើញ​អ្នក​តវ៉ា​លេចធ្លោ​ជាងគេ​នោះ គឺ​អ្នកស្រី ទេព វ​ន្នី និង​អ្នកស្រី យ៉ោ​ម បុប្ផា ។ លេចធ្លោ​និង​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាងគេ​នោះ ដោយសារ​តែ​ពួក​គេ​មើលឃើញ​ថា ជា​ស្រី​ស្អាត ។ សូ​ម្បី​នគរបាល​សណ្តាប់ធ្នាប់ ឬ​កង​អន្តរាគមន៍​ដែល​មាន​ភារកិច្ច​រារាំង​ក្រុម​អ្នក​ធ្វើ​បាតុកម្ម ដែល​ដឹកនាំ​ដោយ​អ្នកស្រី ទេព វ​ន្នី និង​អ្នកស្រី យ៉ោ​ម បុប្ផា តាម​អ្នក​សារព័ត៌មាន​កត់សម្គាល់ ក៏​ឃើញ​សមត្ថកិច្ច​មិន​ហ៊ាន​ប្រើ​ដៃ​ធ្ងន់​ដាក់​ដែរ មិន​ហ៊ាន​ច្រាន​ខ្លាំង​ៗ​ពេក​ទេ ហាក់ដូច​យល់​ដល់​ស្រី​ស្អាត​។

ក្រុម​អ្នក​ថតរូប​សារព័ត៌មាន ពេល​ជួបជុំ​គ្នា​ម្តងនោះ និយាយ​ថា អ្នកស្រី យ៉ោ​ម បុប្ផា «​រាង​ឆ្អឹង​» មែន ប៉ុន្តែ​ស្អាត​ម្យ៉ាង ។ ចំណែក​អ្នកស្រី ទេព វ​ន្នី «​រាង​សាច់​» បន្តិច ហើយ​ក៏​ស្អាត​ម្យ៉ាងដែរ ។ ពួក​គេ​ឱ្យឈ្មោះ​ថា ស្រី​ស្អាត​ប្រចាំ​បឹង​កក់ ។ ខុស​គ្នា​ច្រើន​ដែរ ព្រោះ​អ្នកស្រី ទេព វ​ន្នី មាន​ប្តី​មានគ្រួសារ ទំនង​រឹង​មាំ​ណាស់ ប្រសិនបើ​មេម៉ាយ​ដូច​អ្នកស្រី យ៉ោ​ម បុប្ផា ក៏​ទំនង​នៅ​មិនយូរ​ដែរ ។ យ៉ាងណា​ក៏​ដោយ កោះសន្តិភាព​សូម​ចូលរួម​អបអរសាទរ​ចំពោះ​លោក​ជំទាវ យ៉ោ​ម បុប្ផា និង​ឯកឧត្តម​ជា​ស្វាមី សូម​ប្រសិទ្ធពរ​ជ័យ​មាន​សិរី​មង្គល វិបុល​សុខ​គ្រប់​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ទ្បើ​យ ៕
    ​