ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំ​រឿង​ «អេដស៍» បញ្ជូន​គ្រូ​ពេទ្យ​ឯក​ជន​ទៅ​តុលាការ​ ខណៈ​មានការ​សាក​សួរ​ចម្លើយ​ច្រើន​ថ្ងៃ​

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សំណុំរឿង «​អេ​ដស៍​» ដែល​ផ្ទុះ​ឡើង​នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ដែល​ជំពាក់​វាក់​វិ​ន​ជាមួយ​គ្រូពេទ្យ​ឯកជន​ម្នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទូ​ទាំង​ប្រទេស​កម្ពុជា​នោះ ទីបំផុត​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត បាន​បញ្ជូន​ខ្លួន​គ្រូពេទ្យ​ឯកជន​រូប​នេះ​ទៅ​សាលាដំបូង​ហើយ

ខេត្តបាត់ដំបង ៖ សំណុំរឿង «​អេ​ដស៍​» ដែល​ផ្ទុះ​ឡើង​នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ដែល​ជំពាក់​វាក់​វិ​ន​ជាមួយ​គ្រូពេទ្យ​ឯកជន​ម្នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទូ​ទាំង​ប្រទេស​កម្ពុជា​នោះ ទីបំផុត​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត បាន​បញ្ជូន​ខ្លួន​គ្រូពេទ្យ​ឯកជន​រូប​នេះ​ទៅ​សាលាដំបូង​ហើយ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២១ ធ្នូ បន្ទាប់​ពី​សួរនាំ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

លោក ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត បានឱ្យ​ដឹង​ថា លោកស្នងការ​ខេត្ត និង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​សម្រេច​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​បញ្ជូន​ខ្លួន​គ្រូពេទ្យ​ឯកជន​ឈ្មោះ យ៉ែ​ម ជ្រិ​ន អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ និង​វត្ថុ​តាង​នានា​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នេះ ទៅ​កាន់​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​២១ ធ្នូ ហើយ បន្ទាប់​ពី​បាន​សួរនាំ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ លោកស្នងការ​រង បាន​បញ្ជាក់​ថា គ្រូពេទ្យ​ឯកជន​រូប​នេះ ត្រូវ​បាន​សួរនាំ​យ៉ាង​លម្អិត ជាមួយនឹង​វត្ថុ​តាង​ជា​ច្រើន ដែល​សមត្ថកិច្ច និង​ក្រុម​មន្ត្រី​សុខាភិបាល​រក​ឃើញ​បន្សល់​ទុក​នៅ​ក្នុងផ្ទះ​របស់​គាត់ ។

សូម​បញ្ជាក់​ថា គ្រួ​ពេទ្យ​ឯកជន​ឈ្មោះ យ៉ែ​ម ជ្រិ​ន អាយុ​៥៥​ឆ្នាំ​នេះ ត្រូវ​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​មក​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៧ ធ្នូ បន្ទាប់​ពី​គ្រូពេទ្យ​គ្មាន​ក្របខ័ណ្ឌ​រូប​នេះ ព្យាយាម​រត់​ចេញពីផ្ទះ​ជា​ច្រើន​ថ្ងៃ ពេល​មាន​ប្រតិកម្ម​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ ។ ដំបូង គ្រូពេទ្យ យ៉ែ​ម ជ្រិ​ន ត្រូវ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​រកា ចាត់​ទុក​ថា​ជា «​គ្រូពេទ្យ​ទេវតា​ប្រចាំ​ភូមិ​» ប៉ុន្តែ​បន្ទាប់​ពី​មាន​ផ្ទុះ​មេរោគ​អេ​ដស៍​ឆ្លង​ដល់​មនុស្ស​ពាសពេញ​ភូមិ លោកគ្រូ​ពេទ្យ​ទេវតា​រូប​នេះ រង​ការ​ចោទប្រកាន់​ពី​អ្នក​ភូមិ​ថា «​ជា​អ្នកចម្លង​មេរោគ​អេ​ដស៍​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ តាម​រយៈ​ការ​ប្រើប្រាស់​ម្ជុលចាក់​ថ្នាំ​រួម​គ្នា ឬ​ប្រើប្រាស់​ខ្សែ​សេរ៉ូម​ដាក់​អ្នកជំងឺ បន្ត​ពី​មួយ​ទៅ​មួយ ដោយ​មិន​ផ្លាស់​ប្ដូរ​ខ្សែ​សេរ៉ូម​ថ្មី​» ធ្វើ​ឱ្យ​គ្រូពេទ្យ​រូប​នេះ​ភ័យ​រត់ចោលស្រុក​តែ​ម្ដង ។

បន្ទាប់​ពី​ផ្ទុះ​ប្រតិកម្ម​កាន់តែ​ខ្លាំង​ពី​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ដែល​ចោទ​ត្រង់​ៗ​ទៅ​លើ​គ្រូពេទ្យ​ឈ្មោះ យ៉ែ​ម ជ្រិ​ន ថា​ជា​អ្នកចម្លង​មេរោគ​អេ​ដស៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ សមត្ថកិច្ច និង​មន្ត្រី​សុខាភិបាល​ដែល​ដឹកនាំ​ដោយ​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​ឧត្តមសេនីយត្រី ស ថេ​ត ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ប៊ុ​ណ្ណា អនុប្រធាន​នាយកដ្ឋាន​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ក្រសួងមហាផ្ទៃ ដោយ​មានការ​ចូលរួម​ពី​អង្គការ «CPU» ជា​ដៃគូ​ផង បាន​ចុះ​ទៅ​ឆែកឆេរ​ផ្ទះ​លោកគ្រូ​ពេទ្យ យ៉ែ​ម ជ្រិ​ន ដើម្បី​ស្វែងរក​វត្ថុ​តាង​នានា ដែល​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចម្លង​មេរោគ​អេ​ដស៍​ដល់​ប្រជាពលរដ្ឋ ។ វត្ថុ​តាង​ដែល​កម្លាំង​ជំនាញ​ឆែកឆេរ​រក​ឃើញ​រួម​មាន ៖ សុ​ី​រ៉ាំ​ង​ចាក់​ថ្នាំ ខ្សែ​សេរ៉ូម ថ្នាំពេទ្យ និង​សម្ភារ​ពេទ្យ​ជា​ច្រើន​ទៀត ដែល​សម្ភារ​ពេទ្យ​ទាំងនោះ មាន​មួយ​ចំនួន​ប្រើប្រាស់​រួច​ហើយ ប៉ុន្តែ​វត្ថុ​តាង​មួយ​ចំនួន​ត្រូវ​សមត្ថកិច្ច​រក​ឃើញ​សេសសល់​នៅ​ក្នុង​គំនរ​ផេះ ដែល​កូនប្រសា​របស់​គ្រូពេទ្យ​រូប​នេះ ប្រមូល​យក​ទៅ​ដុត​បំផ្លាញ​ចោល មុន​ពេល​សមត្ថកិច្ច​ចុះ​ឆែកឆេរ​មួយ​ថ្ងៃ និង​ចំ​ពេល​អ្នក​ភូមិ​ដែល​មាន​ផ្ទុកមេរោគ​អេ​ដស៍​កំពុង​ប្រតិកម្ម​ចោទ​គ្រូពេទ្យ​នេះ​កាន់តែ​ខ្លាំង​នោះ ។

ជុំវិញ​ការ​រក​ឃើញ​វត្ថុ​តាង និង​ចម្លើយ​សារភាព​របស់​លោកគ្រូ​ពេទ្យ​ឯកជន​ឈ្មោះ យ៉ែ​ម ជ្រិ​ន រួច​មក លោក កុយ ហ៊ា​ង ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​ទទួល​ចាត់ការ​លើ​សំណុំរឿង​នេះ បានឱ្យ​ដឹង​ថា បើ​យោង​លើ​វត្ថុ​តាង​ដែល​រក​ឃើញ និង​ការ​ឆ្លើយ​បំភ្លឺ​របស់​ជនសង្ស័យ គឺ​លទ្ធផល​ស្ទើរ​៩០%​ត្រូវ​គេ​សង្ស័យ​ថា គ្រូពេទ្យ​ឯកជន​រូប​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ចម្លង​មេរោគ​អេ​ដស៍ ។ លោក​បញ្ជាក់​ថា រាល់​ចម្លើយ​របស់​គ្រូពេទ្យ គឺ​ស៊ីសង្វាក់​គ្នា​នឹង​ចម្លើយ​ប្រតិកម្ម​របស់​អ្នក​ភូមិ​ដែល​ឆ្លង​មេរោគ​អេ​ដស៍ ។ រីឯ​វត្ថុ​តាង​ដែល​រក​ឃើញ​ក៏​ស៊ីសង្វាក់​គ្នា​ជាមួយ​ចម្លើយ​សារភាព​របស់​គ្រូពេទ្យ​ដែរ ។ លោក​ថា នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​បឋម​ដោយ​ផ្អែក​លើ​វត្ថុ​តាង​ដែល​រក​ឃើញ និង​ចម្លើយ​បំភ្លឺ​របស់​ជនសង្ស័យ​តែ​ប៉ុណ្ណោះ ។ រីឯ​ការ​សន្និដ្ឋាន​និង​ការ​ពិនិត្យ​ឃើញ​ភស្ដុ​តាង​ថា​មាន​លក្ខណៈ​ជាក់លាក់​បែប​ណា​នោះ គឺ​អាស្រ័យ​លើ​មន្ត្រី​ជំនាញ​របស់​សុខាភិបាល ដែល​នាំ​យក​វត្ថុ​តាង​មួយ​ចំនួន ទៅ​ពិសោធន៍​បន្ត​នៅ​រាជធានី​ភ្នំពេញ ។

ទោះជា​យ៉ាងណា គេ​មិន​ទាន់​ដឹង​ថា ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ តើ​លោកគ្រូ​ពេទ្យ​ឯកជន យ៉ែ​ម ជ្រិ​ន ត្រូវ​សាលាដំបូង​សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ ឬ​បែប​ណា​ទេ ។ ដោយឡែក មន្ត្រី​សុខាភិបាល​ខេត្ត បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ ថា ចំនួន​អ្នក​ភូមិ​ដែល​ទៅ​ធ្វើតេស្ដ​ឈាម​នៅ​មណ្ឌល​សុខភាព​ឃុំ​រកា ស្រុក​សង្កែ បាន​ថយ​ចុះ​ខ្លះ​ហើយ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បាន​ដកស្រង់​សម្តី​មន្ត្រី​ធ្វើតេស្ដ​ឈាម នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ រាជធានី​ភ្នំពេញ ដែល​អះអាង​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​អេ​ដស៍​នៅ​ឃុំ​រកា ស្រុក​សង្កែ បាន​កើនឡើង​រហូត​ដល់​១៤០​នាក់ ។ លោកគ្រូ​ពេទ្យ យ៉ែ​ម ជ្រិ​ន មិន​ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ខ្នោះ​ទេ ពេល​បណ្ដើរ​ចូល​រថយន្ត​បញ្ជូន​ទៅ​សាលាដំបូង ប៉ុន្តែ​បាន​ហែហម​ដោយ​រថយន្ត​សមត្ថកិច្ច និង​មេធាវី​ផង ។

ការ​សាកសួរ​ចម្លើយ​នៅ​សាលាដំបូង ថ្ងៃ​ទី​២១ ធ្នូ មិន​ទាន់​បាន​បញ្ចប់​ទេ គ្រូពេទ្យ​រូប​នេះ​ត្រូវ​បាន​នាំ​មក​ផ្ញើ​ទុក​នៅ​ស្នងការដ្ឋាន​មួយ​យប់​សិន រង់ចាំ​ថ្ងៃ​ទី​២២ ធ្នូ បញ្ជូន​មក​សួរ​បង្ហើយ ៕