ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​កាលពី​ថ្ងៃ​សៅរ៍

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន កាលពី​ថ្ងៃ​សៅរ៍ ទី​២០ ធ្នូ កន្លង​មកនេះ កីឡាករ​ឡាញ់ ផល្លា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា និង​កីឡាករ​ខូច វី​រៈ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ភាគច្រើន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ជាង​គូប្រកួត​ផ្សេង​ទៀត ដោយសារ​គូ​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន កាលពី​ថ្ងៃ​សៅរ៍ ទី​២០ ធ្នូ កន្លង​មកនេះ កីឡាករ​ឡាញ់ ផល្លា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា និង​កីឡាករ​ខូច វី​រៈ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ភាគច្រើន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ជាង​គូប្រកួត​ផ្សេង​ទៀត ដោយសារ​គូ​ខ្លះ​ចង់​ឈ្នះ​គូប្រកួត​ដោយ​ការ​ស៊ី​ឡាក និង​ខ្លះ​ទៀត​ប្រកួត​មិន​បាន​ដល់​ទឹក​ឡើយ ។

ឡាញ់ ផល្លា បាន​យកឈ្នះ​ពិន្ទុ ខូច វី​រៈ ទាំង​វេទនា​បំផុត ។ នៅ​ត្រឹម​ទឹក​ទី​១ ឡាញ់ ផល្លា បាន​ព្យាយាម​ដើរ​ចូល​ដើម្បី​វាយ​ជង្គង់ តែ​ត្រូវ ខូច វី​រៈ ម៉ាត់​ចូល​មុខ​ពេញ​ៗ និង​បាន​ទាត់​ជើង​ក្រោម​បណ្តាល​ឱ្យ​ដួល​ទាំង​ជំហរ​ញឹកញាប់​ទៀត​ផង ។ ទោះបី​យ៉ាងណា ឡាញ់ ផល្លា នៅ​តែ​ដើរ​ចូល​វាយ​សង​វិញ​មិន​ញញើត​បន្តិច​ណា​ឡើយ ។ ចូល​ដល់​ទឹក​ទី​២ ឡាញ់ ផល្លា បាន​ប្តូរ​យុទ្ធសាស្ត្រ​វាយ​ដោយ​ទាត់​ពី​ចម្ងាយ​វិញ និង​សម្រុកចូល​កៀក​ម្តងម្កាល​ដើម្បី​ប្រើ​កណ្តាប់ដៃ​ម៉ាត់​ទៅ​លើ​មុខ ខូច វី​រៈ វិញ ។ ការ​ប្តូរ​យុទ្ធសាស្ត្រ ថ្មី​នេះ​ហាក់​មាន​ប្រសិទ្ធភាព​ជាង​មុន ព្រោះ​ធ្វើ​ឱ្យ ខូច វី​រៈ លែង​មានឱកាស​វាយ​ចេញ​បាន​ល្អ​ដូច​មុន​ទៀត ។ នៅ​ក្នុង​ទឹក​ទី​៣ និង​ទី​៤ ទាំង​សងខាង គឺ​មាន​ប្រៀប​ប្រហាក់ប្រហែល​គ្នា បុ​៉​ន្តែ​កម្លាំង ខូច វី​រៈ ហាក់បីដូចជា​មានការ​ស្រុត​ចុះ​ជាង​មុន​បន្តិច តែ​កូនសិស្សលោក​អេ ភូ​ថង រូប​នេះ​មានចិត្ត​សឿង​គ្រាន់បើ គេ​មិន​ព្រម​ទុក​ឱកាស​ឱ្យ ឡាញ់ ផល្លា វាយ​មក​លើ​រូបគេ​ស្រេច​តែ​ចិត្ត​នោះ​ឡើយ​។ លុះ​ចូល​ទឹក​ទី​៥ ឡាញ់ ផល្លា បាន​បង្កើន​ការ​វាយលុក ដោយ​បញ្ជូន​ផ្លែ​កែង និង​ជង្គង់​វាយ​ចូល​ពោះ​ទឹក និង​សៀតផ្កា​ពេញ​តែ​ម្តង ថែម​ទាំង​ទាត់​ឱ្យ​ដួល​ច្រងាប់ច្រងិល​ទៀត​ផង ទើប​លទ្ធផល​ចុង​ក្រោយ ឡាញ់ ផល្លា បាន​ត្រឹម​ឈ្នះ​ពិន្ទុ​ដោយ​វេទនា ។

ចំណែក​លទ្ធផល​គូ​ផ្សេង សៀវ ង៉ុ​យ មក​ពី សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ បាន​ផ្តួល ស៊ឹ​ម ប៊ុ​ន​ឆៃ មក​ពី​ក្លិប​ព្រៃ​ទទឹង​បង្ក្រាប​គ្រឿងញៀន​ខេត្តបាត់ដំបង ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​២ ។ លោក​មាស សុខ​គ្រី ដែល​ជា​មន្ត្រី​នៅ​ក្នុង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​មួយ​រូប​បានឱ្យ​ដឹង​ថា គូ​នេះ ស៊ឹ​ម ប៊ុ​ន​ឆៃ មាន​បំណង​ចង់​ឈ្នះ​ការ​ប្រកួត​ដោយ​ការ​ស៊ី​ឡាក​នៅ​ពេល សៀវ ង៉ុយ បុក​មួយ​ជង្គង់​ចូល​ពោះ​ទឹក បែរជា ស៊ឹ​ម ប៊ុ​ន​ឆៃ ធ្វើ​ជា​ឈឺ​ចុកចាប់​ឱប​ត្រង់​ប្រដាប់​ការពារ​ទៅ​វិញ​ដើម្បី​ឱ្យ​គណៈកម្មការ​ពិន័យ សៀវ ង៉ុយ ដែល​បាន​វាយ​ត្រូវ​ចំ​កន្លែង​ហាមឃាត់ ។ ប៉ុន្តែ​ពេល​ចាក់​រូបភាព​ប្រកួត​សា​ឡើង​វិញ​ទាំងអស់​គ្នា​មើលឃើញ សៀវ ង៉ុយ មិន​បាន​វាយ​បំពាន​ឡើយ គឺ​គេ​បាន​វាយ​ត្រូវ​ពោះ​ទឹក​ច្បាស់​ណាស់ ដូច្នេះ​គណៈកម្មការ​បាន​សម្រេច​កាត់ក្តី​ឱ្យ សៀវ ងុ​៉​យ ឈ្នះ​ការ​ប្រកួត​ដោយ​ស្វ័យប្រវត្តិ ។

នៅ​លើ​សង្វៀន​ដដែល កីឡាករ​រី សេរី​ចាន់​ឌី​ន បាន​ប្រើ​ស្នៀត​កែង​វាយ​ផ្តួល​កីឡាករ​សេរី រតនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​២ ។ កីឡាករ​ប៊ឺ​ត ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន បាន​យកឈ្នះ មាស ឆូ​យ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ​ដោយ​ពិន្ទុ និង​កីឡាករ​សាន ពុទ្ធិ​សុ​តេ មក​ពី​ក្លិប​គុន​ខ្មែរ​អង្គរ បាន​ផ្តួល​កីឡាករ​បេន សុ​ភ័​ក្រ មក​ពី​មជ្ឈមណ្ឌល​កីឡា​ខេមរភូមិន្ទ ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​២ ប៉ុ​ណ្ណោះ ៕