ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង ឌី​ណា បំបាក់​គូប្រកួត​យក​ពាន​ទូរទស្សន៍​បាយ័ន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត កូនសិស្ស​របស់​លោក ជួន សំណាង មក​ពី​ក្លិប​បាត់ដំបង​ពាយ័ព្យ បាន​ក្លាយជា​អ្នក​ឈ្នះ​ទាល់តែ​បាន ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន និង​ប្រាក់​លាន​ដ៏​ស្វិតស្វាញ​កាលពី​ថ្ងៃ​ទី​២០ ធ្នូ នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន ។ កីឡាករ សំណាង ឌី​ណា បាន​បង្ហាញ​នូវ​មោទនភាព​យ៉ាង​ខ្លាំង

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត កូនសិស្ស​របស់​លោក ជួន សំណាង មក​ពី​ក្លិប​បាត់ដំបង​ពាយ័ព្យ បាន​ក្លាយជា​អ្នក​ឈ្នះ​ទាល់តែ​បាន ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន និង​ប្រាក់​លាន​ដ៏​ស្វិតស្វាញ​កាលពី​ថ្ងៃ​ទី​២០ ធ្នូ នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន ។ កីឡាករ សំណាង ឌី​ណា បាន​បង្ហាញ​នូវ​មោទនភាព​យ៉ាង​ខ្លាំង បន្ទាប់​ពី​ធ្វើ​ឲ្យ​ក្ដី​ស្រមៃ​របស់​ខ្លួន​ក្លាយជា​ការ​ពិត​នៅ​វគ្គ​ចុង​ក្រោយ ។

នេះ​ជា​ការ​ប្រកួត​ដណ្ដើម​ពាន និង​ប្រាក់​លាន​លើក​ទី​៤ ដែល​តម្រូវ​ឲ្យ​កីឡាករ សំណាង ឌី​ណា ឆ្លងកាត់​នូវ​ការ​ប្រកួតប្រជែង​បញ្ជាក់​ពី​សមត្ថភាព​ជា​ច្រើន​អន្លើ មុន​ឈាន​មក​ដល់​ការ​ប្រកួត​ផ្ដាច់ ព្រ័ត្រ​ប៉ះ​ជាមួយ​កីឡាករ សយ សី មក​ពី​ក្លិប​ពន្លឺ​វិបុល​រិ​ទ្ធី​នោះ ។ យោង​តាម​ការ​ប្រកួត​ភាគី​ទាំង​សងខាង​សុទ្ធតែ​មាន​ចំណុច​ល្អ​រៀងខ្លួន ។ កីឡាករ សយ សី ដ្បិតថា​មិនសូវ​លោត​ខ្លាំង​ក្នុង​ពិភព​ប្រដាល់ ក៏​កម្រិត​ប្រកួត និង​ស្នាដៃ​របស់​លោក​ល្អ​មិន​អាច​មើល​ស្រាល​សម្រាប់​ការ​ប្រកួត​នោះ ជា​ពិសេស​ស្នៀត​មា​៉​ត់ កែង និង​ទាត់ ។ ការ​ប្រកួត​នេះ កីឡាករ​សយ សី ហាក់​មាន​ជំនឿ​ចិត្តច្រើន​ជាង​ក្នុង​ការ​ដណ្ដើម​យក​ពាន ដោយ​មាន​ទាំង​អ្នក​ទស្សនា ដែល​ជា​អ្នកគាំទ្រ​ធ្វើ​កម្រង​ក្រដាសប្រាក់​ពាក់​ឲ្យ​ព្រោងព្រាត និង​មាន​ក្មេង​ៗ២​នាក់​ឈរ​អម​នៅ​វគ្គ​ប្រកាស​លទ្ធផល រំលេច​ឲ្យ​ឃើញ​នូវ​កិត្តិយស​លុប​លើ​គូប្រកួត​នោះ​ផង ។ អ​ញ្ចឹ​ង​ហើយ ទើប​កីឡាករ​រូប​នេះ និង​អ្នកគាំទ្រ​មានការ​ខកចិត្ត​ដូច​ធ្លាក់​ពីលើ​ទួល​ខ្ពស់ បន្ទាប់​ពី​ត្រូវ​ប្រកាស​ថា​ចាញ់ ដែល​មាន​ន័យ​ថា ម្ចាស់​ពាន​កិត្តិយស​អនុស្សាវរីយ៍​របស់​ទូរទស្សន៍​បាយ័ន​ជំនាន់​ទី​៤​ប្រចាំឆ្នាំ​២០១៤ គឺ ជា​របស់​កីឡាករ សំណាង ឌី​ណា ដែល​ជា​កូនសិស្ស​សំណព្វចិត្ត​របស់​លោក​ជួន សំណាង មន្ត្រី​អ្នក​ផ្ដល់​ពិន្ទុ​របស់​ស្ថានីយទូរទស្សន៍​មួយ​នេះ ។ ទោះជា​មានការ​លើក​ឡើង​ថា ជ័យជម្នះ​របស់ សំណាង ឌី​ណា មាន​លោក ជួន សំណាង ជា​គ្រូបង្វឹក​នៅ​ពីក្រោយ ក៏​ការ​ប្រកួត​ជាក់ស្ដែង​នៅ​តែ​មើលឃើញ​កីឡាករ​ដែល​ឈ្នះ គឺ​សម​នឹង​ឈ្នះ និង​សម​ក្លាយជា​ម្ចាស់​ពាន​ពិតប្រាកដ​។ ការ​ប្រកួត​នេះ ត្រូវ​គេ​ឃើញ​ផ្ទុះ​ឡើង​នូវ​សំឡេង​ទះដៃ និង​គាំទ្រ​យ៉ាង​កងរំពង ពិសេស​នៅ​ពេល​ដែល​កីឡាករ​បង្គោល​ក្រហម និង​បង្គោល​ខៀវ បើក​ឆាកប្រយុទ្ធ​ដាក់​គ្នា​ទាំង​៥​ទឹក ដោយ​មិន​មានការ​សំចៃ​ដៃ ។

លោក ជួន សំណាង ជា​គ្រូបង្វឹក​របស់​អ្នក​ឈ្នះ​បាន​បង្ហោះ​រូប និង​សរសេរ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ភ្លាម​ៗ​ថា ជា​កិត្តិយស​ដ៏​កម្រ​ដែល​កីឡាករ​នៅ​ក្នុង​ក្លិប​របស់​លោក​ធ្វើ​បាន​សម្រេច​នៅ​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​មួយ​នេះ ។ លោក​បាន​សរសេរ​ថា​៖ «​កូនសិស្ស​ខ្ញុំ សំណាង ឌី​ណា​ក្លិប​កីឡាប្រដាល់​បាត់ដំបង​ពាយ័ព្យ​បាន​ទទួល​ជ័យជម្នះ​ហើយ​បងប្អូន​» ។ លោក​បន្ថែម​ថា ពានរង្វាន់​កិត្តិយស​ដែល សំណាង ឌី​ណា ទទួល​បាន​នេះ មិនមែន​កើតឡើង​ពី​សមត្ថភាព​ប្រកួត និង​សមត្ថភាព​បង្វឹក​របស់​លោក​តែ​២​មុខ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ការ​លើកទឹកចិត្ត​ដ៏​ខ្លាំងក្លា​របស់​មហាជន​ជា​រួម​តែ​ម្ដង ។ ទោះបី​យ៉ាងណា កូនសិស្ស​តែ​ម្នាក់​របស់​លោក ដែល​បាន​ទទួល​កិត្តិយស ហើយ​ក៏​មិនមែន​ជា​លើក​ទី​១​របស់​កីឡាករ សំណាង ឌី​ណា នោះ​ទេ ដោយសារ​តែ​កន្លង​មក ក៏​មានកូន​សិស្ស​របស់​លោក​ផ្សេង​ទៀត​បាន​ទទួលលទ្ធផល​ល្អ​បែប​នេះ ឯ​សំណាង ឌី​ណា ផ្ទាល់ ក៏​ធ្វើ​ឲ្យ​មានការ​ទទួលស្គាល់​មក​ដែរ ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។  លោក​ជួន សំណាង ប្រាប់​ថា កូនសិស្ស​របស់​លោក​ទទួល​បាន​ទឹកប្រាក់​២​លាន​២​សែន​រៀល និង​ពាន​កិត្តិយស​មួយ ខណៈ​ពាន​ដែល សំណាង ឌី​ណា ទទួល​បាន គឺ​តំណាង​ឲ្យ​ឈ្មោះ​ក្លិប​ទាំងមូល ដែល​ជា​មុខមាត់​ទាំងអស់​គ្នា ។  ក្នុង​នាម​ជា​គ្រូបង្វឹក លោក​ស្ដែង​ចេញ​នូវ​មោទនភាព​យ៉ាង​ខ្លាំង ដែល​ឃើញ​កូនសិស្ស​អាច​បំបាក់​កីឡាករ​សយ សី ដែល​ជា​ជើង​ខ្លាំង ហើយ​យក​តំណែង​ម្ចាស់​ពាន​ជំនាន់​ទី​៤ បាន​សម្រេច ។

លោក សូ សា​រិ មន្ត្រី​ទំនាក់ទំនង​ផ្នែក​កីឡាប្រដាល់​ប្រាប់​ថា ការ​ប្រកួត​នេះ មាន​បំណង​តែ​មួយ​គត់ គឺ​បំផុស​កីឡាករ​វ័យក្មេង​ក្នុង​ប្រភេទ​ទម្ងន់​ស្រាល គឺ​៥១​គីឡូក្រាម ដែល​ពុំ​សូវ​មានការ​ចាប់អារម្មណ៍​ឲ្យ​មាន​កិត្តិយស និង​មុខមាត់​នៅ​ក្នុង​ពិភព​ប្រដាល់ ។ បើ​ទោះជា​ការ​ប្រកួត​នេះ មិន​មាន​លក្ខណៈ​សាំញ៉ាំ ដូច​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ក៏​វា​ជា​ការ​ប្រកួត​មួយ ដែល​ជួយ​ឲ្យ​កីឡាករ​ដែល​បាន​ចូល​ប្រកួត ត្រូវ​បាន​មហាជន​កត់សម្គាល់ និង​ល្បីឈ្មោះ​ក្រោយ​ពេល​ប្រកួត​ឈ្នះ​នោះ​ដែរ ។ ក្នុង​ឆ្នាំ​២០១៥​ខាង​មុខ ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ពាន​កិត្តិយស​បែប​នេះ នឹង​មាន​កាន់តែ​ច្រើន​ថែម​ទៀត ដោយ​ផ្ដោត​ជា​សំខាន់​ឲ្យ​កីឡាករ​ក្មេង​ៗ ដែល​ប្រកួត​ល្អ បាន​ល្បីឈ្មោះ និង​មានការ​ចាប់អារម្មណ៍ ។ លោក​និយាយ​ថា កីឡាករ​ទម្ងន់​ស្រាល​មិនសូវ​មានការ​ចាប់អារម្មណ៍​ឲ្យ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នោះ​ទេ ប៉ុន្តែ​បើ​ពួក​គេ​មានឈ្មោះ​ថា ជា​ម្ចាស់​ពាន​នេះ ឬ​ម្ចាស់​ពាន​នោះ ក៏​ប្រសើរ​ជាង​ការ​ប្រកួត​ឈ្នះ​ធម្មតា​ៗ​ផង​ដែរ ។ ជាក់ស្ដែង​ក្នុង​ការ​ប្រកួត​កន្លង​មក កីឡាករ​ម្ចាស់​ពាន​៣​ជំនាន់​មុន​ៗ សុទ្ធតែ​ល្បីឈ្មោះ​រួច​មក​ហើយ បន្ទាប់​ពី​ឈ្នះ​ពាន​ដូច​គ្នា​នេះ ។ មិន​ខុស​គ្នា លោក​ក៏​ជឿ​ថា សំណាង ឌី​ណា នឹង​ទទួល​បាន​ភាព​ល្បីល្បាញ​ក្នុង​ពេល​ដ៏​ខ្លី​ដូច​គ្នា ៕