ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ម្នាក់​ធ្លាក់ខ្លួន​ឈឺ​ប្រពន្ធ​រត់​ចោល​ សូ​ម្បី​តែ​មុង​ក៏មិន​ទុក​ឲ្យ​ដេក

9 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​តម្នាក់​ធ្លាក់ខ្លួន​ឈឺ ​កើត​ជម្ងឺលើសឈាម​ ធ្វើការ​ធ្ងន់​មិន​បាន ​ត្រូវ​នាង​ជា​ប្រពន្ធ​នាំ​កូនស្រី​ចុះ​ចេញពីផ្ទះ​បាត់ ​មិនតែប៉ុណ្ណោះ​ឆ្នាំង​ ចាន ​មុង ​ភួយ ​ក៍​ប្រមូល​ទៅ​អស់​ដែរ​ ​

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​តម្នាក់​ធ្លាក់ខ្លួន​ឈឺ ​កើត​ជម្ងឺលើសឈាម​ ធ្វើការ​ធ្ងន់​មិន​បាន ​ត្រូវ​នាង​ជា​ប្រពន្ធ​នាំ​កូនស្រី​ចុះ​ចេញពីផ្ទះ​បាត់ ​មិនតែប៉ុណ្ណោះ​ឆ្នាំង​ ចាន ​មុង ​ភួយ ​ក៍​ប្រមូល​ទៅ​អស់​ដែរ​ ​ហើយ​រស់នៅ​២​នាក់​ឪពុក​បង្កើត ​វ័យ​ជិត​៩០​ឆ្នាំ ​ជា​ចាស់ជរា​ កើត​ជម្ងឺលើសឈាម​ដូច​គ្នា ​មើលទៅ​ពិតជា​គួរ​ឲ្យ​វេទនា​ភ្នែក ​។

​អាវុធហត្ថ​ដែល​ប្រពន្ធ​ចុះ​ចោល​នោះ​ឈ្មោះ ​គង់​ បូ​ឡា​ អាយុ​៥៣​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ ក្នុងភូមិ​ក្បាលកោះ​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ​។​ ​បន្ទប់​ជួល​ដែលលោកគង់​ បូ​ឡា​​ស្នាក់​នៅ​គេ​ពុំ​ឃើញ​មាន​ មុង​ ភួយ ​ឬ​ឆ្នាំង​ចាន​ឡើយ ​ហើយ​ត្រូវ​បុរស​កំសត់​រូប​នេះ​ប្រាប់​ថា ​នាង​ជា​ប្រពន្ធ​របស់​គាត់​ប្រមូល​ទៅ​អស់ពី​ផ្ទះ​ ហើយគាត់ក៏បាន​នាំ​អ្នកស្រុក ​និង​ប្រជា​ការពារ​ភូមិ​ចូល​មើលដល់ក្នុង​បន្ទប់ដេក​ និង​បន្ទប់​បាយ​ទៀត​ផង​ ។

​ដោយ​មើលឃើញ​ពី​ទុក​លំបាក​របស់​បុរស​ខាងលើ​ ជាមួយ​ឪពុក​វ័យ​ចំណាស់​ អ្នកស្រុក​បាន​នាំ​គ្នា​យក​បាយ ​ទឹក ​ទៅ​ឲ្យ​ ហើយ​ប្រជា​ការពារ​ភូមិ​ប៉ោយ​ប៉ែ​តម្នាក់​ឈ្មោះ​ញ៉ឺ​ង ​គ្រី​ម ​អាយុ​៥៤​ឆ្នាំ ​និង​ប្រពន្ធ ​បាន​យក​មុង​ និង​ភួយ ​ទៅ​ជួយ​ដល់​គ្រួសារ​ខាងលើ​នេះ ​ព្រោះ​គិត​ថា​ ជា​រដូវ​​រងារធ្លាក់ខ្យល់ត្រជាក់​ពិបាក​ក្នុង​ការ​ដេក​ពួន​ ។ ​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ចុះ​ចេញ​របស់​នាង​ជា​ប្រពន្ធ​ជាមួយ​កូនស្រី​វ័យ​៦​ឆ្នាំ​នៅឡើយ​ទេ ​។ ​ខ​ណៈអ្នក​យក​ព័​ត៏​មាន​ធ្វើការ​សួរនាំ​ពី​ដំណើរ​ដើមរឿង​ បុរស​ប្រពន្ធ​ចុះ​ចោល​ប្រាប់​ថា ​មុន​ហេតុការណ៍​កើតឡើង​ ក្នុង​គ្រួសារ​របស់​គាត់​មាន​ជម្លោះ​ពាក្យ​សម្ដី​តិចតួច ​លុះ​គាត់​រវល់​ចេញ​ទៅ​ក្រៅ​ត្រឡប់​មក​វិញ​ ស្រាប់តែ​ក្នុង​បន្ទប់​ជួល​បាត់​អស់​ឥ​វ៉ា​ន់​តែ​ម្ដង ​ឃើញ​តែ​ឪពុក​បង្កើត​វ័យ​៨៩​ឆ្នាំ ​ដេក​នៅផ្ទះ​តែ​ម្នាក់ឯង​ ។​ ទោះជា​យ៉ាងណា​ស្ត្រី​ជា​ប្រពន្ធ​របស់​អាវុធហត្ថ​ខាងលើ​ ដែល​រង​ការ​ចោទប្រកាន់​ថា ​ចុះ​ចោល​ប្ដី​នោះ ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ​ព្រោះ​មិនដឹង​ថា ​ទៅ​ស្នាក់​នៅ​ទីណា​ ម្យ៉ាង​មិន​ស្គាល់​លេខ​ទូរស័ព្ទ ​ហើយ​ពេល​ដែល​អ្នក​យក​ព័​ត៏​មាន​សួរ​រក​លេខ​ទូរស័ព្ទ​ ត្រូវ​បុរសអភ័ព​រូប​នេះ​ប្រាប់​ថា ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​របស់​ប្រពន្ធ​ឡើយ ​ហើយ​គាត់និយាយ​ថា​ «មិន​ដែល​ឃើញ​សោះ​ ហួសហេតុ​ ហួសនិស្ស័យ​» ។​

អ្នកស្រុក​និយាយ​ថា ​សមត្ថកិច្ច​ខាងលើ​នេះ​គាត់ក្រ ​ជាងគេ​ក្នុង​ចំណោម​សមត្ថកិច្ច​នានា ​ហើយ​បន្តថា​ ក្រោយ​ធ្លាក់ខ្លួន​ឈឺ​ជាង​មួយ​ឆ្នាំ​នេះ​ អ​តី​ត​មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ពី​មុន ​គឺ​លោក​ ហម ​ម៉ុ​ត ​ដែល​ទើបតែ​ស្លាប់​នៅ​ឯ​ភ្នំពេញ​ និង​មេបញ្ជាការ​អាវុធហត្ថ​ថ្មី​លោក ​ជា ​ដា ​មិន​បាន​ព្រងើយកន្តើយ​ចំពោះ​ទុក​លំបាក​គ្រួសារ​នេះ​ទេ ​តែងតែ​ជួយ​ផ្ដល់​ជា​ថវិការ​ខ្លះ​ដែរ​ ។ ​សង្ឃឹមថា​ ក្រោយ​ការ​ផ្សព្វផ្សាយ​ សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​ ពិសេស​អាជ្ញាធរ​សង្កាត់ ​និង​ក្រុង ​និង​ជួយ​ដល់​គ្រួសារ​នេះ​ជាក់​ជា​មិន​ខាន​ ៕​