ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​តែ​នាំ​គ្នា​មក​ធ្វើតេស្ត​ឈាម​ ចំនួន​​អ្នក​ឆ្លង​អេដស៍​ត្រូវ​​បាន​បិទ​បាំង​រក្សា​ត្រឹម​១០៦​នាក់​

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ការ​ភ្ញាក់ផ្អើល​ពី​ការ​ឆ្លង​មេរោគ​អេ​ដស៍​នៅ​ក្នុងភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ដែល​ធ្វើ​ឱ្យ​រំជើបរំជួល​យា​៉​ង​ខ្លាំង​នោះ រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ធ្នូ ប្រជាពលរដ្ឋ​នៅ​តែ​នាំ​គ្នា​មក​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដស៍​គ្រប់​ៗ​គ្នា

ខេត្តបាត់ដំបង ៖ ការ​ភ្ញាក់ផ្អើល​ពី​ការ​ឆ្លង​មេរោគ​អេ​ដស៍​នៅ​ក្នុងភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ដែល​ធ្វើ​ឱ្យ​រំជើបរំជួល​យា​៉​ង​ខ្លាំង​នោះ រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ធ្នូ ប្រជាពលរដ្ឋ​នៅ​តែ​នាំ​គ្នា​មក​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដស៍​គ្រប់​ៗ​គ្នា និង​ពោរពេញ​ដោយ​ការ​ព្រួយបារម្ភ​ផង​ដែរ តែ​ចំនួន​អ្នក​មក​ធ្វើតេស្ត​ឈាម​គិត​ត្រឹម​រសៀល​ថ្ងៃ​១៩ ធ្នូ គឺ​មានការ​ថយ​ចុះ ។ ប៉ុន្តែ​ចំពោះ​ព័ត៌មាន​ពី​តួលេខ​ដែល​បាន​រក​ឃើញ​បន្ថែម​ទៅ​លើ​ចំនួន​១០៦​នាក់ ដែល​សង្ស័យ​ឆ្លង​មេរោគ​អេ​ដស៍​នោះ​មិន​ត្រូវ​បាន​ទម្លាយ​ឱ្យ​អ្នករាយការណ៍​ព័ត៌មាន​តទៅ​ទៀត​ទេ ដែល​វិធានការ​នេះ​ដើម្បី​ទប់ស្កាត់​ការ​កើត​ចលាចល​កាន់តែ​ធ្ងន់ធ្ងរ ។

លោក អឹ​ុ​ម ចិ​ត្រា នាយក​ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​ស្រុក​សង្កែ បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ មាន​ប្រជាពលរដ្ឋ​មក​ច្រើន និង​ទទួល​បានការ​យល់​ដឹង​បន្ថែម​ទៀត តាម​រយៈ​វត្តមាន​លោក​រដ្ឋមន្ត្រី ម៉​ម ប៊ុ​ន​ហេង ដែល​សុំ​កុំឱ្យ​មានការ​ព្រួយបារម្ភ ដោយ​ទុក​ឱ្យ​មន្ត្រី​ជំនាញ​តាមដាន​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ឆ្លង និង​ប្រភេទ​មេរោគ​នេះ​ឱ្យ​បាន​ច្បាស់លាស់​សិន ។

លោក ឈឿ​ម វា​៉​ត ដែល​មាន​បន្ទុកគ្រួសារ​៤​នាក់ គឺ​ប្តី ប្រពន្ធ និង​កូន​២​នាក់ ហើយ​នាំ​គ្នា​មក​ពិនិត្យ​នៅ​រសៀល​ថ្ងៃ​ទី​១៩ ធ្នូ និយាយ​ថា លោក​មិន​ជឿ​ថា​ក្នុង​ខ្លួន​របស់​លោក និង​ក្រុម​គ្រួសារ​មាន​ផ្ទុកមេរោគ​នេះ​ទេ តែ​ដោយ​ការ​សង្ស័យ និង​មាន​ក្តី​បារម្ភ​ក្រែង​ដឹង​មិន​អស់​ដោយ​ប្រការ​ណាមួយ​នោះ ពេល​នេះ​ត្រូវ​តែ​មក​ពិនិត្យ​ឱ្យ​ឃើញជាក់ស្តែង​តែ​ម្តង​ទៅ កុំឱ្យ​មានការ​សង្ស័យ​អ្វី​ទៀត ហើយ​បាន​ពិនិត្យ​រួច​ហើយ គឺ​ពិតជា​គ្មាន​មេរោគ​នេះ​នៅ​ក្នុង​ខ្លួន និង​ក្រុម​គ្រួសារ​មែន ទើប​លោក​អស់​ការ​សង្ស័យ ។

លោក ស៊ូ សានិ​ត ប្រធាន​មជ្ឈមណ្ឌល​ការពារ​ជំងឺឆ្លង មេរោគ​អេ​ដស៍ និង​រោគ​សើ​ស្បែក​ខេត្តបាត់ដំបង បាន​បញ្ជាក់​ដែរ​ថា ចំនួន​ពលរដ្ឋ​ដែល​បាន​មក​ធ្វើតេស្ត​ឈាម​ក្នុង​ថ្ងៃ​១៩ ធ្នូ មានការ​ថយ​ចុះ​គឺ​មាន​ប្រមាណ​២០០​នាក់​ប៉ុណ្ណោះ តែ​កាលពី​ថ្ងៃ​១៧ ធ្នូ មាន​ប្រមាណ​៣០០​នាក់ ។ ចំពោះ​លទ្ធផល​វិជ្ជមាន​នោះ​ស្ទើរតែ​គ្មាន ព្រោះ​អ្វី​ៗ​អាច​វិល​ទៅ​រក​ភាពល្អ​ប្រសើរ​បន្តិច​ម្តង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ឯ​តួលេខ​ដែល​វិជ្ជមាន​សុំ​រក្សា​ដដែល គឺ​ចំនួន​១០៦​នាក់ ។ លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២០ ធ្នូ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចុះ​មក​សាកសួរ​សុខទុក្ខ និង​ជួយ​ពង្រឹងស្មារតី​ចំពោះ​ព័ត៌មាន​ភ្ញាក់ផ្អើល​កន្លង​មកនេះ ហើយ​អ្វី​ៗ​អាច​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​នៅ​ពេល​មន្ត្រី​ជំនាញ​ជាតិ និង​អន្តរជាតិ​កំពុង​ពិនិត្យ​ស្រាវជ្រាវ​បន្ត ។

កាលពី​ថ្ងៃ​ទី​១៨ ធ្នូ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ទាក់ទិន​ទៅ​នឹង​ការ​ភ្ញាក់ផ្អើល​ពី​ការ​ឆ្លង​មេរោគ​អេ​ដស៍រ​ហូត​ដល់​ជាង​១០០​នាក់​តែ​ក្នុង​រយៈពេល​បុ​៉​ន្មា​ន​ថ្ងៃ​នោះ​ថា​មិន​គួរ​ឱ្យ​ជឿ​ទេ ព្រោះ​វា​ធ្ងន់ធ្ងរ​ពេក ។ ទោះបីជា​បែប​ណា សម្តេច​តេ​ជោ​បាន​ជំរុញ​ឱ្យ​ក្រុម​មន្ត្រី​ជំនាញ​ធ្វើការ​ផ្ទៀងផ្ទាត់​ឱ្យ​បាន​ច្បាស់លាស់​ពី​ការ​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដស៍​នេះ​ថា តើ​ជា​ការ​ឆ្លង​មេរោគ​អេ​ដស៍​មែន ឬ​បែប​ណា ?