ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​នៅពីក្រោយ​ខ្នង​​នៃ​ការ​គប់​គ្រាប់បែក គឺ​ចៅ​សង្កាត់​គោករកា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​កាលពី​២​ខែ​មុន ត្រូវ​បាន​វែកមុខ​ដោយ​កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី

រាជធានី​ភ្នំពេញ ៖ ទីបំផុត អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​កាលពី​២​ខែ​មុន ត្រូវ​បាន​វែកមុខ​ដោយ​កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី បន្ទាប់​ពី​ចាប់ខ្លួន​អ្នកស៊ីឈ្នួល​គប់​គ្រាប់បែក​ម្នាក់​ក្នុង​ចំណោម​២​នាក់​ដែល​ចាប់ខ្លួន​ដោយ​កងរាជអាវុធហត្ថ​រាជធានី កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ។ ការ​ចាប់ខ្លួន​អ្នក​នៅ​ពីក្រោយ​នៃ​ការ​គប់​គ្រាប់បែក​នោះ គឺ​ចៅសង្កាត់​គោក​រកា ខណ្ឌ​ពោធិ៍​សែន​ជ័យ ប៉ុ​ន្តែ​បច្ចុប្បន្ន​សង្កាត់​នេះ​ត្រូវ​បាន​កាត់​ចូល​មក​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ។

នេះ​ជា​ការ​ភ្ញាក់ផ្អើល​មួយ​ដែល​មិន​នឹក​ស្មាន​ដល់​ថា ចៅសង្កាត់​ម្នាក់ បែរជា​មាន​ឈាមខ្មៅ​បែប​នេះ​សោះ រហូត​ជួល​ឃាតករ​ទៅ​បោក​គ្រាប់បែក​សម្លាប់​មនុស្ស ។ ការ​វាយប្រហារ​ដោយ​គ្រាប់បែក​នា​ពេល​នោះ បណ្តាល​ឱ្យ​ក្មេង​ប្រុស​ម្នាក់​ស្លាប់ និង​៥​នាក់​ផ្សេង​ទៀត​ជា​មនុស្ស​ចាស់​រង​របួសធ្ងន់ និង​ស្រាល នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ តុលា ក្នុងភូមិ​សែន​សុខ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ និង​ជា​លំនៅ​ឋាន​របស់​លោក​ចៅសង្កាត់​រង​គោក​រកា​ផង​ដែរ ។

តាម​រយៈ​ការ​វែកមុខ​នេះ បង្ហាញ​ថា អ្នក​ផ្តើមគំនិត និង​ជា​ម្ចាស់​ប្រាក់​ដែល​ជូន​ជន​ដៃដល់​គឺជា​ចៅសង្កាត់ និង​អ្នករក​ជួល​ជន​ដៃដល់ គឺជា​ប្រធាន​សហគមន៍​អណ្តូង​៦ ស្ថិត​ក្នុង​សង្កាត់​គោក​រកា​នោះ​ដែរ ។ ជនសង្ស័យ​ដែល​ជា​អ្នក​ផ្តើមគំនិត និង​ជា​ម្ចាស់​ប្រាក់​ឈ្មោះ ភី ណុ​ប ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​ចៅសង្កាត់​គោក​រកា មាន​ទីលំនៅ​ក្នុងភូមិ​សែន​សុខ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ និង​ម្នាក់​ទៀត​ឈ្មោះ ពៅ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ប្រធាន​សហគមន៍​អណ្តូង​៦ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី ឃាត់ខ្លួន​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ធ្នូ ដែល​ដំបូង​ឃាត់ខ្លួន​ឈ្មោះ ពៅ ប៊ុ​ន​ធឿ​ន នៅ​រាជធានី​ភ្នំពេញ បន្ទាប់​មក​ឈាន​ទៅ​ឃាត់ខ្លួន​ឈ្មោះ ភី ណុ​ប នៅ​ខេត្តសៀមរាប និង​នាំ​មក​កាន់​រាជធានី​ភ្នំពេញ​ទាំង​យប់ ។ លុះ​ព្រឹក​ឡើង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ប្រគល់​ជនសង្ស័យ​ទាំង​២​នាក់​ឱ្យទៅ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់ ព្រោះ​នៅ​ក្នុង​ដៃ​កងរាជអាវុធហត្ថ​បាន​ចាប់ខ្លួន​ជន​ដៃដល់​ម្នាក់​រួច​ហើយ រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​នឹង​ការ​បោក​គ្រាប់បែក​ចូល​ផ្ទះ​ចៅសង្កាត់​រង​ខាងលើ ត្រូវ​បាន​លោក​វរសេ​នីយ៍ទោ អេ​ង សោភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ តុលា មាន​ករណី​ជន​មិន​ស្គាល់​មុខ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ពណ៌​ក្រហម បាន​គប់​គ្រាប់បែក​ចូល​ផ្ទះ​ចៅសង្កាត់​រង​ឈ្មោះ ស៊ន ស៊ិ​ន អាយុ​៥៨​ឆ្នាំ ខណៈ​កំពុង​អង្គុយ​ជុំ​គ្នា​ជាមួយ​កូន និង​បងប្អូន​ហូប​បាយ​នៅ​មុខ​ផ្ទះ បណ្តាល​ឱ្យ​កូនប្រុស​អាយុ​១១​ឆ្នាំ​ម្នាក់​ស្លាប់ និង​៥​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល ។ ក្រោយ​ពី​កើត​មាន​អំពើ​បោក​គ្រាប់បែក​ចូល​ផ្ទះ​ចៅសង្កាត់​រង​នោះ​មក លោកស្នងការ​នគរបាល​រាជធានី ពិសេស​លោក​ឧត្តមសេនីយ៍ត្រី ជួន ណា​រិ​ន្ទ ស្នងការ​រង និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ បាន​ខិតខំ​ជំរុញ​ឱ្យ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​ស្រាវជ្រាវ វែកមុខ​អ្នក​វាយប្រហារ​ដោយ​គ្រាប់បែក​នេះ ។

លោក អេ​ង សោភា បន្ត​ថា ការ​ខិតខំ​ប្រឹងប្រែង និង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោកស្នងការ​រង​ទទួល​ការងារ​ជំនាញ ទើប​យើង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​អ្នក​ផ្តើមគំនិត និង​អ្នក​ជួល​ជន​ដៃដល់​ដូច​មានឈ្មោះ​រៀបរាប់​ខាងលើ ។ មុន​នេះ​ជន​ដៃដល់​ម្នាក់​ឈ្មោះ ធួន សំ​រិ​ទ្ធ ហៅ​ម៉ា​ប់ ត្រូវ​បាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​បាន ។

តាម​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ ភី ណុ​ប បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា បានជា​ខ្លួន​មានគំនិត​រក​ជួល​ឃាតករ​ដៃដល់​ទៅ​បោក​គ្រាប់បែក​ដាក់​ផ្ទះ​លោក ស៊ន ស៊ិ​ន ជា​ចៅសង្កាត់​រង​នោះ ព្រោះ​ខ្លួន​មានគំនិត​ច្រណែនឈ្នានីស​ក្នុង​មុខរបរ​រកស៊ី​ទិញ​-​លក់​ដីធ្លី និង​ពាក់ព័ន្ធ​នឹង​ការងារ ។ ដោយសារ​តែ​គំនុំ ថ្ងៃមួយ​ខ្លួន​បាន​ទៅ​ពឹងពាក់​ឈ្មោះ ពៅ ប៊ុ​ន​ធឿ​ន ប្រធាន​សហគមន៍​អណ្តូង​១ ឱ្យ​ជួយ​រក​ជួល​ជន​ដៃដល់​ទៅ​បោក​គ្រាប់បែក​ចូល​ផ្ទះ​ចៅសង្កាត់​រង​នោះ ដើម្បី​សម្លាប់​កុំឱ្យ​ទើសមុខ ។ ពេល​នោះ​ឈ្មោះ ប៊ុ​ន​ធឿ​ន ក៏​ទៅ​ជួល​បាន​មនុស្ស​២​នាក់​ឱ្យធ្វើ​ការងារ​នេះ ដោយ​ពួក​គេ​បាន​ព្រមព្រៀង​គ្នា​យក​តម្លៃ​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ក្រោយ​ពី​ព្រមព្រៀង​ហើយ ខ្លួន (​ភី ណុ​ប​) បាន​ប្រគល់​គ្រាប់បែក​១​គ្រាប់​ឱ្យទៅ​ជន​ដៃដល់ និង​ទិញ​ម៉ូតូ​១​គ្រឿង​សម្រាប់​ជិះ​ធ្វើ​សកម្មភាព ព្រោះ​ក្រុម​ជន​ដៃដល់​ជា​យុវជន​គ្មាន​គោលដៅ និង​ជា​ក្រុម​ញៀន​ថ្នាំ ។

ពេល​ប្រគល់​គ្រាប់បែក​ទៅ​ជន​ដៃដល់​ហើយ នៅ​យប់​ថ្ងៃ​ទី​៩ តុលា ជន​ដៃដល់​បាន​ទៅ​បោក​គ្រាប់បែក​ចូល​ផ្ទះ​លោក ស៊ន ស៊ិ​ន តាម​ការ​សន្យា​ជួល​នោះ​មែន បុ​៉​ន្តែ​ពេល​គ្រាប់បែក​ផ្ទុះ​មិន​បាន​សម្លាប់​ចំ​គោលដៅ​ដែល​ខ្លួន​ចង់បាន​ទេ ពោល​គឺ​មិន​បាន​ធ្វើ​ឱ្យ​គូសត្រូវ​ស្លាប់​នោះ ខ្លួន​ក៏​ឱ្យប្រាក់​ទៅ​ជន​ដៃដល់​ត្រឹម​៥​ពាន់​ដុល្លារ​បុ​៉​ណ្ណោះ និង​ម៉ូតូ​ម៉ាក​អេស​អិ​ល​១​គ្រឿង ។ ជនសង្ស័យ​សារភាព​ទៀត​ថា ក្រោយ​ពី​សំឡេង​គ្រាប់បែក​ផ្ទុះ បើ​ទោះបី​មិន​បាន​បំពេញ​បំណង​១០០​ភាគរយ​យ៉ាងណា​ក្តី រំលង​បាន​១​ថ្ងៃ​ខ្លួន​ក៏​គេច​ទៅ​ប្រទេស​ថៃ​មួយ​រយៈ​ដើម្បី​រង់ចាំ​ស្តាប់​មើល​ការ​សើ​ុ​ប​អង្កេត​របស់​សមត្ថកិច្ច តើ​មានការ​សង្ស័យ ឬ​សន្និដ្ឋាន​បែប​ណា ? បុ​៉​ន្មា​ន​ថ្ងៃនេះ ពេល​វិល​មក​ពី​ប្រទេស​ថៃ​វិញ បាន​ទៅ​ស្នាក់​អាស្រ័យ​នៅផ្ទះ​បងប្អូន​ឯ​ខេត្តសៀមរាប ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ។

លោក​ឧត្តមសេនីយ៍ត្រី ជួន ណា​រិ​ន្ទ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្រាវជ្រាវ និង​ចាប់ខ្លួន បុ​៉​ន្តែ​ដោយ​ករណី​ខាងលើ​នេះ បុ​៉​ន្មា​ន​ថ្ងៃមុន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​បាន​ឃាត់ខ្លួន​ជន​ដៃដល់​ម្នាក់ ដូច្នេះ​បានជា​លោកស្នងការ​តម្រូវ​ឱ្យ​ប្រគល់​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តែ​ម្តង​ទៅ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៣ ធ្នូ កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​ជន​ដៃដល់​បោក​គ្រាប់បែក​ឈ្មោះ នួន សំ​រិ​ទ្ធ ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ។ បន្ទាប់​ពី​ចាប់ខ្លួន​ជនសង្ស័យ​សារភាព​ថា ក្រោយ​ពី​បោក​គ្រាប់បែក​ខ្លួន​ទទួល​បាន​តែ​ម៉ូតូ​១​គ្រឿង និង​ប្រាក់​៥០០​ដុល្លារ​អា​មេ​រិ​ក​ទេ ដោយ​ម្ចាស់​អ្នក​ជួល​ថា គប់​មិន​ចំ​គោលដៅ ហើយ​គាត់​ក៏​គេចខ្លួន​បាត់ ឯ​រូបគេ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ៕