ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​សភា​អនុម័ត វិសោធនកម្ម​​បទ​បញ្ជា​ផ្ទៃ​ក្នុង​ ដើម្បី​​រើស​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​ភាគ​តិច​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រដ្ឋ​សភា ​បាន​បោះ​​ឆ្នោត​ដោយ​សំឡេង​គាំ​ទ្រ១០២​សំឡេង លើ​១០២​សំឡេង ​ក្នុង​ការ​​ធ្វើ​វិសោធ​នកម្ម​បទ​បញ្ជា​ផ្ទៃ ​ក្នុង​ជំពូក​ទី​១២ ប្រការ​៤៨​ថ្មី (​ពីរ) និង​ប្រការ​៤៨​ថ្មី (បី)

​រាជធានីភ្នំពេញ ៖ រដ្ឋ​សភា ​បាន​បោះ​​ឆ្នោត​ដោយ​សំឡេង​គាំ​ទ្រ១០២​សំឡេង លើ​១០២​សំឡេង ​ក្នុង​ការ​​ធ្វើ​វិសោធ​នកម្ម​បទ​បញ្ជា​ផ្ទៃ ​ក្នុង​ជំពូក​ទី​១២ ប្រការ​៤៨​ថ្មី (​ពីរ) និង​ប្រការ​៤៨​ថ្មី (បី) ​កាល​ពី​ព្រឹក​ថ្ងៃទី​១៩ ​ធ្នូ ជា​ការ​​ត្រួស​ត្រាយ​ផ្លូវ​បង្កើត​​ឱ្យ​​មាន​ប្រធាន​ក្រុម​តំណាង​​រាស្ត្រ មតិភាគ​តិច​​ក្នុង​រដ្ឋ​សភា ដែល​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋ​មន្ត្រី ។ ​

បន្ទាប់​ពី​ចប់​សម័យប្រជុំ​សភា​ លោក​ សម រង្ស៊ី ​​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា រូប​លោក​នឹង​លើកយក​បញ្ហា​ជា​ច្រើន​ដែល​កំពុង​កើត​មាន​នា​ពេល​បច្ចុប្បន្ន​ទៅ​ជជែក​ជាមួយ​ប្រមុខ​រាជ​​រដ្ឋាភិបាល ។ បញ្ហា​ដែល​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​សព្វថ្ងៃ មាន​​សេដ្ឋកិច្ច ​បញ្ហាសង្គម បញ្ហា​នយោបាយ បញ្ហា​តុលាការ ​ជនជាប់​ចោទ​នៅ​បន្ត​ឃុំខ្លួន​​ដោយ​អយុត្តិធម៌ ។ រាល់​បញ្ហា​ជា​ច្រើន​ដែល​នៅ​កើត​មាន​មិន​ទាន់​ដោះស្រាយ​ចប់នោះ​ ហើយ​ដើម្បី​បញ្ចប់​រាល់​បញ្ហា​ទាំង​អស់​ត្រូវ​តែ​មាន​ការ​ជជែក​គ្នា​ រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ ។ ទោះ​បី​​ជា​បែប​​ណា លោក សម រង្ស៊ី ​មិនបាន​បញ្ជាក់​ថា លោក​នឹង​ក្លាយ​ជា​​ប្រធាន​ក្រុម​មតិ​ភាគ​តិច​ឬ​យ៉ាងណា​នោះទេ ​ដោយ​​លោក​​និយាយ​ថា ទាល់​តែ​ការ​ធ្វើ​ច្បាប់​នេះ​ឱ្យ​ចប់​រួច​រាល់​សិន ។

លោក ​សម រ​ង្ស៊ី​ បញ្ជាក់​ថា​ ​មានរឿង​ច្រើន​ណាស់​សម្រាប់​ជជែក​ជាមួយ​នាយក​រដ្ឋមន្ត្រី ទុកឲ្យ​គិត និង​សរ​សេរ​សិន ហើយ​បញ្ហា​នេះ​មិនមែន​ជា​រឿង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ​គឺ​ត្រូវ​ជួប​ជាមួយ​សង្គម​ស៊ី​វិល  ប្រជាពលរដ្ឋ ដើម្បី​ឲ្យយល់​​ច្បាស់ អំពី​យោបល់​របស់​គាត់​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ​ ថា​អ្វី​ដែល​គាត់​ត្រូវ ការ ​។ លើស​ពី​នេះ​ បញ្ហា​ប្រទេស​ជាតិ ដូច​ជា​បញ្ហា​ទឹកដី បញ្ហា​ជនអន្តោប្រវេសន៍ បញ្ហា​ព្រៃឈើ ដែល​ទទួល​​រង​​វិនាស​សកម្ម​យ៉ាងធ្ងន់ធ្ងរ និង​កំពុង​ប៉ះពាល់​ដល់​អ​នាគត​ប្រទេស​ជាតិ​​​ ។

ប្រធាន​គណបក្ស​​សង្គ្រោះជាតិ​រូប​នេះ​ ​​បន្ថែម​​ថា​ ការ​អនុម័ត​ច្បាប់​នេះ គឺដើម្បី​ឲ្យ​ប្រទេស​របស់​យើងឆ្ពោះទៅ​រក​ល​ទ្ធិ​ប្រជាធិបតេយ្យ ដូច្នេះ​ត្រូវ​តែ​មាន​គណបក្ស​ក្រៅ​​​​រដ្ឋាភិបាល​សម្រាប់​មើល​សកម្មភាព ហើយ​បើ​មាន​តែ​​គណបក្ស​​ក្នុង​រដ្ឋាភិបាល ឬ​រដ្ឋសភា​នោះ ចាំតែ​គាំទ្រ​ (​ហៃអើ​) ​រដ្ឋាភិបាល​នោះ នឹង​ធ្លាក់ទឹក​ហើយ ។ ​ឥឡូវ​នេះ​សំខាន់​ណាស់​ព្រោះថា គណបក្សសង្គ្រោះ​ជាតិ ​​​ឬគណ​បក្ស​ក្រៅ​​រាជ​រដ្ឋាភិបាល ​ត្រូវ​បាន​ទទួលស្គាល់​តាម​ផ្លូវច្បាប់​​ក្នុង​ការ​មាន​សិទ្ធិ មធ្យោបាយ តួនាទី​ឲ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ធ្វើការ​បំពេញ​តួនាទី​របស់​ខ្លួន​​ឲ្យ​បាន​ពេញលេញ ​​មិនមែន​​សម្រាប់​តែ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​សម រ​ង្ស៊ី ​ទេ ។ ការ​អនុម័ត​វិសោធនកម្ម​បទ​បញ្ជាផ្ទៃក្នុង​រដ្ឋសភា​ថ្ងៃនេះ​មិនមែន​សម្រាប់​​តែ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ គឺ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​អាណត្តិ​ក្រោយ​ទៀត​ក៏​នឹង​អនុវត្ត​​ដូច​គ្នា​នេះ​ផង​ដែរ​ ។

លោក សម រ​ង្ស៊ី​ ​បន្ថែម​ថា ​អ្វី​ដែល​សម្រេច​បាន​នៅ​ពេល​នេះ​ គឺ​ការ​ចង់បាន​ ឯកភាព​ជាតិ ​សេរីភាព សន្តិភាព យុត្តិធម៌ ហើយ​ការ​អភិវឌ្ឍ​ជាតិ​សម្រាប់​ប្រជារាស្ត្រ​ទាំងអស់​គ្នា មិនមែន​អភិវឌ្ឍន៍សម្រាប់​ក្រុម​ណា​ម្នាក់ ក្រុមហ៊ុន​ណាមួយ​ ឧក​ញ៉ា​ណា​​ម្នាក់​ដូច​បច្ចុប្បន្ន​នេះ​ទេ គឺ​អភិវឌ្ឍន៍​ឲ្យ​ចំណេញ​ខ្មែរ​ទាំងមូល ​។

លោក កឹ​ម សុខា អនុប្រធាន​ទី​១ រដ្ឋសភា​មាន​​ប្រសាសន៍​​​ថា ការ​ដែល​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ គឺ៖
​​១-ជា​ស្មារតី​នៃ​ការ​បង្រួបបង្រួម​ជាតិ
២-ការ​ពង្រឹង​ល​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា
៣-ការ​ពង្រឹង​ការ​អភិវឌ្ឍ​ជាតិ​ដែល​មានកា​រ​ចូលរួមពី​គ្រប់​ភាគី ។​
ស្មារតី​យើង​ចង់​ឃើញ​តាំងពី​យូរ​ណាស់​មក ហើយ ទោះបីជា​មាន​គណបក្ស​នយោបាយ​ផ្សេង​ពី​គ្នា​ក្តី ​និង​គណបក្ស​មួយ​ស្ថិត​នៅ​បក្ស​កាន់ អំណាច និង​បក្ស​ប្រឆាំង​ ទីបំផុត​យើង​បាន​រក​កិច្ចព្រមព្រៀង​បាន​ ។

​​លោក កឹ​ម សុខា ​​បន្តថា​​ ទោះបីជា​មាន​ការ​ទទួលស្គាល់​ប្រធាន​ក្រុម​តំណាងរាស្ត្រ​មតិភាគ​តិច​​ក្នុង​​សភា ដែល​មាន​ឋានៈ​ស្មើនាយក​រដ្ឋមន្ត្រី​ក៏​ដោយ ​ក៏​ប៉ុន្តែ​តួនាទី​របស់តំណាងរាស្ត្រ​ទាំង​អស់​​​ន​ៅ​មាន​ដដែ​​ល ​។ មិនមែនថា តំណាង​រាស្ត្រ ​ទាំងអស់​ប្រគល់​វាសនា​​​ទៅ​​ឲ្យ​​ថ្នាក់​ដឹក​នាំ​ប្រធាន​ក្រុម​តំណាងរាស្ត្រ​សំឡេង​ភាគតិច​ ឬ​នាយក​រដ្ឋមន្ត្រី​តែ​ពីរ​រូប​នោះ​ ដើម្បី​សម្រេច​ជោគវាសនា​របស់​ប្រទេស​ទាំង​អស់នោះ​ទេ ។ ​តំណាងរាស្ត្រ ត្រូវ​មាន​តួនាទី​បី​យ៉ាង គឺ៖

១-ជា​អ្នក​ធ្វើ​ច្បាប់ និង​អនុម័ត​ច្បាប់ ដូច្នេះ​មតិ​របស់​សមាជិក​សភា នៅ​តែ​មាន​បញ្ចេញ​ក្នុង​រដ្ឋសភា ។
​២-តាមដាន​សកម្មភាព ត្រួតពិនិត្យ​សកម្ម​ភាព​របស់រាជ​រ​ដ្ឋា​ភិ​បាល​​ក្នុង​ក​ារ​អនុវត្ត​ច្បាប់ ។​
​​​៣-ការ​ចុះ​ជួប​សួរសុខទុក្ខ​​​ពលរដ្ឋ​​ ។

​​លោក​​ កឹម សុខា បន្ថែមថា ការ​បង្កើត​​ប្រធាន​ក្រុម​តំណាងរាស្ត្រភាគតិច​​នេះ ​គឺជា​អ្វី​ដែល​ប្រមូលផ្តុំ​តំណាងរាស្ត្រ​ជា​ក្រុម​ ដើម្បី​ធ្វើការ​ដែល​មាន​ចែង​​​ក្នុង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ​ក្នុង​ការ​លើក​គោលនយោបាយ​របស់​គណបក្ស​នី​មួយ​ៗ និង​សម្របសម្រួល​ការងារ​ក្នុង​រដ្ឋសភា​ផង​ដែរ ។

ចំណែកការ​​ជ្រើសរើស​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​ភាគតិច​ដែល​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី​ ដើម្បី​ជជែក​ជាមួយ​នាយក​រដ្ឋមន្ត្រីនោះ​ ត្រូវបាន​ លោក កឹម សុខា អះអាង​ថា​ នៅពេល​ក្រុម​តំណាង​រាស្ត្រនី​មួយ​ៗ​មា​នការ​ខ្វែង​គំនិត ឬ​ក៏​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ជាតិ​មិន​​បាន​នោះ​ត្រូវ​តែ​រាយការណ៍ដល់ប្រធាន​ក្រុម​សមាជិក​ភាគតិច​នោះ ជជែក​​ជាមួយ​នាយក​រដ្ឋមន្ត្រី ។ ប៉ុន្តែ​ការស​ន្ទ​នារ​វាង​ប្រធាន​​ក្រុម​តំណាងរាស្ត្រ​សំឡេង​ភាគតិច និង​នាយក​​រដ្ឋមន្ត្រី​មិន​អាច​ចេញ​ជា​ច្បាប់ ឬ​ជា​សេចក្តីសម្រេច​ជា​ផ្លូវការ​នោះ​ទេ​ គ្រាន់តែ​ជា​ការ​ដោះស្រាយ​បញ្ហា​ណាមួយ​ដើម្បី​ឲ្យ​សភា​ជា​អ្នក​អនុម័ត​ ។ អ្វី​ដែល​ប​ង្កើត​ការ​សន្ទនា​បានចៀសវាង​​ ជាពិសេស​នោះ ​គឺ​កុំ​ឲ្យ​មានកម្តៅនយោបាយ​កើតឡើង​ ។

ទោះបី​ជា​យ៉ាងណា​ក្តី ​លោក កឹ​ម សុខា ​បាន​​ថ្លែងថា​ ការ​បង្កើត​ឲ្យ​មាន​ប្រធាន​ក្រុម​តំណាងរាស្ត្រ​សំឡេង​ភាគតិច ​និង​ធ្វើ​វិសោធន​កម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ មិន​បាន​ធ្វើ​ឲ្យ​ចំ​ណេញ​គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ ​ផ្ទុយ​ទៅវិញ គឺ​ផ្តល់​លទ្ធភាពដល់​​អ្នក​ដែល​មាន​បំណង​ប​ង្កើ​ត​គណបក្ស​នយោបាយ​ទៅ​វិញ។ លោក​បញ្ជាក់​ថា ​«​យើង​រៀបចំ​សម្រាប់​អ្នក​ទាំងអស់​គ្នា សម្រាប់​កូនចៅ​របស់​យើង​នា​ពេល​អនាគត ​ហើយ​ការ​ទាមទារ​ពី​សំណាក់​បងប្អូន​ឲ្យ​មាន​ចំណុច​ល្អ​តែម្តង​នោះ មិន​អាច​ធ្វើ​បាន​ទេ គឺ​យើង​​កែ​បន្តិច​ម្តងៗ ។ ការ​ធ្វើ​វិសោធន​កម្មបទ​ផ្ទៃក្នុង​រដ្ឋសភា មិន​ទាន់​ចប់​នោះ​ទេ គឺ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​ឯកភាព​គ្នា​បង្កើត​គណៈ​កម្មការ​​ពិសេស​មួយ ដើម្បី​ធ្វើការ​បន្តបន្ទាប់​ទៀត»​ ។

លោក ​ប៉ែន បញ្ញា ​ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ​មាន​ប្រសាសន៍​ថា​ កា​រធ្វើ​​វិសោធនកម្ម ​កែសម្រួល​ និង​បន្ថែម ខ្លឹមសារ ចំណងជើង​នៃ​ជំពូក​ទី​១២ ស្តី​ពី​របៀប​ប្រជុំ ត្រូវ​បាន​កែ​ទៅ​ជា​ជំពូក​ទី​១២​ថ្មី​ ស្តី​ពី​​របៀប​ប្រជុំ និង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ នៃ​គណបក្ស​ន​យោ​បាយ ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ការ​ចែង​បន្ថែម​ថ្មី​ក្នុង​ប្រការ​៤៨​ថ្មី​(បី) ។

លោក ​ប៉ែន បញ្ញា ​ថា ប្រការ​៤៨​ថ្មី​(ពីរ) ត្រូវ​បាន​កែ​ទៅ​ជា​ប្រការ៤៨​ថ្មី​(​បី​) ​និង​បញ្ញត្ត​ិ​បន្ថែម ដូច​ជា​​ តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ចាប់​ពី​៥​​ភាគរយ​ឡើង​ទៅ​ ត្រូវ​រៀបចំ​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ នៃ​គណបក្ស​ន​យោ​បាយ​តាម​គណបក្ស​នយោបាយនីមួយ​ៗ ។ ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ មាន​សមា​សភាព​យ៉ាងច្រើន​៣រូប ដោយ​ត្រូវ​មាន​ប្រធាន​១​​រូប​ ។ បញ្ជីរាយនាម​​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ​ត្រូវ​ផ្ញើ​ជូន​ប្រធានរដ្ឋសភា។  ថ្នាក់​ដឹ​ក​នាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ មាន​ភារកិច្ច ដូច​ជា​​ ​ធ្វើការ​ដឹកនាំតំណាងរាស្ត្រ​របស់​គណបក្ស ដើម្បី​ធ្វើ​ឲ្យ​ការងារ​ពាក់ព័ន្ធ​ទាំងឡាយ​ប្រព្រឹត្ត​ទៅ​ស្របតាម​កម្មវិធី​នយោ​បាយ ​និង​គោល​កា​រណ៍នានា​របស់​គណ​បក្ស។ ​ធ្វើការ​សម្របសម្រួល​ជាមួយ​ថ្នាក់​ដឹក​នាំ​​តំណាងរាស្ត្រ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ដើម្បី​​ឲ្យ​ការងារ​ពាក់ព័ន្ធ ទាំងឡាយ​បាន​ប្រព្រឹ​ត្តទៅ​ដោយ​រលូន និង​ធានា​បាន​នូវ​ផលប្រយោជន៍​របស់​ជាតិ និង​ប្រជាពលរដ្ឋ​ ។ 

​​លោក​បន្ថែម​ថា ​រដ្ឋសភា​ត្រូវ​ផ្តល់​នូវ​មធ្យោបាយ​សម​ស្រប​ដើម្បី​ថ្នាក់ដឹកនាំតំណាង​រាស្ត្រ​ភាគតិ​ចក្នុ​ង​រដ្ឋសភា​បំពេញ​តួ​នា​ទី​​​របស់​ខ្លួន​បាន​ល្អ​នៅ​ក្នុង​រដ្ឋសភា ​។ ប្រធាន​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្សនយោបាយ​ក្រៅ​​រដ្ឋាភិបាល​​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ចាប់ពី​២៥​ភាគរយ​ឡើង​ទៅ មានឈ្មោះ​ហៅ​ថា ប្រធាន​ក្រុម​មតិភាគតិច​នៅ​រដ្ឋសភា ។ ប្រធាន​ក្រុម​មតិ​ភាគតិច​ជា​ដៃគូ​សន្ទនា​ជាមួយ​ប្រមុខ​​រាជ​រ​ដ្ឋាភិ​បាល​ទាក់ទង​នឹង​បញ្ហា​ប្រទេស​ជាតិ។ ​ប្រធាន​ក្រុម​មតិ​ភាគតិច​ក្នុងរដ្ឋ​​សភា ​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី​ ៕