ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

<<ការ​ចម្លង​អេដស៍​>> សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​អំពាវ​នាវ​កុំ​ឱ្យ​តក់​ស្លុត​ហួស​ហេតុ​ពេក​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ក៏​ដូច​ជា​តំបន់​ដែល​មាន​បាតុភាព​លើ​រឿង​ទាក់ទិន​នឹង​ជំងឺអេដស៍​នៅ​ខេត្តបាត់ដំបង

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ក៏​ដូច​ជា​តំបន់​ដែល​មាន​បាតុភាព​លើ​រឿង​ទាក់ទិន​នឹង​ជំងឺអេដស៍​នៅ​ខេត្តបាត់ដំបង សូម​មេត្តា​កុំ​អាល​តក់ស្លុត ព្រោះ​រឿង​នេះ​សម្រាប់​រូប​សម្តេច​ផ្ទាល់​មក​ដល់​ម៉ោង​នេះ នៅ​តែ​មិន​មាន​ជំនឿ​ថា រឿង​នេះ​ជា​រឿង​អេ​ដស៍​… ។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​អំពាវនាវ​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យ​លា​ភី​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ថ្នាក់​បរិញ្ញាបត្រ​រង ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត សរុប​ចំនួន​១.៦៣៩​នាក់ (​ស្រី​៣៧៦​នាក់​) ដែល​បញ្ចប់​ការ​សិក្សា​ចាប់ពី​ឆ្នាំ​សិក្សា​២០០៩-២០១០ ដល់​ឆ្នាំ​សិក្សា​២០១២-២០១៣ កន្លង​ទៅ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា រឿង​អ្វី​មនុស្ស​មិន​ដល់​ទាំង​១.០០០​នាក់​ផង ស្រាប់តែ​កើត​អេ​ដស៍រ​ហូត​ជាង​១០០​នាក់ ដូច​ជា​ធ្ងន់​ពេក ។ ទាក់ទង​នឹង​រឿង​នេះ តើ​វា​ច្បាស់​ហើយ​ឬ​នៅ ? វា​អាច​មាន​… ក៏​វា​មិនមែន​អេ​ដស៍ មនុស្ស​អាយុ​ដល់​៨០​ឆ្នាំ​កើត​អេ​ដស៍ ហើយ​ចំពោះ​ក្មេង​ដែល​មិនដឹង​អ្វី​សោះ បែរជា​កើត​អេ​ដស៍​ដែរ​នោះ ។ ដូច្នេះ​យើង​កុំ​អាល​សន្និដ្ឋាន​ឆាប់រហ័ស​ពេក ត្រូវ​ប្រើ​ឱ្យ​អស់​លទ្ធភាព​ខាង​បច្ចេកវិទ្យា ។ ពិតមែន​ហើយ យើង​មិនមែន​មើល​ស្រាល​គ្រូពេទ្យ ឧបករណ៍​របស់​យើង​ទេ ក៏​បុ​៉​ន្តែ​ចំពោះ​រឿងហេតុ​នេះ​ពិបាក​នឹង​ជឿ ។ ក្នុង​ចំណោម​មនុស្ស​ជិត​១​ពាន់​នាក់​មាន​កើត​អេ​ដស៍​ជាង​១០០​នាក់ ស្រេច​តែ​ម្តង​ហើយ ។ ព្រះសង្ឃ អាចារ្យវត្ត ប្រហែល​អាច​កើតជា​មួយ​គេ​ដែរ​មើលទៅ ព្រោះ​គង់នៅ​តែ​ក្នុង​វត្ត អាយុ​៨០​ឆ្នាំ​ប្លាយ​ទៅ​ហើយ​កើត​អេ​ដស៍​នឹង​គេ​ដែរ ចប់​បាត់​ទៅ​ហើយ ។ ចុង​បំផុត បើ​យក​ម៉ាស៊ីន​នោះ​មក​ពិនិត្យ យើង​នៅ​ទី​នេះ​ប្រហែលជា​កើត​ពាក់កណ្តាល​… ។

សម្តេច​តេ​ជោ​អះអាង​ថា «​ខ្ញុំ​នៅ​តែ​អត់​ជឿ ចំណែក​ការ​និយាយ​ថា គ្រូពេទ្យ​អ្នកចម្លង ឥឡូវ​វិធី​ចម្លង តើ​ចម្លង​មេរោគ​នោះ​របៀប​យ៉ាងម៉េច សាកល្បង​គិត​ជាមួយ​គ្នា​មើល ។ បើ​ដូច្នេះ​មាន​តែ​គាត់​ចាក់​ខ្លួន​គាត់ រួច​ទៅ​ចាក់​គេ​ទៀត តែ​ដូច​ជា​ទៅ​មិន​រួច ដូច​មិន​ទំនង​សោះ​។ បុ​៉​ន្តែ​យ៉ាងណា​ក៏​ដោយ ដើម្បី​ធានា​ថា ច្បាស់​យ៉ាងណា​នោះ គឺ​ទាមទារ​នូវ​ការ​ការពារ​សុវត្ថិភាព​របស់​គ្រូពេទ្យ​ម្នាក់​នោះ និង​ក្រុម​គ្រួសារ​របស់​គាត់ ។ សម្តេច​​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ សូមកុំ​មានការ​ប៉ះពាល់​ដល់​រូប​គាត់ ដើម្បី​សម្រួល​ដល់​ការ​ស្រាវជ្រាវ​រក​ការ​ពិត សុវត្ថិភាព​របស់​គាត់​សំខាន់​ណាស់​ដើម្បី​ផ្តល់​ការ​ស្រាវជ្រាវ​មួយ​ពិតប្រាកដ ។
បុ​៉​ន្តែ​យើង​ត្រូវ​ឱ្យ​ដឹងផង​ដែរ​ថា អ្នក​ដែល​កើត​អេ​ដស៍​ជាង​១០០​នាក់​សុទ្ធតែ​ត្រូវ​គ្រូពេទ្យ​នោះ​ព្យាបាល​ទាំងអស់ ឬ​យ៉ាងដូចម្តេច ? សិក្សា​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ​ទេ ហើយ​រឿង​នេះ​ពិតជា​តក់ស្លុត​ណាស់ ។
ឥឡូវ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ទៅ​ដល់​ហើយ ផ្នែក​ពាក់ព័ន្ធ​នឹង​ជំងឺអេដស៍ រាប់​ទាំង​វិទ្យាស្ថាន​ប៉ាស្ទ័រ អង្គការ​សុខភាព​ពិភពលោក ក៏​បាន​ទៅ​ដល់ទី​នោះ​ដែរ ។

សម្តេច​មាន​ប្រសាសន៍​ថា បើ​មានរឿង​ហ្នឹង​កើតឡើង​មែន​នោះ វា​ធ្ងន់ធ្ងរ​ណាស់ ក្នុង​មួយ​ភូមិ​បុ​៉​ណ្ណឹ​ង ហើយ​មាន​មនុស្ស​កើត​បុ​៉​ណ្ណឹ​ង ។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា នេះ​ជា​ចំណុច​ដែល​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​មាន​ភាព​ហ្មត់ចត់​ទៅ​លើ​បញ្ហា​ការ​ពិនិត្យ​បន្ត ហើយ​ធានា​សុវត្ថិភាព​ចំពោះ​គ្រូពេទ្យ​ម្នាក់​ដែល​គេ​ចាត់​ទុក​ថា ជា​អ្នកចម្លង ។ បើ​មិន​ដូច្នេះ​ទេ ប្រទេស​របស់​យើង​មាន​វប្បធម៌​មួយ ជួនកាល​គ្នា​អត់​ដឹង​ស្អី​ផង សង្ស័យ​ថា គ្រូ​អាប គ្រូធ្មប់​ទៅ​វ៉ៃ​គ្នា​ស្លាប់​ទៅ ហើយ​កំហឹង​របស់​ប្រជាពលរដ្ឋ បែរជា​ថា មក​ពី​អ្នក​ហ្នឹងហើយ​បានជា​កើត​អេ​ដស៍ ។ បើ​ដូច្នេះ បែរ​ទៅ​ជា​បាត់ដាន​ការ​ស្រាវជ្រាវ​អស់រលីង​តែ​ម្តង​។ ត្រូវ​ធានា​សុវត្ថិភាព ហើយ​ត្រូវ​តាំងចិត្ត​ឱ្យ​ស្ងប់​ត្រជាក់​ដើម្បី​សិក្សា​ស្រាវជ្រាវ​មើល​ឱ្យ​ច្បាស់ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អះអាង​ថា «​ខ្ញុំ​មិន​ទាន់​ប្រាកដ​ទេ មក​ដល់​ពេល​នេះ​៩៩% ខ្ញុំ​អត់​ជឿ​ថា អេ​ដស៍​» ។ សម្តេច​មាន​ប្រសាសន៍​បន្ត​ថា រឿង​ដែល​យើង​ត្រូវ​ប្រយ័ត្ន​កន្លង​ទៅ ព្រោះ​មានការ​អប់រំ​ថា បើ​អ្នក​កើត​អេ​ដស៍​ហើយ​ជា​បុរស សូម​កុំទៅ​ចម្លង​នារី​ផ្សេង គឺ​នៅ​មាន​ក្នុង​កម្មវិធី​អប់រំ​ការ​ចម្លង​ជំងឺអេដស៍ ។ រីឯ​នាង​ៗ​ដែល​កើត​ជំងឺអេដស៍ ក៏​កុំទៅ​ចម្លង​បុរស ក៏​ប៉ុន្តែ​រឿង​អេ​ដស៍​នៅ​ខេត្តបាត់ដំបង គឺជា​រឿង​ដែល​ពិបាក​ជឿ ។ ក្មេង​អាយុ​២​ឆ្នាំ តា​អាយុ​ជាង​៨០​ឆ្នាំ​កើត​អេ​ដស៍ មិន​ជឿ ។ បើសិន​ឆ្លង​តាម​មូស​នោះ ពិភពលោក​ស្លាប់​អស់ហើយ ។ សម្តេច​តេ​ជោ​បាន​អំពាវនាវ សូម​ឱ្យ​មានការ​ស្ងប់ស្ងាត់ ហើយ​ទុក​លទ្ធភាព​ឱ្យ​ខាង​វេជ្ជសាស្ត្រ ធ្វើ​ការងារ​ពិតប្រាកដ ។ បើសិនជា​រឿង​នេះ​ក្លាយទៅជា​ដូច្នេះ​មែន គឺជា​រឿង​ធ្ងន់ធ្ងរ​ណាស់ ។

សូមកុំ​បាត់បង់​នូវ​ការ​គ្រប់គ្រង ទាំង​ខាង​ព័ត៌មាន ទាំង​ខាង​ស្មារតី រហូត​ទៅ​ដល់​មានការ​ខឹង​ខ្លាំង​ពេក​ប៉ះពាល់​ដល់​គ្រូពេទ្យ ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​នាំ​ទៅ​ដល់​ការ​បាត់ដាន​ក្នុង​ការ​ស្រាវជ្រាវ ៕