ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​គុយ​បា​រីករាយ​សង្ឃឹមថា​ជីវិត​រស់នៅ​នឹង​មានការ​ផ្លាស់​ប្តូ​រហើយ

9 ឆ្នាំ មុន

ក្រោយ​ការ​ប្រកាស​របស់​ប្រធានាធិបតី​អា​មេ​រិ​ក និង​គុយ​បា ពី​ការ​ខិតចូល​ជិត​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​មក ពលរដ្ឋ​គុយ​បា​ក្នុង​ប្រទេស​បាន​សម្តែង​ក្តី​រីករាយ និង​អបអរសាទរ​យ៉ាង​ខ្លាំង ដោយ​សង្ឃឹមថា ចាប់ពី​ពេល​នេះ​តទៅ​គុយ​បា នឹង​អាច​បើកទ្វារ​ជា​ច្រើន ពិសេស​ខាង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដែល​

ក្រោយ​ការ​ប្រកាស​របស់​ប្រធានាធិបតី​អា​មេ​រិ​ក និង​គុយ​បា ពី​ការ​ខិតចូល​ជិត​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​មក ពលរដ្ឋ​គុយ​បា​ក្នុង​ប្រទេស​បាន​សម្តែង​ក្តី​រីករាយ និង​អបអរសាទរ​យ៉ាង​ខ្លាំង ដោយ​សង្ឃឹមថា ចាប់ពី​ពេល​នេះ​តទៅ​គុយ​បា នឹង​អាច​បើកទ្វារ​ជា​ច្រើន ពិសេស​ខាង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដែល​នៅ​កៀក​ជិតខាង​គ្នា ។

ពលរដ្ឋ​គុយ​បា ចាត់​ទុក​ដំណឹង​នេះ​ថា​សំខាន់​បំផុត និង​សង្ឃឹមថា ជីវភាព​រស់នៅ​របស់​គេ​នឹង​មានការ​ផ្លាស់​ប្តូរ​ទាំងស្រុង ។ នាង Amelia Gutierrez ជា​និយោជិត​ធនាគារ​មួយ និយាយ​ប្រាប់ AFP ថា គ្រប់​គ្នា​ពិតជា​រីករាយ ។ ដូច​ការ​អះអាង​របស់​មេដឹកនាំ​ជា​ច្រើន​លើ​ពិភពលោក​ដែរ នាង​យល់​ថា នេះ​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ ។ នាង​រៀបរាប់​ទៀត​ថា ពេល​មើល​ទូរទស្សន៍​ឃើញ​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ប្រកាស​ពី​ការ​បង្កើត​ទំនាក់ទំនង​ការទូត​ឡើង​វិញ ជាមួយ​អា​មេ​រិ​ក ធ្វើ​ឱ្យ​នាង​អរ​ខ្លាំង​ណាស់ ។

សម្រាប់​ជនជាតិ​គុយ​បា ប្រឆាំង​កា​ស្ត្រូ រស់នៅ​និរទេស​ក្នុង​ទីក្រុង​ម៉ៃ​អាំ​មី សហរដ្ឋអាមេរិក​វិញ បាន​សម្តែង​ការ​ក្តៅក្រហាយ​ចំពោះ​ការ​ខិតចូល​ជិត​គ្នា​នោះ ដោយ​ពួក​គេ​ថា​វា​គ្រាន់តែ​ផ្តល់​ផល​ចំណេញ​ដល់​ក្រុង​ឡា​ហា​វ៉ា​ន​ប៉ុណ្ណោះ ។

បន្ទាប់​ពី​ដឹង​ថា សហរដ្ឋអាមេរិក​យល់ព្រម​ដោះ​លែង​ចារបុរស​គុយ​បា ៣​នាក់ ទល់​នឹង​ការ​ដោះ​លែង​ចារបុរស​ម្នាក់ ដែល​ជាប់គុក​នៅ​គុយ​បា ចាប់តាំងពី​២០​ឆ្នាំ​មក​ហើយ និង​ការ​ដោះ​លែង​ជនជាតិ​អា​មេ​រិ​ក លោក Alan Gross ដែល​ជាប់​ឃុំឃាំង​៥​ឆ្នាំ​មក​ហើយ ជន​គុយ​បា​រស់នៅ​និរទេស​ម្នាក់ លោក Carlos Mufioz បញ្ចេញ​ប្រតិកម្ម​ថា នោះ​ជា​អំពើ​ក្បត់​មួយ ។ សហរដ្ឋអាមេរិក​ដើរ​លើ​ទិស​ដៅ​អាក្រក់​មួយ គឺ​ដើរ​ឆ្ពោះទៅ​រក​គ្រោះ​មហន្តរាយ ។ អា​មេ​រិ​ក​ជា​ប្រទេស​ដែល​គោរព​រដ្ឋធម្មនុញ្ញ ក៏​ប៉ុន្តែ​លើក​នេះ​លោក ប៉ា​រ៉ា​ក់ អូ​បា​ម៉ា ជាន់ឈ្លី​រដ្ឋធម្មនុញ្ញ​ហើយ ។

ពួក​ប្រឆាំង​កា​ស្ត្រូ រស់នៅ​អា​មេ​រិ​ក អបអរ​ចំពោះ​ការ​ដោះ​លែង​លោក Alan Gross ធ្វើការ​ក្នុង USAID ដែល​ទទួល​ការ​កាត់ទោស កាលពី​ឆ្នាំ​២០១១ នៅ​គុយ​បា ដាក់គុក​១៥​ឆ្នាំ ពី​បទ​បញ្ជូន​សម្ភារ​អាច​ទាក់ទង​តាម​ផ្កាយ​រណប ដែល​ហាមឃាត់​នៅ​គុយ​បា ក៏​ប៉ុន្តែ​ប្រឆាំង​ចំពោះ​ការ​ដោះ​លែង​ចារបុរស​គុយ​បា​៣​នាក់ ដែល​បញ្ជូន​មក​អា​មេ​រិ​ក ។ ពួក​គេ​ត្រូវ​បាន​កាត់ទោស​កាលពី​ឆ្នាំ​២០០១ ដាក់គុក​យូរ​ឆ្នាំ ពី​បទ​ចារកម្ម តែ​គុយ​បា​ចាត់​ទុក​ពួក​គេ​ជា​វីរបុរស ។

ទោះបីជា​លោក អូ​បា​ម៉ា សន្យា​ពិនិត្យ​ជាមួយ​សភា​អា​មេ​រិ​ក លើ​ការ​លុប​ចោលការ​ហ៊ុម​ព័ទ្ធ​ប្រឆាំង​គុយ​បា តែ​តាម​មើលទៅ ផ្លូវ​ហាក់​មិន​ងាយស្រួល​ឡើយ ព្រោះ​ចាប់​តាំង​ពិ​ថ្ងៃ​ទី​១៧ ធ្នូ មក​ម៉្លេះ បណ្តា​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ ជា​អ្នក​ប្រកាន់​ការ​ធ្វើ​ឱ្យ​គុយ​បា​ឯកោ សន្យា​ប្រឆាំង​ចំពោះ​គម្រោង​នោះ​ទៅ​ហើយ ។

ប្រធានាធិបតី​គុយ​បា កាលពី​ថ្ងៃ​ទី​១៧ ធ្នូ បាន​ទទួល​ភ្នាក់ងារ​គុយ​បា​៣​នាក់ ដែល​អា​មេ​រិ​ក​ទើប​ដោះ​លែង ជា​ថ្នូរ​គ្នា ដោយ​អ្នក​ទាំង​៣​នាក់​នោះ​ត្រូវ​លោក​រ៉ា​អ៊ុ​ល កា​ស្ត្រូ ចាប់​ឱប​ជា​ច្រើន​លើក​ពេល​វិល​ត្រឡប់​មក​ដល់​ប្រទេស​វិញ ៕