ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ឧទ្ធរណ៍​បើក​សវនា​ការ​បណ្តឹង​ទាស់​របស់​ព្រះ​រាជ​អាជ្ញា​ប្រឆាំង​ការ​លើក​លែង​ទោស​ឆ្មាំ​យាម​ព្រះ​សក្យ​មុនី​ចេតិយ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ លោក សេង ស៊ី​វុ​ត្ថា ចៅក្រម​ជំនុំជម្រះ​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ បាន​បើក​សវនាការ​អសាធារណៈ​ជំនុំជម្រះ​បណ្តឹងឧទ្ធរណ៍​របស់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល

រាជ​ធានី​ភ្នំពេញ ៖ លោក សេង ស៊ី​វុ​ត្ថា ចៅក្រម​ជំនុំជម្រះ​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ បាន​បើក​សវនាការ​អសាធារណៈ​ជំនុំជម្រះ​បណ្តឹងឧទ្ធរណ៍​របស់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ប្តឹង​ប្រឆាំង​នឹង​ដីកា​សម្រេច​លើកលែង​ការ​ចោទប្រកាន់​របស់​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល ទៅ​លើ​ឆ្មាំ​យាម​ព្រះ​សក្យមុនីចេតិយ​នៅ​លើ​ភ្នំ​ព្រះរាជ​ទ្រព្យ​ហៅ​ភ្នំ​ឧដុង្គ ចំនួន​៥​នាក់ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​»​ក្នុង​សំណុំរឿង​លួច​ព្រះ​បរម​សារីរិកធាតុ ។

បន្ទាប់​ពី​ការ​សួរ​ដេញដោល​ប្រមាណ​៣០​នាទី លោក​ចៅក្រម​សេង ស៊ី​វុ​ត្ថា បាន​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ថ្ងៃ​ទី​៣០ ធ្នូ ខាង​មុខ​វិញ ។ ជនជាប់ចោទ​ទាំង​៥​នាក់​នេះ មាន ១-​ឈ្មោះ ជា សុ​ខែ​ម អាយុ​៦០​ឆ្នាំ ជា​ប្រធាន​ឆ្មាំ ២-​ឈ្មោះ កា សាត អាយុ​៤៦​ឆ្នាំ ៣-​ឈ្មោះ ស៊ា​ង សា​រិ​ន អាយុ​៦០​ឆ្នាំ ៤-​ឈ្មោះ​សោម ថៃ  អាយុ​៥៨​ឆ្នាំ ៥-​ឈ្មោះ កាន់ សុ​ភ័​ក្រ អាយុ​៣៩​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៣ ។

មេធាវី​ការពារ​ក្តី​ឱ្យ​ជនជាប់ចោទ​បាន​លើក​ឡើង​ថា នៅ​ក្នុង​សំណុំរឿង​នេះ​ជនជាប់ចោទ​ទាំង​៥​នាក់ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​លើកលែង​ការ​ចោទប្រកាន់​រួច​ហើយ តែ​ព្រះរាជអាជ្ញា​បាន​ប្តឹង​ទាស់​មក​សាលាឧទ្ធរណ៍ ។ លោក​មេធាវី​លើក​ឡើង​ថា តុលាការ​បាន​ឃុំខ្លួន​កូនក្តី​របស់​គាត់​ប្រមាណ​មួយ​១​ឆ្នាំ​មក​ហើយ​មិន​ព្រម​ដោះ​លែង​ព្រោះ​នៅ​ជាប់​បណ្តឹងអាជ្ញា ។ ជនជាប់ចោទ​ត្រូវ​បាន លោក លឹ​ម សុ​គ​ន្ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៣ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ។ កោដ្ឋ​មាស​សម្រាប់​តម្កល់​ព្រះ​បរម​សារីរិកធាតុ គឺជា​អំណោយ​របស់​ប្រទេស​ស្រី​លង្កា ថ្វាយ​ដល់​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​នុ ព្រះ​ឧបយុវរាជ កាលពី​ឆ្នាំ​១៩៥៧ ។

ក្នុង​សំណុំរឿង​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​បន្ថែម​ទៀត​គឺ​ម្នាក់​ជា​អ្នក​ចូល​លួច និង​ម្នាក់​ទៀត​ជា​អ្នក​ទទួល​ទិញ​ដែល​មានឈ្មោះ កែវ រស្មី ជា​ជន​ដៃដល់​ធ្វើ​សកម្មភាព​លួច​ព្រះ​បរម​សារីរិកធាតុ និង​ស្ត្រី​ឈ្មោះ សៀ​ក សា​រ៉េ​ត ជា​អ្នក​ទទួល​ទិញ​ព្រះ​សុវណ្ណកោដ្ឋ ដាក់​តម្កល់​ព្រះ​បរម​សារីរិកធាតុ ។ ជន​ឈ្មោះ កែវ រស្មី បាន​សារភាព​ថា រូបគេ​មានការ​ប៉ុនប៉ង​លួច ព្រះ​សុវណ្ណកោដ្ឋ​តាំងពី​ព្រះ​បរម​រតន​កោដ្ឋ ហែ​ព្រះ​សារីរិកធាតុ​ពី​រាជធានី​ភ្នំពេញ ទៅ​តម្កល់​លើ​កំពូលភ្នំ​ព្រះរាជ​ទ្រព្យ​មក​ម្លេ​៉ះ ។ ចំពោះ​ជន​ឈ្មោះ កែវ រស្មី និង​ឈ្មោះ សៀ​ក សា​រ៉េ​ត នេះ សាលាដំបូង​ខេត្តកណ្តាល​ទើបនឹង​បញ្ចប់​ការ​សាកសួរ ហើយនឹង​បើក​សវនាការ​កាត់សេចក្តី​នៅ​ពេល​ខាង​មុខ ៕