ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌​មាន​​បន្ថែម​ជុំ​វិញ​ការ​ឆ្លង​មេរោគ​អេដស៍​ត្រឹម​ម៉ោង​១១ព្រឹក ថ្ងៃ​ទី១៧ ធ្នូ ការ​ធ្វើ​តេស្ត​រក​ឃើញ​១០៦​នាក់​

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ គិត​ត្រឹម​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ធ្នូ ក្រុម​គ្រួ​ពេទ្យ​បាន​ទទួល​ធ្វើតេស្ដ​ឈាម​ប្រជាពលរដ្ឋ​នៅ​មណ្ឌល​សុខភាព​ឃុំ​រកា ស្រុក​សង្កែ បាន​ចំនួន​ជាង​៧៧០​នាក់​ហើយ ក្នុង​ចំណោម​នេះ​មាន​មនុស្ស​ប្រុស​ស្រី​គ្រប់​វ័យ​ជាង​១០០​នាក់

ខេត្តបាត់ដំបង ៖ គិត​ត្រឹម​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ធ្នូ ក្រុម​គ្រួ​ពេទ្យ​បាន​ទទួល​ធ្វើតេស្ដ​ឈាម​ប្រជាពលរដ្ឋ​នៅ​មណ្ឌល​សុខភាព​ឃុំ​រកា ស្រុក​សង្កែ បាន​ចំនួន​ជាង​៧៧០​នាក់​ហើយ ក្នុង​ចំណោម​នេះ​មាន​មនុស្ស​ប្រុស​ស្រី​គ្រប់​វ័យ​ជាង​១០០​នាក់ ត្រូវ​បាន​គេ​សង្ស័យ​ថា មាន​ប្រតិកម្ម​(​ឆ្លង​មេរោគ​អេ​ដស៍​) ។ នេះ​បើ​តាម​ការ​ប្រកាស​ជា​ផ្លូវការ​របស់​លោក មាន ឈី​វ​វុន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺអេដស៍​និង​រោគ​សើ​ស្បែក ប៉ុន្តែ​លោក​មិន​ទាន់​ហ៊ាន​អះអាង​អំពី​មូលហេតុ​នៃ​ការ​ឆ្លង​មេរោគ​សាហាវ​នេះ​នៅ​ទ្បើ​យ​ទេ ។

លោក មាន ឈី​វ​វុន បាន​ប្រកាស​តួលេខ​នេះ​នៅ​ក្នុង​ស​ន្និ​សីត​កាសែត​មួយ ដែល​លោក​បាន​ធ្វើ​កាលពី​វេលា​ម៉ោង​១១​និង​៣០​ព្រឹក ថ្ងៃ​ទី​១៧ ធ្នូ នៅ​ក្នុង​សាលាឃុំ​រកា ស្រុក​សង្កែ ដែល​មាន​អាជ្ញាធរ​ស្រុក ខេត្ត រួម​ទាំង​ក្រុម​អ្នក​សារព័ត៌មាន​ជា​ច្រើន​អង្គភាព​បាន​ចូលរួម ។ លោក មាន ឈី​វ​វុន មាន​ប្រសាសន៍​ថា យើង​មិន​ទាន់​អាច​ធ្វើការ​សន្និដ្ឋាន​អំពី​មូលហេតុ​នៃ​ការ​ឆ្លង​រាលដាល​នូវ​មេរោគ​អេ​ដស៍​ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ នេះ​បាន​ភា្ល​ម​ៗ​នៅឡើយ​ទេ ។ ប៉ុន្តែ​លោក​ថា មន្ត្រី​ជំនាញ​បាន​យក​ឈាម​អ្នក​ឆ្លង​មេរោគ​ទាំងនោះ ទៅ​ធ្វើតេស្ដ​បន្ថែម​ឬ​ធ្វើ​ពិសោធន៍​នៅ​ភ្នំពេញ ហើយ​ក៏​កំពុង​ប្រមូល​នូវ​ព័ត៌មាន​នានា ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​ផង​ដែរ ។

លោក​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺអេដស៍​និង​រោគ​សើ​ស្បែក ថ្លែង​ថា គិត​ត្រឹម​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ធ្នូ ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ដ​ឈាម​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៧៧៥​នាក់ ហើយ​ក្នុង​ចំណោម​នេះ​មាន​ប្រជាពលរដ្ឋ​ប្រុស​ស្រី​គ្រប់​វ័យ​ចំនួន​១០៦​នាក់ ត្រូវ​បាន​រក​ឃើញ​ថា មាន​ប្រតិកម្ម​(​ឆ្លង​មេរោគ​អេ​ដស៍​) ។ លោក​បញ្ជាក់​ថា ការ​ធ្វើតេស្ដ​ឈាម​បន្ថែម នៃ​អ្នក​ឆ្លង​មេរោគ​អេ​ដស៍​នៅ​មន្ទីរពេទ្យ​ខេត្ត និង​ធ្វើ​នៅ​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ គឺ​ទទួល​បាន​លទ្ធផល​ដូច​គ្នា ។

សូម​បញ្ជាក់​ថា ជំងឺអេដស៍​ដែល​ឆ្លង​រាលដាល​ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ​នេះ គឺ​បាន​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​៨ ធ្នូ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ឃុំ​នេះ បាន​ចាប់ផ្ដើម​ធ្វើតេស្ដ​ឈាម​ទៅ​តាម​គម្រោង​របស់​មន្ទីរ​សុខាភិបាល​ខេត្ត ដែល​ផ្តោត​ជា​ចម្បង​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ និង​បន្ទាប់បន្សំ​ទៅ​លើ​អតិថិជន​ទូទៅ ដើម្បី​រក​មេរោគ​អេ​ដស៍​និង​រោគ​ស្វាយ​។ ក្រោយ​ពី​ផ្ទុះ​នូវ​រោគ​សញ្ញា​ដ៏​គ្រោះថ្នាក់​នេះ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​សម្រុក​កាន់តែ​ច្រើន​ឡើង​ៗ​រាល់ថ្ងៃ ទៅ​ឲ្យ​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ឃុំ​ពិនិត្យ​ឈាម​រក​មេរោគ​អេ​ដស៍ ។ ការ​ធ្វើតេស្ដ​ឈាម​ប្រជាពលរដ្ឋ​ប៉ុន្មាន​ថ្ងៃ​ដំបូង លទ្ធផល​បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ជិត​២០% នៃ​អ្នក​ទៅ​ធ្វើតេស្ដ​ឈាមមាន​ប្រតិកម្ម​(​ឆ្លង​មេរោគ​អេ​ដស៍​) ដែល​ចំនួន​នេះ ធ្វើ​ឲ្យ​ក្រុម​គ្រូពេទ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​មិន​ធ្លាប់​មាន​ពី​មុន​មក ។

តាម​ការ​សាកសួរ​អំពី​ហេតុផល ក្រុម​អ្នក​ឆ្លង​មេរោគ​អេ​ដស៍​ស្ទើរ​១០០% សុទ្ធតែ​បាន​បង្ហាញ​ពី​ប្រវត្តិ​ស្អាតស្អំ​របស់​ពួក​គេ ពោល​គឺ​ពួក​គេ​ហាក់​ស្រឡាំងកាំង​រក​នឹក​មិនឃើញ​អំពី​ហេតុផល​នានា ដែល​នាំ​ឲ្យ​ពួក​គេ​ឆ្លង​មេរោគ​នេះ ។ ប៉ុន្តែ​ពួក​គេ​សុទ្ធតែ​បាន​អះអាង​ដូច​ៗ​គ្នា​ថា ពួក​គេ​គ្រាន់តែ​ធ្លាប់​ឲ្យ​គ្រូពេទ្យ​ឯកជន​ក្នុងភូមិ​ម្នាក់​ឈ្មោះ យ៉ែ​ម ជ្រិ​ន អាយុ​៥៥​ឆ្នាំ ចាក់​ថ្នាំ ព្យូ​សេរ៉ូម និង​ព្យាបាល​ជំងឺ​ផ្សេង​ៗ ច្រើន​ជាង​ចេញ​ទៅ​ឲ្យ​គ្រូពេទ្យ​នៅ​ខាងក្រៅ​ព្យាបាល ។ នេះ​មិន​មាន​ន័យ​ថា ពួក​គាត់​បាន​ចោទប្រកាន់​គ្រូពេទ្យ​ឯកជន​ឈ្មោះ យ៉ែ​ម ជ្រិ​ន នេះ​ជា​អ្នកចម្លង​មេរោគ​អេ​ដស៍​ដល់​ពួក​គាត់​នោះ​ទេ គឺ​គ្រាន់តែ​ចង់​បង្ហាញ​អំពី​ប្រវត្តិ​ខ្លះ​ៗ ដែល​ពួក​គាត់​ធ្លាប់​បាន​ជួប​ប្រទះ​តែ​ប៉ុណ្ណោះ ។

នៅ​ក្នុង​ការ​ធ្វើ​ស​ន្និ​សីត​កាសែត​ខាងលើ​នេះ លោក មាន ឈី​វ​វុន ថ្លែង​ថា ពេល​នេះ​ក្រសួង​និង​ក្រុម​គ្រួ​ពេទ្យ​ជំនាញ​កំពុង​តាមដានយ៉ាង​ខ្លាំង ចំពោះ​ការ​ឆ្លង​រាលដាល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នូវ​ជំងឺអេដស៍ ដែល​កើតឡើង​លើ​ប្រជាពលរដ្ឋ​ក្នុងភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ​នេះ ។ ចំពោះ​វិធានការ​បន្ត លោក មាន ឈី​វ​វុន បាន​បញ្ជាក់​ថា តាម​គោលការណ៍​របស់​ថ្នាក់ដឹកនាំ គឺ​៖ទី​១-​ស្នើ​ឱ្យ​អាជ្ញាធរ​ត្រូវ​ចាត់​កម្លាំង​ជួយ​ការពារ​ក្រុម​គ្រួសារ​គ្រូពេទ្យ​ឈ្មោះ យ៉ែ​ម ជ្រិ​ន ដោយសារ​មាន​ប្រតិកម្ម​ពី​អ្នក​ឆ្លង​មេរោគ​អេ​ដស៍​នៅ​ក្នុងភូមិ ចៀសវាង​ការ​យាយី​ណាមួយ​ដោយ​ហិង្សា​ពី​អ្នក​ភូមិ​ដែល​ឆ្លង​មេរោគ​អេ​ដស៍ ។

ទី​២-​បើកចំហ​ក្នុង​ការ​ទទួល​ធ្វើតេស្ដ​ឈាម​ជូន​ប្រជាពលរដ្ឋ​ថែម​ទៀត ។
ទី​៣-​ប្រឹងប្រែង​ធ្វើការ​តាមដាន​ចំពោះ​អ្នកជំងឺ​ដែល​បាន​ឆ្លង​មេរោគ​នេះ ដើម្បី​ផ្ដល់​ថ្នាំ​ព្យាបាល ។
ទី​៤-​ស្នើ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ម​ជ្ឍ​ដ្ឋា​ន​នៅ​ក្នុង​មូលដ្ឋាន និង​នៅ​ក្រៅ​មូលដ្ឋាន មេត្តា​សូមកុំ​រើសអើង​ចំពោះ​អ្នក​ដែល​បាន​ឆ្លង​មេរោគ​នេះ ។

លោក មាន ឈី​វ​វុន បាន​ប្រកាស​ថា រូប​លោក​និង​អាជ្ញាធរ​ស្រុក ខេត្ត នឹង​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ដែល​បាន​ឆ្លង​មេរោគ​អេ​ដស៍​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ នៅ​ឯ​មណ្ឌល​សុខភាព​ឃុំ​រកា ស្រុក​សង្កែ ដើម្បី​សួរសុខទុក្ខ​ពួក​គាត់ ៕