ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នយោបាយ​​ភូមិ-ឃុំ​មាន​សុវត្ថិភាព​កំពុង​បំផ្លាញ​ដោយ​ល្បែង​ស៊ីសង​

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​សម្រាប់​ក្រុង​ប៉ោយ​ប៉ែ​ត ហាក់​ពុំ​ទទួល​បាន​ជោគជ័យ​ទេ ដោយសារ​តែ​ខណៈ​ក្រុម​នគរបាល​ចុះ​អប់រំ​ដល់​ប្រជាជន

ខេត្តបន្ទាយមានជ័យ ៖ គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​សម្រាប់​ក្រុង​ប៉ោយ​ប៉ែ​ត ហាក់​ពុំ​ទទួល​បាន​ជោគជ័យ​ទេ ដោយសារ​តែ​ខណៈ​ក្រុម​នគរបាល​ចុះ​អប់រំ​ដល់​ប្រជាជន បែរជា​អ្នកលេង​ក្នុង​នោះ​ក៏​មាន​សមត្ថកិច្ច និង​មន្ត្រី ដែរ និង​ចេះ​តែ​ជក់ខ្យល់​ទៅ ដូច​ចាស់​ពោល​ថា គីង្គក់​លក់​ថ្នាំ​ស្រែង ។

ជាក់ស្តែង​ទីតាំង​ល្បែង​បញ្ជល់មាន់​នៅ​ក្នុង​បរិវេណ​កាស៊ីណូ​ហ្គោ​ល​ដិ​ន​ក្រោ​ន​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត គេ​ឃើញ​មាន​មនុស្ស​ម្នា​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ពពាក់ពពូន​ទៅ​មើល និង​ចាក់​ភ្នាល់​ល្បែង​បញ្ជល់មាន់​យ៉ាង​គគ្រឹក​គគ្រេង​មិន​ខ្លាចញញើត​ច្បាប់​ទ្បើ​យ ដោយ​ក្នុង​នោះ​គេ​ឃើញ​មាន​សមត្ថកិច្ច​និង​មន្ត្រីរាជការ​ខ្លះ​ក៏​នៅ​ទីនោះ​ដែរ ។ រីឯ​យានយន្ត​ក៏​មាន​ច្រើន​ត្រៀបត្រា ដោយ​ម្ចាស់​រវល់​លេងល្បែង​ភ្នាល់ រថយន្ត​ខ្លះ​ពាក់​ស្លាក​លេខ​រាជការ ចំណែក​រថយន្ត​ខ្លះ​គ្មាន​ស្លាក​លេខ ប៉ុន្តែ​មាន​ស្លាក​ទ្បូ​ហ្គោ​ជា​សមត្ថកិច្ច ។

សំ​ទ្បេ​ង​ហ៊ោកញ្ជ្រៀវ​បា​នប​ន្លើ​ទ្បើ​ង​ជាមួយនឹង​សំ​ទ្បេ​ង​មេក្រូ​ប្រកាស​ការ​ចាក់​ភ្នាល់​យ៉ាង​ខ្ទរខ្ទារ ។ សំបុត្រ​ទស្សនា​មិន​ថ្លៃ​ទេ ប្រភព​ប្រាប់​ថា ម្នាក់​៥.០០០​រៀល​ប៉ុណ្ណោះ តែបើ​ផ្ញើ​ម៉ូតូ​ថែម​មួយទៀត​ស្មើនឹង​៦.០០០​រៀល ព្រោះ​តម្លៃ​ផ្ញើ​ម៉ូតូ​១.០០០​រៀល ។ ឮ​ថា​ទីតាំង​ល្បែងភ្នាល់​បញ្ជល់មាន់​ក្នុង​បរិវេណ​កាស៊ីណូ​មួយ​នេះ មាន​បង្កប់​ដោយ​អាចោរ​ជើង​មួយ​(​អាប៉ោង​) បៀ និង​យូគី​ស្ទូច​ចាក់​ដាក់​ប្រាក់​ធំ​ៗ ហើយ​អ្នកលេង​ខ្លះ​ស្កាត់​មក​តាំងពី​ខេត្ត​ឆ្ងាយ​ៗ​ដូច​ជា ខេត្តកំពង់ចាម ព្រៃវែង តាកែវ ស្វាយ​រៀង បាត់ដំបង និង​ខេត្តបន្ទាយ​មានជ័យ​ជាដើម មក​លេង​ផ្សងសំណាង​ដូច​យក​លុយ​មក​បំផ្លាញ​មិនដឹង​ខ្លួន ។

ពាក្យចាស់​លោក​ថា កោ​ក​ៗ​សឹក​តែ​មាត់​ត្រដោក​ឆ្អែត​ពោះ​ក្របី ដែល​ពាក្យចាស់​នេះ​គ្មាន​អ្វី​ខុស​ទេ គឺ​ការ​ពិត​អ្នក​អាង​ស្បែក​អាងខ្នង​នៅ​តែ​បន្ត​បើក​លេង ដើម្បី​យកចំណេញ​ញាត់​ហោប៉ៅ​និង​ចែក​គ្នា​ដូច​ទន្សោង​គោព្រៃ ។ សុំ​បញ្ជាក់​ថា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បច្ចុប្បន្ន​ទីតាំង​ល្បែងស៊ីសង​ខាងលើ អ្នកលេង​សុទ្ធតែ​ជា​ខ្មែរ​មិន​ទាន់​បាន​បង្ក្រាប​ផង ស្រាប់តែ​មាន​គេ​បើក​ទីតាំង​មួយ​ថែម​ទៀត សង្ស័យ​ជា​សង្វៀន​បញ្ជល់មាន់​កំពុង​មមាញឹក​សាងសង់​ជិត​រួច​ទៀត​ផង ក្នុងភូមិ​ប៉ោយ​ប៉ែ​ត មុខ​ទីតាំង​ទទួល​ពលករ​ខុសច្បាប់​បញ្ជូន​ពី​ប្រទេស​ថៃ ។

អ្នកស្រុក​លើក​ទ្បើ​ង​ថា បញ្ហា​ល្បែងស៊ីសង​នេះ បើ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពុំ​មាន​វិធានការ​ទប់ស្កាត់​ទេ អំពើ​ចោរកម្ម ការ​លួច ឆក់ គាស់​ផ្ទះ និង​កាច់​សោ​លួច​ម៉ូតូ នឹង​កើត​មាន​មិន​អាច​លុប​បំបាត់​បាន​ទ្បើ​យ ។ កន្លង​មក អាជ្ញាធរ​ក៏​ដូច​ជា​សមត្ថកិច្ច​នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​សាកសួរ តែងតែ​លើក​ហេតុផល​ពី​នេះ​ពី​នោះ​មិន​បង្ក្រាប​ទ្បើ​យ ព្រោះ​ខ្លាច​លូក​ទៅ​រលា​កដៃ ឬ​វ៉ៃ​ឆ្កែ​មិន​មើល​ម្ចាស់។
តាម​ការ​កត់សម្គាល់ ខ្មែរ​អ្នកមាន​ធំ​ៗ​គេ​ចូល​លេង​ក្នុង​អគារ​ដែល​មាន​ម៉ាស៊ីនត្រជាក់ ។ ឯ​ខ្មែរ​មាន​ល្មម​ៗ ឬ​មាន​តិចតួច គេ​ចូល​លេង​នៅ​តាម​អគារ​នៅ​អែប​របង ។ តាម​ការ​សន្និដ្ឋាន គឺ​គេ​ចាប់​ប្រមូល​មិន​ឱ្យ​សល់​ទេ ពី​អាតូច​ៗ​ដល់​អាធំ​ៗ ៕