ម្នាស់ដំណាំហូបផ្លែបង្អួតអ្នកទេសចរនៅអូរពងមាន់
ដោយ ៖ សាម៉ន
ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១៣:១៦
ខេត្ដស្ទឹងត្រែង ៖ នៅប្រទេសកម្ពុជាយើងមានសណ្ឋានដីខ្ពង់រាប និងមានសីតុណ្ហភាពក្ដៅ ហើយសើម ដែលអំណោយផលដល់ ការងារកសិកម្មដាំដុះនៅគ្រប់បណ្ដាខេត្ដនានាទូទាំងប្រទេស ហើយខេត្ដនីមួយៗនិយមដាំដំណាំហូបផ្លែផ្សេងៗគ្នា ដូចជា នៅខេត្ដកំពត មានចំការទុរេន, ខេត្ដកំពង់ចាម មានចំការដំណាំផ្លែឈើគ្រប់មុខ ដូចជា ទុរេន សាវម៉ាវ មង្ឃុត ចេក ស្វាយ ខ្នុរ ជាដើម ។ រីឯនៅខេត្ដស្ទឹងត្រែងវិញ ក្រៅពីល្បីថា ណែមត្រី មានរសជាតិឆ្ងាញ់នោះ ក៏សំបូរទៅដោយដំណាំម្នាស់ដែលមានផ្លែធំៗ ហើយមានរសជាតិផ្អែមឆ្ងាញ់ផងដែរ ។
នៅតាមដងផ្លូវជាតិលេខ៧ ត្រង់ភូមិអូរពងមាន់ ឃុំអូរពងមាន់ ស្រុកស្ទឹងត្រែង ត្រង់ផ្លូវបំបែកចូលផ្លូវជាតិលេខ៧៨ ទៅខេត្ដរតនគិរី គេឃើញមានផ្សារតូចមួយមានលក់ភេសជ្ជៈ បាយម្ហូប ត្រីសាច់ បន្លែ និងផ្លែឈើផ្សេងៗសំរាប់ទទួលអ្នកធ្វើដំណើរឆ្លងកាត់ទីនោះ ជាពិសេសជាងគេនោះគឺផ្លែម្នាស់តែម្ដង ។
តាមកញ្ញា ហាក់ ចាន់រតនា ហៅស្រីមុំ ដែលជាអ្នកលក់ម្នាស់បានឱ្យដឹងថា នាងបានលក់ម្នាស់នៅទីនេះអស់រយៈពេលជាង១០ឆ្នាំមកហើយ ក្នុង១ថ្ងៃលក់អស់ពី២០ទៅ៣០ផ្លែ ហើយដែលក្នុង១ផ្លែតម្លៃពី៨.០០០រៀល ទៅ១៥.០០០រៀល ។ ស្រីមុំ និយាយថា ម្នាស់នេះដាំនៅក្នុងខេត្ដស្ទឹងត្រែង ដោយក្នុងមួយគ្រួសារមាន១ហិកតា ទៅ៣ហិកតា ជាម្នាស់ដែលគេនិយមពិសារគ្រប់ខេត្ដ-ក្រុង ទាំងអស់ ហើយនេះជាពូជម្នាស់ទឹកឃ្មុំ និងម្នាស់ពូជយកមកពីសាំងហ្គាពួរ ដែលក្នុង១ផ្លែ មានទម្ងន់ពី២ទៅ៥គីឡូក្រាមឯណោះ ។ ភ្ញៀវដែលធ្វើដំណើរទៅមកភ្នំពេញ-ស្ទឹងត្រែង, ភ្នំពេញ-រតនគិរី ឬបណ្ដាខេត្ដផ្សេងៗទៀត មិនដែលទៅហួសកន្លែងលក់ម្នាស់ និង ណែមនេះទេ ហើយគេតែងតែទិញម្នាស់យកទៅផ្ញើបងប្អូនកូនចៅមិនដែលខានឡើយ ព្រោះថា ម្នាស់នេះកសិករដាំដុះតាមធម្មជាតិ មិនប្រើជីគីមីទេ ដោយសារខេត្ដស្ទឹងត្រែងមានសណ្ឋានដីខ្ពង់រាប មានដង ទន្លេសេសាន, ទន្លេសេកុង និងទន្លេមេគង្គ ហូរកាត់ ធ្វើឱ្យដីមានជីជាតិពីធម្មជាតិយ៉ាងល្អប្រសើរ ។
ដូច្នេះប្រជាជនដែលរស់នៅខេត្ដស្ទឹងត្រែង ក្រៅពីរបរធ្វើស្រែ-ចំការ នៅមានផលដំណាំយកមកលក់ជូនភ្ញៀវទេសចរជាតិ និង អន្ដរជាតិបានប្រាក់កំរៃយ៉ាងក្រាស់ក្រែលយកមកដោះស្រាយជីវភាពបានមួយកំរិតថែមទៀត ។ ម្យ៉ាងទៀត បើភ្ញៀវជួយទិញម្នាស់ខ្មែរដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ ក៏ដូចជាការចូលរួមចំណែកជួយលើកទឹកចិត្ដដល់កសិករខ្មែរឱ្យបង្កើនការដាំដុះឱ្យកាន់តែ ច្រើនឡើងថែមទៀត និងរួមចំណែកជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ៕