ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជាម្តាយ​ស្រែកទ្រហោ​យំ​​បាត់​កូន​ស្រី​សង្ស័យ​ចាញ់បោក​យុវជន​ម្នាក់​នាំនាងទៅបាត់​

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​បាន​មក​ទ្រហោយំ​រៀបរាប់​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព ដើម្បី​ឱ្យ​ជួយ​រូប​គាត់​ដែល​ជា​ស្ត្រី​រង​គ្រោះ​ផង ព្រោះ​គាត់​គ្មាន​ប្រាក់​កាស​សម្រាប់​ដើរ​រក​កូនស្រី​ដែល​បាត់​ចេញពីផ្ទះ​ដោយ​ការ​ចាញ់បោក​គេ​

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​បាន​មក​ទ្រហោយំ​រៀបរាប់​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព ដើម្បី​ឱ្យ​ជួយ​រូប​គាត់​ដែល​ជា​ស្ត្រី​រង​គ្រោះ​ផង ព្រោះ​គាត់​គ្មាន​ប្រាក់​កាស​សម្រាប់​ដើរ​រក​កូនស្រី​ដែល​បាត់​ចេញពីផ្ទះ​ដោយ​ការ​ចាញ់បោក​គេ​នោះ​ទេ ណាមួយ​ប្តី​គំរាម​ថា នឹង​លែងលះ​គ្នា បើសិន​គាត់​រក​កូនស្រី​មិនឃើញ ។ គាត់​បន្ត​ថា កូនស្រី​គាត់​បាន​បាត់​ចេញពីផ្ទះ​ចំនួន​២០​ថ្ងៃ​មក​ហើយ ដែល​សង្ស័យ​ចាញ់បោក​គេ​យក​ទៅ​លក់ ។

ស្ត្រី​រូប​នេះ​ឈ្មោះ លាវ ពៅ អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​អូស សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ គាត់​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៤ មាន​យុវជន​ម្នាក់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​មក​បបួល​កូនស្រី​គាត់​ទៅ​ធ្វើការ​នៅ​ឯ​ភ្នំពេញ ហើយ​ក៏​បាត់​ដំណឹង​ឈឹង​អស់​រយៈពេល​២០​ថ្ងៃ​ហើយ នៅ​តែ​ពុំ​អាច​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​បាន​ឡើយ ធ្វើ​ឱ្យ​គាត់​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ។

ស្ត្រី​រូប​នោះ​បន្ត​ថា ប្តី​របស់​គាត់​ឈ្មោះ ឈឺ​ន នៅ អាយុ​៤៨​ឆ្នាំ ប្រកប​របរ​នេសាទ​ត្រី ពួក​គាត់​មានកូន​៥​នាក់ ឯ​កូនស្រី​ដែល​បាត់ឈ្មោះ ឈឺ​ន ឆដា អាយុ​១៨​ឆ្នាំ ជា​កម្មការិនី​ធ្វើ​ទឹកបរិសុទ្ធ​ឱ្យ​សិប្បកម្ម​មួយ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ។ កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៤ យុវជន​ម្នាក់​ឈ្មោះ​ឡាំ អាយុប្រមាណ​១៨​ឆ្នាំ បាន​មក​លួងលោម​បបួល​កូនស្រី​គាត់​ថា បើ​ព្រមទៅ​ធ្វើការ​នៅ​ភ្នំពេញ គេ​មាន​កន្លែង​មួយ ហើយ​ផ្តល់​ប្រាក់ខែ​២០០​ដុល្លារ​ក្នុង​មួយ​ខែ ។ ដោយសារ​ជីវភាព​ក្រុម​គ្រួសារ​ក្រីក្រ ហើយ​ឪពុក​ម្តាយ​ជួល​ផ្ទះ​គេ​នៅ ម្យ៉ាង​ឈ្មោះ​ឡាំ នេះ​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​ផង គាត់​ជា​ម្តាយ​ក៏​យល់ព្រម​ឱ្យឈ្មោះ​ឡាំ នាំ​កូនស្រី​ទៅ​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ ។
នៅ​ពេល​ទៅ​ធ្វើការ​បាន​៥​ថ្ងៃ​ដំបូង គាត់​បាន​ទូរស័ព្ទ​ទៅ​ជួប​កូនស្រី តែ​ឈ្មោះ​ឡាំ ជា​អ្នក​លើក​ទូរស័ព្ទ​ជំនួស​កូនស្រី​គាត់​ទៅ​វិញ ។

គាត់​មិន​បាន​ជួប​ផ្ទាល់មាត់​ជាមួយ​កូនស្រី​គាត់​ឡើយ ដោយ​គ្រាន់តែ​ដឹង​តាម​រយៈ​ឈ្មោះ​ឡាំ ថា កូនស្រី​គាត់​សុខ​សប្បាយ​ជា​ធម្មតា​ទេ ហើយ​ទូរស័ព្ទ​ទៅ​លើក​ណា ក៏​ជួប​តែ​ឈ្មោះ​ឡាំ ដែរ ។ ក្រោយមក​ក៏​បាត់​ដំណឹង​ឈឹង និង​ទូរស័ព្ទ​ហៅ​លែង​ចូល​តែ​ម្តង ។
ប្រភព​ដដែល​បន្ត​ថា នៅ​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៤ គាត់​បាន ទូរស័ព្ទ​ទៅ​កូន​ម្តងទៀត ក៏​ជួបនឹង​បុរស​ម្នាក់​ដែល​អះអាង​ថា គេ​ឈ្មោះ​ម៉ាក់ ជា​បងប្រុស  របស់​ឈ្មោះ​ឡាំ ហើយ​និយាយ​ថា កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៤ រូបគេ (​ឈ្មោះ​ម៉ាក់​) បាន​ទៅ​ទទួលយក​នារី​ឈ្មោះ ឈឺ​ន ឆដា ពី​ចំណតរថយន្ត​សូ​រិ​យា​ក្រុងភ្នំពេញ​មែន ប៉ុន្តែ​នាង​នៅ​បាន​តែ​២​ថ្ងៃ​ទេ ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ។

ស្ត្រី​ជា​ម្តាយ​នារី​រង​គ្រោះ​រៀបរាប់​ទាំង​ទឹកភ្នែក​រហាម​ថា គាត់​សង្ស័យ​ថា កូនស្រី​គាត់​ត្រូវ​គេ​បោក​យក​ទៅ​លក់​នៅ​កន្លែង​ណាមួយ ទើប​នាង​មិន​អាច​ទូរស័ព្ទ​មក​ប្រាប់​ឪពុក​ម្តាយ​បាន​។ ក្រុម​គ្រួសារ​គាត់​ក្រីក្រ​ណាស់ គ្មាន​លុយកាក់​ប្តឹងប្តល់​សមត្ថកិច្ច​ឱ្យ​ជួយ​រក​កូនស្រី​គាត់​បាន​ទេ ហេតុនេះ​គាត់​សូម​សំណូមពរ​ដល់​សារព័ត៌មាន​កោះសន្តិភាព មេត្តា​ជួយ​ចុះ​ផ្សាយ​ស្វែងរក​កូន​ឱ្យ​គាត់​ផង ។ គាត់​ក៏​បាន​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន និង​អា​ជា្ញ​ធរ​គ្រប់​ទីកន្លែង បើសិនជា​បានឃើញ​នារី​ដូច​ក្នុង​រូបថត​នេះ សូម​មេត្តា​ជួយ​ផ្តល់​ដំណឹង​ឱ្យ​គាត់​ផង ឬ​បើ​កូនស្រី​បាន​ទទួល​ដំណឹង​នេះ សូម​កូន​ទូរស័ព្ទ​មក​អ្នក​ផ្ទះ​ផង ដើម្បី​កុំឱ្យ​អ្នក​ផ្ទះ​ព្រួយបារម្ភ ។

នៅ​ល្ងាច​ថ្ងៃ​ទី​២៨ វិច្ឆិកា ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តកំពង់ឆ្នាំង​បាន​រាយការណ៍​ទៅ​លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្ត ដើម្បី​ឱ្យ​លោក​ជួយ​អន្តរាគមន៍​ហើយ​លោក​បាន​សំណូមពរ​ឱ្យ​ម្តាយ​នារី​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅការិយា​ល័យ​​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ខេត្ត ។ ការ​ដាក់​ពាក្យ​ប្តឹង​មិន​តម្រូវ​ឱ្យ​បង់ប្រាក់​អ្វី​ឡើយ ហើយ​លោកស្នងការ​មាន​ប្រសាសន៍​​ថា លោក​នឹង​អន្តរាគមន៍​ទៅ​លោកនាយ​ការិយាល័យ​ដើម្បី​ស្រាវជ្រាវ​ជា​បន្ទាន់​ក្នុង​រឿង​ខាងលើ​នេះ មិន​អាច​ទុក​យូរ​បាន​ទេ ៕