ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ចាត់​ទុក​ការ​ចូល​អូតង់​ជាយថាហេតុ​របស់​អ៊ុយ​ក្រែ​ន​ថា​ជា​ការ​គំរាមកំហែង​មួយ

9 ឆ្នាំ មុន

អនុរដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក​អា​ឡិច​សី មេ​ស្កូវ អះអាង​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា​ថា ប្រទេស​រុ​ស្ស៊ី​ចាត់​ទុក​លទ្ធភាព​នៃ​ការ​ចូល​អូតង់​របស់​អ៊ុយ​ក្រែ​ន​ថា ជា​ការ​គំរាមកំហែង​មួយ​ដល់​ស្ថេ​រ​ភាព​ជា​សាកល ។

អនុរដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក​អា​ឡិច​សី មេ​ស្កូវ អះអាង​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា​ថា ប្រទេស​រុ​ស្ស៊ី​ចាត់​ទុក​លទ្ធភាព​នៃ​ការ​ចូល​អូតង់​របស់​អ៊ុយ​ក្រែ​ន​ថា ជា​ការ​គំរាមកំហែង​មួយ​ដល់​ស្ថេ​រ​ភាព​ជា​សាកល ។

លោក​មេ​ស្កូវ គូសបញ្ជាក់​ថា បណ្តា​ដៃគូ​របស់​យើង​ស្គាល់​ពី​ជំហរ​សំខាន់​របស់​រុ​ស្ស៊ី ដែល​ចាត់​ទុក​ការ​ចូល​របស់​អ៊ុយ​ក្រែ​ន​ក្នុង​អង្គការ​អូតង់​ថា ជា​ការ​បំផ្លាញ​សន្តិសុខ​នៅ​អឺ​រ៉ុប ។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​ប៉េ​ត្រូ ប៉ូ​រ៉ូ​ឆេ​ន​កូ ថ្លែង​នា​ពេល​មុន​នេះ​ថា ក្រុង​គៀវ​ត្រូវ​បោះបង់​ចោល​លក្ខន្តិកៈ​មិន​ចូលបក្ស​សម្ព័ន្ធ​របស់​ប្រទេស ដើម្បី​អាច​ឱ្យ​អ៊ុយ​ក្រែ​ន​ចូល​ក្នុង​សម្ព័ន្ធភាព​យោធា​ណាមួយ ។

ដោយ​ចង់​សំដៅលើ​សេចក្តីថ្លែងការណ៍​នេះ​របស់​លោក​ប៉ូ​រ៉ូឆេ​ន​កូ លោក​មេ​ស្កូវ និយាយ​ថា វិធានការ​បែប​នេះ​នឹង​បង្ក​ឱ្យ​មាន​ផលវិបាក​នយោបាយ​ដ៏​ធំធេង​នានា ។ បណ្តា​អ្នក​ដែល​ពេល​នេះ​ប៉ុ​ន​ប៉ង​រុញច្រាន​អ៊ុយ​ក្រែ​ន​ចូល​អូតង់​ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ផលវិបាក​ដ៏​ធំធេង​ទាំងឡាយ​ខាង​ភូមិសាស្ត្រ​នយោ​បាយ ។ ទោះបី​គ្រប់​ប្រទេស​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស តែ​វា​សំខាន់​ណាស់​ដែល​ប្រទេស​មួយ​ដូច​ជា​រុ​ស្ស៊ី ត្រូវ​គិតដល់​ផលប្រយោជន៍​សន្តិសុខ​របស់​ពិភពលោក និង​អឺ​រ៉ុប ។

លោក​ប៉ូ​រ៉ូ ឆេ​ន​កូ ថ្លែង​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា​ថា ការ​បោះ​ប្រជាមតិ​មួយ​នឹង​រៀបចំ​ធ្វើ​ដើម្បី​សម្រេច​ថា តើ​អ៊ុយ​ក្រែ​ន​ត្រូវ​ចូល​អូតង់​ឬ​អត់ ។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ក៏​ថ្លែង​ប្រឆាំង​ការ​ប្រើ​ប្រព័ន្ធ​សហព័ន្ធ​ក្នុង​ប្រទេស​របស់​លោក ហើយ​អំពាវនាវ​ជា​ថ្មី​ឱ្យ​លុប​ចោល​លក្ខន្តិកៈ​រដ្ឋ​មិន​ចូលបក្ស​សម្ព័ន្ធ​របស់​អ៊ុយ​ក្រែ​ន ។

ក្នុង​សុន្ទរកថា​មួយ​ឯ​សភា​អ៊ុយ​ក្រែ​ន​ផ្សាយ​តាម​ទូរទស្សន៍​លោក​ប៉ូ​រ៉ូ ឆេ​ន​កូ ថ្លែង​ថា ពលរដ្ឋ​អ៊ុយ​ក្រែ​ន​១០០% គាំទ្រ​អ៊ុយ​ក្រែ​ន​រួបរួម​មួយ​។ ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ភាគច្រើន​ចង់បាន​រដ្ឋ​តែ​មួយ និង​ពុំ​មែន​រដ្ឋ​សហព័ន្ធ​នោះ​ទេ ។ លោក​អំពាវនាវ​ដល់​បណ្តា​សមាជិក​សភា​ដែល​ទើប​ជាប់​ឆ្នោត​ឱ្យ​បោះបង់​ចោល​លក្ខន្តិកៈ​មិន​ចូលបក្ស​សម្ព័ន្ធ​ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​អ៊ុយ​ក្រែ​ន​ចូល​ក្នុង​សម្ព័ន្ធភាព​យោធា​ដែល​ចង់​សំដៅ​ចូល​ក្នុង​អូតង់ ៕