ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម​អាច​ចាញ់​សង្គ្រាម​ព្រោះ​បញ្ហា​ប្រាក់

9 ឆ្នាំ មុន

យោង​តាម​ពួក​អ្នក​ជំនាញការ​អន្តរជាតិ​ថា ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អាច​ចាញ់​សង្គ្រាម ដែល​ពួក​គេ​បាន​ធ្វើ​នៅ​អីុ​រ៉ា​ក់​និង​ស៊ី​រី ព្រោះ​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ត្រួតត្រា​បណ្តា​ដែនដី​ដែល​ពួក​គេ​វាយ​ដណ្តើម​យក​បាន ខណៈ​ដែល​ពួក​នេះ​មាន​ភាគហ៊ុន​គិត​ជា​ប្រាក់​ជាង​២.០០០​ពាន់​លាន​ដុល្លារ ។

យោង​តាម​ពួក​អ្នក​ជំនាញការ​អន្តរជាតិ​ថា ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អាច​ចាញ់​សង្គ្រាម ដែល​ពួក​គេ​បាន​ធ្វើ​នៅ​អីុ​រ៉ា​ក់​និង​ស៊ី​រី ព្រោះ​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ត្រួតត្រា​បណ្តា​ដែនដី​ដែល​ពួក​គេ​វាយ​ដណ្តើម​យក​បាន ខណៈ​ដែល​ពួក​នេះ​មាន​ភាគហ៊ុន​គិត​ជា​ប្រាក់​ជាង​២.០០០​ពាន់​លាន​ដុល្លារ ។

លោក JEAN CHARLES BRISARD អ្នក​ពិគ្រោះ​យោបល់​អន្តរជាតិ និង​ជា​អ្នកឯកទេស​ខាង​ភេរវកម្ម​និយាយ​ថា ទឹកប្រាក់​នេះ​ពិតជា​ច្រើន​គួរសម ក៏​ប៉ុ​ន្តែ​ការ​គ្រប់គ្រង​រដ្ឋបាល​ទាំងមូល​មួយ ការ​បើកប្រាក់​បៀវត្ស​ឱ្យ​បណ្តា​មន្ត្រី​រដ្ឋបាល និង​ប្រាក់ខែ​ពួក​យុទ្ធ​ជន ការ​ថែរក្សា​បណ្តា​ឧបករណ៍​សេវាកម្ម​សាធារណៈ​តំណាង​ឱ្យ​ទឹកប្រាក់​យ៉ាងច្រើន​ដែល​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម​ពុំ​អាច​រ៉ាប់រង​បាន​ឡើយ ។ លោក​បន្ត​ថា គេ​អាច​និយាយ​បាន​ថា រហូត​ដល់​ពេល​ណាមួយ​នោះ ប្រជាជន​នឹង​បក​មក​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​វិញ ទោះបី​បច្ចុប្បន្ន​ពុំ​ទាន់​មាន​ពិសេស​នៅ​អីុ​រ៉ា​ក់​ក្តី ។

ក្នុង​បទ​សម្ភាសន៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា លោក JEAN CHARLES BRISARD បន្ត​ថា វាសនា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អាច​ធ្លាក់​ក្នុង​ដៃ​បណ្តា​ប្រមុខ​កុលសម្ព័ន្ធ​ស៊ុន​នី​ត​អីុរ៉ា​ក់ ដែល​ដើរតួ​នាទី​សំខាន់​ក្នុង​ឆ្នាំ​២០០៦ និង​២០០៧ ពេល​ដែល​ពួក​គេ​ប្រយុទ្ធ​ប្រឆាំង​អាល់​កៃ​ដា​ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​កងទ័ព​អា​មេ​រិ​ក ។

នយោបាយ​ដែល​ប្រកាន់​យក​ដោយ​រដ្ឋាភិបាល​របស់​អតីត​នាយក​រដ្ឋមន្ត្រី​អីុ​រ៉ា​ក់ លោក​នូ​រី​អាល់​ម៉ា​លី​គី គ្របដណ្តប់​ដោយ​ពួក​ស៊ី​អីុត បន្តិច​ម្តង​ៗ​ជំរុញ​ឱ្យ​ពួក​ស៊ី​ន​នី​ត​អីុ​រ៉ា​ក់​ងាក​ទៅ​គាំទ្រ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​ជួយ​ឱ្យ​ក្រុម​នោះ​មាន​កម្លាំង​ខ្លាំង ។

យោង​តាម​របាយការណ៍​មួយ​របស់​លោក JEAN CHARLES BRISARD និង​លោក DAMIEN MARTINEZ នាយក​នៃ​ការ​លក់​របស់​ក្រុមហ៊ុន THOMSON REUTERS RISK សម្រាប់​អឺ​រ៉ុប​ខាងលិច​ថា ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម​មាន​ប្រមាណ​ជា​២,៩​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ពិសេស​បាន​មក​ពី​ការ​ធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ ។

លោក JEAN  CHARLES BRISARD ពន្យល់​ថា ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​សហរដ្ឋអាមេរិក សំដៅលើ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ពុំ​មាន​ទិស​ដៅ​កម្ទេច​សកម្មភាព​សេដ្ឋកិច្ច​របស់​ក្រុម​នេះ​ឡើយ ព្រោះ​ខ្លាច​ប្រជាជន​ងាក​មក​ប្រឆាំង​នឹង​ពួក​អា​មេ​រិ​ក​វិញ ។

របាយការណ៍​វាយតម្លៃ​ថា ទឹកប្រាក់​៣០​លាន​ដុល្លារ​នៃ​ប្រាក់​ចំណូល​ប្រចាំខែ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​មក​ពី​សកម្មភាព​កំហែង​យក គឺ​ប្រមាណ​ជា​១២% នៃ​ប្រាក់​ចំណូល​របស់​គេ​។ ជា​ឧទាហរណ៍ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កំហែង​ប្រមូលប្រាក់​បាន​៨០០​លាន​ដុល្លារ​ចំពោះ​ការ​ចូល​មក​កាន់​ប្រទេស​អីុ​រ៉ា​ក់​របស់​រថយន្ត​កាំ​មី​ញ៉ុង​ទាំងឡាយ​ណា​មក​ពី​ប្រទេស​ហ្ស៊​ក​ដា​នី និង​ស៊ី​រី ការ​យកពន្ធ​លើ​ការ​ដក​ប្រាក់​ធនាគារ ការ​យកពន្ធ​លើ​ការ​លួច​យក​វត្ថុ​ទាំងឡាយ​ពី​បណ្តា​ទីតាំង​បុរាណ ព្រមទាំង​ការ​បង់ប្រាក់​ថ្លៃ​ការពារ​ចំពោះ​ប្រជាជន​ពុំ​កាន់សាសនា​អ៊ិ​ស្លា​ម ។

ចំណែក​ប្រេងកាត​តំណាង​ឱ្យ​៣៨% នៃ​ប្រាក់​ចំណូល​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ទល់​នឹង​១៧% សម្រាប់​ឧស្ម័ន ៤% សម្រាប់​ការ​ចាប់ពង្រត់​មនុស្ស ទារប្រាក់​លោះ និង​២% បាន​មក​ក្រោម​រូបភាព​ជា​អំណោយ ៕