ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័ន​ពីរ​បើក​ព្រឹត្តិការណ៍​ជិះ​កង់​ប្រមូល​ថវិកា​ជួយ​ក្មេង​ក្រីក្រ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​រឿង​វិជ្ជមាន​មួយ ដែល​ស្ថាប័ន​ពីរ គឺ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ហៅ​កាត់​ថា PSE និង​ក្រុមហ៊ុន Cellcard បាន​រួម​គ្នា​បង្កើត​ព្រឹ​តិ្ត​ការណ៍​ជិះ​កង់​ទៅ​សាលា ដោយ​តម្រូវ​ឱ្យ​អ្នកចូលរួម​ត្រូវ​ជិះ​កង់​ចាប់ពី​ភ្នំពេញ​រហូត​ដល់​ខេត្តកំពត ដើម្បី​រៃ​អង្គាសប្រាក់​ជួយ​ដល់​ក្មេង​ក្រីក្រ​ខ្វះ​លទ្ធភាព

រាជធានី​ភ្នំពេញ ៖ ជា​រឿង​វិជ្ជមាន​មួយ ដែល​ស្ថាប័ន​ពីរ គឺ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ហៅ​កាត់​ថា PSE និង​ក្រុមហ៊ុន Cellcard បាន​រួម​គ្នា​បង្កើត​ព្រឹ​តិ្ត​ការណ៍​ជិះ​កង់​ទៅ​សាលា ដោយ​តម្រូវ​ឱ្យ​អ្នកចូលរួម​ត្រូវ​ជិះ​កង់​ចាប់ពី​ភ្នំពេញ​រហូត​ដល់​ខេត្តកំពត ដើម្បី​រៃ​អង្គាសប្រាក់​ជួយ​ដល់​ក្មេង​ក្រីក្រ​ខ្វះ​លទ្ធភាព សិក្សា​។ ព្រឹត្តិការណ៍​នេះ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១០ មក​រា ក្នុង​ឆ្នាំ​២០១៥ ខាង​មុខ ដោយ​កំពុង​ផ្សព្វផ្សាយ និង​ប្រមូល​អ្នកចូលរួម​ពី​ឥឡូវ ។

ការ​រៀបចំ​នេះ​មាន​គោលបំណង​តែ​មួយ​គត់ គឺ​កៀរគរ​អ្នកមាន​បំណង​ចូលរួម​ជិះ​កង់​ទាំងអស់ ឱ្យ​ជួបជុំ​គ្នា​ដើម្បី​ធ្វើ​ដំណើរ​ដោយ​ជិះ​កង់​ក្នុង​រយៈ​ចម្ងាយ​១៤៨​គីឡូម៉ែត្រ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ពី​ភ្នំពេញ​ទៅ​ខេត្តកំពត ។ នេះ​ជា​ការ​ឆ្លើយ​តប​តាម​ការ​ចង់បាន​របស់​អង្គការ PSE ដែល​មាន​បំណង​រៃ​អង្គាសប្រាក់​ទិញ​កង់​ប្រមាណ​៣០០​គ្រឿង​ដល់​កុមារ​ក្រីក្រ​នៅ​ក្នុង​ប្រទេស និង​ត្រូវការ​ថវិកា​ជា​ច្រើន​ទៀត​ផ្ដ​ត់​ផ្គង់​ឱ្យ​ក្មេង​ក្រីក្រ​ទាំងនោះ​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​ដល់​ចប់​។ តំណាង​អង្គការ PSE លើក​ឡើង​ថា  កុមារ​ម្នាក់​នៅ​ស្រុក​ឧដុង្គ គឺជា​សិស្ស​រៀន​ពូកែ​គួរ​ឱ្យ​សរសើរ ប៉ុន្តែ​គេ​បាន​បោះបង់​ការ​សិក្សា ព្រោះតែ​គ្មាន​កង់​ជិះ និង​ភាព​ខ្វះខាត ។ PSE បានដឹង​ពី​ដំណឹង​នេះ ហើយ​ជួយ​រូប​គាត់​ឱ្យ​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​ឡើង​វិញ ។ ដោយឡែក​នៅ​ក្នុងឆ្នាំនេះ ភារកិច្ច​របស់​អង្គការ ត្រូវ​ជួយ​ក្នុង​លក្ខខណ្ឌ​ដូច​គ្នា​នេះ ដល់​កុមារ​សរុប​ចំនួន​៣០០​នាក់ ទើប​តម្រូវ​ឱ្យ​អង្គការ​បង្កើត​ព្រឹត្តិការណ៍​ជិះ​កង់​នេះ​ឡើង​ដើម្បី​រៃ​អង្គាសប្រាក់​ពី​សប្បុរសជន​គ្រប់​ទិស​ទី​។ អ្នកមាន​បំណង​ចង់​ចូលរួម​បរិច្ចាគ ឬ​ចូលរួម​ជិះ​កង់ អាច​ទទួល​ព័ត៌មាន​លម្អិត​តាម​វេ​ប​សាយ http://www.ride2school.org ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​១០ មក​រា ។ អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ Cellcard ក៏​នឹង​ត្រូវ​បាន​ណែនាំ​ពី​ការ​បរិច្ចាគ​ប្រាក់​ក្នុង​គម្រោង​នេះ​ដែរ តាម​រយៈ​ការ​ផ្ញើ​សារ​ក្នុង​ចំនួន​ណាមួយ ។

ការ​ចេញដំណើរ​នឹង​ត្រូវធ្វើ​ឡើង​នៅ​វេលា ម៉ោង​៦​និង​៤៥​នាទី​ព្រឹក ពី​ខាង​មុខ​ការិយាល័យ ក្រុមហ៊ុន Cellcard ដែល​ស្ថិត​នៅ​មហាវិថី​ព្រះ​សីហ​នុ ខណៈ​ដែល​ពេលវេលា​ទៅ​ដល់​អាច​ស្ថិត​នៅ​ចន្លោះ​ពី​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ដល់​ម៉ោង​១៤​និង​៣០​នាទី​រសៀល ។ តាម​គម្រោង​ក្បួន​ធ្វើ​ដំណើរ​ត្រូវ​អម​ដោយ​ម៉ូតូ​ប៉ូលិស​សុវត្ថិភាព​ក្នុង​រយៈ​ចម្ងាយ​២០​គីឡូម៉ែត្រ ពី​កន្លែង​ចេញដំណើរ​ដល់​ស្ពាន​អាកាស​៧​មក​រា​។  ក្នុង​នោះ​ក៏​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់ និង​រថយន្តក្រុង​ចាំ​ដឹក​អ្នក​ជិះ​កង់ ដែល​ចង់​បញ្ឈប់​ការ​ជិះ​កង់​កណ្ដាល​ទី​ផង​ដែរ ។ អ្នកចូលរួម​នឹង​ទទួល​បានការ​ពិសា​អាហារ​សាមគ្គី​ពេល​ល្ងាច​ជុំ​គ្នា​ក្នុង​ខេត្តកំពត និង​ការ​ស្នាក់​នៅ​មួយ​យប់ ដោយ​មធ្យោបាយ​ធ្វើ​ដំណើរ​ត្រឡប់​មក​កាន់​ភ្នំពេញ​វិញ គឺជា​បន្ទុក​របស់​អ្នក​រៀបចំ​កម្មវិធី​។ មានការ​រំពឹង​ថា នឹង​មាន​អ្នកចូលរួម​ជិះ​កង់​យ៉ាង​ហោច​២០០​នាក់ ដោយ​ត្រូវ​ចែក​ជា​ក្រុម​ធំ​ៗ ក្រុម​ខ្លា សំដៅលើ​អ្នក​ជិះ​កង់​ជំនាញ​បែប​ប្រណាំង​គ្នា ក្រុម​ទន្សាយ សំដៅលើ​អ្នក​ជិះ​កង់​ជំនាញ​បែប​មធ្យម និង​ក្រុម​សប្បាយ​សំដៅលើ​អ្នក​ធ្វើ​ដំណើរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

ព្រឹត្តិការណ៍​នេះ​រំពឹង​ថា នឹង​មានការ​ចូលរួម​ឧបត្ថម្ភ​ច្រើន​ពី​សំណាក់​ក្រុម​សប្បុរសជន​ដើម្បី​ឱ្យ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​ជំនួយ​ទៅ​ផ្គត់ផ្គង់​ដល់​ក្មេង​ៗ​ដែល​ប្រឈម​នឹង​ការ​ខ្វះខាត​តាម​ផែនការ​កំណត់ ។ ប្រសិនបើ​ទទួល​ជោគជ័យ នោះ​នឹង​មាន​ក្មេង​ក្រីក្រ​ប្រឈម​នឹង​ខ្វះ​លទ្ធភាព​សិក្សា​ជា​ច្រើន​ទៀត ត្រូវ​បាន​ជួយ​សង្គ្រោះ​។ ព្រឹត្តិការណ៍​ជិះ​កង់​រៃ​អង្គាសប្រាក់​បែប​នេះ កន្លង​មក​ត្រូវ​គេ​ឃើញ​ទទួល​ផ្លែផ្កា​ជា​ច្រើន​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ៕