ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ប្រេងកាត OPEC រក្សា​ផលិតកម្ម​ដដែល​ទោះបី​តម្លៃ​ប្រេង​ធ្លាក់​ទាប

9 ឆ្នាំ មុន

បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ​នាំ​ប្រេង​ចេញ ហៅ​កាត់​ថា OPEC បាន​សម្រេច​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា នៅ​ទីក្រុង​វី​យែ​ន រក្សា​កម្រិត​ផលិតកម្ម​ប្រេង​នៅ​ដដែល ទោះបី​ការ​ផ្គត់ផ្គង់​ប្រេង​មាន​ច្រើន​ដែល​នាំ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​ភ្លាម​ៗ​ក្នុង​កម្រិត​យ៉ាង​ទាប​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​២០១០ មក​ក្តី ។

បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ​នាំ​ប្រេង​ចេញ ហៅ​កាត់​ថា OPEC បាន​សម្រេច​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា នៅ​ទីក្រុង​វី​យែ​ន រក្សា​កម្រិត​ផលិតកម្ម​ប្រេង​នៅ​ដដែល ទោះបី​ការ​ផ្គត់ផ្គង់​ប្រេង​មាន​ច្រើន​ដែល​នាំ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​ភ្លាម​ៗ​ក្នុង​កម្រិត​យ៉ាង​ទាប​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​២០១០ មក​ក្តី ។

លោក​អាប់​ឌុ​ល​ឡា​ហ៍ អែ​ល​ប្រា​ឌី អគ្គលេខាធិការ OPEC ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា យើង​បាន​ជជែក​ពិភាក្សា​គ្នា​ហើយ ទីបំផុត​យើង​សម្រេច​រក្សា​ទុក​កម្រិត​ផលិតកម្ម​ប្រេង​៣០​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​ឱ្យ​នៅ​ដដែល​សម្រាប់​រយៈពេល​៦​ខែ​ខាង​មុខ​នេះ ។

ព័ត៌មាន​នេះ​ញ៉ាំង​ឱ្យ​តម្លៃ​ប្រេងកាត​ធ្លាក់​ភ្លាម​ៗ​ដល់​កម្រិត​ទាប​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​៤​ឆ្នាំ​មក​ហើយ ។ តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​ក្រុង​ឡុ​ង​ដ៍ បាន​ធ្លាក់​រហូត​ដល់​៧៣,៨០​ដុល្លារ​ក្នុង​មួយ​ធុង ជា​តម្លៃ​ទាប​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ថ្ងៃ​២៦ សីហា ឆ្នាំ​២០១០ មក​។ ចំណែក​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អា​មេ​រិ​ក​ធ្លាក់​មក​នៅ​ត្រឹម​៧០,១៤​ដុល្លារ​ក្នុង​មួយ​ធុង​ជា​កម្រិត​ទាប​ខ្លាំង​បំផុត​ចាប់តាំងពី​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១០ មក ។

តម្លៃ​ប្រេង​ដាំ​ក្បាល​ចុះ​ខ្លាំង​ភ្លាម​ៗ​បែប​នេះ​ញ៉ាំង​ឱ្យ​តម្លៃ​ប្រាក់​រូ​ប្លី​ធ្លាក់​ចុះ​ខ្លាំង ព្រោះ​ប្រាក់​រុ​ស្ស៊ី​នេះ​ពឹងផ្អែក​ខ្លាំង​លើ​តម្លៃ​ប្រេងកាត ដោយ​រុ​ស្ស៊ី​ជា​ប្រទេស​ផលិត​ប្រេងកាត​ធំ​ទី​២ លើ​ពិភពលោក​បន្ទាប់​ពី​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ហើយ​ពុំ​ស្ថិត​ក្នុង OPEC ។ ចំណែកឯ​ភាគហ៊ុន​របស់​បណ្តា​ក្រុមហ៊ុន​ប្រេង​អឺ​រុ​៉​ប​ធ្លាក់​ថ្លៃ​ពី​២ ទៅ​៤% ។

ពេល​ចេញពី​ប្រជុំ​នៅ​ទីក្រុង​វី​យែ​ន រដ្ឋមន្ត្រីក្រសួង​ប្រេងកាត​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត លោក​អា​លី​អាល់ នូ​អៃ​អុ​ី​មី ដែល​ប្រទេស​របស់​លោក​ប្រឆាំង​ជំទាស់​ចំពោះ​ការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​របស់ OPEC គូសបញ្ជាក់​ថា OPEC បាន​ធ្វើការ​សម្រេចចិត្ត​ដ៏​ល្អ​មួយ ។
ផ្ទុយ​ទៅ​វិញ រដ្ឋមន្ត្រី​ការ​បរទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​រ៉ា​ហ្វា​អែ​ល រ៉ា​មី​រេស ដែល​ស្នើ​ឱ្យ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ដ៏​ច្រើន​នោះ​បាន​ចាក​ចេញពី​កិច្ចប្រជុំ​ក្នុង​ទឹកមុខ​មាំ ហើយ​បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់​បណ្តា​អ្នក​សារព័ត៌មាន ។

ខណៈ​ដែល​តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​ដល់​ជាង​៣០% ចាប់តាំងពី​ខែមិថុនា​មក ដោយ​ការ​ផ្គត់ផ្គង់​ប្រេង​មាន​ច្រើន​លើសលុប ហើយ​សេចក្តី​ត្រូវការ​ប្រេង​ចុះ​ខ្សោយ បណ្តា​ប្រទេស​ជា​សមាជិក OPEC ត្រូវ​ពិចារណា​រវាង​ការ​កាត់​បន្ថយ​កម្រិត​ផលិតកម្ម​ដែល​តំណាង​ឱ្យ​ជិត​១​ភាគ​៣ នៃ​ការ​ផ្គត់ផ្គង់​ប្រេង​លើ​ពិភពលោក ដែល​កម្រិត​នេះ​ពុំ​មានការ​ផ្លាស់​ប្តូរ​ចាប់តាំងពី​៣​ឆ្នាំ​មក​ហើយ ឬ​ក៏​រក្សា​ទុក​កម្រិត​ផលិតកម្ម​ដដែល ។ ក៏​បុ​៉​ន្តែ​បណ្តា​ប្រទេស​ជា​សមាជិក OPEC ពុំ​សម្រេច​បាន​កុង​សង់​ស៊ុ​ល​ណាមួយ​លើ​ការ​កាត់​បន្ថយ​កម្រិត​ផលិតកម្ម​នេះ​ឡើយ ។

រដ្ឋមន្ត្រីក្រសួង​ប្រេងកាត អេ​មី​រ៉ាត អា​រ៉ាប់​រួម លោក SUHAIL AL-MAZROUEI និយាយ​ថា ខ្ញុំ​គិត​ថា ទីផ្សារ​ប្រេង​នឹង​មាន​ស្ថេ​រ​ភាព​វិញ ហើយ​យើង​ស្វែងរក​ស្ថេ​រ​ភាព​ទីផ្សារ​រយៈពេល​យូរ​មួយ ពុំ​មែន​វិធានការ​សម្រាប់​រយៈពេល​ខ្លី​នោះ​ទេ ។

ចំណែក​រដ្ឋមន្ត្រី​ប្រេងកាត​គុយ​វ៉ែត លោក​អា​លី​អាល់​អូ​ម៉ា​អៀ និយាយ​ថា ការ​ផ្គត់ផ្គង់​ប្រេង​មាន​ច្រើន​នៅ​លើ​ទីផ្សារ ពុំ​មែន​មក​ពី OPEC តែ​ម្នាក់ឯង​ទេ ហើយ​ទោះបីជា OPEC កាត់​បន្ថយ​ផលិតកម្ម​ប្រេង​របស់​ខ្លួន​បន្តិច ក៏​វា​ពុំ​អាច​លុប​បំបាត់​ចំនួន​ប្រេង​ដែល​លើស​នៅ​ទីផ្សារ​បាន​ដែរ ។

ពិតមែន​ហើយ ការ​កាត់​បន្ថយ​កម្រិត​ផលិតកម្ម​ប្រេង​របស់ OPEC អាច​ដោះស្រាយ​ការ​ផ្គត់ផ្គង់​ប្រេង​លើស​នៅ​លើ​ទីផ្សារ តែ​បច្ចុប្បន្ន​សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​ប្រេ​ើ​ប្រេងកាត​ធំ​ជាងគេ​លើ​ពិភពលោក​នោះ​មាន​សមត្ថភាព​ផលិត​ប្រេងកាត់​បាន​កាន់តែ​ច្រើន លែង​សូវ​ពឹងផ្អែក​តែ​លើ​ការ​នាំ​ចូល​ជាមួយ​ការ​បូម​យក​ប្រេង ជា​ពិសេស​ពី​អណ្តូងប្រេង​ទឹក​ជ្រៅ​របស់​ខ្លួន​ហើយ​តម្លៃ​ប្រេង​ចុះថោក ក៏​មក​ពី​ការ​យឺតយ៉ាវ​ខាង​សេដ្ឋកិច្ច​នៅ​អឺ​រុ​៉​ប និង​នៅ​ប្រទេស​ចិន​ជា​អ្នក​ប្រើ​ប្រេងកាត​ធំ​ទី​២ ដែរ ។

ការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​របស់ OPEC អាច​ផ្តល់​គុណវិបត្តិ​សម្រាប់​អង្គការ​នេះ ព្រោះ​នាំ​ឱ្យ​បាត់បង់ ចំណែក​ទីផ្សារ​ប្រេង​របស់​បណ្តា​ប្រទេស​ជា​សមាជិក​ធ្លាក់​ក្នុង​ដៃ ប្រទេស​ជា​អ្នក​ផលិត​ប្រេង​ឯទៀត​ៗ ខណៈ​ប្រទេស​ទាំងនេះ​ពុំ​ធ្វើការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​របស់​ពួក​គេ ។

ទោះបី​យ៉ាងណា ប្រទេស​រុ​ស្ស៊ី​បាន​ផ្តល់​សញ្ញា​មួយ​ក្នុង​ន័យ​នេះ ដោយ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ពី​ការ​កាត់​បន្ថយ​ជា​និមិត្តរូប​នូវ​ផលិតកម្ម​ប្រេងកាត​២៥.០០០​ធុង​ក្នុង​មួយ​ថ្ងៃ​បុ​៉​ណ្ណោះ ៕