ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឈ្មោះ​ខ្មោច​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​ត្រួត​ពិនិត្យ​ខ្មោច​តាម​ក្រសួង​-ស្ថាប័ន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា អង្គភាព​នេះ​បាន​ដាក់​បញ្ជី​ឈ្មោះ​ខ្មោច​ទាំងនោះ​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ក្រសួង ឬ​ស្ថាប័ន​ជាតិ​នានា​របស់​រដ្ឋ ដោយ​បាន​បង្ហាញ​ពី​តួលេខ ឈ្មោះ​ខ្មោច​របស់​មន្ត្រី​ខិលខូច​ដែល​មិន​មក​ធ្វើ​ការងារ​បម្រើ​ជាតិ តែ​បើក​ប្រាក់ខែ​ពី​រដ្ឋ​ដែល​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ ។

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា អង្គភាព​នេះ​បាន​ដាក់​បញ្ជី​ឈ្មោះ​ខ្មោច​ទាំងនោះ​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ក្រសួង ឬ​ស្ថាប័ន​ជាតិ​នានា​របស់​រដ្ឋ ដោយ​បាន​បង្ហាញ​ពី​តួលេខ ឈ្មោះ​ខ្មោច​របស់​មន្ត្រី​ខិលខូច​ដែល​មិន​មក​ធ្វើ​ការងារ​បម្រើ​ជាតិ តែ​បើក​ប្រាក់ខែ​ពី​រដ្ឋ​ដែល​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ទេស​រដ្ឋមន្ត្រីឱម យិ​ុ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ក្រោយ​ពេល​លោក​បាន​ដឹកនាំ​ប្រតិភូ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចូល​ឆ្លើយ​បំភ្លឺ​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា នៅ​វិមាន​រដ្ឋសភា ។

នៅ​ពេល​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​រង់ចាំ​ចម្លើយ​ពី​ក្រសួង​មុខងារសាធារណៈ​ដែល​បាន​និង​កំពុងធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ​មន្ត្រី​ដែល​បាន​បំពេញការងារ​និង​ឈ្មោះ​ខ្មោច ។ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​ប្រើប្រាស់​ទិន្នន័យ​របស់​ក្រសួង​មុខងារសាធារណៈ​ចាត់វិធានការ​លើ​មន្ត្រី​ដែល​មាន​តែ​ឈ្មោះ​មិន​មក​ធ្វើការ​ទាំងនោះ​បញ្ជូន​ទៅ​តុលាការ​តាម​ច្បាប់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ។ លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បញ្ជាក់​ថា យើង​ត្រូវ​រង់ចាំ​ឯកសារ​ពី​ក្រសួង​មុខងារសាធារណៈ​សិន បើ​មិន​មាន​ភស្តុ​តាង​មិន​អាច​ចាប់​គេ​បាន​ទេ ។ ឧទាហរណ៍​ថា​ឈ្មោះ​ខ្មោច​ក្នុង​ក្រសួង​មួយ​មាន​៣០០​នាក់ តែបើ​យើង​មាន​តួលេខ​តែ​១៥០​នាក់​ទៅ​ចាប់​យ៉ាងម៉េច ?

លោក​ទេស​រដ្ឋមន្ត្រី ឱម យិ​ុ​ន​ទៀង ថ្លែង​ថា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​ស៊ើបអង្កេត​មន្ត្រី​ខ្មោច​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល​ដែល​មិន​ចូល​ធ្វើ​ការងារ ។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បង្ហាញ​ដល់​ស្ថាប័ន ឬ​ក្រសួង​ទាំងនោះ​ហើយ ។ មាន​ក្រសួង​មួយ​ចំនួន​បាន​ចាប់ផ្តើម​ពិនិត្យ​បុគ្គលិក​ខ្មោច​របស់​គេ​ហើយ​ដែរ ។ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​គោលដៅ​ធ្វើ​ឲ្យ​ស្អាតស្អំ ហើយ​កុំ​សួរ​ថា ចាប់​ប៉ុន្មាន​នាក់​ដាក់​ពន្ធនាគារ​នោះ ។ លោក​បញ្ជាក់​ថា បើ​មិន​មាន​ភស្តុ​តាង​គ្រប់គ្រាន់​ទេ​មិន​ចេះ​តែ​ចាប់​ៗ​ទេ  តែ​នៅ​ពេល​នេះ​រដ្ឋមន្ត្រី​នៅ​តាម​ក្រសួង ឬ​ស្ថាប័ន​ទាំងនោះ​ជា​អាចារ្យ​ចាប់​ខ្មោច ។ លោក​ទេស​រដ្ឋមន្ត្រី ឱម យិ​ុ​ន​ទៀង ថ្លែង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​តែ​ពិនិត្យ​ឲ្យ​បាន​ច្បាប់​លាស់​ជា​មុន​សិន ព្រោះ​អង្គភាព​ACU​មាន​តែ​ម្នាក់ឯង ឯ​ក្រសួង​ឬ​ស្ថាប័ន​មាន​ច្រើន​ណាស់​មិនមែន​តែ​មួយ​ក្រសួង​ទេ ។ ក្នុង​ច្បាប់​ថវិកា​ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​មិន​ជ្រើសរើស​មន្ត្រី​ថ្មី​ទេ​ក្នុង​នោះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​ពិនិត្យ​ការ​ធ្វើ​បច្ចុប្បន្នភាព​ចំនួន​មន្ត្រី​ពិតប្រាកដ​របស់​គេ​សិន ។

បច្ចុប្បន្ន​នេះ​ក្រសួង​មុន​ងារ​សាធារណៈ​កំពុង​បញ្ចូល​ទិន្នន័យ​ក្នុង​កុំព្យូទ័រ បន្ទាប់​មក​អង្គភាព​ACU នឹង​ប្រើប្រាស់​ឯកសារ​នេះ​ជា​ភស្តុ​តាង​មួយ​ដែល​រឹង​មាំ ។ លោក ឱម យិ​ុ​ន​ទៀង បាន​លើក​ឡើង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​ស៊ើបអង្កេត​ផង​ដែរ​លើ​សំណុំរឿង​ពុក​រលួយ​មួយ​របស់​មូលនិធិ​ពិភពលោក​ដែល​បាន​ផ្តល់​ដល់​ក្រសួងសុខាភិបាល​(Globle Fund) ដែល​មានការ​អះអាង​ថា បាត់​លុយ​ជំនួយ​រាប់​លាន​ដុល្លារ ។ ការ​ស៊ើបអង្កេត​មិន​ទាន់​បាន​បញ្ចប់​ទេ តែ​ឯកសារ​មួយ​ចំនួន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ផ្ញើ​ទៅ​កាន់​មូលនិធិ​នេះ​ខ្លះ​រួច​ហើយ​ដែរ ពេល​ណា​ចប់​នឹង​ជម្រាប​ជូន​ដល់​អ្នក​សារព័ត៌មាន​ឱ្យ​បានដឹង ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ការ​ស៊ើបអង្កេត​ទាមទារ​មិន​ឲ្យ​លោក​និយាយ​ទេ វា​ប៉ះពាល់​ដល់​ការ​ស៊ើបអង្កេត ។ ចំពោះ​បញ្ហា​នេះ​មិនមែន​កម្ពុជា​ធ្វើ​តែឯង​នោះ​ទេ ហើយ​ប្រទេស​សិង្ហ​បុរី​ក៏​ចូលរួម​ធ្វើ​ដែរ ។ មន្ត្រី​ACU​នឹង​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​នៅ​ពេល​ឆាប់​ៗ​នេះ ។

ចំពោះ​ករណី​ពុក​រលួយ​ដែល​ពិបាក​ចាត់ការ​នោះ​និង​មិនសូវ​មាន​ភស្តុ​តាង​បញ្ជាក់​ផង តើ​អង្គភាព​ACU​ចាត់ការ​យ៉ាងម៉េច​ទៅ ? លោក​ឱម យិ​ុ​ន​ទៀង បាន​អះអាង​ថា ការ​ចាត់ការ​បញ្ហា​នេះ​វា​មាន​ន័យ​ថា ដូច​ជា ជង់​មិន​ដែល​ភ្លេច​កុក​ទេ គឺ​មាន​តែ​កុក​ទេ​ដែល​ភ្លេច​ជង់​នោះ តែបើ​រឿង​នេះ​មាន​រយៈពេល​៥​ឆ្នាំ​ក៏​យើង​នៅ​តែ​រង់ចាំ​ដែរ ។ នៅ​ពេល​ដំណាក់កាល​ពិនិត្យ​ពាក្យបណ្តឹង​មិន​មាន​ដើមបណ្តឹង​និង​ចុង​ចម្លើយ​នោះ​ទេ ។​នៅ​ពេល​បើក​បណ្តឹង អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​អនុញ្ញាត​ឲ្យ​ម្ចាស់​បណ្តឹង​មក​ស្តាប់​លើ​បណ្តឹង​របស់​គេ បើ​មាន​លក្ខណៈ​គ្រប់គ្រាន់​នឹង​បើក​ការ​ស៊ើបអង្កេត តែបើ​មិន​គ្រប់គ្រាន់​ទេ​នឹង​បំពេញបន្ថែម ។ លោក ឱម យិ​ុ​ន​ទៀង បាន​បញ្ជាក់​ទៀត​ថា ម្ចាស់​បណ្តឹង​អាច​អង្គុយ​ស្តាប់​កិច្ចប្រជុំ​នៅ​អង្គភាព​ACU​បាន តែបើ​ពាក្យបណ្តឹង​នោះ​ម្ចាស់​ដឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​ទទួលយក គាត់​អាច​និយាយ​បញ្ជាក់ ឬ​មាន​ភស្តុ​តាង​បន្ថែម ។ ចំពោះ​លទ្ធផល​នៃ​ជំនួប​នេះ​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់ផ្តើម​សហការ​គ្នា​បង្ហាញ​ពី​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​តាម​ច្បាប់​។ ច្បាប់​អនុញ្ញាត​ឲ្យ​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មួយ​គត់ មាន​សមត្ថកិច្ច​ក្នុង​ការ​ស៊ើបអង្កេត​ប្រឆាំង​អំពើ​ពុក​រលួយ ។

ចំពោះ​អង្គភាព​ដទៃ​បានដឹង​ពី​អំពើ​ពុក​រលួយ ត្រូវ​ប្តឹង​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មិន​អាច​ទៅ​បើក​ការ​ស៊ើបអង្កេត​ខ្លួនឯង​បាន​ទេ ។ លោក​ទេស​រដ្ឋមន្ត្រី​ឱម យុ​ិ​ន​ទៀង ថ្លែង​ថា បើ​ចៅក្រម​សួរ​ករណី​លក់​ដី តែបើ​មានការ​សួ​ក​ប៉ាន់ លោក​ចៅក្រម​មិន​បន្ត​ស៊ើបអង្កេត​ទេ​ហើយ​ដក​ចេញ​ចំណុច​នេះ រួច​ប្តឹង​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ។ បើ​គណៈកម្មការ​ទី​១០​រដ្ឋសភា​បាន​ទទួល​ពាក្យបណ្តឹង​ពី​នរណា​ត្រូវ​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បន្ទាប់​មក​នឹង​មានការ​ឆ្លើយ​តប​វិញ​ភ្លាម​ៗ បើ​វា​មិន​ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​ACU​ទេ ។ គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា អាច​ចូលរួម​ស្តាប់​ជាមួយ​ACU​បាន​នៅ​ពេល​មានការ​ប្រជុំ ។
លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ខាង​មុន​នេះ​នឹង​មានការ​រៀបចំ​ទិវា​ជាតិ​និង​អន្តរជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ក្រោម​ប្រធានបទ​«​តួនាទី​ដ៏​សំខាន់​របស់​អ្នក​សារព័ត៌មាន​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​» ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​បាន​កោតសរសើ​អ្នក​សារព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ ជា​ពិសេស​ពេល​ប្រឡង​បាក់​ឌុ​ប​ថ្មី​ៗ​នេះ មិនមែន​គេ​ខ្លាច​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទេ តែ​សារព័ត៌មាន​ទេ​បាន​ជួយ​យើងខ្ញុំ​នោះ​ទើប​មានការ​កែប្រែ​បែប​នេះ ។ ក្នុង​កិច្ចប្រជុំ​បិទទ្វារ​ជាង​៣​ម៉ោង​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​ដឹកនាំ​ដោយ​លោក ហូរ វ៉ា​ន់ បាន​ដាក់​សំណួរ​ជា​ច្រើន​ទៅ​កាន់​អង្គភាព​ACU ពី​នីតិវិធី​ថា តើ​ត្រូវ​កម្ចាត់​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​យ៉ាងណា​ឲ្យ​មាន​ប្រសិទ្ធភាព និង​ចំណាត់ការ​ក្នុង​ការ​ការពារ​សុវត្ថិភាព​ដល់​សាក្សី ឬ​អ្នក​ដែល​បាន​រាយការណ៍​ពី​ជន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ។ ក្នុង​នោះ​ក៏​បាន​លើក​ឡើង​ពី​កិច្ចសហការ​គ្នា​រវាង​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​ការ​រៀបចំ​ច្បាប់​ការពារ​ដល់​អ្នក​ផ្តល់​ព័ត៌មាន​ឬ​សាក្សី​ពី​អំពើ​ពុក​រលួយ​នានា ។ លោក ហូរ វ៉ា​ន់ ថ្លែង​ថា ជំនួប​នេះ​បាន​លើក​ឡើង​ពី​កិច្ចសហការ​រវាង​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ព្រោះ​មិន​ដែល​បាន​ជួប​គ្នា​សោះ ។ ជា​លទ្ធផល ភាគី​ទាំង​ពីរ​បាន​យល់​អំពី​គ្នា​ខ្លះ ព្រោះ​វា​មាន​កិច្ច​ការងារ​ជា​ច្រើន​ដែល​ភាគី​ទាំង​ពីរ​ត្រូវ​តែ​យោគយល់​គ្នា​បន្ថែម​ទៀត គឺ​មិន​ទាន់​ចប់ទេ ។

លោក​អះអាង​ថា យើង​ត្រូវ​សហការ​គ្នា​ព្រោះ​វា​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ និង​សង្គម ។ តែ​មាន​ភាព​ខុស​គ្នា​បន្តិច​គឺ​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​ប្រយុទ្ធ​ប្រឆាំងអំពើ​ពុក​រលួយ​ក្នុង​នីតិ​ប្ប​ញ្ញ​តិ្ត​(​រដ្ឋសភា​) ឯ​លោក ឱម យិ​ុ​ន​ទៀង ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​នីតិប្រតិបត្តិ​(​រដ្ឋាភិបាល​) ។ លោក ហូរ វ៉ា​ន់ ថ្លែង​ថា គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​តែ​មានការ​សហការ​គ្នា​បន្ត​ទៀត ។ ភាគី​ទាំង​ពីរ​បាន​លើក​ឡើង​ពី​បញ្ហា​សាក្សី​ឬ​អ្នក​ផ្តល់​ព័ត៌មាន​ពី​អំពើ​ពុក​រលួយ ដែល​ក្នុង​នោះ​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​គាំទ្រ​ឲ្យ​មានច្បាប់​មួយ​ការពារ​សាក្សី​ព្រោះ​លោក​យល់​ថា បញ្ហា​ពុក​រលួយ​ជា​បញ្ហា​រសើប និង​អាច​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក​ផ្តល់​ព័ត៌មាន​ផង ។ កាលណា​មានច្បាប់​ការពារ​សាក្សី ពេល​នោះ​គេ​អាច​ផ្តល់​ព័ត៌មាន​ច្រើន​មក​កាន់​ACU ហើយ​ក៏​ងាយស្រួល​ក្នុង​ការ​ចាត់ការ​ដែរ ។

លោក ហូរ វ៉ា​ន់ ថ្លែង​ទៀត​ថា គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​មាន​ចំណុច​ខ្វែងគំនិត​គ្នា​មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​ដោះស្រាយ​ចប់ បើ​ទោះជា​មាន​ជំនួប​បី​ម៉ោង​ហើយ​ក៏​ដោយ ។ យើង​នឹង​លើកយក​អ្វី​ដែល​មិន​ទាន់​ដោះស្រាយ​ចប់​ទាំងនោះ​ដោយ​ស្មោះត្រង់​ទៅ​វិញ​ទៅ​មក មិន​លាក់បាំង​ក្នុង​គុណប្រយោជន៍​ជាតិ និង​សង្គម​យើង ។ អ្វី​ទាំង​អស់នេះ​គឺ​ដើម្បី​កម្ចាត់​អំពើ​ពុក​រលួយ និង​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​និង​អនាគត ។ លោក ហូរ វ៉ា​ន់ បាន​លើក​ឡើង​ថា​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​តែ​ធ្វើការ​បញ្ជាក់​ពី​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​ថា តើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឯករាជ្យ​ឬ​មាន​ស្ថិត​នៅ​ក្រោម​គំនាប​នៃ​នាយក​រដ្ឋមន្ត្រី​ដែរ​អត់ ?

លោក ឱម យុ​ិ​ន​ទៀង បាន​បញ្ជាក់​ប្រាប់​លោក ហូរ វ៉ា​ន់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​ស្ថិត​នៅ​ក្រោម​នាយក​រដ្ឋមន្ត្រី​ដូច​រដ្ឋមន្ត្រី​ដទៃ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ច្បាប់ ហើយ​អនុវត្ត​ភារកិច្ច​តាម​ច្បាប់​កំណត់ ៕