ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ប្រាក់​១៥​លាន​រៀល​ពី​អាជីវ​ករ​ផ្សារ​រាត្រី​ឃ្យុង​យូ​ត្រូវ​គេ​លាត​ត្រដាង​ដាក់​គ្នា

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​វិច្ឆិកា តំណាង​ក្រុម​អាជីវករ​ចំនួន​៦០​នាក់ នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ បាន​ធ្វើការ​តវ៉ា​ទាមទារ​២​ចំណុច ស្នើ​ឱ្យ​អាជ្ញាធរ​ក្រុង​សៀមរាប​រក​ដំណោះស្រាយ​ឱ្យ​បាន​សមរម្យ ប៉ុន្តែ​ជា​លទ្ធផល​ទទួល​បាន​តែ​ប្រមាណ​៤០%​ប៉ុណ្ណោះ ដូច្នេះ​បញ្ហា​នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ​នេះ ហាក់​នៅ​មិន​ទាន់​បញ្ចប់​ជា​ស្ថាពរ​ទេ

ខេត្តសៀមរាប ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​វិច្ឆិកា តំណាង​ក្រុម​អាជីវករ​ចំនួន​៦០​នាក់ នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ បាន​ធ្វើការ​តវ៉ា​ទាមទារ​២​ចំណុច ស្នើ​ឱ្យ​អាជ្ញាធរ​ក្រុង​សៀមរាប​រក​ដំណោះស្រាយ​ឱ្យ​បាន​សមរម្យ ប៉ុន្តែ​ជា​លទ្ធផល​ទទួល​បាន​តែ​ប្រមាណ​៤០%​ប៉ុណ្ណោះ ដូច្នេះ​បញ្ហា​នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ​នេះ ហាក់​នៅ​មិន​ទាន់​បញ្ចប់​ជា​ស្ថាពរ​ទេ នៅ​គ្រា​ដែល​អាជ្ញាធរ​ក្រុង​សៀមរាប​ចេញ ស​.​ជ​.​ណ ឱ្យ​រុះរើ​តូប​លក់ដូរ​ចេញ ដើម្បី​រៀបចំ​កែ​លម្អ​សណ្តាប់ធ្នាប់ និង​បរិស្ថាន​ក្រុង ឱ្យ​មាន​របៀបរៀបរយ​ឡើង​វិញ ។

ប្រភព​ពី​ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា ពួក​គាត់​បាន​មក​ស្តាប់​ការ​ប្រជុំ​រក​ដំណោះស្រាយ​អំពី​ការ​លក់ដូរ​នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ​ជា​យូរ​ឆ្នាំ​មក​ហើយ​នេះ មិន​ដែល​ឃើញ​មាន​លិខិត​ស្នាម​ពី​អាជ្ញាធរ​ខាង​ណា​ទេ ទើបតែ​ប៉ុន្មាន​ថ្ងៃនេះ​ពួក​គាត់​បានឃើញ​លិខិត​ជូនដំណឹង​មួយ​របស់​សាលាក្រុង​សៀមរាប​ថា ឱ្យ​ពួក​គាត់​ត្រូវ​តែ​ធ្វើការ​រុះរើ​ជា​បន្ទាន់​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ ។ ប៉ុន្តែ​ពួក​គាត់​មិន​អាច​គោរព​តាម​សាលាក្រុង​បាន​ទេ ព្រោះ​ពួក​គាត់​បាន​ទិញ​តូប​ទាំងនោះ និង​ឲ្យ​លុយ​ទៅ​ប៉ូលិស​រួចរាល់​អស់ហើយ តាំងពី​ឃ្យុ​ង​យូ​នេះ​ទើបតែនឹង​កើតឡើង ។ ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ វិ​ច្ឆ​កា អាជ្ញាធរ​ក្រុង​សៀមរាប​បាន​ហៅ​ពួក​គាត់​ទៅ​ប្រជុំ​ដើម្បី​រក​ដំណោះស្រាយ តែ​មិន​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ទេ ហើយ​ពួក​គាត់​ប្តេជ្ញា​បន្ត​ទៅ​រក​ដំណោះ​នៅ​សាលាខេត្ត​ទៀត ។

សូម​រំលឹក​ថា សេចក្តីជូនដំណឹង​របស់​សាលាក្រុង​សៀមរាប លេខ​២៩៥ ស​ជ​ណ ចុះ​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១៤ ដែល​ចុះហត្ថលេខា​ដោយ​លោក សូរ ប្លា​តុង អភិបាលក្រុង​ស្តីទី បាន​បញ្ជាក់​ថា ដោយ​សង្កេត​ឃើញ​បច្ចុប្បន្ន​នេះ សកម្មភាព​លក់ដូរ​ក្នុង​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ​គ្មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​សោភ័ណ​ភាព ដូច​ជា​មានការ​បោះបង្គោល ចាក់​ដី​លុប​ប្រឡាយ​ទឹក ពង្រីក​និង​សាងសង់​កន្លែង​លក់ដូរ បង្ក​ការ​កកស្ទះ​ចរាចរណ៍​ជា​ប្រចាំ ។ ដូច្នេះ​ដើម្បី​រៀបចំ​ទីតាំង​នេះ​ឲ្យ​មាន​សណ្តាប់ធ្នាប់ និង​សម្រួល​ច​រា ចរណ៍​លើ​ផ្លូវជាតិ​ដ៏​សំខាន់​នេះ អាជីវករ​ទាំងអស់ ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​៖

ទី​១-​មិន​អនុញ្ញាត​ឲ្យ​លក់ដូរ​នៅ​អង្គរ​ឃ្យុ​ង​យូ​ចាប់ពី​ម៉ោង​៦​ព្រឹក រហូត​ដល់​ម៉ោង​៤​ល្ងាច ។
ទី​២-​ត្រូវ​រុះរើ​រោង តូប គ្រែ តុ កៅអី បង្គោល រទេះ រ៉ឺ​ម៉ក ទីតាំង​ស្តុក​ទុក​សម្ភារ​ទំនិញ​ផ្សេង​ៗ ក្រោយ​ចប់​លក់​ពេល​យប់​មិន​អនុញ្ញាត​ឲ្យ​មាន​សល់​សម្ភារ ទំនិញ ឬ​ស្នាក់​នៅ​ទីនោះ​ឡើយ ពោល​គឺ​លក់​ពេល​យប់​ចប់​ព្រឹក​ឡើង​ស្អាត ។
ទី​៣-​មិន​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​តូប ឬ​ពង្រីក​កន្លែង​លក់ដូរ​បន្ថែម​ទៀត​ឡើយ ។
ទី​៤-​ចំពោះ​អ្នក​លក់ដូរ​នៅ​តាម​បណ្តោយ​ផ្លូវ​ធំ ត្រូវ​រុះរើ​មក​លក់​នៅ​តាម​ផ្លូវ​អម​សងខាង​ប្រឡាយ​វិញ តាម​ការ​ចង្អុលបង្ហាញ​របស់​ក្រុមការងារ ។
ទី​៥-​ចំពោះ​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​ដែល​បាន​ស្រង់​កន្លង​មក​ទៅ​តាម​ផលរបរ​នីមួយ​ៗ សាលាក្រុង​នឹង​រៀបចំ​កន្លែង​លក់​ឲ្យ​វិញ​សា​ជា​ថ្មី​។
ទី​៦-​រយៈពេល​នៃ​ការ​រុះរើ ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ជូនដំណឹង រហូត​ដល់​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៤ ក្នុង​ករណី​មិន​អនុវត្ត​តាម​ការ​ជូនដំណឹង សាលាក្រុង​នឹង​ចាត់វិធានការ​រុះរើ ដកហូត​សម្ភារ​លក់ដូរ​ទាំងអស់ ដោយ​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការ​បាត់បង់ ឬ​ខូចខាត​ឡើយ ។

បន្ទាប់​ពី​ក្រុម​អាជីវករ​ប្រមូលផ្តុំ​គ្នា ក្រោយ​ពី​សាលាក្រុង​ចេញ​សេចក្តីជូនដំណឹង ក៏​ធ្លាយ​ព័ត៌មាន​ថា មាន​បុរស​ម្នាក់​ឈ្មោះ ផល ជា​អ្នក​ប្រមូល​លុយ​ពី​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ ក្នុង​១​ខែ​១៥​លាន​រៀល​ឲ្យ​ទៅ​សាលាខេត្ត ដោយ​លោក ប៊ុ​ន ថា​រិ​ទ្ធ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត ជា​អ្នកគ្រប់គ្រង​លុយ​នោះ ។ ជុំវិញ​ព័ត៌មាន​ថា អ្នកនាំពាក្យ​សាលាខេត្ត​គ្រប់គ្រង​លុយ​១៥​លាន​រៀល​ក្នុង​១​ខែ ដែល​លុយ​នោះ​បាន​ពី​ការ​ដើរ​ប្រមូល​ពី​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ​នោះ ត្រូវ​បាន​លោក ប៊ុ​ន ថា​រិ​ទ្ធ អភិបាលរង​ខេត្ត មាន​ប្រសាសន៍​ថា លោក​មិន​បាន​ពាក់ព័ន្ធ​នឹង​លុយ​ច្រើន​យ៉ាងនោះ​ទេ ប៉ុន្តែ​បើ​ត្រឹម​៥០​ម៉ឺន​រៀល សម្រាប់​ផ្តល់​ឲ្យ​កងកម្លាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​គឺមាន ។ ដូច្នេះ​តួលេខ​ពិតប្រាកដ​ប៉ុន្មាន​នោះ សុំ​សួរ​ទៅ​សាលាក្រុង​ទើប​ដឹង ឬ​ក៏​អាច​សាកសួរ​ទៅ​ឈ្មោះ អៀង សុផល អ្នកគ្រប់គ្រង​ផ្សារ​នោះ ដែល​គាត់​ជា​អ្នក​ប្រមូល​លុយ​ភាស៊ី និង​អនាម័យ ទើប​អាច​ដឹង​ពី​ចំនួន​ពិត​ច្បាស់លាស់ ។

លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប​ស្តីទី ថ្លែង​ថា លោក​មិន​បានដឹង​ពី​ចំនួន​លុយ​ពិតប្រាកដ​ទេ តែ​ខាង​លោក​ពិតជា​បាន​ទទួល​លុយ​ចំនួន​២​លាន​រៀល ដែល​លុយ​នោះ​យក​ទៅ​ចាត់ចែង ប្រើប្រាស់​សម្រាប់​កងកម្លាំង​ចម្រុះ​ក្នុង​ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ។ ចំណែក​លោក អៀង សុផល អ្នកគ្រប់គ្រង​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ បាន​ឲ្យ​ដឹង​ថា ខាង​លោក​ពិតជា​អ្នក​ប្រមូល​លុយ​ភាស៊ី និង​អនាម័យ​នៅ​ទីនោះ​មែន ។ លុយ​នោះ​បើ​បូក​សរុប​ទាំង​ការ​យាមកាម​សម្ភារ​របស់​អាជីវករ គឺ​អាច​បាន​១៥​លាន​រៀល​មែន ប៉ុន្តែ​ក៏​បាន​ចំណាយ​ទៅ​លើ​កម្លាំង​យាមកាម អនាម័យ កាកបាទក្រហម និង​ការ​ចំណាយ​ផ្សេង​ៗ​អស់ ៨​លាន​រៀល​ទៅ​ហើយ ។ ដូច្នេះ​ការ​ផ្តល់​ជូន​ទៅ​សាលាខេត្ត បាន​តែ​៧​លាន​រៀល​ទេ ហើយ​ប្រាក់​៧​លាន​រៀល​នោះ គឺ​ប្រគល់​ឲ្យ​លោក ប៊ុ​ន ថា​រិ​ទ្ធ អភិបាលរង​ខេត្ត ជា​អ្នកគ្រប់គ្រង ដើម្បី​ចែក​ជូន​ទៅ​សាលាក្រុង​សៀមរាប និង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ខេត្ត ។

ក្រោយ​ពី​ព័ត៌មាន​បាន​លាតត្រដាង​ដូច្នេះ គេ​មិនដឹង​ថា លទ្ធផល​ចុង​ក្រោយ​នឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ ។ រីឯ​ក្រុម​អាជីវករ​នៅ​តែ​មិន​អស់ចិត្ត​ចំពោះ​ការ​ចំណាយ​លុយ​ជា​ប្រចាំ ហើយ​បែរជា​មានការ​ដេញ​ឲ្យ​រុះរើ​តូប​លក់ដូរ​ទៅ​វិញ ៕