ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​លោក​សម រង្ស៊ី-ស ខេង ជុំ​វិញ​ការ​សុំ​ដោះ​លែង​អ្នក​ចាប់​ខ្លួន​ត្រូវ​បាន​ចង្អុល​ទៅ​សិទ្ធិ​តុលាការ​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ជាមួយ​លោក ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្ងាត់​ៗ​នា​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា នៅ​វិមាន​រដ្ឋសភា ដើម្បី​ជជែក​អំពី​រឿង​លោក មា​ជ សុ​វ​ណ្ណា​រ៉ា ប្រធាន​ផ្នែក​ផ្សព្វផ្សាយ និង​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ជាមួយ​លោក ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្ងាត់​ៗ​នា​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា នៅ​វិមាន​រដ្ឋសភា ដើម្បី​ជជែក​អំពី​រឿង​លោក មា​ជ សុ​វ​ណ្ណា​រ៉ា ប្រធាន​ផ្នែក​ផ្សព្វផ្សាយ និង​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​បញ្ហា​ពាក់ព័ន្ធ​ទាក់ទង​នឹង​ការ​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ថ្មី ។
លោក សម រ​ង្ស៊ី បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្រោយ​ជំនួប​ថា លោក​លើក​ឡើង​ពី​រឿង​របស់​លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​ស្នើ​សុំ​ឱ្យ​មានការ​ដោះ​លែង ព្រមទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស និង​លើក​ពី​ករណី​ព្រះសង្ឃ​ត្រូវ​ចាប់ខ្លួន​និង​ផ្សឹក ព្រមទាំង​ស្ត្រី​សកម្មជន​បឹង​កក់​ផង​ដែរ ។

លោក សម រ​ង្ស៊ី បញ្ជាក់​ថា «​យើង​ចង់ឱ្យ​មានការ​បន្ធូរបន្ថយ​ភាព​តានតឹង និង​ចង់ឱ្យ​មានការ​ដោះ​លែង និង​បញ្ចប់​នីតិវិធីតុលាការ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​មុខ​នឹង​តុលាការ ព្រោះថា អ្នក​ទាំងនោះ គឺ​គាត់​មានទុក្ខ  ហេតុ​អ្វី​បានជា​តុលាការ​ដាក់ទោស​គាត់​រហូត​ដល់​មួយ​ឆ្នាំ ដែល​ជា​ការ​មិន​ត្រឹមត្រូវ ។ ត្រូវ​ឱ្យ​មានការ​ដោះ​លែង បុ​៉​ន្តែ​ក្នុង​នាម​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ឆ្លើយ​បាន​ទេ គឺ​ទុក​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នកឆ្លើយ​តប​ចុះ​» ។ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ប្រសាសន៍​ថា រឿង​នេះ​គ្មាន​អ្វី​ជា​ការ​ពិបាក​ទេ ដោយ​បញ្ជាក់​ថា បញ្ហា​ស្នើ​សុំ​ឱ្យ​ដោះ​លែង​លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​សកម្មជន​ផ្សេង​ៗ​ទៀត គឺជា​សិទ្ធិ​របស់​តុលាការ​។

ទោះបីជា​មានការ​ឆ្លើយ​តប​យ៉ាង​ខ្លី​ថា តាម​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ក្តី ក៏​លោក សម រ​ង្ស៊ី បញ្ជាក់​ថា បញ្ហា​ទាំង​អស់នេះ​មានដំណើរ​ការ​ល្អ​និង​សង្ឃឹមថា នឹង​មាន​ដំណោះស្រាយ​បញ្ហា​ដែល​សេសសល់​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​រយៈពេល​កាន់តែ​ឆាប់​កាន់តែ​ល្អ ។ លោក​បន្ត​ថា ការ​ជជែក​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រឿង គ​.​ជ​.​ប​. នឹង​ធានា​ថា ការ​រៀបចំ​ការ​បោះ​ឆ្នោត​លើក​ក្រោយ​នឹង​ទទួល​បាន​យុត្តិធម៌ ត្រឹមត្រូវ ។
លោក សម រ​ង្ស៊ី បន្ត​ថា ក្នុង​ជំនួប​នោះ លោក​មិន​បាន​ជជែក​អំពី​តំណែង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទេ គ្រាន់តែ​នៅ​ពេល​ដែល​មាន​រូបមន្ត​ណាមួយ​ល្អ​ហើយ​យើង​ទទួលយក​ទាំងអស់​ដើម្បី​រួម​គ្នា​ដោះស្រាយ​ឱ្យ​ពេញលេញ​ជា​ផ្លូវការ ពេល​នោះ​នឹង​ប្រកាស​តែ​ម្តង ។

គួរ​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា​តាម​វិទ្យុ​អាស៊ី​សេរី លោក សម រ​ង្ស៊ី បញ្ជាក់​ថា​លោក​នឹង​ជួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង ក្នុង​ជំនួប​ជាមួយ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ត្រៀមខ្លួន​ជា​និច្ច​និង​សង្ឃឹមថា រក​ដំណោះស្រាយ​បាន ។ ដោយសារ​តែ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​មាន​អ្នក​ដោះស្រាយ​រឿង​ជ្រើសរើស គ​.​ជ​.​ប និង​ច្បាប់បោះឆ្នោត​ថ្មី ដូច្នេះ​បញ្ហា​ដែល​នៅ​សេសសល់ យើង​នឹង​ទៅ​ជជែក​គ្នា​ផ្ទាល់ ។ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​តាមដាន​រឿង​នេះ ព្រោះថា​យើង​មិន​អាច​អូស​បន្លាយ​យូរ​នោះ​ទេ ដោយសារ​ថា​ខិត​ជិត​ដល់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នៅ​ដើមឆ្នាំ​២០១៧ ។ យើង​នឹង​ដោះស្រាយ​បញ្ហា​ដែល​សេសសល់​នោះ​ឱ្យ​អស់​នៅ​មុន​ឆ្នាំ​២០១៥​។ យើង​សង្ឃឹមថា បញ្ហា​លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​រឿង គ​.​ជ​.​ប នឹង​អាច​ដោះស្រាយ​ចប់ ។

ចំណែក​លោក កឹ​ម សុខា អនុប្រធាន​ទី​១ រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា ការ​ចាប់ខ្លួន​លោក មា​ជ សុ​វ​ណ្ណា​រ៉ា ប្រធាន​ផ្នែក​ផ្សព្វផ្សាយ និង​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស គឺ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​តាម​នីតិវិធី​ច្បាប់ និង​ចាត់វិធានការ​ដើម្បី​ឱ្យ​លោក មា​ជ សុ​វ​ណ្ណា​រ៉ា មាន​អភ័យឯកសិទ្ធិ​ក្នុង​ឋានៈ​ជា​តំណាងរាស្ត្រ ដោយ​មានការ​ដោះ​ដូរ​សមាជិក​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ឈ្មោះ លោក មា​ជ សុ​វ​ណ្ណា​រ៉ា ជំនួស​ដើម្បី​ឱ្យ​គាត់​រួច​ផុត​ដោយ​ការ​លើកលែងទោស ហើយ​អ្នក​ដែល​ត្រូវ​ដោះ​ដូរ​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កន្លែងធ្វើការ​ផ្សេង​វិញ ។
លោក កឹ​ម សុខា សង្កត់ធ្ងន់​ថា ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ទេ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​សន្និបាត​ក្រុមប្រឹក្សា​គណបក្ស​របស់​ខ្លួន​ដើម្បី​សម្រេច​ធ្វើ​អ្វី​បន្ត​ទៀត និង​សម្រេច​ដើរ​ចេញពី​សភា ឬ​យ៉ាងណា​នោះ ។ ក្នុង​ការ​ដែល​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ក្នុង​សភា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ដោយសារ​តែ​ប្រជាពលរដ្ឋ​គាំទ្រ​ភាគច្រើន​ចង់ឱ្យ​មានការ​ផ្លាស់​ប្តូរ និង​កែប្រែ ទើប​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចូល បុ​៉​ន្តែ​បើ​ប្រជាពលរដ្ឋ​ចង់ឱ្យ​សមាជិក​គណបក្ស​ទាំងអស់​នៅ​ក្រៅ​សភា​ដើម្បី​តស៊ូ​យ៉ាងណា​នោះ គណបក្ស​នឹង​ពិភាក្សា​គ្នា​បន្ត​ទៀត ។

លោក សម រ​ង្ស៊ី គូសបញ្ជាក់​ថា ការ​ចូល​សភា​ចង់ឱ្យ​មានការ​កែប្រែ ហើយ​ការ​កែប្រែ​នោះ​មិន​មាន​ន័យ​ថា កែប្រែ​រយៈ​ប៉ុន្មាន​ខែ​ទេ គឺ​រង់ចាំ​ពេលវេលា​ច្បាស់លាស់ ហើយ​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​ធ្វើ​កំណែទម្រង់​បណ្តើរ​ៗ​ហើយ ។ ទោះជា​យ៉ាងណា​ក្តី មេដឹកនាំ​គណបក្ស​ទាំង​ពីរ​សន្យា​ថា នឹង​ធ្វើ​កំណែទម្រង់​ការ​បោះ​ឆ្នោត​តាម​គោលការណ៍​ដែល​ប្រជាពលរដ្ឋ​ចង់បាន ៕