ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​កស្សិណ​អង្គរ​វត្ត​មាន​ពណ៌​ក្រហម​១​សប្តាហ៍​ហើយ

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ទឹក​កស្សិណ​អង្គរតូច(​អង្គរវត្ត​) បាន​ចាប់ផ្តើម​ប្រែ​ពណ៌​ពី​ថ្លាឈ្វេង​ទៅ​ជា​ពណ៌​ក្រហមព្រឿង​ៗ និង​មាន​ក្លិន​ខុស​ពី​ធម្មតា​ជា​ថ្មី​ម្តងទៀត ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ដែល​មក​ទស្សនា​ប្រាសា​ទ​បុរាណ​មួយ​នេះ

ខេត្តសៀមរាប ៖ ទឹក​កស្សិណ​អង្គរតូច(​អង្គរវត្ត​) បាន​ចាប់ផ្តើម​ប្រែ​ពណ៌​ពី​ថ្លាឈ្វេង​ទៅ​ជា​ពណ៌​ក្រហមព្រឿង​ៗ និង​មាន​ក្លិន​ខុស​ពី​ធម្មតា​ជា​ថ្មី​ម្តងទៀត ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ដែល​មក​ទស្សនា​ប្រាសា​ទ​បុរាណ​មួយ​នេះ សម្ដែង​នូវ​ភាព​ភ្ញាក់ផ្អើល​និង​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ។ ទោះជា​យ៉ាងណា មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​អប្សរា​បាន​អះអាង​ថា បាតុភូត​នេះ​មិនមែន​ជា​លើក​ដំបូង​ទេ នេះ​គឺជា​លើក​ទី​៣​ហើយ ចាប់តាំងពី​ទឹក​ជំនន់​ឆ្នាំ​២០១១​មក និង​គ្មាន​សញ្ញា​នៃ​ការ​គំរាមកំហែង​ពីសារ​ធាតុគីមី​ឬ​ជាតិពុល​អ្វី​ដែរ ព្រោះ​វា​គ្រាន់តែ​បំ​លែង​ពី​ការវិ​វត្ត​នៃ​សារាយ​ក្នុង​ទឹកតែ​ប៉ុណ្ណោះ ។

ទាក់ទិន​នឹង​ភាព​មិនធម្មតា​នៃ​ទឹក​កស្សិណ​ចុង​ក្រោយ​នេះ ត្រូវ​បាន​លោក ខៀវ ធី ប្រធាន​មគ្គុទេសក៍​ទេសចរណ៍​តំបន់​សៀមរាប​អះអាង​ថា បាន​កើតឡើង​អស់​រយៈពេល​ប្រមាណ​មួយ ស​ប្តា​ហ៍​មក​ហើយ ដោយ​មាន​ក្លិនឆ្អាប​ព្រមទាំង​មិនឃើញ​មាន​ត្រី​បណ្តែត​ខ្លួន​ទៀត​ទេ ។ លោក ខៀវ ធី បាន​ពិពណ៌នា​បង្ហោះ​នៅ​ក្នុង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​របស់​លោក​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បារម្ភ​អំពី​បរិស្ថាន​ទឹក​ក្នុង​តំបន់​អង្គរ​តើ​បងប្អូន​មាន​ចាប់អារម្មណ៍​អំពី​ទឹក​កស្សិណ​ខាងត្បូង​នៅ​ប្រាសាទអង្គរវត្ត​ឡើងពណ៌​ក្រហមព្រឿង​ខាប់​ទេ ? ហើយ​ក៏​មិនឃើញ​មាន​ត្រី​ហែល​សំដិល​ខ្លួន​បង្អួត​អ្នកទេសចរ​ដូច​ពេល​មុន​ដែរ ។ នេះ​ប្រាកដជា​ប៉ះពាល់​ជាតិ​ថ្នាំ​គីមី ដែល​ធ្វើ​ឱ្យ​បរិស្ថាន​ប្រែប្រួល ។ អាជ្ញាធរអប្សរា ដែល​ជា​អង្គភាព​ជំនាញ​របស់​រដ្ឋ​ដែល​ការពារ​តំបន់​អង្គរ​មិន​គួរ​ព្រងើយកន្តើយ​រឿង​នេះ​ទេ​» ។

អគ្គនាយករង​អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​នាយកដ្ឋាន​ទឹក លោក​បណ្ឌិត ហង់ ពៅ មិន​បាន​លើក​ទូរស័ព្ទ​ទេ នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា ដូច្នេះ​មិន​អាច​សុំ​ការ​ពន្យល់​ពាក់ព័ន្ធ​ស៊ីជម្រៅ​ជុំវិញ​ការ​ប្រែប្រួល​ទឹក​កស្សិណ​អង្គរ​នោះ​បាន​ទេ ។ ទោះជា​យ៉ាងនេះ​ក្តី អគ្គនាយក​អាជ្ញាធរ​អប្សរា​លោក ប៊ុ​ន ណា​រិ​ទ្ធ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា ថា ព័ត៌មាន​នេះ​ពុំ​មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ទេ ហើយ​ក៏​មិនមែន​ជា​បាតុភូត​លើក​ដំបូង​ដែរ គឺ​ស្ថានភាព​ដូច​គ្នា​នេះ ធ្លាប់​បាន​កើតឡើង​ពីរ​ដង​រួច​មក​ហើយ​។ លោក​បាន​បន្ថែម​ថា តាម​បទ​ពិសោធន៍​ដែល​យើង​ធ្លាប់​ជួប​ប្រទះ​នា​ពេល​កន្លង​ទៅ​ឃើញ​ថា​ដើមហេតុ​ដែល​នាំ​ឲ្យ​ទឹក​ប្រែ​ពណ៌​គឺ​មក​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង ធ្វើ​ឲ្យ​សារាយ​នៅ​ក្នុង​ផ្ទៃ​ទឹក​ប្រែ​ពណ៌​ពី​ខៀវ​ទៅ​ជា​ក្រហមព្រឿង​ៗ រួច​រលួយ​បង្ក​ឲ្យ​មាន​ក្លិន​ខ្លះ និង​ផ្ទៃ​ទឹក​ខាងលើ​ក្លាយជា​ខាប់អ​ន្លិ​ល​ៗ​បែប​ហ្នឹង ។

លោក ប៊ុ​ន ណា​រិ​ទ្ធ បាន​បញ្ជាក់​បន្ថែម​ថា កន្លង​មក​មន្ត្រី​ជំនាញ​ធ្លាប់​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ដោយ​យក​ទឹក​នេះ​ទៅ​វិភាគ​នៅ​ក្នុង​ម៉ាស៊ីន​ពិសោធន៍​តែ​មិន​បាន​រក​ឃើញ​សារធាតុពុល​ឬ​គីមី​អ្វី​ទេ ហើយ​វិធីសាស្ត្រ ក្នុង​ការ​ស្ដារ​ស្ថានការណ៍​គ្រាន់តែ​ធ្វើការ​បញ្ចូល​ទឹក ឬ​មាន​ភ្លៀង​មួយ​មេ​ពីរ​មេ​ទៅ ទឹក​មាន​ចរន្ត​ហូរ វា​លែង​អី​ហើយ ។ សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១១ កន្លង​ទៅ ក្រោយ​ពី​ផ្នែក​ខ្លះ​នៃ​ឧទ្យាន​អង្គរ​ត្រូវ​បាន​គំរាមកំហែង​ដោយ​ទឹកជំនន់​ពី​ស្ទឹង​សៀមរាប កស្សិណ​អង្គរតូច​ទាំង​បួន​ទិស​ដែល​មាន​បណ្តោយ​ប្រវែង​១៥០០​ម៉ែត្រ (​កើត​-​លិច​) និង​ទទឹង​ប្រវែង​១៣០០​ម៉ែត្រ​(​ជើង​-​ត្បូង​) ក៏​ធ្លាប់​បាន​ប្រែពណ៌​ពី​ថ្លា​ទៅ​ក្រហម​ដូច​ពេល​នេះ​ដែរ ហើយ​ថែម​ទាំង​មាន​ក្លិនស្អុយ និង​មាន​ត្រី​ងាប់​ជា​ច្រើន​ក្បាល​ទៀត​ផង ៕