ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កីឡា​ជាន់ខ្ពស់​កម្ពុជា​ទៅ​ពិនិត្យ​មើល​ទីលាន​ប្រកួត​មុន​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​មក​ដល់

9 ឆ្នាំ មុន

សិង្ហ​បុរី ៖ ខណៈ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​សិង្ហ​បុរី​ឆ្នាំ​២០១៥ កាន់តែ​ខិត​ជិត​ឈាន​ចូល​មក​ដល់ ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​២​រូប​រួម​មាន លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) និង​លោក​ញ៉ា​ន សុខ​វិសាល នាយ​បេសកកម្ម​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៨ កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហ​បុរី

សិង្ហ​បុរី ៖ ខណៈ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​សិង្ហ​បុរី​ឆ្នាំ​២០១៥ កាន់តែ​ខិត​ជិត​ឈាន​ចូល​មក​ដល់ ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​២​រូប​រួម​មាន លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) និង​លោក​ញ៉ា​ន សុខ​វិសាល នាយ​បេសកកម្ម​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៨ កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ត្រួតពិនិត្យ​ទីតាំង​ប្រកួត​កីឡា​ផ្សេង​ៗ​នៅ​ទីនោះ មុន​នឹង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​អាស៊ាន​មួយ​នេះ​ចាប់ផ្តើម ។

តាម​ការ​ឱ្យ​ដឹង​ពី​លោក​ញ៉ា​ន សុខ​វិសាល ដែល​កំពុង​តែ​ស្ថិត​នៅ​ទីក្រុង Singapore ប្រាប់​ថា ដំណើរ​ទស្សនកិច្ច​ខាងលើ​នេះ​មាន​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​២៧ ខែវិច្ឆិកា នៅ​ទីក្រុង Singapore ប្រទេស​សិង្ហ​បុរី ដើម្បី​ចុះ​ឈ្មោះ​សុំ​សិទ្ធិ​ចូលរួម​ប្រកួត និង​ទីកន្លែង​ស្នាក់​នៅ អាហារ​ហូប​ចុក​របស់​អត្ត​ព​លិ​ក​កម្ពុជា ពេល​ការ​ប្រកួត​ចាប់ផ្តើម ។ លោក​ញ៉ា​ន សុខ​វិសាល បន្ត​ថា ក្នុង​សិក្ខាសាលា​ដែល​រៀបចំ​ដោយ​ម្ចាស់ផ្ទះ​សិង្ហ​បុរី​ស្តី​ពី​ការ​រៀបចំ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៨​នេះ មន្ត្រី​កីឡា​កម្ពុជា​មាន​លោក​វ៉ា​ត់ ចំរើន និង​រូប​លោក​ផ្ទាល់​បាន​ចូលរួម​តាំងពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា​មក​ម្ល៉េះ ។ ការ​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ គឺ​ដើម្បី​បំពេញបែបបទ​ចូលរួម​ប្រកួត និង​ពិនិត្យ​ពី​ទីកន្លែង​ស្នាក់​នៅ ហូប​ចុក និង​សោហ៊ុយ​ធ្វើ​ដំណើរ​របស់​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា ជា​ពិសេស​នោះ​គឺ​ប្រតិភូ​កីឡា​ក្នុង​តំបន់​អាស៊ាន​ទាំងអស់ ក៏​បាន​មក​ត្រួតពិនិត្យ​ទីលាន​សម្រាប់​ធ្វើការ​ប្រកួត​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៨ ដែល​នឹង​ធ្វើ​ឡើង​នៅ​ចំ​កណ្តាល​ទីក្រុង Singapore ប្រទេស​សិង្ហ​បុរី​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៥ ដល់​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​ខាង​មុខ ដោយ​មាន​កីឡា​ចំនួន​៣៦​ប្រភេទ​ត្រូវ​ដាក់​ឱ្យ​ប្រកួតប្រជែង ។ កម្ពុជា​ត្រៀម​បញ្ជូន​កីឡា​តែ​២១​ប្រភេទ​បុ​៉​ណ្ណោះ​ទៅ​ចូលរួម ក្នុង​នោះ​មាន​កីឡាហែលទឹក អត្តពលកម្ម វាយ​សី ប្រដាល់ ប្រណាំង​កង់ ជិះសេះ គុន​ដាវ បាល់ទាត់ វាយកូនគោល កាយសម្ព័ន្ធ យូ​ដូ ប៉េតង់ បាល់ឱប សី​ប៉ាក់​តា​ក្រ វាយ​កូន​ឃ្លី​លើ​តុ ទូក​ប្រពៃណី ទ្រី​យ៉ា​ត្លុង បាល់ទះ តេ​ក្វា​ន់​ដូ វាយ​កូន​បាល់ និង​កីឡា​វូ​ស៊ូ ។ ទោះបី​ក្នុង​ចំណោម​កីឡា​ចំនួន​២១​ប្រភេទ​នេះ​មិន​មាន​វត្តមាន​កីឡា​ចំបាប់ និង​វ៉ូ​វី​ណា​ម ដែល​ជា​ប្រភេទ​កីឡា​ដ៏​មាន​សក្តានុពល​ក្នុង​ការ​រក​មេដាយ​ឱ្យ​កម្ពុជា​ក៏​ដោយ ក៏​កម្ពុជា​នៅ​តែ​បង្ហាញ​ពី​ឆន្ទៈ និង​រៀបចំ​យុទ្ធសាស្ត្រ ក្នុង​ការ​ដណ្តើម​យក​មេដាយ​ជូន​ជាតិ​មាតុភូមិ​ឱ្យ​ទាល់តែ​បាន​ផង​ដែរ ៕