ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​3​ថ្ងៃអាទិត្យ​ឈាន​ចូល​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​របស់​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​៣​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន នា​ថ្ងៃអាទិត្យ ទី​៣០ វិច្ឆិកា ស្អែក​នេះ ឈាន​ចូល​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ ។

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​របស់​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​៣​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន នា​ថ្ងៃអាទិត្យ ទី​៣០ វិច្ឆិកា ស្អែក​នេះ ឈាន​ចូល​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ ។ សម្រាប់​បេក្ខភាព​ដែល​ត្រូវ​ប្រកួត​នៅ​វគ្គ​នេះ​មាន ឈាន ហំ មក​ពី​មជ្ឈមណ្ឌល​កីឡា​នៃ​កង​យោធពលខេមរភូមិន្ទ ត្រូវ​ជួប​ជាមួយ ព្រីង ដា​រិ​ន មក​ពី​ក្លិប​ខេត្តបាត់ដំបង និង​ចាន់ សំអាត មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៣​ព្រះ​វិហារ ជួប​ជាមួយ ថៃ ប៊ុ​ន​ត​ត មក​ពី​ក្លិប​នាគរាជ​គុន​ខ្មែរ ។

រវាង ឈាន ហំ និង ព្រីង ដា​រិ​ន សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដូច​គ្នា មុន​នឹង​ពួក​គេ​ឈាន​មក​ដល់​ដំណាក់កាល​នេះ គឺ​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​ចាញ់​នៅ​ក្រោម​កណ្តាប់ដៃ​របស់​គេ​អស់​មិន​តិច​នាក់​ឡើយ ។ លើក​នេះ​ភាគី​ទាំង​សងខាង​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដើម្បី​សម្រេច​មហិច្ឆតា​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​១​ដូច​គ្នា គ្រាន់តែ​ពួក​គេ​មិន​ហា​៊​ន​អះអាង​ទុក​មុន​ពី​លទ្ធផល​ចាញ់​-​ឈ្នះ​ប៉ុណ្ណោះ ។ តាម​ពិត​គូ​នេះ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដូច​គ្នា និង​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​ច្រើន​លើក​រួច​មក​ហើយ ។ បើ​ធ្វើការ​ប្រៀបធៀប​វិជ្ជា​គុន​អ្នក​ទាំង​២​ឃើញ​ថា ល្អ​ម្យា​៉​ង​ម្នាក់ ។ ឈាន ហំ ចូល​ចិត្ត​វាយ​ប្រយោល​ច្រើន​ជាង​ចូល​កៀក ហើយ​ចលនា​វាយ​ចេញ​ក៏​រហ័សរហួន​ណាស់​ដែរ ។ ប៉ុន្តែ​បើ​ចូល​កៀក​គឺ​ចាញ់ ព្រីង ដា​រិ​ន ហើយដោយ​សារ​កីឡាករ​រូប​នេះ​មាន​កម្លាំង​ខ្លាំង​ជាង និង​ពូកែ​ខាង​ចាប់​បោក​ផ្តួល​ទៀត​ផង ។ ដូច្នេះ​គូ​នេះ​ពិបាក​ធ្វើការ​សន្និដ្ឋាន​ទុក​មុន​ពី​លទ្ធផល​ចាញ់​ឈ្នះ​ខ្លាំង​ណាស់ មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្តែង​ប៉ុណ្ណោះ ទើប​អាច​ដឹង​បាន ។

ចំណែក​ជំនួប​ប្រកួត​រវាង ចាន់ សំអាត និង​ថៃ ប៊ុ​ន​ត​ត វិញ នោះ ក៏​ពិបាក​វាយតម្លៃ​ទុក​មុន​ពី​លទ្ធផល​ចាញ់​ឈ្នះ​ដែរ ។ ចាន់ សំអាត ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​ប្រហាក់ប្រហែល​នឹង ថៃ ប៊ុ​ន​ត​ត ប៉ុន្តែ​គេ​មាន​ល្បិច​ប្រកួត​នៅ​លើ​សង្វៀន​ល្អ​ជាង ។ ចាន់ សំអាត មិន​ត្រឹមតែ​ជា​អ្នក​ប្រដាល់​ដែល​មាន​ស្នៀត​ប្រយុទ្ធ​ល្អ​ប៉ុណ្ណោះ​នោះ​ទេ បើ​និយាយ​ពី​ចិត្ត​វិញ​នោះ​កាន់តែ​សឿង​ថែម​ទៀត តែ​ចរិត ចាន់ សំអាត មិន​ចេះ​អួត​ក្អេងក្អាង​ឡើយ ។ ម្យា​៉​ង​វិញទៀត​នោះ គេ​តែងតែ​ចាត់​ទុក​គូប្រកួត​គឺជា​អ្នក​ខ្លាំង​ជា​និច្ច ដូច្នេះ​ការ​មក​ប៉ះ ថៃ ប៊ុ​ន​ត​ត លើក​នេះ ចាន់ សំអាត មិន​ហា​៊​ន​ធ្វេសប្រហែស​ទេ ។ ឯ ថៃ ប៊ុ​ន​ត​ត វិញ​នោះ ក៏​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​នៅ​លើ​សង្វៀន​មិន​តិច​ដង​ដែរ និង​ត្រូវ​បាន​គេ​ចាត់ទុកជា​ជើង​ខ្លាំង​មួយ​រូប​ទៀត​ផង ។ ដូច្នេះ ថៃ ប៊ុ​ន​ត​ត កាន់តែ​មិន​អាច​មើល​ស្រាល​ថែម​ទៀត ម្យា​៉​ង​វិញទៀត​កីឡាករ​រូប​នេះ​ពូកែ​ខាង​ចូល​កៀក និង​ចាប់​បោក អ្នក​ណា​ក៏​ដោយ​បើ​ហា​៊​ន​បណ្តោយ​ឱ្យ​គេ​ចាប់​បាន​ហើយ​នោះ​គឺ​មិន​ងាយ​រួចខ្លួន​ឡើយ ។

ក្រៅពី​គូ​ដណ្តើម​ខ្សែក្រវាត់​២​គូ​នេះ​ទៅ នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​លក្ខណៈ​មិត្តភាព​ជា​ច្រើន​គូ​ទៀត ដូច​ជា ណា​ម ម៉ូ​រិ​ន មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ប្រកួត​ជាមួយ ចាន់ សំអាង មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៣​ព្រះ​វិហារ ។ រី​គី  ណា​រ័​ត្ន មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ ប្រកួត​ជាមួយ ច្រិច កុសល មក​ពី​ក្លិប​ខេត្ត​ត្បូងឃ្មុំ និង គុ​ជ ពិសិដ្ឋ មក​ពី​មជ្ឈមណ្ឌល​កីឡា​នៃ​កង​យោធពលខេមរភូមិន្ទ ប្រកួត​ជាមួយ ធី រតនា មក​ពី​ក្លិប​ខេត្តកណ្តាល ៕