ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​គម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា​បង្ហាញ​ការ​ព្រួយ​បារម្ភ​ ខណៈ​ប្រាក់​ចំណូល​របស់​រោង​ចក្រ​មានការ​ធ្លាក់​ចុះ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​ប្រាក់​ចំណូល​របស់​រោងចក្រ Grand Twins International (GTI) នៅ​ឆ្នាំ​នេះ គឺជា​ការ​ព្រមាន​ដល់​ឧស្សាហកម្ម​កាត់ដេរ ក៏​ដូច​ជា​ដល់​រាជរដ្ឋាភិបាល​ឲ្យ​បានឃើញ​ថា បាតុកម្ម​ជា​បន្តបន្ទាប់ ការ​ដំឡើង​ប្រាក់​ឈ្នូ​ល​អប្បបរមា និង​ការ​បន្ត​ទាមទារ​លក្ខខណ្ឌ​ការងារ​ផ្សេង​ៗ ពី​សំណាក់​សហជីព កំពុង​តែ​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ជាក់ស្ដែង ។

រាជធានី​ភ្នំពេញ ៖ ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​ប្រាក់​ចំណូល​របស់​រោងចក្រ Grand Twins International (GTI) នៅ​ឆ្នាំ​នេះ គឺជា​ការ​ព្រមាន​ដល់​ឧស្សាហកម្ម​កាត់ដេរ ក៏​ដូច​ជា​ដល់​រាជរដ្ឋាភិបាល​ឲ្យ​បានឃើញ​ថា បាតុកម្ម​ជា​បន្តបន្ទាប់ ការ​ដំឡើង​ប្រាក់​ឈ្នូ​ល​អប្បបរមា និង​ការ​បន្ត​ទាមទារ​លក្ខខណ្ឌ​ការងារ​ផ្សេង​ៗ ពី​សំណាក់​សហជីព កំពុង​តែ​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ជាក់ស្ដែង ។ នេះ​បើ​យោង​តាម​មន្ត្រី​អ្នកនាំពាក្យ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដែល​បាន​លើក​ឡើង​កាលពី​ថ្ងៃ​អង្គារ ។

នៅ​ក្នុង​ឯកសារ​ហិរញ្ញវត្ថុ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ស​ប្ដា​ហ៍​មុន រោងចក្រ GTI បាន​ចេញ​របាយការណ៍​អំពី​ការ​ធ្លាក់​ចុះ​នូវ​ប្រាក់​ចំណូល​រហូត​ដល់​ទៅ​៤០​ភាគរយ​នៅ​ក្នុង​ត្រីមាស​ទី​បី​នៃ​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​ប្រាក់​ចំណូល​សរុប​ក្នុង​រយៈកាល​៩ ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤​នេះ បាន​ធ្លាក់​ចុះ​៨​ភាគរយ បើ​ធៀប​នឹង​រយៈកាល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣ ។ រោងចក្រ​បាន​ស្ដីបន្ទោស​ថា ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល គឺ​ដោយសារ​តែ​ការ​ធ្វើ​បាតុកម្ម ដែល​បាន​បង្ក​អ​ស្ថិរភាព​ធ្ងន់ធ្ងរ​មក​លើ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា ដែល​បង្ខំ​ឲ្យ​អ្នកបញ្ជា​ទិញ​ងាក​ទៅ​រក​រោងចក្រ​នៅ​ក្នុង​ប្រទេស​ផ្សេង​វិញ ។

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក ខេន លូ បាន​មាន​ប្រសាសន៍​ថា រោងចក្រ GTI ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្នុង​ផ្សារភាគហ៊ុន​កម្ពុជា ។ GTI ជា​រោងចក្រ​រឹង​មាំ មាន​ប្រវត្តិ​យូរ​ឆ្នាំ និង​មានការ​ជឿ​ទុកចិត្ត​ពី​សំណាក់​អ្នកបញ្ជា​ទិញ ។ ប្រសិនបើ​រោងចក្រ​មួយ​នេះ​រង​ផល​ប៉ះពាល់​បែប​នេះ​ទៅ​ហើយ ចុះ​រោងចក្រ​ផ្សេង​ទៀត​ដែល​មាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​មិនសូវ​ជា​រឹង​មាំ​ដូច​រោងចក្រ​នេះ តើ​យើង​អាច​រំពឹង​ថា​នឹង​ទៅ​ជា​យ៉ាងណា​វិញ ។ កាលពី​ស​ប្ដា​ហ៍​មុន GMAC បាន​អំពាវនាវ​សុំ​ឲ្យ​មាន​ប្រព័ន្ធ​ពន្ធ​ថ្មី ដើម្បី​ជួយ​ដល់​ការ​រស់រាន​នៃ​ឧស្សាហកម្ម​កាត់ដេរ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់ ១២៨ ដុល្លារ​ក្នុង​មួយ​ខែ គិត​ចាប់ពី​ខែមករា​ឆ្នាំ​ក្រោយ​នេះ​ទៅ ។

GMAC បាន​និយាយ​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ​នឹង​ធ្វើ​ឲ្យ​ការ​ចំណាយ​លើ​ប្រាក់​ឈ្នួល​ដល់​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​ទាំងមូល ដែល​ផ្ដល់​ការងារ​ធ្វើ​ដល់​មនុស្ស​ជាង​៦០​ម៉ឺន​នាក់ កើនឡើង​ជាង​២០០​លាន​ដុល្លារ​បន្ថែម​ទៀត នៅ​ឆ្នាំ​២០១៥ ។ នៅ​ឆ្នាំ​ក្រោយ​នេះ ឧស្សាហកម្ម​កាត់ដេរ ក៏​ត្រូវ​ចំណាយ​ប្រមាណ​២០​លាន​ដុល្លារ​បន្ថែម​ទៀត​ផង​ដែរ សម្រាប់​ទូទាត់​លើ​ការ​ធានា​រ៉ាប់រង​សុខភាព​របស់​កម្មករ​រោងចក្រ ក្រោម​របប​សន្តិសុខ​សង្គម​ថ្មី ។ លោក ខេន លូ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឧស្សាហកម្ម​ដែល​ធម្មតា​មានដំណើរ​ការ ដោយ​ទទួល​ប្រាក់​ចំណេញ​ចន្លោះ​ពី​២​ទៅ ៥​ភាគរយ ទោះបី​អ្នក​មិនមែន​ជា​សេដ្ឋវិទូ​ក៏​ដោយ ក៏​អ្នក​អាច​យល់​បាន​ដែរ ថា​តើ​ការ​ចំណាយ​ជាង​២០០​លាន​ដុល្លារ​បន្ថែម នឹង​ប៉ះពាល់​យ៉ាងណា​ដល់​ឧស្សាហកម្ម ដែល​បាន​រង​ផល​ប៉ះពាល់​រួច​ទៅ​ហើយពី​ការ​ធ្វើ​បាតុកម្ម​នៅ​ឆ្នាំនេះ ។ ជាមួយ​គ្នា​នេះ សូមកុំ​ភ្លេច​ថា សហជីព​ថែម​ទាំង​ចង់​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​ទៅ​១៧៧​ដុល្លារ​ថែម​ទៀត​ផង ។

លោក ខេន លូ ក៏​បាន​មាន​ប្រសាសន៍​ទៀត​ថា តើ​ស្ថាប័ន អង្គការ​ដែល​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​បែប​នេះ នឹង​អាច​ជួយ​ដល់​កម្មករ​បាន​ដែរ​ឬទេ នៅ​ពេល​ដែល​កម្មករ​រង​ផល​ប៉ះពាល់​ដោយសារ​តែ​ការ​បញ្ជា​ទិញ​ត្រូវ​បាន​លុប​ចោល មិនសូវ​មាន​ការងារ​បន្ថែម​ម៉ោង ហើយ​រោងចក្រ​ចាប់ផ្ដើម​កាត់​បន្ថយ​ផលិតកម្ម​នោះ ?