ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ផ្តល់​ប្រាក់​កម្ចី​ចំនួន​១៨​លាន​ដុល្លារ​សាង​សង់​កំពង់​ផែ​ទេស​ចរណ៍

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៤ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB បាន​អនុម័ត​លើ​កម្ចី​ចំនួន​១៨​លាន​ដុល្លារ សម្រាប់​សាងសង់​ចំណត​កំពង់​ផែ​ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត​នៅ​ខេត្តកំពត ភាគ​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​ឱ្យ​មានឱកាស​ថ្មី​ៗ​សម្រាប់​វិស័យ​ទេសចរណ៍

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៤ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB បាន​អនុម័ត​លើ​កម្ចី​ចំនួន​១៨​លាន​ដុល្លារ សម្រាប់​សាងសង់​ចំណត​កំពង់​ផែ​ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត​នៅ​ខេត្តកំពត ភាគ​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​ឱ្យ​មានឱកាស​ថ្មី​ៗ​សម្រាប់​វិស័យ​ទេសចរណ៍ បន្ថែម​ពីលើ​ទិស​ដៅ​ទេសចរណ៍ ដែល​កំពុង​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន ដូច​ជា​ប្រាសាទអង្គរវត្ដ​ដ៏​ល្បីល្បាញ​ជាដើម ។

លោក Eric Sidgwick នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា «​ការ​អភិវឌ្ឍ​កំពង់​ផែ​សម្រាប់​អ្នកដំណើរ​នេះ នឹង​គាំទ្រ​ឱ្យ​មាន​កំណើន​វិស័យ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​ភាគ​ខាងត្បូង និង​ជួយ​បង្កើត​ឱ្យ​មាន​ច្រក​ថ្មី​មួយ​រវាង​តំបន់​ភាគ​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា ប្រទេស​វៀតណាម និង​តំបន់​ទេសចរណ៍​ផ្សេង​ទៀត នៅ​ក្នុង​ឈូង​សមុទ្រ​ថៃ​» ។ វិស័យ​ទេសចរណ៍​កំពុង​តែ​មានការ​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាមួយនឹង​ចំនួន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​៤,២​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៣ ។ ឧស្សាហកម្ម​នេះ​ផ្ដល់​ការងារ​ប្រមាណ​ជា​៨០​ម៉ឺន​ការងារ និង​រួមចំណែក​ចំនួន​១២% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​កម្ពុជា ។ ប៉ុន្ដែ​វិស័យ​ទេសចរណ៍ និង ប្រយោជន៍​នានា​ក្នុង​វិស័យ​នេះ ភាគច្រើន​ប្រមូលផ្ដុំ​តែ​នៅ​ក្នុង​ខេត្ដសៀមរាប និង​តំបន់​ប្រាសាទអង្គរវត្ដ ។ កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​នៅ​តាម​តំបន់​ទេសចរណ៍​ផ្សេង​ទៀត ភាព​ទន់ខ្សោយ​នៃ​ទំនាក់ទំនង​ទីផ្សារ​រវាង​ឧស្សាហកម្ម​ទេសចរណ៍ និង​វិស័យ​ដទៃ​ទៀត និង​សមត្ថភាព​ជំរុញ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​នៅ​មាន​កម្រិត ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ពុំ​ទាន់​អាច​ទាញ​ប្រយោជន៍​ពេញលេញ​ពី​វិស័យ​នេះ​នៅឡើយ ។

បន្ថែម​ពីលើ​ការ​ផ្ដល់​ថវិកា​សម្រាប់​សាងសង់​កំពង់​ផែ​នេះ គម្រោង​នេះ​ក៏​នឹង​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​ការ​កែ​លម្អ​ផ្លូវ​ជនបទ​ប្រវែង​៦,៥ គីឡូម៉ែត្រ និង​ការ​កែ​លម្អ​ការ​គ្រប់គ្រង​ទឹក សំណល់​នៅ​តាម​តំបន់​ដែល​មានការ​អភិរក្ស​ស្ថាបត្យកម្ម​ខ្មែរ​ជំនាន់​អាណានិគម នៅ​ក្នុង​ខេត្ដកំពត និង​តំបន់​ប្រជុំជន​តាម​ឆ្នេរសមុទ្រ​នៅ​ខេត្ដ​កែប និង​ខេត្ដកោះកុង ផង​ដែរ ។ គម្រោង​នេះ​នឹង​ផ្ដល់​សេវា​គាំទ្រ​អាជីវកម្ម​ដល់​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​ខ្នាត​មធ្យម យ៉ាង​ហោច​ណាស់​ចំនួន​៣៧៥ រួម​នឹង​ការ​កសាង​សមត្ថភាព​ដល់ទី​ភ្នាក់ងារ​រាជរដ្ឋាភិបាល​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​ទាំង​ក្រសួងទេសចរណ៍​ផង ។ គម្រោង​នេះ​ក៏​នឹង​សម្រួល​ឱ្យ​មានការ​វិនិយោគឯកជន សម្រាប់​ដំណើរការ​សេវាកម្ម​ដឹក​អ្នកដំណើរ​ពី​កំពង់​ផែ​នេះ​ផង​ដែរ ក៏​ដូច​ជា​បង្កើត​នូវ​គំរូ​មួយ សម្រាប់​ប្រើប្រាស់​ការ​បង់ថ្លៃ​ចូល​របស់​ភ្ញៀវ​ទេសចរ និង​ថ្លៃ​សេវា​នានា ដើម្បី​រ៉ាប់រង​លើ​ការ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ។

គម្រោង​ដែល​នឹង​ដំណើរការ​រយៈពេល​៥​ឆ្នាំ រហូត​ដល់​ខែធ្នូ ឆ្នាំ​២០១៩ គឺជា​គម្រោង​ដែល​បំពេញបន្ថែម​ឱ្យ​គំនិត​ផ្ដួចផ្ដើម​ស្រ​ដៀង​ៗ​គ្នា​នេះ ដែល​កំពុង​អនុវត្ដ​នៅ​ក្នុង​ប្រទេស​ឡាវ និង​វៀតណាម ។ វា​គឺជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​វិស័យ​ទេសចរណ៍​ឆ្លង​ដែន ក្នុង​មហា​អនុ​តំបន់​មេគង្គ​នេះ ដែល​មាន​កំណើន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ជា​មធ្យម​១២%​ក្នុង​មួយ​ឆ្នាំ អាច​រក​ចំណូល​បាន​ជាង​៤៤​ពាន់​លាន​ដុល្លារ និង​បង្កើត​នូវ​ការងារ​ជាង​៧​លាន​កន្លែង ។ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល ធនាគារអភិវឌ្ឍន៍អាស៊ី​ប្ដេជ្ញា​កាត់​បន្ថយ​ភាព​ក្រីក្រ នៅ​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក តាម​រយៈ​កំណើនសេដ្ឋកិច្ច​ដើម្បី​ទាំងអស់​គ្នា កំណើន​ដែល​ធានា​និរន្ដរភាព​បរិស្ថាន និង​សមាហ​រណកម្ម​តំបន់ ។ បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៦៦ ធនាគារ​នេះ​គឺជា​កម្មសិទ្ធិ​របស់​សមាជិក​ចំនួន​៦៧​ប្រទេស ដែល​ក្នុង​នោះ​មាន​៤៨​ប្រទេស​មក​ពី​តំបន់​នេះ ។ នៅ​ក្នុង​ឆ្នាំ​២០១៣ ជំនួយ​ដែល​ផ្តល់​ដោយ​ធនាគារ​អភិ​វឌ្ឍន៍អាស៊ី​សរុប​មាន​ចំនួន​២១​ពាន់​លាន​ដុល្លារ បូក​រួម​ទាំង​សហ​ប្រទាន​ចំនួន​៦,៦​ពាន់​លាន​ដុល្លារ​ផង ៕