ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូដ​កម្ម​បុគ្គ​លិក​អាកាស​យាន​ដ្ឋានអន្តរ​ជាតិ​​សៀម​រាប​ ការ​តវ៉ា​២​ទៀត​កើត​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​បម្រើ​ការងារ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ប្រមាណ​ជាង​២០០​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​អគារ​បម្រើ​ការងារ​របស់​ខ្លួន​ធ្វើ​កូដកម្ម

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​បម្រើ​ការងារ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ប្រមាណ​ជាង​២០០​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​អគារ​បម្រើ​ការងារ​របស់​ខ្លួន​ធ្វើ​កូដកម្ម ដើម្បី​ទាមទារ​ឲ្យ​អ្នកគ្រប់គ្រង​របស់​ខ្លួន​គោរព​លក្ខខណ្ឌ​ការងារ​ចំនួន​៧​ចំណុច​។ នេះ​ជា​កូដកម្ម​លើក​ទី​ពីរ​ហើយ សម្រាប់​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ចាប់តាំងពី​កើត​មាន​វិវាទ​ផលប្រយោជន៍​រវាង​អ្នកគ្រប់គ្រង​ជាមួយ​បុគ្គលិក​បម្រើ​ការងារ ដែល​បាន​អូស​បន្លាយ​ចាប់តាំងពី​ឆ្នាំ​២០១២ រហូតមក ។

ប្រធាន​សហ​ព​ន្ធ័​សហជីព​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប លោក ម៉​ម រិ​ទ្ធី ដែល​បាន​ចូលរួម​ដឹកនាំ​ក្នុង​កូដកម្ម​នោះ​ថ្លែង​ថា កូដកម្ម​នោះ​បាន​ចាប់ផ្តើម​ឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា នៅ​ពីមុខ​អគារ​រដ្ឋបាល​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជាង​២០០​នាក់ ក្នុង​នោះ​១៥០​នាក់ ជា​សមាជិក​សហជីព​ឧស្សាហ៍កម្ម​ទេសចរណ៍​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និង​៦០​នាក់​ផ្សេង​ទៀត​មក​ពី​សហជីព​ខាងក្រៅ ។ ទោះជា​យ៉ាងណា នៅ​ក្នុង​ក្បួន​កូដកម្ម​នោះ គេ​ពុំ​ឃើញ​មាន​ផ្ទុះ​អំពើ​ហិង្សា​អ្វី​កើតឡើង​ទេ ខណៈ​គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ រួម​ទាំង​មន្ត្រី​សង្គម​ស៊ី​វិល​ជា​ច្រើន​នាក់​ផ្សេង​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីនោះ​រួច​ជា​ស្រេច​ក្តី ។

ជាមួយ​គ្នា​ដែរ អនុប្រធាន​សហជីព​ឧស្សាហកម្ម​ទេសចរណ៍​ខេត្ត​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដែល​បាន​ដឹកនាំ​ធ្វើ​កូដកម្ម​បាន​ថ្លែង​បែប​ព្រមាន​ថា កូដកម្ម​នេះ​នឹង​បន្ត​ធ្វើ​ដោយ​គ្មាន​ពេល​កំណត់ រហូត​ដល់​ការ​ទាមទារ​របស់​ពួក​យើង ត្រូវ​បាន​អ្នកគ្រប់គ្រង​ទទួលយក ហើយ​បោះបង់​ចោល​ទាំងស្រុង​នូវ​គោលការណ៍​ការងារ​ទាំងឡាយ​ណា ដែល​នាំ​ឲ្យ​ខាតបង់​ដល់​ផលប្រយោជន៍​របស់​ពួក​កម្មករ ។ លោក​បាន​ថ្លែង​បន្ត​ថា កូដកម្ម​នេះ​ពួក​យើង​បាន​ទាមទារ​ឲ្យ​ខាង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន ឬ​ខាង​ភាគី​និយោជក ទទួលយក​នូវ​លក្ខខណ្ឌ​ការងារ​ចំនួន​៧​ចំណុច ក្នុង​នោះ​រួម​មាន ៖

១-​ទាមទារ​ឲ្យ​រក្សា​នូវ​លក្ខខណ្ឌ​ការងារ​ចាស់​ដដែល​វិញ ដោយ​គ្មាន​ពហុ​ជំនាញ ប៉ុន្តែ​បើ​ក្រុមហ៊ុន​ចង់​បង្កើត​ពហុ​ជំនាញ ត្រូវ​មានការ​ចរចា​អត្ថប្រយោជន៍​អនុវត្ត​អនុសញ្ញា​បន្ថែម​ជា​មុន ។ ២-​ក្រុមហ៊ុន​ត្រូវ​បែងចែក​វេន​ធ្វើ​ការងារ​ជា​បី​វេន តាម​ច្បាប់​ការងារ​ដែល​បាន​កំណត់ គឺ​វេន​ព្រឹក ល្ងាច និង​វេន​យប់ ។ ៣-​ក្រុមហ៊ុន​ត្រូវ​បញ្ឈប់​ជួល​បុគ្គលិក​ពី​ខាងក្រៅ ដែល​ផ្ទុយ​ពី​អនុសញ្ញា​រួម និង​ជា​ទ​ង្វើ​រើសអើង​សហជីព និង​ថែម​ទាំង​ធ្វើ​ឱ្យ​បាត់បង់​អត្ថប្រយោជន៍​របស់​កម្មករនិយោជិត​ទៀត​ផង ។ ៤-​ក្រុមហ៊ុន​ពិនិត្យ​មើល​ប្រាក់បៀវត្ស​បុគ្គលិក​បើកបរ (GSE driver) ព្រោះ​ប្រាក់បៀវត្ស​របស់​ពួក​គាត់​មិន​សមាមាត្រ និង​ឧបករណ៍​សព្វ​ថ្ងៃនេះ​ឡើយ ។
៥-​ក្រុមហ៊ុន​ត្រូវ​បើកប្រាក់​បៀវត្ស​ផ្សេង​ពី​ប្រាក់​បាយ ។ ៦-​ក្រុមហ៊ុន​ត្រូវ​ផ្លាស់​ប្តូរ​អ្នកគ្រប់គ្រង​ចំនួន​ពី​រូប គឺ​លោក ភួង សុ​ជាតិ និង​លោក សន សា​រ៉ុ​ម ចេញពី​អាកាសយានដ្ឋាន​ខេត្តសៀមរាប​។ ៧-​ក្រម​​ហ៊ុន​ត្រូវ​ទទួលយក​លោក ន​ន កុសល ចូល​ធ្វើការ​វិញ និង​ទូទាត់​ប្រាក់បៀវត្ស ចាប់ពី​ថ្ងៃ​បញ្ឈប់ រហូត​ដល់​ថ្ងៃ​ចូល​ធ្វើការ​វិញ ។

ទោះជា​យ៉ាងនេះ​ក្តី នៅ​ថ្ងៃ​ដដែល​នេះ មិន​អាច​ជួប​តំណាង​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​បាន​ទ ដោយ​ពុំ​មាន​អ្នក​ស្គាល់​លេខ​ទូរស័ព្ទ ។ ចំណែក​អភិបាលរង​ខេត្ត​លោក ប៊ុ​ន ថា​ឬ​ទ្ធិ និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ដោយ​ទូរ​សព្ទ័​លោក​ហៅ​ចូល​តែ​គ្មាន​អ្នក​ទទួល ។ ដូច្នេះ​គេ​មិន​អាច​ដឹង​ថា ទាំង​អាជ្ញាធរ​និង​ក្រុមហ៊ុន​មាន​ឆន្ទៈ​បញ្ចប់​វិវាទ ដ៏​រ៉ាំរ៉ៃ​នោះ​បាន​យ៉ាងដូចម្តេច​នោះ​ទេ ។ សូម​បញ្ចា​ក់ថា វិវាទ​រវាង​បុគ្គលិក និង​អ្នកគ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​បារាំង បាន​ផ្ទុះ​ឡើង​តាំងពី​ឆ្នាំ​២០១២ មក​ម្ល៉េះ ហើយ​នៅ​ឆ្នាំ​២០១៣ ក្រុម​បុគ្គលិក​ដែល​បង្កើត​សហជីព​នៅ​ក្នុង​នោះ បាន​ផ្ទុះ​កូដកម្ម​អហិង្សា​ម្តង​រួច​មក​ហើយ ។ ប៉ុន្តែ​ត្រូវ​បាន​ស្ងប់ស្ងាត់​មួយ​រយៈពេល​វែង ក្រោម​កិច្ច​សម្របសម្រួល​របស់​លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប និង​លោក​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​មួយ​រូបទៀត ។ ពេល​នេះ បាន​កក្រើក​ឡើង​វិញ​នៅ​ពេល​ភាគី​ខាង​បុគ្គលិក​ចោទ​ទៅ​លើ​ភាគី​អ្នកគ្រប់គ្រង​ថា មិន​គោរព​កិច្ចព្រមព្រៀង​រួម ៕
    ​    ​