ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ភ័យ​លេប​ត្របាក់​ផ្សារ​ចាស់​ទាំង​ព្រឹក​អស់​ជាង​៣០០​តូប​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តូប​លក់ដូរ​ជាង​៣០០​នៅ​ផ្សារ​ចាស់ ដែល​ជា​ផ្សារ​ដ៏​មាន​ប្រជាប្រិយភាព​មួយ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ត្រូវ​ទទួល​រង​នូវ​មហន្តរាយ​ស្ទើរ​រលាយ​ទាំង​ព្រឹក កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី ថ្ងៃ​ទី​២៤ វិច្ឆិកា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ពពាក់ពពូន

រាជធានី​ភ្នំពេញ ៖ តូប​លក់ដូរ​ជាង​៣០០​នៅ​ផ្សារ​ចាស់ ដែល​ជា​ផ្សារ​ដ៏​មាន​ប្រជាប្រិយភាព​មួយ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ត្រូវ​ទទួល​រង​នូវ​មហន្តរាយ​ស្ទើរ​រលាយ​ទាំង​ព្រឹក កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី ថ្ងៃ​ទី​២៤ វិច្ឆិកា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ពពាក់ពពូន ដោយ​ក្រុម​អាជីវករ​បាន​នាំ​គ្នា​ជញ្ជូន​អីវ៉ាន់​យ៉ាង​តក់ក្រហល់​ពី​តូប​ដែល​មិន​ទាន់​ឆេះ ដើម្បី​គេច​ពី​ចំណី​ព្រះ​អគ្គី ស្រប​ពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ក៏​បាន​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ផង​ដែរ ។

កង​សន្តិសុខ​ផ្សារ​ចាស់​និយាយ​ថា នៅ​វេលា​ម៉ោងជាង​៧​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា មាន​ផ្សែងហុយ​ចេញពី​ក្នុង​ស្តង់​លក់​គ្រឿង​ជ័រ​លេខ​០១​ចាស់ ខណៈ​ពេល​អាជីវករ​មួយ​ចំនួន​មិន​ទាន់​មក​បើក​តូប​លក់ដូរ​ផង ។ ភ្លាម​នោះ​កម្លាំង​សន្តិសុខ​ផ្សារ​ជួយ​បាញ់​ទឹក​ពន្លត់​ដែរ តែ​មិន​អាច​ទប់ទល់​បាន​ក៏​ក្លាយទៅជា​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​និង​រាលដាល​ដល់​តូប​ផ្សេង​ទៀត ទើប​អាជ្ញាធរ​ផ្សារ​សុំ​កិច្ច​អន្តរាគមន៍​ពី​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​ឱ្យមក​ជួយ ។ ភ្លាម​នោះ​ដែរ លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ បាន​មាន​វត្ត​មាននៅ​កន្លែង​កើតហេតុ និង​បញ្ជា​ឱ្យ​កងកម្លាំង​ប្រជា​ការពារ​ខណ្ឌ និង​កង​សន្តិសុខ​ជួយ​ការពារ​សម្ភារ​របស់របរ​អាជីវករ ដែល​ជញ្ជូន​ចេញ​មក​ខាងក្រៅ​ខ្លាច​មាន​ជនខិលខូច​បន្លំ​យក ។

ក្រោយ​កើតហេតុ​ប្រហែលជា​១៥​នាទី រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​បាន​មក​ដល់​ជា​បន្តបន្ទាប់ និង​បាន​បាញ់​ទឹក​សំដៅ​ទៅ​គោលដៅ​តូប​ដែល​ឆេះ តែ​ភ្លើង​ក៏​កាន់តែ​ឆេះ​ខ្លាំង​ទ្បើ​ង​ៗ​បណ្តាល​ឱ្យ​រាលដាល​ដល់​តូប​លក់​មាស តូប​លក់​ខោអាវ តូប​លក់​ផ្លែ​ឈើ និង​តូប​លក់​គ្រឿង​សក្ការៈ​បន្តបន្ទាប់​នៅ​ផ្នែក​ខាងកើត​ផ្សារ ។ តាម​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​ជំហាន​ដំបូង​បានឱ្យ​ដឹង​ថា អគ្គិភ័យ​បាន​ឆាបឆេះ​ដំបូង​ចេញពី​តូប​ប៉ែក​ខាងកើត​ជាប់​ផ្លូវ​ធំ រួច​ហើយ​ភ្លើង​បាន​រាលដាល​ទៅ​កាន់​តូប​ផ្សេង​ៗ​ទៀត ក្លាយទៅជា​អណ្តាតភ្លើង​ក្រហមឆ្អិនឆ្អៅ​យ៉ាង​សន្ធោសន្ធៅ​នៅ​ក្នុង​ផ្សារ ។ ពេល​នោះ​អាជ្ញាធរ​និង​កម្លាំង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ បាន​ចាប់ផ្តើម​ចេញ​ប្រតិបត្តិការ​ជួយ​អន្តរាគមន៍​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង​តូច ទាំង​ធំ គ្រប់​អង្គភាព​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ជួយ​បាញ់​ទឹក​ពន្លត់ ។ ប៉ុន្តែ​ដោយ​ស្ថានភាព​ភ្លើង​ឆេះ​មាន​ទ្រង់ទ្រាយ​ធំ ហើយ​ប្រតិបត្តិការ​បាញ់​ទឹក​ពន្លត់​មានការ​ពិបាក ព្រោះតែ​តូប​ទាប​ៗ​ពេក ប្រក់​ស័ង្កសី បាន​ធ្វើ​ឱ្យ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​មួយ​នេះ អូស​បន្លាយ​អស់​រយៈពេល​ជាង​៣​ម៉ោង ពោល​គឺ​តាំងពី​ម៉ោងជាង​៧​ព្រឹក ដែល​ភ្លើង​ចាប់ផ្តើម​ឆេះ រហូត​ដល់​ម៉ោងជាង​១០​ព្រឹក ថ្ងៃ​ដដែល ទើប​រលត់​អស់ទាំង​ស្រុង ។

លោក ព្រហ្ម យ៉​ន ប្រធាន​អង្គភាព​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ប្រើប្រាស់​ពេលវេលា​ជាង​២​ម៉ោង ដើម្បី​អន្តរាគមន៍​ពន្លត់ ក្នុង​នោះ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១៩​គ្រឿង ក្នុង​១​គ្រឿង​ៗ​ដឹក​ជញ្ជូន​ទឹក​មក​បាញ់​ពន្លត់​ដល់​ទៅ​៥​ដង ទើប​នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ដដែល ភ្លើង​បាន​រលត់​និង​គ្រប់គ្រង​ស្ថានភាព​បាន​ទាំងស្រុង ។ នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពី​អង្គភាព ង​៧០​ចំនួន​៧​គ្រឿង អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​២​គ្រឿង និង​អង្គភាព​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចំនួន​២​គ្រឿង​ដែរ ព្រមទាំង​មាន​អង្គភាព​កងរាជ​អាវុធហត្ថ​ខណ្ឌដូនពេញ និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រមាណ​១០០​នាក់ មក​ជួយ​អន្តរាគមន៍​ជញ្ជូន​សម្ភារ និង​ការពារ​ជូន​បងប្អូន​អាជីវករ​ផង​ដែរ ។ លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ដែល​បាន​ទៅ​ពិនិត្យ​គ្រោះ​អគ្គិភ័យ​ដោយ​ផ្ទាល់ បានឃើញ​ពី​ការ​លំបាក​មែន​ក្នុង​ការ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ពី​សំណាក់​រថយន្ត​ពន្លត់​អគ្គិភ័យ ពីព្រោះ​តូប​នៅ​ក្នុង​ផ្សារ​ទាំងអស់​ទាប​ពេក និង​ប្រក់​ស័ង្កសី​ជិត​ជាប់​ពីលើ ។ ដូច្នេះ​ពេល​បាញ់​ទឹក​ស្រោច​ពីលើ​ប៉ះ​ស័ង្កសី ទឹក​ក៏​ហូរ​ចេញ​អស់ ហើយ​បើ​បាញ់​ពីក្រោម​ចូល​មិន​ដល់ ជា​ហេតុ​ធ្វើ​ឱ្យ​ភ្លើង​ឆាបឆេះ​កាន់តែ​ខ្លាំង​ទ្បើ​ង ពី​តូប​មួយ​ទៅ​តូប​មួយ ។

ដោយ​ទ្បែ​ក ប្រធាន​ផ្សារ​ចាស់ លោក យន់ ចាន់​ដា​រា បាន​បញ្ជាក់​ថា តូប​ទាំងអស់​នៅ​ក្នុង​ផ្សារ​មាន​ចំនួន​៩១៤​តូប ក្នុង​នោះ​តូប​លក់ដូរ​ជាង​៣០០ ត្រូវ​ឆេះ​ទាំងស្រុង ខណៈ​ដែល​តូប​ផ្សេង​ទៀត ខ្លះ​ឆេះ​រោល​និង​ខ្លះ​ក៏​ប៉ះពាល់ ។ លោក ឃួ​ង ស្រេង បាន​ថ្លែង​ថា បើ​ទោះបី​តូប​ជាង​៣០០ ត្រូវ​បាន​ឆេះ​បំផ្លាញ​ទាំងស្រុង ប៉ុន្តែ​កម្លាំង​អន្តរាគមន៍​បាន​ជួយ​បាញ់​ពន្លត់​នៅ​ជុំវិញ​ផ្សារ ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ​និង​អាជីវករ​ជញ្ជូន​អីវ៉ាន់​របស់​ពួក​គេ​ចេញ ហើយ​ការ​បាញ់​ស្កាត់​នេះ ក៏​មិន​បណ្តាល​ឱ្យ​ភ្លើង​រាលដាល​ដល់​តូប​ផ្សេង​ៗ​ទៀត និង​ផ្ទះល្វែង​នានា នៅ​ជាប់​ផ្សារ​នោះ​ដែរ ។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បំភ្លឺបន្ទាប់​ពី​មហន្តរាយ​នៅ​ផ្សារ​ចាស់​បាន​កើត​ទ្បើ​ង អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចេញផ្សាយ​សេចក្តី​បំភ្លឺ​មួយ ដោយ​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ករណី​អគ្គិភ័យ​ឆាបឆេះ​តូប​ផ្សារ​ចាស់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា ឆ្នាំ​២០១៤ អាជ្ញាធរ​រាជធានី​ភ្នំពេញ សូម​បដិសេធ​ទៅ​នឹង​សាធារណ​មតិ​ខ្លះ ដែល​បាន​លើក​ទ្បើ​ង​ថា មាន​អ្នក​លួច​ដុត​ផ្សារ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ថ្មី (​ដោយហេតុ​អាជីវករ​មិន​យល់ព្រម​) ។ តាម​ការ​ជាក់ស្តែង អគ្គិភ័យ​នេះ គឺ​បណ្តាល​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ទុ​ស្សេ​ខ្សែភ្លើង ចេញពី​តូប​លេខ​០១​ចាស់ លក់​ថង់​ប្លា​ស្ទិ​ក ដែល​នៅ​ក្បែរ​ខ្លោងទ្វារ​ចេញចូល​ខាងកើត​ក្រោយ​តូប​លក់​ផ្លែ​ឈើ ។

សេចក្តី​បំភ្លឺ​បាន​គូសបញ្ជាក់​ទៀត​ថា ឆ្លៀត​ក្នុង​ឱកាស​នេះ ក៏​សូម​អំពាវនាវ​ដល់​បណ្តា​អ្នក​សារព័ត៌មាន ឬ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ មេត្តា​កុំ​យក​ទុក្ខសោក​របស់​អាជីវករ ដែល​កំពុង​កើត​មាន​ដើម្បី​យក​មក​កេង​ចំណេញ ឬ​មួលបង្កាច់​មក​លើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​តាម​រូបភាព​ផ្សេង​ៗ ។ ក្រោយ​ពី​មាន​អគ្គិភ័យ​ឆេះ​ផ្សារ​ចាស់​រួច​មក​នៅ​រសៀល ថ្ងៃ​ទី​២៤ វិច្ឆិកា លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ដែល​ជា​ក្រុមការងារ ដើម្បី​ចុះ​ទៅ​ស្រង់​ស្ថិតិ​វាយតម្លៃ​ពី​ផល​ប៉ះពាល់ និង​ជួប​ជាមួយ​ក្រុម​អាជីវករ​ផ្សារ​ចាស់ ដែល​ទទួល​រង​ការ​ខូចខាត​ដោយសារ​អគ្គិភ័យ ។ វិធានការ​នេះ​ត្រូវ​បាន​អនុវត្ត​តាម​ការ​ណែនាំ​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុ​ជាតិ​វង្ស ។ នៅ​ក្នុង​កិច្ចប្រជុំ​ខាងលើ​នេះ អភិបាល​ខណ្ឌដូនពេញ លោក គួ​ច ចំរើន បាន​លើក​ទ្បើ​ង​ថា ក្រុមការងារ​របស់​ខណ្ឌ នឹង​ចុះ​ទៅ​វាយតម្លៃ​ផល​ប៉ះពាល់​សរុប​ពី​ការ​ឆេះ​តូប នៅ​ក្នុង​ផ្សារ​និង​រក​វិធានការ​ដោះស្រាយ​ជូន​ពួក​គាត់​ទ្បើ​ង​វិញ ចៀសវាង​មានការ​យល់​ច្រ​ទ្បំ​និង​លើក​ទ្បើ​ង​ផ្សេង​ៗ ។ លោក​អភិបាល​ខណ្ឌ​មាន​ប្រសាសន៍​ទៀត​ថា ក្រុមការងារ​នឹង​ទៅ​ពិនិត្យ​ទីតាំង​កន្លែង​កើតហេតុ ព្រមទាំង​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​អាជីវករ​រង​គ្រោះ នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៥ វិច្ឆិកា ថា​តើ​នឹង​ដោះស្រាយ​យ៉ាងដូចម្តេច ? ប៉ុន្តែ​លោក​បាន​បញ្ជាក់​ទៅ​ក្រុម​អាជីវក​រថា ពុំ​មានការ​ទ្បោ​ម​ព័ទ្ធ​រំលោភ ឬ​ដកហូត​យក​ទីតាំង​នោះ ដូច​ការ​លើក​ទ្បើ​ង​ផ្សេង​ៗ​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​អភិបាល​ខណ្ឌដូនពេញ បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ពី​ការ​ខូចខាត​ថា​អស់​ទឹកប្រាក់​ប្រមាណ​ជាង​១​លាន​ដុល្លារ ហើយ​នៅ​ព្រឹក​នេះ លោក​នឹង​ដឹកនាំ​ក្រុមការងារ​ចុះ​ជួប​អាជីវករ​ផ្ទាល់ ដើម្បី​ប្រមូល​យក​មតិយោបល់ និង​តម្រូវការ​ជាក់ស្តែង របស់​បងប្អូន​អាជីវករ ។ លោក​ថា លទ្ធផល​យ៉ាងណា​ក្រុមការងារ នឹង​ធ្វើ​របាយការណ៍​ប​ញ្ចូ​ន​ទៅ​លោក​អភិបាល​រាជធានី​ភ្នំពេញ សម្រេច​បន្ត​ទៀត ។ លោក​អភិបាល​ខណ្ឌ បញ្ជាក់​ថា អាជីវករ​ណា​មិន​រង​ផល​ប៉ះពាល់​អាច​លក់ដូរ​បាន​នោះ គឺ​លក់ដូរ​ជា​ធម្មតា​វិញ​ចុះ ចាប់ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ។ ចំណែក​សន្តិសុខ​សុវត្ថិភាព សូម​ថែរក្សា​ខ្លួនឯង​ផង ៕